ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ វិស័យ ​STEM ​នៅ​កម្ពុជា​និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា


លោក​ស្រី​បណ្ឌិត​ ​Ayanna Howard​ ​​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ក្រោម​ប្រធានបទ​ ​«អនាគត​មនុស្ស​យន្ត​ ​និង​ភាព​វៃ​ឆ្លាត​សិប្ប​និមិត្ត»​ ​(The Future of Robots and AI)​ ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ទី០៤ ខែ​កញ្ញា​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ទំនាក់​ទំនង​រវាង​កុមារ​ជាមួយ​​មុខវិជ្ជា​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា​ វិស្វកម្ម និង​គណិត​វិទ្យា STEM​ គឺជា​សក្តានុពល​ដ៏​សំខាន់​​សម្រាប់​ការអភិវឌ្ឍ​​កម្ពុជា​នាពេល​អានាគត។

កំណត់​និពន្ធ៖ ​លោកស្រី​ Ayanna Howard គឺ​ជា​⁠នាយក​សាលាព័ត៌មាន​វិទ្យា​នៃ​វិទ្យាស្ថានបច្ចេកវិទ្យា Georgia Institute of⁠ Technology និង​ជា​ស្ថាប​និក​ក្រុមហ៊ុន Zyrorobotics⁠ ដែល​មាន​គោល​បំណង​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​កុមារ​ជាមួយ​នឹង​មុខ​វិជ្ជា​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា​ វិស្វកម្ម និង​គណិតវិទ្យា​ ហៅ​កាត់​ថា ​STEM។​ ​លោកស្រី Ayanna ក៏​ធ្លាប់​បាន​បម្រើ​ការនៅអង្គការ​ NASA ​ផង​ដែរ។​ ​ក្នុង​ដំណើរទស្សនកិច្ច​មក​កាន់​រាជធានី​ភ្នំពេញ​ កាលពី​ដើម​ខែ​កញ្ញា​នេះ អ្នក​ជំនាញខាង​វិទ្យាសាស្ត្រ​របស់​អាមេរិក​រូបនេះ​ បាន​ធ្វើ​បាឋកថា​មួយក្រោម​ប្រធាន​បទ​«អនាគត​វិស័យ​មនុស្ស​យន្ត និង​ភាព​ឆ្លាត​វៃ​សិប្ប​និមិត្ត»​ដល់​សិស្សា​នុសិស្ស​កម្ពុជា។​ លោក​ណឹម ​សុភ័ក្រ្តបញ្ញា​ នៃ ​VOA ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោកស្រី​ Ayanna Howard ​ក្នុង​អំឡុង​ទស្សន​កិច្ច​នេះ។​ លោក​ស្រី​បានប្រាប់​ ​VOA ​អំពី​ទស្សនៈ​របស់​លោកស្រី​ទៅលើ​វិស័យ ​STEM​ នៅ​កម្ពុជា​ ​និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម


VOA៖ សូម​លោក​ស្រី​រៀបរាប់​ពី​ក្រុមហ៊ុន Zyrorobotics របស់​លោក​ស្រី?

Howard៖ ចា៎ ក្រុមហ៊ុន​ Zyrorobotics ​គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តោត​ទៅ​លើ​ការ​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ​គ្រប់រូប​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹងវិស័យ​ STEM។ ដូច្នេះ​ហើយអ្វី​ដែល​យើង​ធ្វើ​គឺ​យើង​បង្កើត​ជា​មធ្យោបាយ ឬ​ឧបករណ៍​ផ្សេងៗ ដែល​ភាគ​ច្រើន​គឺ​ឥត​គិត​ថ្លៃ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​សិស្សានុសិស្ស​អាច​ប្រើ​ដើម្បី​រៀន​សរសេរ​កូដ​ ឬ រៀន​គណិតវិទ្យា និង​វិទ្យាសាស្រ្តឲ្យ​បាន​ប្រសើរ​ជាង​មុន។​

VOA៖ តើ​លោក​ស្រី​មាន​ទំនាក់​ទំនង​អ្វី​ដែរ​ជាមួយ​អង្គការ​ NASA?

