កាលពីក្មេង អ្នកស្រី ស៊្រាត មុំសុភា មិនធ្លាប់គិតថាចង់ក្លាយជាសហគ្រិន ឬអ្នកធ្វើជំនួញទេ បើទោះបីជាអ្នកស្រីរស់នៅក្នុងគ្រួសារដែលជាអ្នកធ្វើជំនួញក៏ដោយ។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ អ្នកស្រី មុំសុភា បានក្លាយខ្លួនជាសហគ្រិនស្ត្រីដ៏ឆ្នើមម្នាក់នៅកម្ពុជា។
ជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន SOPHIYA (សុហ្វីយ៉ា) អ្នកស្រី ស៊្រាត មុំសុភា បានចាប់ផ្តើមបង្កើតក្រុមហ៊ុននេះនៅឆ្នាំ២០០៥ ទាំងអ្នកស្រីមិនយល់ច្បាស់ពីអ្វីទៅជាសហគ្រិនភាព។
អ្នកស្រីបាននិយាយថា៖ «កាលនៅក្មេងមិនដែលដឹងថា អ្វីទៅហៅថា «សហគ្រិន» នោះទេ គឺយើងស្គាល់តែរកស៊ី»។
ប៉ុន្តែ រយៈពេល១៤ឆ្នាំក្រោយមក ការយល់ឃើញ និងចំណេះដឹងរបស់អ្នកស្រីអំពីសហគ្រិនភាពបានផ្លាស់ប្តូរ នៅពេលដែលក្រុមហ៊ុន សុហ្វីយ៉ា បានរីកលូតលាស់ដោយផ្តល់ឱកាសការងារដល់មនុស្សជាង៦៥នាក់។
«ចាប់ផ្តើមធ្វើអាជីវកម្មតាំងពីដើមទុនតិចតួច រហូតមកដល់ពេលនេះ ខ្ញុំឃើញខ្លួនឯងថាខុសគ្នាឆ្ងាយ ហើយដែលអ្វីដែលយើងបានលះបង់ បានចេញជាផ្លែផ្កា។ ហើយវាមិនមែនសម្រាប់តែខ្លួនខ្ញុំទេ ដែលខ្ញុំរកស៊ីបានចំណូល មានស្ថិរភាព។ វាក៏អាចជួយដល់សេដ្ឋកិច្ចក្នុងស្រុក ជួយប្រជាជនមានការងារធ្វើ ទាំងក្នុងក្រុមហ៊ុន និងពលរដ្ឋទូទៅ ដែលធ្វើការក្នុងវិស័យទេសចរណ៍ រួមទាំងអ្នករត់ម៉ូតូឌុប ភោគជនីយដ្ឋាន ជាដើម»។
អ្នកស្រី ស៊្រាត មុំសុភា បានលើកឡើងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលអ្នកស្រី និងស្ត្រីចំនួន១១នាក់ផ្សេងទៀត ដែលខ្លះជាម្ចាស់ជំនួញ និងខ្លះទៀតមានតួនាទីជាអ្នកដឹកនាំក្នុងជួរស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំរបស់ក្រសួងការបរទេសអាមេរិក កាលពីខែកញ្ញាកន្លងទៅ។
សហគ្រិនស្ត្រីទាំងនេះ មានគោលបំណងរួមគ្នាមួយ គឺធ្វើកិច្ចការងារនានាដើម្បីជំរុញឲ្យមានការចូលរួមបន្ថែមទៀតពីស្ត្រីក្នុងវិស័យជំនួញ ជាពិសេសជំនួញខ្នាតមធ្យម និងខ្នាតធំ។ ប៉ុន្តែ ដើម្បីសម្រេចកិច្ចការនេះបាន សហគ្រិនស្ត្រីត្រូវឆ្លងកាត់កត្តាប្រឈមជាច្រើន។
«ខំធ្វើការពីរដងលើសបុរស»
ការបង្កើត និងគ្រប់គ្រងជំនួញ អាជីវកម្ម ឬក្រុមហ៊ុននានានៅកម្ពុជា នៅតែត្រូវបានចាត់ទុកជាកិច្ចការដែលសមនឹងបុរសជាងស្ត្រី។ សព្វថ្ងៃនេះ បើទោះបីជាស្ត្រីជាអ្នកគ្រប់គ្រងអាជីវកម្មស្ទើរតែ៦៥ភាគរយក្តី ក៏ជំនួញនោះភាគច្រើនមានលក្ខណៈខ្នាតតូច ដែលត្រូវការមនុស្សម្នាក់ ឬពីរនាក់ប៉ុណ្ណោះ។ នេះបើយោងតាមវិទ្យាស្ថានស្ថិតិជាតិ។
