ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ ​VOA៖ ​អ្នក​តស៊ូ​មតិ​ថា ​ក្នុង​វិបត្តិ​នយោបាយ ​ស្ត្រី​ជា​អ្នក​រង​គ្រោះ​មុនគេ


កញ្ញា សេង រាសី មន្ត្រីអង្គការសីលការ មានវត្តមានផ្ដល់កិច្ចសម្ភាស នៅការិយាល័យ VOA ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

កំណត់​និពន្ធ៖ ​ពិភព​លោក​នឹង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ក្នុង​សប្ដាហ៍​នេះ។ នៅ​កម្ពុជា​វិញ ​អ្នក​ឃ្លាំ​មើល ​និង​តស៊ូ​មតិដើម្បី​ស្ត្រី​បាន​និយាយ​ថា ​បញ្ហា​ស្ត្រី​នៅ​តែ​មាន​លក្ខណៈប្រឈម​ដូច​ឆ្នាំ​មុនៗ​ដែរ ​ក៏​ប៉ុន្តែ​គេ​បាន​សង្កេត​ឃើញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ជាង​មុន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​ការងារ​ ហើយ​នៅ​ពេល​មានវិបត្តិ​នយោបាយ​ដ៏​ជ្រាល​ជ្រៅ​នេះ ស្ត្រីងាយ​រង​គ្រោះ​ជាង​បុរស។ ​លោក អូន​ ឆេងប៉រ ​នៃ​ VOA ​បាន​សម្ភាសកញ្ញា ​សេង រាសី ​អ្នក​សម្រប​សម្រួលកម្មវិធី​សមភាពយ៉េនឌ័រ​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ ​VOA​ នៅរាជធានី​ភ្នំពេញ​ដូច​ត​ទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ​តើ​យើង​អាច​បរិយាយ​យ៉ាង​ដែរ​អំពី​ស្ថាន​ភាព​ទូទៅ​របស់​ស្រ្តី​នៅ​ប្រទេស​កម្ពុជា​ នា​ឆ្នាំ​កន្លង​ទៅ?​

សេង ​រាសី៖​ ​បើសិនជាយើងមើលលើបញ្ហាមួយឆ្នាំកន្លង​ទៅ​នេះ​ បញ្ហា​ប្រឈម​របស់​ស្ត្រី ​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ​ទេ ​ក៏​ប៉ុន្តែ​ភាព​ប្រសើរ​ឡើង​នៃ​ការ​កាត់​បន្ថយ​ការ​ប្រឈម​ហ្នឹង​ក៏​មាន​មួយ​ចំនួន​ដែរ​ នៅ​ខាង​ក្នុង​នោះ​ ​នៅ​លើ​វិស័យ​នយោបាយ​ ទាក់​ទង​នឹង​ចំនួន​ស្ត្រី​ក្នុង​ការ​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​ឈរ​ឈ្មោះ​នៅ​ថ្នាក់​ជាតិ​ ដែល​យើង​មិន​ទាន់​មាន​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។​ ក៏​ប៉ុន្តែ​ជា​បឋម​ យើង​ដឹង​អំពី​ទិន្នន័យ​មួយ​ដែល​មាន​ការ​ធ្លាក់​ចុះ​នោះ​គឺ​ការ​ធ្លាក់​ចុះ​ចំនួន​ស្ត្រី​ជា​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ អីចឹង​ទៅ​ចំនួន​ស្ត្រី​នៅ​សល់​ចំនួន​ប្រហែល​ជា​១០%​ទេ ​បើ​ធៀប​នឹង​សមាជិក​សភា​សរុប។