Howard៖ ចាស៎ ខ្ញុំ​ធ្វើការ​ឲ្យ​អង្គការ​ NASA ​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ហើយ​តួ​នាទី​របស់​ខ្ញុំគឺ​គិតគូរ​ពី​អនាគត​នៃ​ការ​បង្ហាញ​អំពី​ភព​ព្រះអង្គារ​ ​និង​ធ្វើ​យ៉ាង​ណា​ឱ្យកាន់​តែ​វ័យឆ្លាត​ឡើង។ ដូច្នេះ​យើង​នឹង​អាច​រក​ផ្លូវ​ទៅ​កាន់​តែឆ្ងាយ​ជាង​នេះ​បន្ថែម​ទៀត។​ ​យើង​អាចរុករក​ទីកន្លែង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ដោយ​មិនចាំ​បាច់​អ្នក​វិទ្យាសា​ស្ត្រ​ ឬ​ក៏​បេសកម្ម​ដែល​ត្រូ​វការ​កិច្ច​អន្តរាគមន៍​រាល់​ពេល​នោះ​ទេ។​ ​ដូច្នេះ​វាគឺ​ជា​ការងារ​ដែល​ត្រូវ​ត្រិះរិះ​ដើម្បី​រក​ឱ្យ​ឃើញ​ថា ​តើ​ត្រូវ​ធ្វើការ​ងារ​រុករក​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ជាង​ឡើងនោះ​យ៉ាង​ដូចម្តេច។

VOA៖​ តើ​លោកស្រី​ពាំនាំ​អ្វី​ឲ្យ​ដល់និស្សិត​នៅ​កម្ពុជា?​

Howard៖ គោលដៅ​របស់​ខ្ញុំ​គឺ​បង្ហាញ​ទៅ​ដល់​និស្សិត​ថា ​វិស័យ​ STEM ​និង​មនុស្ស​យន្ត​គឺ​ជា​អ្វី​ដែលលេចធ្លោ​ជាង​គេ​នា​ពេល​អនាគត។ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​អាចធ្វើ​ឲ្យ​ពួក​គេ​ឃើញ​ពី​គុណតម្លៃ ដែល​ថា ពិភព​លោក​ត្រូវ​ការ​និស្សិត​ដែល​អាច​ធានា​ថា​ពិភព​លោក​យើង​ទាំង​មូល​នឹង​កា្លយ​ជា​ទីក​ន្លែងដ៏​ប្រសើរ​ឡើង។​

VOA៖ ​តើ​លោកស្រី​មាន​ក្តី​សង្ឃឹម និង​ការ​រំពឹង​ទុក​អ្វី​ខ្លះ​ពី​និស្សិត​កម្ពុជា​ ក៏​ដូចជា​ទស្សន​វិស័យ​របស់​លោកស្រី​នា​ពេល​ខាង​មុខ?​

Howard៖ ក្តី​សង្ឃឹម​និង​ការ​រំពឹងទុក​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​ចង់​ឃើញ​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ។​ ​ឧទាហរណ៍ ​នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ខាង​មុខ​ ចាប់យក​ជំនាញ​ណា​មួយក្នុង​មុខវិជ្ជា​វិទ្យា​សាស្រ្ត បច្ចេកវិទ្យា ​វិស្វកម្ម និង​គណិត​វិទ្យា។ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​ការ​ចាប់​យក​ជំនាញ​នៅ​ក្នុង​វិស័យ​មនុស្ស​យន្ត ​ ពួកគេ​អាច​និយាយ​ចេញ​ពី​ខ្លួន​ឯង​ផ្ទាល់​ថា​«ខ្ញុំ​ជឿ​ថា ​នេះ​ជា​អនាគត ដូច្នេះ​ខ្ញុំ​ជ្រើស​យក​ផ្លូវ​ដើរ​មួយ​នេះ»។

​លោក​ស្រី​បណ្ឌិត​ ​Ayanna Howard​ ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ក្រោម​ប្រធានបទ​ ​«អនាគត​មនុស្ស​យន្ត​ ​និង​ភាព​វៃ​ឆ្លាត​សិប្ប​និមិត្ត»​ ​(The Future of Robots and AI)​ ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ទី០៤ ខែ​កញ្ញា​នេះ។ (ណឹម សុភ័ក្ត្របញ្ញា/VOA)
​លោក​ស្រី​បណ្ឌិត​ ​Ayanna Howard​ ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ក្រោម​ប្រធានបទ​ ​«អនាគត​មនុស្ស​យន្ត​ ​និង​ភាព​វៃ​ឆ្លាត​សិប្ប​និមិត្ត»​ ​(The Future of Robots and AI)​ ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ទី០៤ ខែ​កញ្ញា​នេះ។ (ណឹម សុភ័ក្ត្របញ្ញា/VOA)