បញ្ហាមួយចំនួន ដូចជាតួនាទីស្ត្រីក្នុងផ្ទះ គំនាបប្រពៃណី ការអប់រំមានកម្រិត និងការខ្វះខាតជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុ និងគ្រប់គ្រងអាជីវកម្ម បានរារាំងស្ត្រីជាច្រើននាក់ ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ ពីខ្នាតតូចទៅខ្នាតមធ្យម ឬពីខ្នាតមធ្យមទៅខ្នាតធំ ដើម្បីទាញយកផលចំណេញពីទីផ្សារកាន់តែធំ។ នេះបើតាមការលើកឡើងរបស់លោកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលជាស្ថាប័នឯកជនមួយ ដែលធ្វើកិច្ចការគាំពារស្ត្រីក្នុងវិស័យជំនួញ។
លោកស្រីបានប្រាប់ VOA ថា៖ «ហើយស្ត្រីក្នុងការធ្វើអាជីវកម្ម មានការលំបាកមួយទៀត គឺដោយសាររនាំងនៃប្រពៃណីវប្បធម៌យើងមិនសូវឲ្យគាត់ចេញក្រៅទេ។ ដូច្នេះ ការងារទំនាក់ទំនងនៅក្នុងសង្គម ឬក៏រៀបបណ្តាញក្នុងការលក់ដូរហ្នឹង គាត់លំបាកជាងបុរស។ បញ្ហាមួយទៀត គឺចំណេះដឹងរបស់ស្ត្រីមានការទាបជាង ដោយសារពីមុនឡើយ ការរៀនសូត្រអី ដែលតាមវប្បធម៌ និងសង្គមរបស់យើងទាំងមូលតែម្តង គឺថា ការរៀនសូត្រវិញ គេឲ្យតម្លៃតែលើបុរស ឲ្យគាត់រៀនតែម្តង»។
លោកស្រីបានបន្ថែមថា៖ «ដល់ពេលយើងក្លាយជាសហគ្រិន យើងត្រូវធ្វើការងារ ពីរដងលើសពីបុរស ដោយសារយើងត្រូវធ្វើការងារដែលអត់បានការ ដែលបុរសទុកឲ្យផង ហើយយើងត្រូវធ្វើការងារដូចបុរសផង»។
ជាក់ស្តែង គំនាបគ្រួសារនេះធ្លាប់ជាបញ្ហាដែលអ្នកស្រី លឹម វីរីយ៉ា ដែលជាម្ចាស់ភាគហ៊ុនម្នាក់នៃក្រុមហ៊ុនផលិតនំ លីម៉ា អង្គរ ហ្វូត បានឆ្លងកាត់។
អ្នកស្រីបានប្រាប់ VOA ថា៖ «ដូចខ្ញុំអីចឹង បើសិនជាខ្ញុំមិនមែនជាស្ត្រីដែលនៅខ្លួនមួយទេ ប្រហែលជាខ្ញុំមិនបានហោះហើរ ជុំវិញពិភពលោក ដើម្បីដើររៀនសូត្រស្វែងរកចំណេះដឹង ប្រហែលជាខ្ញុំពិបាកទៅធ្វើការពីរបីកន្លែង បាត់ៗពីផ្ទះ ពីព្រឹកទល់ល្ងាចជារៀងរាល់ថ្ងៃអីចឹង»។
អ្នកស្រី លឹម វីរីយ៉ា គឺជាអ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ហើយអ្នកស្រីក៏បានចូលរួមដឹកនាំកម្មវិធីបណ្តុះបណ្តាលនានារបស់សមាគមដល់ស្ត្រីជាច្រើននាក់នៅតាមបណ្តាខេត្តនានា នៅជុំវិញប្រទេសកម្ពុជាផងដែរ។ តាមរយៈកិច្ចការទាំងនេះ អ្នកស្រីបានកត់សម្គាល់ឃើញថា ភាពជឿទុកចិត្តលើខ្លួនឯង ក៏ជាកត្តាប្រឈមដែលស្ត្រីជាច្រើននាក់កំពុងជួបប្រទះ ជាពិសេសគឺស្ត្រីនៅតាមខេត្ត។
អ្នកស្រី លឹម វីរីយ៉ា បានលើកឡើងថា៖ «ស្ត្រីនៅភ្នំពេញ មានភាពក្លាហាន និងពូកែ តែស្ត្រីនៅតាមខេត្តវិញ គាត់មិនសូវហ៊ាន គាត់ខ្លាច។ យើងត្រូវលើកទឹកចិត្តយកណាស់។ ពួកគាត់ត្រូវការការលើកទឹកចិត្តច្រើន»។
ការពង្រឹងសមត្ថភាពបន្ថែមដល់សហគ្រិនស្ត្រី
អ្នកស្រី ស៊្រាត មុំសុភា លោកស្រី អេង លីគង់ និងអ្នកស្រី លឹម វីរីយ៉ា បានស្គាល់គ្នាតាមរយៈសមាគមសហគ្រិនស្ត្រីកម្ពុជា។ អ្នកទាំងបី រួមទាំងសមាជិកនានានៃសមាគមនេះ បានធ្វើកិច្ចការជាច្រើន ដើម្បីកំណត់សក្តានុពលរបស់ស្ត្រីក្នុងការធ្វើជំនួញ។
