ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​ដាក់​សម្ពាធ​រដ្ឋាភិបាលឡាវ​លើ​ការបាត់ខ្លួន​មេដឹកនាំ​សង្គមស៊ីវិល


លោក​ Sombath Somphone មកពី​ប្រទេសឡាវ​ ដែល​ជាជ័យ​លាភីទទួល​ពានរង្វាន់​ Ramon Magsaysay សម្រាប់​ភាពជា​អ្នក​ដឹកនាំ​សហគមន៍​ក្នុងឆ្នាំ២០០៥​ ថតរូបជា​មួយ​រូបសំណាក​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០០៥។
លោក​ Sombath Somphone មកពី​ប្រទេសឡាវ​ ដែល​ជាជ័យ​លាភីទទួល​ពានរង្វាន់​ Ramon Magsaysay សម្រាប់​ភាពជា​អ្នក​ដឹកនាំ​សហគមន៍​ក្នុងឆ្នាំ២០០៥​ ថតរូបជា​មួយ​រូបសំណាក​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០០៥។

កាល​ពី៥ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​អ្នកស្រី​ Shui-Meng Ng និង​ស្វាមី​របស់អ្នក​ស្រី​ លោក​ Sombath Somphone កំពុង​តែ​ធ្វើដំណើរ​តាមរថយន្ត​របស់ពួក​គេ​ឆ្លងកាត់​រដ្ឋធានីវៀងចន្ទន៍​ ស្វាមី​របស់​អ្នកស្រី​ក៏​បាន​បាត់​ខ្លួន។

ខ្សែ​វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព​នៅ​ប៉ុស្តិ៍ប៉ូលិស​ត្រួតពិនិត្យ​ បង្ហាញ​ថាមាន​ក្រុមមន្រ្តី​ប៉ូលិស​បញ្ឈប់​រថយន្ត​ម៉ាក Jeep របស់​លោក​ Sombath Somphone។ ក្នុង​ខ្សែវីដេអូនោះ​ លោក​ Sombath Somphone ដែល​ជា​មេដឹកនាំ​សង្គម​ស៊ីវិល​ដ៏ល្បីល្បាញ​មួយរូប​ ត្រូវបាន​គេឃើញ​ចេញពី​រថយន្ត​របស់​លោក។ មួយសន្ទុះ​ក្រោយមក​ មាន​អ្នកជិះ​ម៉ូតូម្នាក់​បាន​មក​ដល់​ និង​ចតម៉ូតូទុក​ ហើយក៏​បើក​រថយន្ត​ម៉ាក​ Jeep របស់​លោក​ Sombath ចេញ​ទៅ។ បន្ទាប់​មកមាន​រថយន្តម៉ាក​Pickup​ពណ៌ស​គ្មានស្លាកលេខ​បានមក​ដល់ ហើយ​លោក Sombath ក៏​បានចូល​ក្នុងរថយន្ត​នោះ​ ហើយគេក៏​បើកចេញ​បាត់ទៅ។

ក្រុម​សកម្មជន​ បាន​និយាយ​ថា​ ​វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព​ CCTV របស់​ប៉ូលិស​ បង្ហាញ​ឲ្យ​ឃើញ​ថា​លោក Sombath​ ត្រូវ​បានគេ​ចាប់ខ្លួន​នៅប៉ុស្តិ៍​ប៉ូលិស​ត្រួតពិនិត្យ។ ចាប់តាំង​ពីពេល​នោះមក​ ​អ្នកស្រី​ Shui-Meng លែង​បាន​ទទួលព័ត៌មាន​អំពីស្វាមី​របស់​អ្នកស្រី​ទៀត​ហើយ។

អ្នកស្រី​បានប្រាប់​ VOA ភាសា​ឡាវ​ ថា​៖ “រហូតមក​ដល់ថ្ងៃនេះ​ លោក​ Sombath នៅតែ​បាត់ខ្លួន​នៅឡើយ​។ ខ្ញុំគ្មាន​ជម្រើសអ្វី​ទៀតទេ​ ខ្ញុំមិន​អាច​សម្ងំនៅ​ស្ងៀម​ឡើយ។ ខ្ញុំមិន​អាច​ទុកឲ្យ​កិច្ចការ​លោក​ Sombath ​ក្តីស្រមៃ​ និង​ក្តីសង្ឃឹម​របស់គាត់​ដែលចង់​កសាង​សង្គមមួយ​ដែល​ប្រសើរ​ជាងនេះ​សម្រាប់​ប្រទេសឡាវ​ ត្រូវបាន​គេបំភ្លេច​នោះទេ​”។

