អ្នកស្រី Bou Kham បានរំឭកថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៤ ជាថ្ងៃដែលមានពន្លឺថ្ងៃចែងចាំងល្អ ហើយនោះវាក៏ជាថ្ងៃដែលគ្រាប់បែកទម្លាក់ដោយសហរដ្ឋអាមេរិកកាលពីជាង ៤ ទសវត្សរ៍មុន បានផ្ទុះផ្ដាច់ជើងស្ដាំរបស់អ្នកស្រីពាក់កណ្ដាល។
នៅពេលនោះ អ្នកស្រីនិងកូនប្រុស ២ នាក់ កំពុងឆាយសម្អាតវាលស្រែនៅជិតភូមិ នៅខេត្ត Xiangkhouang ភាគខាងកើតនៃប្រទេសឡាវ គឺសម្អាតគ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិក បានទម្លាក់លើប្រទេសនេះកាលពីសម័យសង្គ្រាមវៀតណាម។
ម្តាយនិងកូន មានគម្រោងយកដែកមានតម្លៃទាំងនេះ ទៅលក់ឲ្យបុរសជនជាតិវៀតណាម ២ នាក់ ដែលបានទៅវាលស្រែនោះជាមួយគ្នា។ អ្នកស្រីបានរៀបរាប់ប្រាប់ VOA ដោយលើកដៃរបស់ខ្លួនក្ដាប់បង្ហាញថា មានគ្រាប់បែកមូលៗដែលមានទំហំប៉ុនបាល់សម្រាប់លេងកីឡាតិន្នីស។
អ្នកស្រីនិយាយថា៖ «ខ្ញុំបានរកស៊ីរបៀបនេះ១០ឆ្នាំហើយ ហើយអ្នកនៅក្នុងភូមិទាំងមូលក៏ប្រមូលគ្រឿងដែកទាំងនោះ ដើម្បីលក់ឲ្យជនជាតិវៀតណាមដែរ»។
នៅពេលអ្នកស្រីបានដាក់គ្រាប់បែកទៅក្នុងថង់ប្លាស្ទិកនៅថ្ងៃនោះ គ្រាប់បែកមួយបានទៅទង្គិចនឹងគ្រាប់បែកមួយទៀត ហើយក៏បានផ្ទុះផ្ដាច់ជើងម្ខាងរបស់អ្នកស្រីតែម្ដង។ អំបែងដែលផ្ទុះទាំងនោះបានបាចសាចទៅលើជើងរបស់អ្នកស្រី ហើយបានប៉ះនឹងទ្រូងកូនប្រុសម្នាក់របស់អ្នកស្រី ហើយកូនប្រុសម្នាក់ទៀតត្រូវភ្នែកម្ខាង ហើយវាក៏បានសម្លាប់បុរសវៀតណាមម្នាក់នៅនឹងកន្លែងតែម្ដង។
អ្នកស្រីនិយាយថា៖ «បន្ទាប់ពីផ្ទុះភ្លាម ខ្ញុំបានឃើញថា ជើងម្ខាងរបស់ខ្ញុំបានដាច់បាត់ហើយ ខ្ញុំបានហៅប្ដីខ្ញុំ។ បន្ទាប់មកទៀតអ្វីដែលខ្ញុំចាំបានគឺថា ខ្ញុំនៅឯមន្ទីរពេទ្យ»។
កាលពីឆ្នាំ២០១៦ ក្នុងដំណើរទស្សកិច្ចទៅកាន់ប្រទេសឡាវ លោក បារ៉ាក់ អូបាម៉ា ដែលកាលនោះជាប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ៩០ លានដុល្លារ សម្រាប់ជាកាតព្វកិច្ចផ្នែកសីលធម៌របស់អាមេរិក ដើម្បីជួយបោសសម្អាតគ្រាប់មិនទាន់ផ្ទុះឲ្យអស់ពីប្រទេសឡាវ ដែលគ្រាប់ទាំងនេះគេហៅថា UXO គឺគ្រាប់សេសសល់ពីការទម្លាក់គ្រាប់បែក ២ លានតោនដោយសហរដ្ឋអាមេរិក ទៅលើប្រទេសតូចមួយនេះ ចាប់ពីឆ្នាំ ១៩៦៤ ដល់ ឆ្នាំ ១៩៧៣។ ពាក់កណ្ដាលនៃទឹកប្រាក់នោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការស្រាវជ្រាវលម្អិតនៅទូទាំងប្រទេសដែលខ្ទេចខ្ទាំជាយូរមកហើយ ហើយនឹងការស្រាវជ្រាវមិនធ្លាប់បានធ្វើពីមុនមក។
អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានពន្យារពេលសម្រាប់ប្រទេសឡាវដែលបានកំណត់យកឆ្នាំ ២០២០ ថាជាឆ្នាំដែលប្រទេសនេះត្រូវសម្អាតគ្រាប់បែកនេះឲ្យអស់ ដូចដែលអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមបានកំណត់នោះ ដោយត្រូវពន្យារពេលដល់ឆ្នាំ២០២៥ វិញ។ រដ្ឋាភិបាលឡាវបានយកគោលដៅសម្អាតឲ្យអស់នៅឆ្នាំ២០៣០ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា គ្មានការបញ្ជាក់ណាមួយថា តើកិច្ចការនេះត្រូវការពេលវេលាយូរប៉ុណ្ណាទៀតនោះទេ។
អ្នកស្រី Sarah Goring គឺជាមន្ត្រីកម្មវិធីប្រចាំប្រទេសឡាវនៃក្រុមប្រឹក្សាសម្អាតមីន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមប្រឹក្សានេះបានធ្វើប្រតិបត្តិការសម្អាតមីនធំជាងគេនៅប្រទេសឡាវ បន្ទាប់ពីរដ្ឋាភិបាល។
អ្នកស្រីនិយាយថា៖ «សំណួរដែលគេតែងតែសួរយើងនោះគឺថា តើគ្រាប់មីនទាំងនេះនឹងត្រូវសម្អាតឲ្យអស់នៅពេលណា។ ប៉ុន្តែ ពិតហើយថា តើវានឹងត្រូវការរយៈពេលយូរប៉ុណ្ណានោះ គឺដូចជាខ្សែដ៏វែងអន្លាយមួយអីចឹង ពិតទេ? តែអ្វីៗគឺអាស្រ័យលើថវិកា»។
អ្នកស្រី Goring និយាយថា អង្គការសហប្រជាជាតិបានពន្យាកាលបរិច្ឆេទសម្រាប់ការសម្អាតមីនក្នុងប្រទេសឡាវ រហូតដល់ឆ្នាំ២០២៥ នោះ គឺដោយសារអង្គការសហប្រជាជាតិផ្ដល់ការពន្យាម្តងរយៈពេល ៥ ឆ្នាំ។
អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថា មិនមានអ្នកណាម្នាក់គិតថារឿងបែបនេះ វាសាកសមនោះទេ ពីព្រោះតែបរិមាណនៃការខូចខាតវាធំណាស់»។
ក្នុងការព្យាយាមស្វែងរកកងកម្លាំងវៀតណាមខាងជើងនៅតាមផ្លូវលំហូជីមិញ និងក្រុមកុម្មុយនិស្តក្នុងស្រុកដែលមានឈ្មោះថា Pathet Lao ដែលចុងបញ្ចប់ក្រុមនេះ បានឈ្នះសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៧៥នោះ សហរដ្ឋអាមេរិកបានប្រែក្លាយប្រទេសឡាវទៅជាប្រទេសដែលរងការទម្លាក់គ្រាប់បែកខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ជម្រើសនៃការប្រើប្រាស់សព្វាវុធរបស់អាមេរិក គឺគ្រាប់បែកចង្កោម ដែលផលិតឡើងសម្រាប់ផ្ទុះបំបែកនៅពេលទម្លាក់បានពាក់កណ្ដាលអាកាស ដើម្បីទម្លាក់គ្រាប់បែកតូចៗរាប់រយគ្រាប់ គឺដូចជាគ្រាប់បែកដែលបានធ្វើឲ្យអ្នកស្រី Bou រងរបួសកាលពីប្រាំឆ្នាំមុនអីចឹងដែរ។
កូនគ្រាប់បែក១ក្នុងចំណោម៣ ដែលចំនួនសរុបមានរាប់សិបលានគ្រាប់ ត្រូវបានគេជឿថា មិនបានផ្ទុះនៅពេលគេទម្លាក់វា ហើយមានការយល់ឃើញផ្សេងៗគ្នា ថាតើគ្រាប់ទាំងនោះគ្រប់ដណ្ដប់លើផ្ទៃដីធំប៉ុណ្ណានោះ។ រដ្ឋាភិបាលឡាវនិយាយថា ទំហំផ្ទៃដីដែលរងផលប៉ះពាល់មានទំហំ ៨,០០០ គីឡូម៉ែត្រការ៉េ។ ក្រុមប្រឹក្សាសម្អាតមីននិយាយថា យ៉ាងហោចណាស់ក៏មានទំហំ ២,០០០ គីឡូម៉ែត្រការ៉េដែរ។
