ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ខ្មែរ-អាមេរិកាំង​ម្នាក់​ត្រូវ​បានតែងតាំង​ជា​ចៅក្រម​តុលាការ​ជាន់ខ្ពស់


លោកស្រី Jana M. Seng (កណ្តាល) ត្រូវបាន​​តែងតាំង​ជាចៅក្រម​តុលាការជាន់ខ្ពស់​ប្រចាំទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា។ លោកស្រី​ Jana M. Seng ​បាន​បំពេញ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ តាំងពីឆ្នាំ​២០១៦មក។

លោកស្រី​ Jana M. Seng ​បាន​បំពេញ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ តាំងពីឆ្នាំ​២០១៦មក។

ស្តី្រខ្មែរ​អាមេរិកាំង​មួយរូប​ត្រូវបានតែងតាំង​ជា​ចៅក្រម​តុលាការ​ជាន់ខ្ពស់​ប្រចាំ​ទីក្រុងឡូស អាន់ជឺឡេស (Los Angeles) ដែល​ជា​តំណែង​ចៅក្រម​ដ៏ខ្ពង់​ខ្ពស់​មួយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ប្រចាំ រដ្ឋកាលីហ្វញ៉ា។​

លោកស្រី ​Jana M. Seng ​មាន​អាយុ​៤៣ឆ្នាំ​ ទទួល​បាន​ការ​តែងតាំង​ពី​លោក​អភិបាល​រដ្ឋ​កាលីហ្វញ៉ា​ Jerry Brown ​ជាមួយ​នឹង​ចៅក្រម​តុលាការ​ជាន់ខ្ពស់​ចំនួន​១០​នាក់​ផ្សេង​ទៀត ​សម្រាប់​ទីក្រុង​ធំៗ​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ទីក្រុង​ Orange, San Francisco, San Diego និង​ Santa Cruz ជាដើម។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​លោក​អភិបាល​រដ្ឋ​ដែល​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន។

សេចក្តី​ប្រកាស​បាន​បន្តថា៖

«លោកស្រី​ត្រូវ​ទៅ​ជំនួស​តំណែង​ទំនេរ​ បន្ទាប់​ពីលោក​ចៅក្រម​ Halim Dhanidina ​ត្រូវ​បាន​ដំឡើង​តំណែង​ជា​ចៅក្រម​សាលាឧទ្ធរណ៍»។

លោកស្រី​ Jana M. Seng ​បាន​បំពេញ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ តាំងពីឆ្នាំ​២០១៦មក។ លោកស្រី​បាន​ធ្វើការ​ជា​អ្នក​ការពារក្តី​ដល់​ជនក្រីក្រ​នៅ​ទីក្រុង​នេះ​តាំងពីឆ្នាំ​២០០២​ ដោយ​កាន់​តំណែង​ផ្សេងៗ​ជាច្រើន។ នេះ​បើតាម​ប្រវត្តិ​សង្ខេប​ដែល​បាន​ប្រកាស​ដោយ​គេហទំព័រ​ខុទ្ទកាល័យ​លោក​អភិបាល​រដ្ឋ។​

លោកស្រី​ Jana M. Seng ​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត​ច្បាប់​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​ និង​បរិញ្ញាប័ត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា​ ក្នុងទីក្រុង​ឡុងប៊ិច។ លោកស្រី​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​គណបក្ស​របស់​លោក​អភិបាល​រដ្ឋ​ Jerry Brown ​ដែល​នឹង​ត្រូវផុត​អាណត្តិនៅ​ដំណាច់​ឆ្នាំ២០១៨​នេះ៕

XS
SM
MD
LG