សេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងប្រាប់ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានប្រហារជីវិតរដ្ឋមន្រ្តីការពារប្រទេសរបស់ខ្លួន ដោយសារទំនងមកពីដេកលក់នៅឯការប្រជុំយោធាមួយ។
មន្រ្តីស៊ើបការណ៍ម្នាក់បាននិយាយថា លោក Hyon Yong Chol ដែលមានមុខងារជារដ្ឋមន្រ្តីរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើងបាញ់យន្តហោះ។ ក្រុមមន្រ្តីរាប់រយនាក់បានមើលការប្រហារជីវិតលោក Hyon កាលពីថ្ងៃទី៣០ ខែមេសា នេះបើតាមលោក Han Ki-beom អនុប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានប្រាប់គណៈកម្មាធិការសភានៅក្នុងរដ្ឋធានីសេអ៊ូលនៅថ្ងៃពុធនេះ។
ទីភ្នាក់ងារសារព័ត៌មាន Yonhapនៃប្រទេសកូរ៉េខាងត្បូងប្រាប់ឲ្យដឹងថាKim Jung Un ជឿជាក់ថា លោក Hyon ដែលត្រូវបានតែងតាំងឲ្យកាន់ដំណែងរបស់លោកមិនដល់មួយឆ្នាំផង បានបង្ហាញពីភាពមិនស្មោះត្រង់និងការមិនគោរពដោយការដេកលក់។ មានសេចក្តីរាយការណ៍ដែរថា លោក Hyon បានជំទាស់ប្រឆាំង Kim Jong Un កាលពីពេលមុន។
នៅក្នុងប្រទេសកូរ៉េខាងជើង រដ្ឋមន្រ្តីការពារប្រទេសត្រូវទទួលបន្ទុកសំខាន់ខាងភស្តុភានិងការផ្លាស់ប្តូរកិច្ចការជាមួយបរទេស។ ការតាក់តែងគោលមាគ៌ានយោបាយ ត្រូវបានកាន់កាប់ដោយគណៈកម្មការការពារជាតិដ៏មានអំណាចហើយនិងគណៈកម្មការយោធាមជ្ឈិមរបស់បក្ស។
គ្មានសេចក្តីអត្ថាធិប្បាយជាសាធារណៈស្តីពីសេចក្តីរាយការណ៍ពីប្រទេសកូរ៉េខាងជើងនេះទេ។
Kim Jong Unត្រូវបានគេស្គាល់ថា គ្មានការអត់ឱនដល់ការប្រឆាំងឬជំទាស់ដល់ការដឹកនាំផ្តាច់ការរបស់ខ្លួនទេ។
លោកបានប្រហារជីវិតឪពុកមារបស់ខ្លួនឯងនៅឆ្នាំ២០១៣ លើបទចោទប្រកាន់ពីការមិនស្មោះត្រង់។ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយកាលពីចុងខែមុនថាKim Jong Un បានបញ្ជារឲ្យប្រហារជីវិតមន្រ្តីជាន់ខ្ពស់១៥នាក់នៅឆ្នាំនេះដែលជាការដាក់ទណ្ឌកម្មចំពោះការប្រឆាំងបទបញ្ជាររបស់ខ្លួន៕