បេសកជនពិសេសេរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចា៦ភាគី នឹងជួបប្រជុំនៅសប្តាហ៍នេះជាមួយក្រុមមន្រ្តីនៅក្នុងប្រទេសកូរ៉េខាងជើង ចិន និងជប៉ុន ដើម្បីពិភាក្សាការចាប់ផ្តើមការចរចាដែលបានជាប់គាំងជាយូរយាណាស់មកហើយឡើងវិញ។ នេះ ជាដំណើរបំពេញទស្សនកិច្ចខាងការទូតកម្រិតខ្ពស់បែបនេះជាលើកទីមួយទៅកាន់តំបន់នោះ ចាប់តាំងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានត្រូវប្រកាស។
កាលពីថ្ងៃចន្ទ បន្ទាប់ពីជំនួបជាមួយមន្រ្តីក្នុងរដ្ឋធានីសេអ៊ូល លោក Sydney Seiler បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចា៦ភាគី បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកប្រុងប្រៀបខ្លួនរួចជាស្រេចហើយដើម្បីបញ្ចូលរដ្ឋាភិបាលទីក្រុងព្យូងយ៉ាងនៅក្នុងរបៀបតែមួយដែលខ្លួនបានជួយសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីកម្រិតសមត្ថភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងការដោះដូរការដាក់ទណ្ឌកម្ម។
លោក Seiler មានប្រសាសន៍បន្តទៀតថា៖ «ការជឿនលឿនកាលពីពេលថ្មីៗនេះនៅក្នុងការខំប្រឹងប្រែងរបស់យើងដើម្បីធ្វើឲ្យអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ បានផ្តល់គំរូដ៏ល្អបំផុតមួយពីភាពបត់បែននិងសុឆន្ទៈរបស់សហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយប្រទេសផ្សេងៗទៀតដែលយើងមានការខ្វែងគំនិតគ្នាជាយូរយាណាស់មកហើយ។
មន្រ្តីខ្លះនៅក្នុងតំបន់ បានសម្តែងនូវសេចក្តីសង្ឃឹមថា កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ អាចធ្វើជាកាតាលីករមួយដើម្បីចាប់ផ្តើមការចរចាអន្តរជាតិឡើងវិញដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅឆ្នាំ២០០៩ រដ្ឋាភិបាលទីក្រុងព្យូងយ៉ាង បានផ្អាកការចរចាទាំងនោះជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល វ៉ាស៊ីនតោន តូក្យូ ប៉េកាំងនិងរដ្ឋាភិបាលទីក្រុងមូស្គូ៕