VOA៖ ចំពោះ​លោកស្រី​ផ្ទាល់​ តើ​លោកស្រី​គិត​ថា ដំណើរការ​បោះ​ជំហាន​ទៅ​មុខ​របស់​និស្សិត​កម្ពុជា​នៅ​ក្នុង​វិស័យ STEM មាន​ដល់​កម្រិត​ណា​ហើយ?​

Howard៖ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​គុណភាព​របស់​និស្សិត​និង​ការ​ចង់​ដឹង​ ចង់​ឮ សំណួរ និង​ការ​ងឿង​ឆ្ងល់​របស់​ពួកគេអំពី​ប្រព័ន្ធ​មនុស្ស​យន្ត​នៅ​ជំនាន់​ក្រោយ។ ខ្ញុំ​ពិត​ជា​ស្ងើច​សរសើរ​មែនទែន​ទាក់ទង​នឹង​ប្រវត្តិ​រូប និង​បទ​ពិសោធន៍​ដែល​ពួកគេ​មាន ក៏​ដូច​ជា ការ​ជំរុញ​ទៅ​មុខ​គម្រោង​ផ្តួច​ផ្តើមក្នុងវិស័យ ​STEM។​

VOA៖ តើ​លោកស្រី​យល់​ឃើញ​ថា មាន​ផ្នែក​ណា​ខ្លះ​ដែរ ដែល​ត្រូវលើក​កម្ពស់?

Howard៖ ផ្នែក​តែ​មួយ​គត់ ដែល​ខ្ញុំ​យល់​ឃើញ​ថា​ ត្រូវលើក​កម្ពស់​គឺលទ្ធភាព​ទទួល​ទាន​ធនធាន​ផ្សេងៗ​ដែល​មាន។ មាន​ធនធាន​ជា​ច្រើន​ ដែល​និស្សិត​មិន​ទាន់​ទទួល​បាន​ ហើយ​ពួកគេ​គួរ​តែ​ទទួល​បាន​ធនធាន​ទាំង​នោះ។​

VOA៖​ តើ​លោកស្រី​គិត​ថា កម្ពុជា​ឈាន​ដល់​កម្រិត​ណា​ហើយ​ក្នុង​វិស័យ​ STEM?​

Howard៖ ខ្ញុំ​គិត​ថា កន្លែង​ដែល​កម្ពុជា​ស្ថិត​នៅ​នា​ពេល​បច្ចុប្បន្ន⁠​គឺ​គ្រាន់​តែ​ជា​កន្លែង​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។ បើ​និយាយ​ពី​និស្សិត​វិញ ការ​អប់រំ​គឺ​មាន​ហើយ។ តែ​ខ្ញុំ​គិត​ថា ​អ្វី​ដែល​ត្រូវ​តែ​លើក​កម្ពស់​បន្ថែម​ទៀត​នោះ​ គឺ​មូលដ្ឋាន​សហគ្រិន​ភាព។ និស្សិត​ដែល​កំពុង​តែ​ចាប់​ជំនាញ​នៅ​ក្នុង​វិស័យ STEM នឹង​ត្រូវ​ចាប់​ផ្តើម​បង្កើត​ក្រុមហ៊ុន​ផ្សេងៗ​នៅ​ក្នុង​វិស័យ​STEM ដើម្បី​ធានា​ថា វិស័យ STEM ជា​ផ្នែក​មួយ​នៃ​សេដ្ឋ​កិច្ច។ ខ្ញុំ​គិត​ថា នេះ​គួរ​តែ​ជា​ជំហាន​បន្ទាប់។​

VOA៖​ តើ​លោកស្រី​គិត​ថា រដ្ឋាភិបាល ឬ​វិស័យ​ឯកជន​គួរ​ដើរ​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​បរិបទ​នេះ?​

Howard៖ ខ្ញុំ​គិត​ថា អ្នក​អាច​ផ្តល់​ជា​ជំនួយ​ក្នុង​ទម្រង់​ជា​ច្រើន​ ដូចជា​ការ​ឧបត្ថម្ភ​មូលនិធិ​ផ្តួចផ្តើម​ជា​ដើម។ អ្នក​អាច​ផ្តល់​ជា​ការ​ទំនុកបំរុង​បឋម ប្រសិន​បើ​អ្នក​ជា​⁠សហគ្រិន​វ័យ​ក្មេង​ ដែល​ចាប់​ផ្តើម​បង្កើត​អាជីវកម្ម។ អ្នក​ត្រូវ​ការ​ធនធាន​ អ្នក​ត្រូវការ​ទីក​ន្លែង។ អ្នកត្រូវ​ចេះ​ស្វែង​រក​របៀប​រៃ​អង្គាស​ប្រាក់​សម្រាប់​ឆ្នាំ​ដំបូង​នៃ​ការ​បង្កើត​ក្រុមហ៊ុនរបស់​អ្នក។ ខ្ញុំ​គិត​ថា អ្វីៗ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​នឹង​វប្បធម៌​ ផ្តួចផ្តើម​ក្រុម​ហ៊ុន​ពី​ឬស​គល់ ខ្ញុំ​គិត​ថា កម្ពុជា​ក៏​អាច​ធ្វើ​ដូចគ្នា​នេះ​ដែរ។​

VOA៖ បើ​និយាយ​ពី​សាធារណជន​វិញ តើលោក​ស្រី​គិត​ថា សាធារណជន​គួរ​តែ​ដឹង​អ្វីខ្លះ​អំពី​វិស័យ STEM?

Howard៖ ​ខ្ញុំ​គិត​ថា សាធារណជន​គួរ​យល់​ដឹង​និង​ទទួលស្គាល់​ថា វិស័យ​ STEM គឺ​ជា​អនាគត។ វិស័យ​នេះ​អាច​ជួយ​ឲ្យ​បុគ្គល​ម្នាក់​ ដែល​រស់​នៅ​តំបន់​ជនបទ ​ឲ្យ​ទទួលបាន​ជីវភាព​មធ្យម។ ខ្ញុំ​គិត​ថា វិស័យ​ STEM​ គឺ​ជា​វេទិកា​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើភាព​មួយ។ វិស័យ​នេះ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​សមភាព ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ការ​គិត និង​ការ​រៀនសូត្រ​មួយ​ជំហាន​ម្តងៗ។

VOA៖ តើ​លោក​ស្រី​យល់​យ៉ាង​ដូច​ម្តេច​ដែរ​ចំពោះ​ការ​បង្កើត​ថ្មី និង​ភាព​ច្នៃប្រតិដ្ឋ​នៅ​កម្ពុជា?

Howard៖ ការ​បង្កើត​ថ្មី ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​នៅ​កម្ពុជា គឺ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជន​វ័យ​ក្មេង​ ដែល​ខ្លួនខ្ញុំ​ផ្ទាល់​កោត​សរសើរ​ពួកគេ​យ៉ាង​ខ្លាំង។ ពួក​គេ​ហាក់​ដូចជា ទទួល​ដឹង​ថា វិស្វកម្ម​គឺ​អំពី​ការ​មាន​ភាព​ច្នៃប្រតិដ្ឋ។ វា​ទាក់ទង​ជាមួយ​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ដែល​មាន​ពីមុន​មក។ ហើយ​ខ្ញុំ​ច្បាស់​ថា ជន​វ័យ​ក្មេង​នឹង​ក្លាយ​ជា​វិស្វករ និង​អាច​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សង្គម។​

VOA៖ តើ​លោក​ស្រី​មាន​ដំបូន្មាន​អ្វី​ទេ⁠​សម្រាប់​ជន​វ័យក្មេង​ជំនាន់​ក្រោយ?​

Howard៖ ដំបូន្មាន​មួយដែល​ខ្ញុំ​អាច​ឲ្យ​បាន​គឺ​ថា ចូរ​ធ្វើ​វា​ឡើង។ ធនធាន​គឺ​មាន​ហើយ។ យើង​អាច​រក​ធនធាន​ផ្សេងៗតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​តាម​មធ្យោបាយ​ផ្សេងៗ។ អ្នក​គ្រាន់​តែ​ត្រូវ​ការ​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ដើម្បី​ជំរុញ​ទៅ​មុខ និង​ក្រសោប​យក​វិស័យ STEM ទាំង​មូល​នេះ។ ខ្ញុំ​ពិត​ជា ​លើក​ទឹកចិត្ត​ឲ្យ​ជនវ័យ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បន្ត​ជំរុញ​ទៅ​មុខ។ ហើយ​ប្រហែល​ពួកគេ​ថែម​ទាំង​អាចបង្រៀនអ្នក​ជំនាន់​មុន​អំពីសារៈសំខាន់​នៃ​វិស័យ​នេះ​ទៀត​ផង​ក៏​ថា​បាន៕

XS
SM
MD
LG