អ្នកស្រី Goring និយាយថា៖ «ខ្ញុំគិតថា ធាតុពិតគឺស្ថិតនៅចន្លោះតួលេខទាំងពីរនេះ។ គ្មានអ្នកណាដឹងពិតប្រាកដទេ»។
គម្រោងសិក្សាស្រាវជ្រាវបច្ចេកទេសនៅទូទាំងប្រទេស មានទឹកប្រាក់ពាក់កណ្តាលនៃថវិកាសរុប៩០ លានដុល្លារនៃគម្រោងដែលជាការប្តេជ្ញារបស់លោក អូបាម៉ា កាលពីឆ្នាំ ២០១៦ គួរតែអាចឲ្យពួកគេរកឃើញតួលេខច្បាស់។ សហរដ្ឋអាមេរិក បានប្រើប្រាស់ថវិកាទាំងនោះដោយជួលក្រុមហ៊ុនម៉ៅកាជាច្រើន។
ការសិក្សាស្រាវជ្រាវអំពីផលខូចខាតភាគច្រើន ដែលធ្វើឡើងនៅប្រទេសឡាវរហូតមកដល់ពេលនេះធ្វើឡើងក្នុងរបៀបមួយដែលមិនផ្អែកលើបច្ចេកទេស ដោយពឹងផ្អែកយ៉ាងខ្លាំងទៅលើតែរបាយការណ៍នៃគ្រោះថ្នាក់ និងតាមរយៈការប្រាប់ផ្ទាល់មាត់របស់ពលរដ្ឋក្នុងស្រុក។ ការខ្វះភាពជាក់លាក់មានន័យថា ជាការចំណាយពេលនិងប្រាក់កាសយ៉ាងច្រើន ទៅលើការសម្អាតតំបន់នានា ដែលចុងក្រោយរកឃើញគ្រាប់បែកតែពីរបីគ្រាប់ប៉ុណ្ណោះ។
តាមរយៈការស្រាវជ្រាវដោយបច្ចេកទេស ក្រុមការងារត្រូវបញ្ជាក់ថា កន្លែងណាដែលគេសង្ស័យថា បានរងប៉ះពាល់ មុនពេល ពួកគេចុះទៅធ្វើការបោសសម្អាតដោយផ្ទាល់។ ក្រុមប្រឹក្សាសម្អាតមីន និងក្រុមផ្សេងទៀតបានធ្វើការស្រាវជ្រាវដោយបច្ចេកទេសនៅប្រទេសឡាវតាំងពីមុនឆ្នាំ២០១៦ ប៉ុន្តែការបញ្ចូលប្រាក់ដោយសហរដ្ឋអាមេរិកនៅឆ្នាំនោះ បានធ្វើឲ្យកិច្ចការនេះ ត្រូវបានពង្រីកធំជាងមុន។
លោក Perparim Elezi អ្នកចាត់ការបច្ចេកទេសរបស់ក្រុមប្រឹក្សាសម្អាតមីន (Mines Advisory Group) នៅខេត្ត Xiangkhouang និយាយថា៖ «វាជួយយើង ពីព្រោះវាធ្វើឲ្យដំណើរការលឿនជាងមុន។ យើងដឹងច្បាស់ថា ទីណាមិនរងការប៉ះពាល់ដោយសារគ្រាប់បែកទាំងនោះ និងទីណារងការប៉ះពាល់»។
លោក Elezi ដែលជាអតីតទាហានមកពីប្រទេសកូសូវ៉ូ មានបទពិសោធន៍បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះជាង២០ឆ្នាំមកហើយនោះ បាននិយាយថា ការស្រាវជ្រាវដោយបច្ចេកទេសនៅតំបន់ទាំងអស់ក្នុងប្រទេសឡាវបង្ហាញថា អាចសម្រេចបាននៅឆ្នាំ២០២៥។ តែចំពោះលោកវិញ មើលឃើញលទ្ធភាពតិចតួចប៉ុណ្ណោះ ក្នុងការបោសសម្អាតប្រទេសនេះឲ្យអស់គ្រាប់មិនទាន់ផ្ទុះទាំងស្រុងនៅឆ្នាំ២០២៥នោះ។ ទោះយ៉ាងណាលោកបន្ថែមថា ឆ្នាំ២០៣០ ហាក់ដូចជានៅយូរបន្តិច ប៉ុន្តែយើងមិនអាចថា «អ្វីៗមិនអាចសម្រេចបាន» នោះទេ។
