ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ «ពួក​យើង​បន្ទាប់»​ ​របស់​សហរដ្ឋ​អាមេរិក​​ជួយ​​ស្រ្តី​វ័យ​ក្មេង​បង្កើត​មុខ​ជំនួញ​ឲ្យ​មាន​ប្រសិទ្ធភាព​​


លោក​ ​William​ ​Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថត​រូប​ជាមួយ​អ្នក​ចូល​រួម​នៅ​ក្នុង​​កម្មវិធី​​​គម្រោង​ «We Nex‍t»​​ ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (Facebook/US Embassy Phnom Penh, Cambodia Page)
លោក​ ​William​ ​Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថត​រូប​ជាមួយ​អ្នក​ចូល​រួម​នៅ​ក្នុង​​កម្មវិធី​​​គម្រោង​ «We Nex‍t»​​ ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (Facebook/US Embassy Phnom Penh, Cambodia Page)

គម្រោង​នេះ​មាន​រយៈ​ពេល​៥​ឆ្នាំ​ ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​ជនបទ​ ​ការ​ប្រកប​មុខ​របរ​ខ្នាត​តូច​ ​និង​មធ្យម​របស់​ស្រ្តី​វ័យក្មេង​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុង​បាត់ដំបង​ ​និង​សៀមរាប​ ​ព្រម​ទាំង​តំបន់​ជាយ​ក្រុង​ពីរ​កន្លែង​ទៀត​ ​ដែល​នឹង​ត្រូវ​ជ្រើសរើស​នា​ពេល​ខាង​មុខ។

គម្រោង​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគ្រិន​ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​អាច​ជួយ​ជ្រោមជ្រែង​ឲ្យ​ស្រ្តី​វ័យ​ក្មេង​បង្កើត​មុខ​ជំនួញ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​មុន​ ​តាម​រយៈ​ការណែនាំ​ ​ការ​បណ្តុះបណ្តាល​ ​ជំនួយ​បច្ចេកទេស​ ​និង​ថវិកា​ជា​ដើម។

គម្រោង​ជួយ​ដល់​ស្រ្តី​សហ​គ្រិន​កម្ពុជា​វ័យ​ក្មេង​ក្នុង​ការ​បង្កើត​មុខ​ជំនួញ​ ​ដែល​មាន​ឈ្មោះ​ថា​«We Next»​ត្រូវ​បាន​បង្ហាញក្នុង​កិច្ចពិភាក្សា​មួយ​ក្រោម​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ពុធ​ ​សប្តាហ៍​កន្លង​ទៅ​ ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​អង្គការ​ ​USAID​ ​និង​អង្គការ​ ​PACT។​ ​កម្មវិធី​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​ស្រ្តី​ ដែល​ជា​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​រូប​ដែរ​។ ពួកគេ​បាន​ជជែក​ទៅ​លើ​ប្រធាន​បទ​ស្តីពី ​«ឱកាស ​និង​បញ្ហា​ប្រឈមសម្រាប់​ស្រ្តី​ក្នុង​មុខ​ជំនួញ​ ​និង​ស្រ្តីជា​សហគ្រិន»ផង​ដែរ។​

លោក​ ​William​ ​Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយគឺ​អនុក្រឹត្យ​លេខ​១២៤​ ​ក្នុង​ការ​ជួយ​សម្រួល​ដំណើរការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​កាត់បន្ថយ​បន្ទុក​ពន្ធ​លើ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ខ្ពស់​ក្នុង​ការ​ធ្វើ​បែប​បទ​ផ្សេងៗ​ ​ដែល​លោក​ថា​ ​ការ​ចំណាយ​ជា​ការ​រារាំង​មុខ​ជំនួញ​របស់​ស្រ្តី​មិន​ឲ្យ​មានជោគជ័យ។​

លោក​ ​William​ ​Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ថ្លែង​ក្នុង​កម្មវិធី ​គម្រោង​ «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)
លោក​ ​William​ ​Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ថ្លែង​ក្នុង​កម្មវិធី ​គម្រោង​ «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)

លោក​បន្ថែម​ថា ​គម្រោង​នៃ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​«We Next»គឺ​មក​ពីអត្ថន័យ​ថា​ ​ភាព​ជា​សហ​គ្រិន​របស់​ស្រ្តី​ ​និង​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ជំនឿ​ថា​ ​នេះ​ជា​ពេល​ដែល​ត្រូវ​ពិភាក្សា​គ្នា​ជាទូទៅ​លើ​សារៈសំខាន់​នៃ​ការ​ទ្រទ្រង់​ស្រ្តី​អ្នក​ជំនួញ​ ​ឆ្ពោះ​ទៅ​រក​ការ​សហការ​គ្នា​ដើម្បី​កែ​លំ​អ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​សហគ្រិន​ជា​ស្រ្តី។​