បញ្ហា​នានា ​ដូច​ជា​បញ្ហា​អំពើ​ហិង្សា​ បញ្ហា​រំលោភ​ក្នុង​រូប​ភាព​ផ្សេងៗ ​យើង​ឃើញ​ថា​ ករណី​ទាំង​នេះ​នៅ​តែ​កើត​ឡើង​ បើ​ទោះ​បី​ជា​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពី​សំណាក់​រដ្ឋាភិបាល ​និង​អាជ្ញាធរ​ផ្សេងៗ។ ​អ្វី​ដែល​ជា​ការ​បារម្ភ​ជាង​គេ​គឺ​យើង​មើល​ឃើញ​ថា​ ករណី​រំលោភ​ផ្លូវ​ភេទ ​អ្នក​ប្រព្រឹត្ត​ហ្នឹង​កាន់​តែ​មាន​វ័យ​ក្មេង​ទៅៗ​ រី​ឯ​អ្នក​ទទួល​រង​ហ្នឹង​ក៏​ក្មេង​ដែរ។​ បាន​ន័យ​ថា​ អ្នក​ដែល​ប្រព្រឹត្ត ​អ្នក​ដែល​រំលោភ​គេ​ហ្នឹង​កាន់​តែ​ក្មេង​ទៅ​ រី​ឯ​អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​ហ្នឹង​ក៏​ក្មេង​ដែរ។ ដោយ​សារ​តែ​ការណ៍​ដែល​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់​ ដើម្បី​ឱ្យ​ស្រ្តី​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ ធ្វើ​ឱ្យ​ជន​ល្មើស​ហ្នឹង​អាច​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទ​ល្មើស​បាន ​ស្រប​ពេល​ដែល​នៅ​មាន​ទស្សនៈ​មួយ​ចំនួន​ យល់​ឃើញ​ថា​ នៅ​ពេល​ដែល​មាន​ករណី​រំលោភ​កើត​ឡើង ​គេ​សួរ​ថា​ ស្ត្រី​ហ្នឹង​មាន​ស្លៀក​ខ្លី​ទេ? ​ស្ត្រី​ហ្នឹង​មាន​ដើរ​យប់​ទេ?​ ​អីចឹង​វា​ធ្វើ​ឱ្យ​ការ​មើល​ឃើញ​ហ្នឹង​មិន​បាន​បន្ទោស​ទៅ​លើ​ជន​ល្មើស​ទេ ​តែ​បែរ​ជា​បន្ទោស​លើ​ជន​រង​គ្រោះ។​

រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ​អង្គការ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើការ​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ការ​គិត​ ដោយ​ផ្ដោត​ទៅ​លើ​ទោស​កំហុស​របស់​អ្នក​ដែល​ប្រព្រឹត្ត ​ជា​ជាង​ការ​ស្ដី​បន្ទោស​ទៅ​លើ​ជន​រង​គ្រោះ។​

ងាក​មក​មើល​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ​វិញ ​ទាំង​ផ្នែក​ក្នុង​ប្រព័ន្ធ ​ទាំង​ផ្នែក​ក្រៅ​ប្រព័ន្ធ ​យើង​មើល​ឃើញ​ថា ​កម្មការិនី​លោក​បាន​ទទួល​កិច្ច​ការ​ងារ​ច្រើន ​បើ​ទោះ​ជា​មាន​ស្ថាន​ភាព​លំបាក​នៅ​ក្នុង​ជីវភាព​រស់​នៅ​ ក៏​ប៉ុន្តែ​យើង​បាន​មើល​ឃើញ​ថា​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​បាន​ផ្ដល់​កញ្ចប់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ជា​ពិសេស​សម្រាប់​ស្ដ្រី​ ​ឱ្យ​មាន​ថវិកា​សម្រាប់​ការ​លំហែ​មាតុភាព​ក្រោយ​ពី​ការ​សម្រាល​កូន​របស់​ពួក​គាត់។

ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​យើង​ទទួល​ដឹង​ពី​ព័ត៌មាន ​ពី​សំណាក់​អង្គការ​ដៃគូ​ដែល​គាត់​ធ្វើ​ការ​ទាក់​ទង​ទៅ​នឹង​កម្មករ ​ដោយ​សារ​តែ​នៅ​ក្នុង​ច្បាប់​គេ​បាន​និយាយ​ថា ​នៅ​ពេល​ដែល​បុគ្គលិក​ហ្នឹង​ពេញ​សិទ្ធិ។​ ក៏​ប៉ុន្តែ​វា​មាន​ករណី​ពីរ​នៅ​ក្នុង​ហ្នឹង។ ​នៅ​រោង​ចក្រ​ខ្លះ ​នៅ​ពេល​ដែល​គេ​ដឹង​ថា​ គាត់​ហ្នឹង​ពោះ​ធំ ​គេ​ដេញ​កម្មការិនី​ទាំង​នោះ​ចេញ​ពី​ការងារ​ ដោយ​សារ​តែ​កុងត្រា​ (កិច្ច​សន្យា)​ការងារ​គាត់​ហ្នឹង​ជា​លក្ខណៈ​រយៈពេល​ខ្លី ​ដែល​នាំ​ឱ្យ​គាត់​អាច​ត្រូវ​បញ្ឈប់​ពី​ការងារ​ដោយ​សារ​តែ​គាត់​នោះ​ពោះ​ធំ ​មាន​ទម្ងន់។ ​

