លោក Imran Khan អ្នកនយោបាយប្រជានិយមរបស់គណបក្សប្រឆាំងនៃប្រទេសប៉ាគីស្ថាន បានរិះគន់យ៉ាងខ្លាំងដល់ភាពជាដៃគូរបស់ប៉ាគីស្ថានក្នុងសង្គ្រាមប្រឆាំងភេរវកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកដោយលោកថ្លែងថា ប្រសិនបើលោកក្លាយជានាយករដ្ឋមន្រ្តី លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ប៉ុន្តែ ជំនួបនោះនឹងក្លាយជាពិបាកមួយ។
លោក Khan ជាមេដឹកនាំគណបក្សប៉ាគីស្ថាន Tehreek-e-Insaf ឬ PTI ដែលបានលេចធ្លោជាកម្លាំងនយោបាយដ៏សំខាន់មួយនៅលើឆាកជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ពួកអ្នកសង្កេតការរំពឹងថា អតីតកីឡាករ Cricket ដែលបានក្លាយជាអ្នកនយោបាយរូបនេះអាចឈ្នះការបោះឆ្នោតជាតិនៅចុងឆ្នាំដើម្បីក្លាយជានាយករដ្ឋមន្រ្តីរបស់ប៉ាគីស្ថាន។
លោក Khan បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃសៅរ៍ដើម្បីពន្យល់ទស្សនៈរបស់លោកស្តីពីបញ្ហាគោលនយោបាយការបរទេសរបស់ប៉ាគីស្ថាន។
នៅពេលដែលពួកអ្នកយកព័ត៌មានសួរថា តើលោកនឹងសុខចិត្តអង្គុយជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីព្យាយាមធ្វើឲ្យបានស្រួលឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំង២នោះ លោក Khan បាននិយាយថា សហរដ្ឋអាមេរិកជាមហាអំណាចផុតលេខ ហើយគ្រប់ប្រទេសទាំងអស់ចង់ធ្វើការជាមួយអាមេរិក។
អ្នកនយោបានប៉ាគីស្ថានរូបនេះបាននិយាយថា «ខ្ញុំមិនចូលចិត្តទេ ក៏ប៉ុន្តែ ខ្ញុំនឹងត្រូវធ្វើដោយការទើសទាល់ហើយនឹងជួបប្រធានាធិបតីត្រាំ។ ថាតើយើងអាចធ្វើការទាក់ទងដែរឬទេ ខ្ញុំមិនប្រាកដទេ។ ក៏ប៉ុន្តែ ជាការពិត យើងត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក»៕