ប្រជានេសាទម្នាក់ក្នុងខេត្តត្បូងឃ្មុំ បានស្លាប់និង៩នាក់ផ្សេងទៀតរងរបួស ក្នុងការផ្ទុះក្បាលគ្រាប់១០៥ មីលីម៉ែត្រ ខណៈពលរដ្ឋទាំងនោះបានដុតគ្រាប់ដែលសល់ពីសង្គ្រាមវៀតណាមនេះ ដើម្បីធ្វើឧបករណ៍នេសាទ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តត្បូងឃ្មុំ។
លោក ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថាករណីផ្ទុះគ្រាប់នេះ កើតឡើងនៅព្រឹកថ្ងៃចន្ទ ស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយសារជនរងគ្រោះជាអ្នកនេសាទ បានយកគ្រាប់នោះទៅដុតដើម្បីយកសំណដាក់ចុងអួន។ លោកបន្ថែមថា ការដែលជនរងគ្រោះយកគ្រប់នោះទៅដុតដោយមិនបារម្ភពីការផ្ទុះ គឺដោយសារពួកគេធ្លាប់ឃើញប្រជាពលរដ្ឋមួយចំនួនបានយកគ្រាប់ទៅដំ និងដុតនាពេលកន្លងទៅ តែមិនមានករណីផ្ទុះ។
លោកបញ្ជាក់ថា៖
«គាត់មើលតៗគ្នា បើតាមព័ត៌មានដែលព្រឹកមិញហ្នឹងម៉ោងជិត១ខ្ញុំទៅដល់កន្លែងឧបទ្ទ
វហេតុ ទៅដល់ភូមិហ្នឹង ឃុំហ្នឹង គាត់ថាមានបងប្អូនយើងប៉ុន្មានគ្រួសារនោះ ដែលគាត់ជាប្រជានេសាទដែរ គាត់យកធ្វើរបៀបហ្នឹង តែវាអត់មានបញ្ហាអី។ ដល់អញ្ចឹងទៅគាត់ឃើញអញ្ចឹងគាត់ឃើញសល់គ្រាប់ហ្នឹងហើយ គាត់ចង់ធ្វើទៅតាមបងប្អូនយើងពីមុនទៅតាមទម្លាប់ហ្នឹង អញ្ចឹងហើយបានធ្វើឲ្យគាត់យកគ្រាប់ហ្នឹងទៅដុត ដុតហើយផ្ទុះ បានធ្វើឲ្យមានឧបទ្ទវហេតុហ្នឹងកើតឡើង»។
លោក ជៀម ច័ន្ទសោភ័ណ្ឌ បានបន្ថែមដោយអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច រាល់ពេលឃើញគ្រាប់មិនទាន់ផ្ទុះផ្សេងៗ ដើម្បីអាជ្ញាធររាយការណ៍ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា CMAC ចុះត្រួតពិនិត្យបន្ត។
លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសកម្មភាពមីនប្រចាំខេត្តត្បូងឃ្មុំ បដិសេធមិនធ្វើអត្ថាធិប្បាយពីករណីផ្ទុះ ឬស្ថានភាពមីននៅខេត្តត្បូងឃ្មុំ ដោយគ្រាន់តែប្រាប់ថា លោកមិនផ្តល់សម្ភាសន៍ដល់ VOA ។
បើតាមលោក ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំបន្ថែមថា បច្ចុប្បន្នក្នុងខេត្តត្បូងឃ្មុំនៅមានចំការមីនទំហំ១០លានម៉ែត្រការ៉េ ដែលបន្សល់ពីការទម្លាក់គ្រាប់បែករបស់អាមេរិកក្នុងសម័យសង្គ្រាមអាមេរិក-វៀតណាម កាលពីជាង៤០ឆ្នាំមុន រួមទាំងគ្រាប់បន្សល់ពីសង្គ្រាមស៊ីវិល និងពីរបបខ្មែរក្រហមជាដើម៕