អត្ថ​ប្រយោជន៍​ទៅ​ដល់​ហើយ ​ក៏​ប៉ុន្តែ​យើង​ត្រូវ​មើល​ថា ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ឱ្យ​ពួក​គាត់​អាច​ឈោង​ចាប់​អត្ថ​ប្រយោជន៍​ទាំង​នោះ​បាន។​

នៅ​លើ​វិស័យ​សហគ្រិន​ភាព​វិញ ​ខ្ញុំ​មើល​ឃើញ​ថា ​មាន​ស្ត្រី​ច្រើន​ណាស់​ ដែល​បាន​ក្លាយ​ជា​ម្ចាស់​សហ​គ្រាស ​ឬ​ក៏​មុខ​ជំនាញ​ផ្សេងៗ​ ទាំង​ក្នុង​វ័យ​ក្មេង។​ ​វា​ជា​មោទនភាព​មួយ​សម្រាប់​ទាំង​អស់​គ្នា​ដែរ​ថា ​ស្ត្រី​អាច​ឈោង​ចាប់​មុខ​តំណែង​ជា​អ្នក​ដឹកនាំ ​ជា​នាយក​ប្រតិបត្តិ​ជា​ដើម។​ ស្រប​ពេល​ដែល​មាន​បញ្ហា​ប្រឈមក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ក៏​មាន​ការ​លូត​លាស់​ជា​វិជ្ជមាន​ជា​ច្រើន​នៅ​ខាង​ក្នុង​នោះ​ដែរ​ ខណៈ​ដែល​ការ​ចូល​រួម​របស់​ស្ត្រី​ នៅ​ក្នុង​សកម្មភាព​សង្គម​មាន​លក្ខណៈ​ផុសផុល​ជាង​មុន។

VOA៖ ​គេ​អង្កេត​ឃើញ​មាន​ការ​ចូល​រួម​ផុល​ផុស​ពី​សំណាក់​ស្ត្រី​ទាំង​ក្នុង​វិស័យ​អប់រំ​សិក្សាធិការ ​វិស័យ​ការងារ​ នយោបាយ ​ និង​សេដ្ឋកិច្ច​ជា​ដើម។​ អ្វី​ទៅ​ជា​កត្តា​ដែល​ជំរុញឱ្យ​មាន​ការ​ចូល​រួម​ច្រើន​យ៉ាង​ដូច្នេះ?​

សេង រាសី៖ ​យើង​អង្កេត​ឃើញ​ការ​ចូល​រួម​សកម្ម ​នា​ពេល​កន្លង​ទៅ​នេះ ​វា​មាន​ហេតុ​ផល​ប៉ុន្មាន​ដែរ។​ លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​របស់​ស្ត្រី​វ័យ​ក្មេង​ មាន​ចំនួន​ច្រើន​ តាម​រយៈ​បណ្ដាញទំនាក់​ទំនង​សង្គម​ ទូរទស្សន៍​ និង​វិទ្យុ​ផ្សេងៗ។ ​អីចឹង​ហើយ​ធ្វើ​ឱ្យ​ស្ត្រី​កាន់​តែ​យល់​ដឹង​អំពី​តួនាទី​ និង​សិទ្ធិ​របស់​គាត់ ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ និង​ឱកាស​ដែល​គាត់​ទទួល​បាន ព្រោះ​អី​ ​ទាំង​នៅ​វិស័យ​សាធារណៈ​ និង​សង្គម​ស៊ីវិល​ ចំពោះ​អ្នក​ដែល​គាត់​ចូល​បំពេញ​ការងារ​ក្នុង​មួយ​ឆ្នាំ​នេះ​ណា​ ក្មេងៗ​ច្រើន​មែន​ទែន ​យុវជន​តែ​ម្ដង។​ ដោយ​សារ​តែ​លទ្ធ​ភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ជំរុញ​ ​និង​ការ​បើក​ចិត្ត​ជាង​មុន​បន្តិច​ ក្នុង​ការ​អនុញ្ញាត​ឱ្យ​កូន​ស្រី​ទទួល​បាន​ការ​សិក្សា​មួយ​ដែល​មាន​ភាព​ប្រសើរ​ឡើង​ជាង​ពេល​មុន។

