ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Kerry៖ កូរ៉េ​ខាង​ជើង​មិន​បាន​បំពេញ​លក្ខខណ្ឌសូម្បី​តែ​បន្តិច​​សម្រាប់​ការចរចា


លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ជួប​សំណេះ​សំណាល​ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​ Park Geun-hye​​ នៅ​ឯ​វិមាន​ប្រធានាធិបតី​ Blue House ក្នុង​ទីក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ជួប​សំណេះ​សំណាល​ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​ Park Geun-hye​​ នៅ​ឯ​វិមាន​ប្រធានាធិបតី​ Blue House ក្នុង​ទីក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ជួប​ជាមួយ​លោកស្រី​ប្រធានាធិបតី​ Park Geun-hye ​ហើយ​និង​លោក​រដ្ឋ​មន្រ្តី​ការបរទេស Yun Byung-se នៃ​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​នៅ​លើ​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​ទ្វេភាគី។

នៅ​ឯ​សន្និសីទ​កាសែត​រួម​គ្នា​មួយ ​បន្ទាប់​ពី​ជំនួប​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​រដ្ឋ​មន្រ្តី​ Kerry ​បាន​មាន​ប្រសាសន៍​ថា ​កូរ៉េខាង​ជើង​ «មិន​បាន​បំពេញ​លក្ខខ័ណ្ឌសូម្បី​តែ​បន្តិច» ដើម្បី​ចាត់​វិធានការ​ចាំបាច់​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លួន​ សម្រាប់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ផ្តួច​ផ្តើម​ការចរចា។​លោក​និយាយ​បន្ថែម​ទៀត​ថា វា​ជា​ការចាំបាច់​ដើម្បីជំរុញ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។

«សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នូវឱកាស​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ទ្វេ​ភាគី​មាន​ភាព​ប្រសើរ​ឡើង ​ប្រសិន​បើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បង្ហាញ​នូវ​ឆន្ទៈ​ពិត​ប្រាកដ​ ដើម្បី​អនុវត្ត​នូវ​កាតព្វកិច្ចនិង​ការ​តាំង​ចិត្ត​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន​នោះ ​ហើយ​និង​នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បី​ដោះ​ស្រាយ​សេចក្តី​ព្រួយ​កង្វល់​ផ្សេង​ៗ​ទៀត​របស់​សហគមន៍​អន្តរជាតិ​នោះ។ នៅពេល​នេះ ​ជាពិសេស​ ដោយ​សារ​ការបង្ក​ហេតុ​នៅពេល​ថ្មី​ៗ​នេះ​របស់​ខ្លួន ​វា ​ជា​ការបញ្ជាក់​យ៉ាង​ច្បាស់​ថា ​សាធារណរដ្ឋ​ប្រជា​មានិតុ​ប្រជា​ធិបតេយ្យ​កូរ៉េ​មិន​បាន​បំពេញ​លក្ខខ័ណ្ឌសូម្បី​តែ​បន្តិចទៅ​តាម​បទដ្ឋាន​នោះទេ។ ផ្ទុយទៅ​វិញ ​កូរ៉េខាង​ជើង​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​និង​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​ កូរ៉េ​ខាង​ជើង​បន្ត​រំលោភ​ការសន្យា​ ហើយ​ធ្វើ​ការ​គំរាម​កំហែង​ និង​បន្តបង្ហាញ​នូវ​ការមិន​គោរព​ច្បាប់​អន្តរជាតិ​ ខណៈ​ដែល​បដិសេធ​ការការពារ​សេរីភាព​និង​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​របស់​ខ្លួន‍»។

កូរ៉េ​ខាង​ជើង​បាន​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​អង្គការ​សហ​ប្រជាជាតិ​ចំពោះ​ការសាក​ល្បង​កាំ​ជ្រួច​មីស៊ីល​និងអាវុធ​នុយក្លែ​អ៊ែ។

លោក​រដ្ឋ​មន្រ្តី Kerry ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​កូរ៉េខាង​ជើង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ​ប្រសិន​បើ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​នេះ​របស់រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នៅ​តែ​បន្ត​នោះ៕

XS
SM
MD
LG