អ្នកស្រី​ Shui-Meng បាន​ចោទសួរ​ថា៖ “តើ​ពិភពលោក​អនុញ្ញាត​ឲ្យលោក​ Sombath Somphone បាត់​ខ្លួនដែរ​ឬទេ? តើ​យើងនឹង​នៅតែ​អនុញ្ញាត​ឲ្យ​ស្ថានភាពនិទណ្ឌភាព​បែបនេះ​នៅតែបន្តឬ?”។

នៅ​អំឡុង​ពេល​ដែល​លោកបាត់​ខ្លួន​ មន្រ្តី​អាជ្ញាធរ​ប្រទេសឡាវ​ បាន​និយាយថា​ពួកគេមិន​បានដឹងពី​ហេតុការណ៍​នោះឡើយ។ ប៉ុន្តែ​ឥឡូវ​នេះ​ មន្រ្តីទាំងនោះ​បាន​និយាយថា​ ការស៊ើប​អង្កេត​របស់ពួកគេ​កំពុង​តែបន្ត​ នេះបើយោង​តាមសារព័ត៌មាន​ The Diplomat​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ​ដែលបាន​ធ្វើឡើងនៅ​ពាក់​កណ្តាល​ខែធ្នូ​ អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (FIDH) និង​ចលនា​ប្រជាជនឡាវ​ដើម្បី​សិទ្ធិមនុស្ស​ (LMHR) បានបង្ហាញ​ក្តីបារម្ភ​របស់​ពួកគេ​លើ​បរាជ័យ​របស់រដ្ឋាភិបាល​លើការស៊ើបអង្កេត​ពី​ការបាត់​ខ្លួនរបស់​លោកSombath "ដែល​បង្កើតឲ្យ​មានបរិយាកាស​ដ៏​ភ័យ​ខ្លាច​ទៅ​លើ​សង្គមស៊ីវិល​ឡាវសព្វថ្ងៃ"។

VOA ភាសា​ឡាវ​ បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​មន្រ្តី​ប៉ូលិស​សន្តិសុខ​ឡាវ​ដើម្បី​ឲ្យ​បាន​ព័ត៌មាន​បន្ថែម​ពីដំណើរ​វិវត្តនៃ​ករណីនេះ​ ប៉ុន្តែគ្មាន​នរណា​ឆ្លើយ​ទូរស័ព្ទ​ឡើយ។

លោក​ Sombath ធំ​ដឹងក្តី​ក្នុងគ្រួសារ​ក្រីក្រមួយ​ក្នុងតំបន់​ Ban Don Khio ខេត្ត​ Khammouane។ លោក​បាន​រស់នៅ​ជាមួយ​សាច់ញាតិ​នៅ​តាមភូមិ​ និងតាម​ទីប្រជុំជន​នានា​នៃខេត្ត Thakek ​ខេត្ត​ Savannaketh និង​រដ្ឋធានី​វៀងចន្ទន៍​ នៅពេល​ដែល​លោករៀន​នៅថ្នាក់​បឋមសិក្សា​ និង​មធ្យមសិក្សា​ នេះបើយោង​តាមគេហទំព័រ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​មានឈ្មោះថា​ មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​ការអភិវឌ្ឍ​ដោយមាន​ការចូលរួម​ (PADETC) ដែល​លោក​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៦។

លោក​ Sombath បាន​ចំណាយ​ពេលចុងក្រោយ​នៃការអប់រំ​នៅមធ្យម​សិក្សា​របស់លោក​ក្នុងកម្មវិធី​អាហារូបករណ៍​ផ្លាស់ប្តូរ​ការ​សិក្សា​ និងរស់នៅ​ជាមួយក្រុម​គ្រួសារមួយ​នៅ​រដ្ឋ​ Wisconsin។ លោកបាន​សិក្សា​ជំនាញ​អប់រំ​ និង​កសិកម្ម​នៅសាកលវិទ្យាល័យ​ Hawaii ក្រោម​អាហារូបករណ៍​ USAID។