VOA៖ ​គេ​អង្កេត​ឃើញ​ថា ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​ការ​ដាក់​បញ្ចូល​តំណាង​រាស្ត្រ​៥៥​រូប​ចូល​ទៅ​បំពេញ​ចន្លោះ​នៃ​អវត្តមាន​គណបក្ស​នេះ​នៅ​ក្នុង​រដ្ឋ​សភា ​តែ​ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​តែ​ពីរ​រូប​ទេ។ ​រីឯ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​ដែល​មាន​កៅអី​ប្រកួត​ប្រជែង​៥៨​នោះ ​មាន​តែ​៥រូប​ទេ​ដែល​ជា​ស្ត្រី​បាន​ឈ្នះ​អាសនៈ។​ តើ​ការណ៍​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​ដែរ?​

សេង រាសី៖ ​តួលេខ​នេះ​ស​បង្ហាញ​ឱ្យ​ឃើញ​ថា ​ទោះ​បី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​ស្ត្រី​រង​គ្រោះ​ខ្លាំង​ជាង​គេ​បង្អស់​ មិន​ថា​ វិបត្តិ​នយោបាយ ​មិន​ថា​ សង្គ្រាម ​មិន​ថា​ វិបត្តិ​សេដ្ឋ​កិច្ច​ ឬ​អ្វី​ទេ​ ​ដោយ​សារ​ស្ត្រី​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ខាង​ក្នុង​ការ​ឈរ​ឈ្មោះ​ រួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ខាង​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច ​រួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ខាង​ក្នុង​ការ​កៀង​គរ។​

អីចឹង​ហើយ​ វិបត្តិ​នយោបាយ​មួយ​នេះ​ធ្វើ​ឱ្យ​ស្ត្រី​ជា​ច្រើន​បាន​បាត់​បង់​ឱកាស​របស់​ខ្លួន​ឯង​ នៅ​ក្នុង​ការ​ចូល​រួម​ចំណែក។ អីចឹង​ហើយ​ការ​បាត់​បង់​ឱកាស​ហ្នឹង ​វា​ធ្វើ​ឱ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កន្លង​មក ​ទាំង​រដ្ឋា​ភិបាល​ ទាំង​សង្គម​ស៊ីវិល ​ទាំង​ដៃ​គូ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ​ហាក់​បី​ដូច​ជា​ធាក់​ថយ​ក្រោយ​វិញ​ខ្លាំង​មែន​ទែន។​ ស្រប​ពេល​ដែល​យើង​ព្យាយាម​រុញ​វា​ទៅ​មុខ ​ជាមួយ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព ​នៅ​ឆ្នាំ​២០៣០ ​ធានា​ឱ្យ​បាន​៥០-៥០​នោះ​ ឃើញ​ថា ​បាន​តែ​ជាង​១០%​នៅ​ក្នុង​រដ្ឋ​សភា។ ​អីចឹង​យើង​សួរ​មក​ខ្លួន​ឯង​ទៀត​ថា​ យើង​ប្រឹង​ប៉ុន្មាន​ទៀត​ឱ្យ​បាន​៤០%​ទៀត​ដល់​ឆ្នាំ​២០៣០។​