គិតត្រឹមខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ រដ្ឋាភិបាលនិងក្រុមហ៊ុនម៉ៅកា បានសម្អាតផ្ទៃដីក្នុងប្រទេសឡាវបាន ៦០០ គ.ម ការ៉េ ចាប់តាំងពីឆ្នាំ១៩៩៦ មក ដែលជាឆ្នាំត្រូវបានកត់ត្រាផ្លូវការ។ ទំហំផ្ទៃដី៦០០ គ.មការ៉េ នេះស្មើនឹង១ភាគ៣ នៃទំហំផ្ទៃដីតិចបំផុតដែលក្រុមប្រឹក្សាសម្អាតមីន បានប៉ាន់ប្រមាណថា ជាតំបន់រងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។
ល្បឿននៃកិច្ចការសម្អាតមីន មានភាពលឿនជាងមុន ដោយសារតែបច្ចេកទេសនិងបច្ចេកវិទ្យាមានការរីកចម្រើន ហើយក៏ដោយសារតែមានថវិកាបន្ថែមពីសហរដ្ឋអាមេរិក និងប្រភពផ្សេងៗទៀត។ ផ្ទៃដី៦២ គ.ម ការ៉េ ដែលសម្អាតបាននៅឆ្នាំ២០១៨ មានទំហំជិត២ដងបើប្រៀបធៀបទៅនឹងផ្ទៃដីដែលត្រូវបានសម្អាតនៅឆ្នាំ ២០០៨។
ទន្ទឹមនឹងនេះផងដែរ ដោយសារតែផ្ទៃដីជាច្រើនត្រូវបានសម្អាតមីនហើយមានសុវត្ថិភាព និងដោយសារតែសារធារណជនមានការយល់ដឹងច្រើនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចាស់ៗមិនទាន់ផ្ទុះនោះ ចំនួនគ្រោះថា្នក់ក៏បានថយចុះដែរ។ គ្រាប់មិនទាន់ផ្ទុះបានសម្លាប់មនុស្ស៣នាក់ និងធ្វើឲ្យរបួស២១នាក់ នៅឆ្នាំ ២០១៨ បើធៀបនឹងឆ្នាំ២០០៨ ដែលមានមនុស្សស្លាប់ចំនួន ៩៩ នាក់ និងរបួស ២០៣ នាក់។
អង្គការសប្បុរសធម៌ឡាវ COPE ដែលផ្ដល់ការស្ដារនីតិសម្បទា និងជើងសិប្បនិម្មិតដល់ជនពិកា ផ្ដល់សេវារបស់ខ្លួនកាន់តែតិចទៅៗដល់ជនរងគ្រោះថ្មី ក្នុងមួយឆ្នាំៗ។
នាយិកាប្រតិបត្តិអង្គការនេះ គឺអ្នកស្រី Bounlanh Phayboun និយាយថា អ្នកស្រីដឹងគុណចំពោះការផ្ដល់ថវិកាដែលធ្វើឲ្យកិច្ចការស្រាវជ្រាវបច្ចេកទេសដំណើរការបានលឿន ប៉ុន្តែអ្នកស្រីមិនរីករាយនឹងរឿងដែលគេត្រូវចំណាយពេលយូរទម្រាំតែថវិកានោះមកដល់។
អ្នកស្រីនិយាយថា៖ «ពិតណាស់ រឿងនេះ ជារឿងគួរឲ្យខកចិត្ត ដោយសារតែវាចាប់ផ្ដើមយឺតពេក គឺដល់ទៅ ៤០ឆ្នាំ ក្រោយមក»។
អ្នកស្រី Bounlanh និយាយថា អ្នកភូមិរាប់ពាន់នាក់បន្តរស់នៅដោយការភ័យខ្លាចគ្រាប់បែក ដែលកប់ ឬ លាក់ខ្លួននៅក្រោមបាតជើងរបស់ពួកគេ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តរស់នៅ ឬ ធ្វើការការងារកសិកម្មលើដីទាំងនោះ ដោយសារតែភាពក្រីក្រ និងការខ្វះជម្រើស បើទោះបីជាពួកគេដឹងពីហានិភ័យទាំងនោះក៏ដោយ។
អ្នកស្រីនិយាយថា៖ «ឆ្នាំនេះ អ្នកអាចប្រើប្រាស់ដី បានដោយសុវត្ថិភាព។ ប៉ុន្តែឆ្នាំក្រោយ ឬ ២ឆ្នាំទៀត អ្នកអាចកាប់ចំវានៅពេលណាមួយ»៕
ប្រែសម្រួលដោយលោក នៀម ឆេង