លោក​ Sombath បាន​វិលត្រឡប់​មកប្រទេស​ឡាវ​វិញក្នុងឆ្នាំ​១៩៧៩ ហើយ​ទទួលបាន​ភាព​ល្បី​ល្បាញ​លើ​ការ​ផ្សព្វផ្សាយ​វិធីសាស្រ្ត​សាមញ្ញៗ​ប៉ុន្តែមាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​ការបង្កើន​ទិន្នផល​កសិកម្ម និង​គាំទ្រការ​ធ្វើកសិកម្ម​សរីរាង្គ។ លោក​ក៏បាន​និយាយ​មិន​សំចៃ​មាត់អំពី​បញ្ហា​ដីធ្លី​ដែល​ធ្វើឲ្យ​អ្នក​ភូមិ​រាប់​ពាន់​នាក់​គ្មានផ្ទះ​សម្បែង និង​មិន​បាន​ទទួល​បា្រក់សំណង ដែល​ធ្វើ​ឲ្យ​មាន​បាតុកម្ម​តវ៉ា​នយោបាយ​ដ៏​កម្រ ហើយ​សារព័ត៌មាន​ the Associated Press បាន​រាយការណ៍កាល​ពី​ខែកញ្ញា ឆ្នាំ២០១៦​ ថា​អនុប្រធាន​ទីប្រឹក្សា​សន្តិសុខជាតិ​ លោក Ben Rhodes បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​ លោក​នឹងជួប​អ្នកស្រី​ Shui-Meng នៅពេល​លោក​អតីត​ប្រធានាធិបតី​ Barack Obama ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឡាវ។

លោក​ Sombath បាន​ទទួលពាន​រង្វាន់​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុងឆ្នាំ២០០១​ ពីគណៈ​កម្មាធិការ​សង្គម​ សេដ្ឋកិច្ច​របស់អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់អាស៊ី​ និងប៉ាស៊ីហ្វិក​ សម្រាប់​ការផ្តល់​អំណាច​ដល់ប្រជាជន​ក្រីក្រ​នៅតំបន់ដាច់​ស្រយាល​ក្នុងប្រទេសឡាវ។

ក្នុងឆ្នាំ​២០០៥ លោក​ Sombath បាន​ទទួលពាន​រង្វាន់​ Ramon Magsaysay សម្រាប់​ភាពជា​អ្នក​ដឹកនាំ​សហគមន៍។ ពានរង្វាន់​ Magsaysay ដែល​ជារឿយៗ​គេដាក់​ឈ្មោះថា​ ពានរង្វាន់​ Nobel សម្រាប់​ទ្វីបអាស៊ី​ បានទទួល​ស្គាល់ការ​ចូលរួម​ចំណែក​របស់លោក​ Sombath ក្នុងការ​អភិវឌ្ឍ​ប្រទេសឡាវ​តាមរយៈ​ការកៀងគរ​ថ្នាក់មូលដ្ឋាន​ និង​ការតម្កល់​ជំនឿជឿជាក់​របស់​លោក​ដែល​ថា​អនាគត​ប្រទេសជាតិ​នឹងមាន​សក្តានុពល​ និង​ការបង្កើតច្នៃប្រឌិត​ថ្មីៗ​ពី​យុវជន នេះបើ​យោងតាម​គេហទំព័រ​របស់​អង្គការ​ PADETC។

អ្នកស្រី​ Shui-Meng បាន​និយាយ​ក្នុងសន្និសីទ​ក្នុង​ទីក្រុងបាងកក​កាល​ពី​ដើម​ខែធ្នូថា៖ “បើទោះជា​រយៈពេល​៥ឆ្នាំ​បានកន្លង​ផុតក៏ដោយ​ រៀងរាល់​ថ្ងៃនេះ​ រូបភាព​ដែលបាន​កើតឡើង​ចំពោះគាត់​នៅតែ​អន្ទង​តាមខ្ញុំដដែល​”។

អត្ថបទ​ដើមនៃ​ព័ត៌មាន​នេះ មាន​ក្នុងគេហទំព័រ​VOA ភាសា​ឡាវ

ប្រែ​សម្រួល​ដោយ​ កោះ ​សុគន្ធី​

XS
SM
MD
LG