បើ​យើង​គិត​ពី​ឥឡូវ​នេះ​ទៅ ​ឆ្នាំ​នេះ ​ឆ្នាំ២​០១៨​ហើយ​ ហើយ​ជិត​កៀក​ដល់​បោះ​ឆ្នោត​ហើយ ​ហើយ​អីចឹង​ទៅ​ នៅ​សល់​ពេល​តែ​ប៉ុន្មាន​ឆ្នាំ។ ​យើង​បោះ​ឆ្នោត​បាន​ប៉ុន្មាន​ដង​ទៀត?​ អីចឹង​ទៅ​បើ​សិន​ជា​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ប្រុង​ឈរ​ឈ្មោះ​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨​នេះ ​មិន​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លេខ​រៀង​ និង​ទីតាំង​ដែល​សង្ឃឹម​ជាប់​នោះ​ទេ​ ការ​សម្រេច​បាន​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ​នឹង​បរាជ័យ​ ដូចអ្វី​ដែល​យើង​ទទួល​ជា​មេរៀន​ហើយ​ស្រាប់​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍។​

ខ្ញុំ​ឆ្លៀត​ឱកាស​នេះ​ទទូច​ដល់​គណបក្ស​នយោបាយ​ដែល​ប្រុង​ប្រៀប​ខ្លួន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ឆ្នាំ​២០១៨​នេះ​ សូម​គិត​គូរ​ឱ្យ​មែន​ទែន​ក្នុង​ការ​ដាក់​បេក្ខភាព​ស្ត្រី។ ខ្ញុំ​មិន​ជឿ​ថា​ ​ស្ត្រី​មិន​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​ងារ​នេះ​ទេ។ ​បើ​សិន​ជា​ស្ត្រី​មិន​មាន​សមត្ថភាព​ មិន​មែន​អ្នក​នៅ​ខាង​ក្នុង​ឃុំ​សង្កាត់​នៅ​មូល​ដ្ឋាន​ ដែល​យើង​បាន​ធ្វើការ​ជាមួយ​ដែល​យើង​បាន​ធ្វើការ​ស្រាវ​ជ្រាវ បាន​ឆ្លើយ​មក​យើង​វិញ​ថា​ ស្ត្រី​ធ្វើការ​មាន​ប្រសិទ្ធ​ភាព​ មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ ជា​ជាង​ឃុំ​ដែល​មិន​មាន​សមាស​ភាព​ស្ត្រី។ ​យើង​ជឿ​ជាក់​ថា ​វា​មិនមែន​សម្រាប់​តែ​ថ្នាក់​ឃុំ​ទេ ​នៅ​ថ្នាក់​ជាតិ​ក៏​នឹង​មាន​លទ្ធផល​ស្រដៀង​គ្នាដែរ។​

ដូច្នេះ​ហើយ ​នៅ​ពេល​ដែល​យើង​ឈាន​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ ពេល​ដែល​យើង​ឈាន​ទៅ​រក​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​ដែល​មាន​មូល​បទ​ថា ​«នឹង​មិន​ទុក​នរណា​ម្នាក់​ចោល»។​ អីចឹង​បើ​សិន​ជា​ស្ត្រី​មិន​បាន​ចូល​ធ្វើ​ការ​ស្មើ​មុខ​ស្មើ​មាត់​ ទាំង​ចំនួន​និង​គុណភាព​ ក្នុង​ការ​ឆ្លើយ​តប​ ក្នុង​ការ​តាក់​តែង​គោល​នយោបាយ​ និង​ក្នុង​ការ​តាក់​តែង​ច្បាប់ ​សួរ​ថា ​ស្ត្រី​ប៉ុន្មាន​រូប​ទៀត ​ដែល​ត្រូវ​បាន​ទុក​ចោល?​ ច្រើន ​មិន​មែន​តែ​មួយ​ទេ!