តាំងពីឆ្នាំ២០១១មក សមាគមនេះដែលមានសមាជិកជិត៥០០នាក់ បានសម្រេចកិច្ចការជាច្រើន ដើម្បីប្រមូលផ្តុំការគាំទ្រពីស្ថាប័នរដ្ឋ និងដៃគូពីស្ថាប័នឯកជននានា ដូចជាគណៈកម្មការពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ឬហៅថា AmCham។
លោកស្រី អេង លីគង់ ដែលប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា៖ «នៅក្នុងសមាគមស្ត្រីយើងមានកម្មវិធីយ៉ាងច្រើន ផ្តោតលើ capacity building [ការពង្រឹងសមត្ថភាព] ព្រោះថា ស្ត្រីដែលធ្វើអាជីវកម្មមានការខ្វះខាតនូវចំណេះដឹង។ យើងមានវគ្គបណ្តុះបណ្តាល ដូចជាកម្មវិធី Mentoring បំពាក់បំប៉នដើម្បីឲ្យស្ត្រីហ្នឹង ចូលរួមរៀនវគ្គខ្លីៗ ដើម្បីយកចំណេះដឹងទាំងអស់ក្នុងការប្រកបអាជីវកម្ម ឲ្យបានដូរពីខ្នាតតូចទៅមធ្យម ឬពីលក្ខណៈគ្រួសារទៅលក្ខណៈស្តង់ដារបន្តិច ដើម្បីឲ្យផលិតផលបំពេញទៅតាមតម្រូវការទីផ្សារដែលគេចង់បាន»។
ស្ត្រីដែលចង់ប្រឡូកក្នុងវិស័យជំនួញជាច្រើននាក់ បានទទួលផលប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាល និងផ្សារភ្ជាប់បណ្តាញទាក់ទងរបស់សមាគម រួមជាអាទិ៍គឺកញ្ញា ទូច សុជាតិតា។ កញ្ញា សុជាតិតា គឺជាសហស្ថាបនិកនៃក្រុមហ៊ុន InoTED នៅឆ្នាំ២០១៧ ដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយកត្តាប្រឈមក្នុងវិស័យអប់រំ ទេសចរណ៍ និងកសិកម្ម។
កញ្ញា សុជាតិតា មានគំនិតផ្តួចផ្តើមក្រុមហ៊ុននេះឡើង ទាំងមិនមានចំណេះដឹងខាងបច្ចេកវិទ្យា ក៏ប៉ុន្តែនាងបានលើកឡើងថា វគ្គបណ្តុះបណ្តាលរបស់សមាគមនានាបានជួយពង្រឹងចំណេះដឹងរបស់កញ្ញា ក្នុងការដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុន InoTED នេះឡើង។
កញ្ញា ទូច សុជាតិតា បានលើកឡើងថា៖ «ខ្ញុំអាចក្លាយខ្លួនជាម្ចាស់អាជីវកម្មមួយបាន ដោយសារខ្ញុំបានក្លាយខ្លួន និងរួមចំណែកខាងសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលពួកគាត់បានផ្តល់ឱកាសឲ្យពួកខ្ញុំបានរៀនសូត្រពីសមាជិកផ្សេងៗ សមាជិកសកម្មនៅក្នុងសមាគម។ អីចឹង នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើអាជីវកម្ម ខ្ញុំបានត្រៀមខ្លួនជាមុន»។
មកដល់សព្វថ្ងៃនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដែលមានសមាជិកជាស្ត្រីជិត៥០០នាក់ បានបង្កើតឱកាសការងារដល់មនុស្សចំនួន១៥,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ដែលជាលទ្ធផលជួយលើកស្ទួយសេដ្ឋកិច្ចក្នុងសហគមន៍ជាច្រើន ជាពិសេសផ្តល់ជាជំនាញផ្សេងៗផងដែរ៕