លោក​ ​William​ ​Heidt​ ​បន្ត​ថា​ ​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​លើ​កម្ម​វិធី​ចំនួន​ពីរ​ ​តាមរយៈ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ ​ដែល​មាន​ឈ្មោះ​ថា​ ​PECCEC​ ​ក្នុង​គោល​បំណង​បង្កើន​ល្បឿន​នៃ​កំណើន​លូតលាស់​សហគ្រាស​ខ្នាត​តូច​ ​និង​តូច​បំផុត​ ​ដោយ​មាន​ជា​ការ​ផ្តល់​ការ​ណែនាំ​ ​ការ​បណ្តុះ​បណ្តាល​ ​ជំនួយ​បច្ចេកទេស​ ​និង​ថវិកា។​ ​លោក​បន្ថែម​ថា​ ​គម្រោង​មួយទៀត​គឺ​គម្រោង​ផ្តល់​កម្ចី​ដែល​មាន​ទឹកប្រាក់​ចំនួន​៣០​លាន​ដុល្លារ​សម្រាប់​សហ​គ្រាស​ខ្នាត​តូច​ ​និង​មធ្យមរបស់​ស្រ្តី​ ​ដែល​ទ្រទ្រង់​ថវិកា​ដោយ​សាជីវកម្ម​វិនិយោគ​ឯកជន​នៅ​បរទេស (OPIC)​ ​របស់​សហ​រដ្ឋ​អាមេរិក​ ​ឆ្លងតាម​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ ​ACLEDA។

លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ ដែល​នឹង​ត្រូវ​ផុត​អាណត្តិ​នា​ចុងខែ​វិច្ឆិកា​នេះ​ ​បន្ថែម​ថា​ ​កម្ពុជា​គឺជា​ប្រទេស​តូច​មួយ​ ​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​លឿន​ ​គោល​នយោបាយ​សង្គម​ល្អ​ ​មាន​ស្រ្តី​ក្នុង​មុខ​ជំនួញ​រឹងមាំ​ល្អ​ ​មាន​អង្គការ​សហគ្រិនភាព​ល្អ​ ​និង​មាន​ដៃ​គូ​អន្តរជាតិ​ច្រើន​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ ​ដូច្នេះ​លោក​ថា​ ​គម្រោង​ថ្មី​ដែល​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក​នេះនឹង​ជួយ​ឲ្យ​សេ​ដ្ឋ​កិច្ច​កម្ពុជា​កើន​ឡើង​មួយ​កម្រិត។

លោក​ ​William​ Heidt​ ​បញ្ជាក់​ថា៖​

«គំរោង WE Next ​នឹង​ជួយ​សហគ្រិន​ស្រ្តី​ក្នុង​ការ​លើក​កម្ពស់​ជំនាញ​បច្ចេកទេស​ ​សមត្ថភាព​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ធុរកិច្ច។​ ​វា​ថែម​ទាំង​ជួយ​ពួក​គេ​ផង​ដែរ​ ​ក្នុង​ការ​ទទួល​បាន​ថវិកា​ដែល​គេ​ត្រូវ​ការ​ ​ជំនួយ​ផ្លូវច្បាប់​ដែល​គេ​ត្រូវការ​ ​ហើយ​សំខាន់​ជាង​នេះ​ទៀត​ ​គឺ​ធ្វើ​ឲ្យ​គេ​មាន​ការ​ទាក់ទង​ជា​មួយ​សហគ្រិន​ដទៃ​ទៀត។​ ​យើង​មាន​មោទន​ភាព​ក្នុង​ការ​ជួយ​សហគ្រិន​ស្រ្តី​កម្ពុជា​ ​ឲ្យ​គេ​ពង្រីក​មុខ​ជំនួញ​ ​និង​បង្កើន​ជំនាញ​របស់​គេ​ ​ទន្ទឹម​នឹង​ការ​ធ្វើ​ឲ្យសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​មាន​កំណើន​ឡើង»។

គម្រោង ​«We Next» ​ឬ​ «ពួក​យើង​បន្ទាប់»​ ​ដែល​ទើបតែ​បង្កើត​នេះ​គឺ​ជា​គម្រោង​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហ​គ្រិន​ស្រ្តី​វ័យក្មេង​ ​សំដៅ​គាំទ្រ​ដល់​ក្រុម​ស្រ្តី​ខ្មែរ​វ័យក្មេង​ អាយុ​ចាប់ពី​១៨​ឆ្នាំដល់​៣០​ឆ្នាំ​ ​ដើម្បីឲ្យ​ពួក​គេ​អាច​សម្រេច​បាន​នូវ​សក្តា​នុ​ពល​មួយ​យ៉ាង​ពេញលេញ​ ​តាមរយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​ ​ការ​ពង្រីក​បណ្តាញ​ជំនួញ​ ​ការ​ចែក​រំលែក​ព័ត៌មាន​ ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ ​និង​ទីផ្សារ​លក់​ផលិត​ផល​ជាដើម។