VOA៖ ​ខណៈ​ដែល​មាន​ការ​ចូល​រួម​កាន់​តែ​សកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ច ​និង​ការងារ ​ពី​សំណាក់​ស្ត្រី​ តើ​ស្ត្រី​មាន​ការ​រំពឹង​ទុក​អ្វីខ្លះ​ពី​សង្គម​ជាតិ ​សហគមន៍​ដែល​នៅ​ជុំវិញ​ខ្លួន?​

សេង រាសី៖ ​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​ប្រឈម​នៃ​ការ​ចូល​រួម​របស់​ស្ត្រី​នេះ​ ទាមទារ​ឱ្យ​មាន​ការ​បើក​ចិត្ត​ឱ្យ​ទូលាយ​មែន​ទែន ​ពី​សំណាក់​សហគមន៍​ ពី​សំណាក់​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​គាត់​ ឱ្យ​យល់​ឃើញ​ពី​សារៈ​សំខាន់​របស់​ស្ត្រី។​ ដរាប​ណា ​មិន​មាន​ការ​មើល​ឃើញ​អំពី​ប្រសិទ្ធ​ភាព ​និង​សមិទ្ធ​ផល​របស់​ស្ត្រី​ទេ​ រឿង​នេះ​នឹង​នៅ​តែ​កើត​មាន។​

​ដោយ​សារ​តែ​ផ្នត់​គំនិត​ថា​ អ្នក​ដែល​អាច​ដឹក​នាំ​គេ​បាន​ ជា​ពិសេស​លើ​រឿង​នយោបាយ ​គួរ​តែ​ជា​មនុស្ស​ប្រុស​ ព្រោះ​មនុស្ស​ប្រុស​ខ្លាំង​ ចិត្ដ​ដាច់។ ​ក៏​ប៉ុន្តែ​សម្រាប់​ខ្ញុំ ​ជា​យុវជន​ម្នាក់ ​ក៏​ជា​សកម្ម​ជន​ម្នាក់​ ជា​អ្នក​ធ្វើការ​រឿង​ស្ត្រី​ម្នាក់​ ខ្ញុំ​ត្រូវ​ការ​អ្នក​ដឹក​នាំ​ដែល​មាន​ព្រហ្ម​វិហារ​ធម៌ ​អ្នក​ដឹក​នាំ​ដែល​យល់​ពី​តម្រូវ​ការ​ប្រជា​ពលរដ្ឋ។​ ខ្ញុំ​មើល​ឃើញ​ថា​ អ្នក​ដឹក​នាំ ​មិន​ថា​ ស្រី​ ឬ​ប្រុស​ទេ ​យើង​ត្រូវ​ការ​ការ​ចូល​រួម​ឱ្យ​ដូច​គ្នា ​ដើម្បី​ឱ្យ​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ហ្នឹង​ វា​មាន​តុល្យ​ភាព ​មាន​សម​មាត្រ។ ​បើ​សិន​ជា​យើង​ឱ្យ​មាន​តែ​មួយ​ចំហៀង​ច្រើន​ជាង ​លើស​លុប ​អីចឹង​វា​ធ្វើ​ឱ្យ​យើង​បាត់​បង់​សំឡេង នាំ​ឱ្យ​វា​មាន​ការ​លំបាក​នៅ​ខាង​ក្នុង​នោះ​ដែរ។​

VOA៖ ​ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ចលនា​សាកល​មួយ ​ឈ្មោះ​ថា​ #MeeToo ​ដែល​បណ្ដា​នារី ​បុរស ​ទូទាំង​ពិភព​លោក ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បើក​កកាយ​នូវ​រឿង​រ៉ាវ​នៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។​ តើ​កញ្ញា​យល់​យ៉ាង​ដូច​ម្ដេច​ដែរ​ចំពោះ​ចលនា​សកល​មួយ​នេះ?

សេង រាសី៖​ កន្លង​មក ​នៅ​ពេល​ដែល​មាន​ការ​រើស​អើង​ មាន​អំពើ​ហិង្សា ​ការ​បៀត​បៀន​ គឺ​យើង​ចង់​ឱ្យ​ស្ត្រី​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ទម្លាយ​រឿង​នេះ​ គឺ​វា​មិន​មែន​ជា​រឿង​ខ្មាស​អៀន​ក្នុង​ការ​ទម្លាយ​រឿង​របស់​ខ្លួន ​ដែល​ខ្លួន​ឯង​ជួប​ប្រទះ​ទេ។​ ក៏​ប៉ុន្តែ​គឺជា​ការ​ប្រាប់​រឿង​រ៉ាវ​មួយ​ ដែល​មាន​ឥទ្ធិពល ​និង​សំខាន់ ​ដែល​មនុស្ស​ម្នាក់​ប្រមូល​ភាព​ក្លាហាន​របស់​ខ្លួន​ឯង​ និយាយ​ទៅ​កាន់​អ្នក​ដទៃ​ទៀត​ថា​ ខ្លួន​ឯង​ក៏​មាន​រឿង​ហ្នឹង​កើត​ឡើង​ដែរ។

ខ្ញុំ​ដឹង​ថា ​រឿង​នេះ​វា​មិន​ងាយ​ស្រួល​ទេ ​ក្នុង​ការ​ឱ្យ​នរណា​ម្នាក់​និយាយ​ប្រាប់​រឿង​រ៉ាវ​ដែល​គួរ​ឱ្យ​ឈឺ​ចាប់។ ​ប៉ុន្តែ​នៅ​ពេល​យើង​មិន​ក្លាហាន​ក្នុង​ការ​និយាយ​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ត​កាន់​តែ​បាន​ចិត្ត ​ពី​ព្រោះ​អី​ គាត់​ដឹង​ថា ​អ្នក​ដែល​គាត់​ទទួល​រង​ហ្នឹង ​នឹង​មិន​ហ៊ាន​និយាយ​ទេ ​ព្រោះ​អី​គិត​ថា ​វា​ប៉ះ​ពាល់​កិត្តិយស ​វា​អី។​ យើង​មិន​ទាម​ទារ​ឱ្យ​គាត់​ទម្លាយ​រឿង​ឯក​ជន​ភាព​របស់​គាត់​ឱ្យ​ដល់​ណា​ដល់​ណី ​ឬ​ក៏​ជ្រាល​ជ្រៅ​អ្វី​ទេ ​ប៉ុន្តែ​យើង​សង្ឃឹម​ថា​ គាត់​នឹង​អាច​ចែក​រំលែក​អំពី​បទ​ពិសោធន៍ដែល​គាត់​រង​គ្រោះ។ ​ព្រោះ​អី​ក្នុង​ចលនា ​#MeeToo ​នេះ ​មិន​ចាំ​បាច់​ទាល់​តែ​យើង​និយាយ​ឈ្មោះ​ខ្លួន​ឯង​នោះ​ទេ ​យើង​អាច​សរសេរ​រឿង​រ៉ាវ​របស់​អ្នក​ណា​ក៏​បាន ​លាក់​ឈ្មោះ​ក៏​បាន​ដែរ។​

រឿង​ទី​មួយ​វា​បាន​បញ្ជាក់​ប្រាប់​ថា ​នៅ​ពេល​ដែល​ពិភព​លោក​កំពុង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កំពុង​តែ​អភិវឌ្ឍ​សង្គម​ កំពុង​តែ​មាន​អគារ​អ្វី​ព្រោង​ព្រាត​ទាំង​អស់​គ្នា​ហ្នឹង ​ប៉ុន្តែនៅ​ក្នុង​អគារ​ដ៏​ល្អ​ស្អាត​ ស្ត្រី​នៅ​តែ​រង​ការ​បៀត​បៀន​ជា​រៀង​រាល់​ថ្ងៃ។ ​អីចឹង​ហើយ​វា​ជា​ការ​ដាស់ឱ្យ​ឮ​ថា ​នេះ​ជា​សំឡេងស្ត្រី​ដែល​កើត​ឡើង។ ​រឿង​មួយ​ទៀត​ យើង​ចង់​ប្រាប់​ទៅ​អ្នក​ប្រព្រឹត្ត​ថា ​យើង​ឈប់​ស្ងាត់​ស្ងៀម​ហើយ ​យើង​និយាយ ​យើង​បំបែក​ភាព​ស្ងប់​ស្ងាត់​របស់​យើង។​ នៅ​ពេល​ដែល​យើង​បំបែក​ភាព​ស្ងៀម​ស្ងាត់​នេះ ​ដូច្នេះ​អ្នក​ឯង​លែង​ធ្វើ​វា​បាន​តាម​ចិត្ត​ ដូច​ដែល​អ្វី​ដែល​អ្នក​ឯង​គិត​ថា​ ពួក​ខ្ញុំ​នឹង​ស្ងាត់​ស្ងៀម​ទៀត​ហើយ។ ​បើ​ទោះ​ជា​ខ្ញុំ​មិន​និយាយ ​ក៏​មាន​បង​ប្អូន​ស្ត្រី ​អ្នក​ដទៃ​ទៀត​នឹង​និយាយ​ដែរ។​