គម្រោង​នេះ​មាន​រយៈ​ពេល​៥​ឆ្នាំ​ ​ដែល​បាន​ និង​កំពុង​អនុវត្ត​ដោយ​អង្គ​ការ ​PACT Cambodia ​ក្រោម​ជំនួយ​ពីទី​ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ ​ក្រោម​កិច្ច​សហការ​ជា​មួយ​អង្គការ​ក្នុង​ស្រុក​ ​និង​វិស័យ​ឯកជន​ដទៃ​ទៀត​ ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​ជនបទ​ ​ការ​ប្រកប​មុខ​របរ​ខ្នាត​តូច​ ​និង​មធ្យម​របស់​ស្រ្តី​វ័យក្មេង​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុង​បាត់ដំបង​ ​និង​សៀមរាប​ ​ព្រម​ទាំង​តំបន់​ជាយ​ក្រុង​ពីរ​កន្លែង​ទៀត​ ​ដែល​នឹង​ត្រូវ​ជ្រើសរើស​នា​ពេល​ខាង​មុខ។

អ្នកស្រី​ ​សាប៊ីន យ៉ុគ្គ​ ​(Sabine​ ​Joukes)​ ​នាយិកា​អង្គ​ការ PACT ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ថា ​ការ​បង្កើត​មុខ​ជំនួញ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ដោយ​ខ្លួន​ឯង​គឺជា​រឿង​ពិបាក​ណាស់​ ​ដូច្នេះ​អ្នក​ស្រី​ថា​ ​កម្មវិធី​ ​We Next​ ​នឹង​ផ្តល់​បណ្តាញ​គាំទ្រ​សម្រាប់​ក្រុម​សហគ្រិន​ស្រ្តី​វ័យក្មេង​ ​តាម​រយៈ​ការ​ប្រាប់ព័ត៌មាន​ ​និង​ដៃគូ​ដែល​អាច​ឲ្យ​ពួកគេ​ខ្ចីប្រាក់​ក្នុង​ការ​បង្កើត​អាជីវកម្ម​ ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ភាព​ងាយ​ស្រួល​សម្រេច​បាន​នូវ​គម្រោង​របស់​ពួក​គេ។​

អ្នកស្រី​ ​សាប៊ីន យ៉ុគ្គ​ ​(Sabine​ ​Joukes)​ ​នាយិកា​អង្គ​ការ PACT ​ប្រចាំ​ប្រទេស​កម្ពុជា​ និយាយ​ជាមួយ​VOAខ្មែរ​ក្នុងកម្មវិធី​គម្រោង​ «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)
អ្នកស្រី​ ​សាប៊ីន យ៉ុគ្គ​ ​(Sabine​ ​Joukes)​ ​នាយិកា​អង្គ​ការ PACT ​ប្រចាំ​ប្រទេស​កម្ពុជា​ និយាយ​ជាមួយ​VOAខ្មែរ​ក្នុងកម្មវិធី​គម្រោង​ «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)

អ្នកស្រី​បញ្ជាក់​ថា៖

«ប្រសិន​បើ​អ្នក​មាន​ប្រព័ន្ធ​គាំទ្រ​នៅ​ជុំវិញ​អ្នក​ ដូចជា​តើ​អ្នកណា​ដែល​នឹង​ជួយ​អ្នក?​ ​តើ​អ្នកណា​នឹង​ជួយ​ប្រាប់​ថា​ ​តើន​រណា​ដែល​អ្នក​គួរ​និយាយ​ជាមួយ?​ ​តើ​អ្នកណា​នៅ​ទីនោះ?​ ​តើ​គួរ​មាន​ធនធាន​ហិរញ្ញវត្ថុ​អ្វីខ្លះ?​ ​តើ​ធនធាន​អប់រំ​អ្វីខ្លះ?​ ​វា​ធ្វើឲ្យ​វា​កាន់តែ​ងាយ​ស្រួល​សម្រាប់​សហគ្រិន​ដើម្បី​បង្កើត​វា។​ ​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​គឺ​មាន​ការ​លំបាក​រួច​ទៅ​ហើយ។​ ​ដូច្នេះ​ការ​ទទួល​បាន​ការ​គាំទ្រ​បន្តិច​បន្តួច​ពី​គម្រោង​ដូច​ជា​ពួក​យើង ​យើង​សង្ឃឹម​ថា ​វា​នឹង​ធ្វើឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ពិត​ប្រាកដ»។​