VOA៖ ​ក្នុង​នាម​ជា​សកម្ម​ជន ​តើ​កញ្ញា​មាន​សារ​អ្វី​ផ្ញើ​ជូន​ក្នុង​ឱកាស​ទិវា​នារី​អន្តរ​ជាតិ​ឆ្នាំ​នេះ?​

សេង រាសី៖ ​ខ្ញុំ​សង្ឃឹម​ថា ​ឆ្លង​កាត់​ពេល​វេលា​ដ៏​សែន​លំបាក​ជា​ច្រើន ​ស្ត្រី​នៅ​តែ​អាច​ដើរ​ទៅ​មុខ​ទៀត​បាន។​ ស្ត្រី​នៅ​តែ​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​ ជាមួយ​នឹង​ភាព​មោះ​មុត​របស់​ខ្លួន​ឯង។ ​ហើយ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​ មិន​មែន​ទាល់​តែ​ដឹក​នាំ​មនុស្ស​១០​នាក់ ​២០​នាក់ ​១០០​នាក់​ទេ។ ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ ទោះជា​មិន​បាន​ដឹក​នាំ​អ្នក​ណា ​យ៉ាង​ហោច​ក៏​យើង​ដឹក​នាំ​ជីវិត​ខ្លួន​ឯង​ដែរ ​សម្រេច​លើ​ជីវិត​ខ្លួន​ឯង​ដែរ។​

ហើយ​នៅ​ពេល​ដែល​យើង​មាន​ភាព​ជា​ម្ចាស់​លើ​ជីវិត​ខ្លួន​ឯង ​ដែល​យើង​អាច​សម្រេច​ថា ​យើង​ចង់​ដើរ​ផ្លូវ​ណា ​ពេល​នោះ​ហើយ​ដែល​យើង​ក្លាយ​ជា​មេ​ដឹកនាំ​ពិត​ប្រាកដ។ ​ជំហាន​បន្ទាប់​ទៀត ​យើង​ចង់​ដឹក​នាំ​ប៉ុន្មាន​នាក់​ក៏​បាន​ដែរ​ នៅ​ពេល​ដែល​យើង​ច្បាស់​ខ្លួន​ឯង។ ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ទាំង​អស់ ​ស្រប​ពេល​ដែល​មាន​ព្យុះ​ភ្លៀង​ យើង​នៅ​តែ​អាច​ដើរ​ឆ្លង​កាត់​ព្យុះ​ភ្លៀង ​បន្ត​ជីវិត​របស់​ខ្លួន​ឯង។​

សុបិន​ចុង​ក្រោយ​របស់​ស្ត្រី​មិន​មែន​គ្រាន់​តែ​ជា​ការ​រៀប​ការ​នោះ​ទេ ​តែ​សុបិន​ចុង​ក្រោយ​របស់​ស្ត្រី​ គឺ​ទៅ​ធ្វើអ្វី​ដែល​ខ្លួន​ចង់​បាន​ក្នុង​គោល​ដៅ​របស់​ខ្លួន​ឯង​ ព្យាយាម​ធ្វើ​អ្វី​ទៅ​តាម​សមត្ថ​ភាព ​ទេព​កោសល្យ​ បញ្ចេញ​វា​ឱ្យ​អស់​ ដើម្បី​ឱ្យ​វា​ចេញ​ជា​សារៈ​ប្រយោជន៍​ដល់​គ្រួសារ ​សង្គម ​និង​ជា​ពិសេស​ដឹក​នាំ​ជីវិត​ខ្លួន​ឯង៕​

VOA៖ ​សូម​អរគុណ​ច្រើន​ កញ្ញា​ សេង រាសី​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ VOA​ បាទ!​

សេង រាសី៖ ​ចា៎ អរគុណ​ច្រើន ​សូម​ជម្រាប​លា ចា៎!

XS
SM
MD
LG