ក្នុង​ការ​ជជែក​ពី​ឱកាស​ ​និង​បញ្ហា​ប្រឈម​នៃ​ភាព​ជា​សហគ្រិន​របស់​ស្រ្តី​ ​ក្រុម​ស្រ្តី​ដែល​ជា​សហ​គ្រិន​ជោគជ័យ​ចំនួន​៣រូប​បាន​លើក​ឡើង​ថា​ ​ស្រ្តី​ដែល​ជា​សហគ្រិន​តែង​ប្រឈម​នឹង​ការ​ខ្វះខាត​ហិរញ្ញ​វត្ថុ​ ​និង​ចំណេះ​ដឹង​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គេ។​

អ្នកស្រី​ ​អេង លីគង់​ ​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ និយាយ​ជាមួយ​VOAខ្មែរ​ក្នុងកម្មវិធី​គម្រោង​ «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)
អ្នកស្រី​ ​អេង លីគង់​ ​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ និយាយ​ជាមួយ​VOAខ្មែរ​ក្នុងកម្មវិធី​គម្រោង​ «We Nex‍t» ឬ​ «ពួក​យើង​បន្ទាប់»​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)

អ្នកស្រី​ ​អេង លីគង់​ ​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ជជែក​ពិភាក្សា​នោះ​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​ជាទូទៅ​ស្រ្តី​កម្ពុជា​ដែល​ចាប់​ផ្តើម​អាជីវកម្ម​ដើម្បី​ឈាន​ក្លាយ​ទៅ​ជា​សហគ្រិន​ ​តែង​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា​ ​ហើយខ្លះទៀត​មាន​ថវិកា​ ​តែ​ខ្វះ​ចំណេះ​ដឹង។​ ​អ្នកស្រី​បន្ថែម​ថា​ ​កម្មវិធី​«ពួក​យើង​បន្ទាប់»​ដែល​នឹង​ផ្តល់​ជំនួយ​ដល់​សហគ្រិន​ជា​ស្រ្តី​ ​នឹង​អាច​កាត់បន្ថយ​បញ្ហា​ប្រឈម​ទាំង​នោះ​បាន។​

អ្នកស្រី​បញ្ជាក់​ថា៖​

«បើសិនជា​យើង​គ្រាន់តែ​ផ្តល់​ជំនួយ​ឲ្យ​គាត់​ជា​លុយ​សុទ្ធនឹង​មានការ​លំបាក។​ ​តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្លាំង​ជាង​គេ​គឺ​ជា​កម្មវិធី​មួយ​ ​ឲ្យ​គាត់​យល់​ដឹង​ផ្នែក​បង្កើន​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ហ្នឹង​ឲ្យ​បាន​ច្រើន។​ ​ទន្ទឹម​ហ្នឹង​ការ​ផ្តល់​លុយ​ឲ្យ​គាត់​ ​ផ្តល់​ចំណេះ​ដឹង​ដល់​គាត់​ ​ទន្ទឹមគ្នា​តែម្តង។​ ​គាត់​ប្រើប្រាស់​លុយ​ហ្នឹង​ដោយ​ប្រសិទ្ធ​ភាព។​ ​គាត់​រីកចម្រើន​លឿន។​ ​ហើយ​ស្រ្តី​ទាំង​អស់​ហ្នឹង​ គាត់​រំភើប​ណាស់។​ គាត់​ចង់​ចេះ​ណាស់។ ​ប៉ុន្តែ​គាត់​មិនដឹង​ថា ​បាន​ចំណេះ​ដឹង​ហ្នឹង​ពី​ណា​មក។​ ​បើសិន​យើង​មាន​កម្ម​វិធី​ផ្តល់​ឲ្យ​គាត់​ ​ គាត់​នឹង​ចាប់​បាន​លឿន»។​

ដៃគូ​សំខាន់​មួយ​របស់​គម្រោង «We Next» គឺ​ធនាគារអេស៊ីលីដា​ ​ដែល​មាន​ទុន​សម្រាប់​ផ្តល់​កម្ចី​ដល់​ស្រ្តី​ក្នុង​ការ​បង្កើត​មុខ​ជំនួញ។

លោក​ ​អ៊ិន ចាន់នី​ ​ប្រធាន​ធនាគារ​អេស៊ីលីដា​ ​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា​ ​ទំហំ​ទឹក​ប្រាក់​ដែល​អតិថិជន​បាន​ខ្ចី​ពី​ធនាគារ​អេស៊ីលីដា​មាន​ចំនួន​ជាង​៣.៣០០​លា​នដុលា្លរ​ ​ក្នុង​នោះ​ ​អតិថិជន​ជា​ស្រ្តី​មាន​ចំនួន​ជាង​៥០​ភាគ​រយ​នៃ​អ្នក​ដែល​ខ្ចី​ធនាគារ​ដើម្បី​បង្កើត​អាជីវកម្ម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG