នៅពីក្រោយកិច្ចការងារការទូត ស្ថានទូតអាមេរិកបានបង្កើតជាបណ្ណាល័យដើម្បីបម្រើជូនសាធារណជនក្នុងការស្វែងយល់ពីព័ត៌មាននានាទាក់ទងនឹងសហរដ្ឋអាមេរិកនិងបង្កើនកម្រិតភាសាអង់គ្លេស។ បណ្ណាល័យទាំងនោះ រួមមាន៥សាខា ដែលសាខាធំមានទីតាំងស្ថិតនៅក្នុងស្ថានទូតអាមេរិកតែម្តង។ សាខាធំនេះហៅថា «មជ្ឈមណ្ឌលធនធានព័ត៌មាន IRC» ចំណែកឯសាខាចំនួនបួនផ្សេងទៀតមានឈ្មោះថា American Corner ដែលស្ថិតនៅក្នុងទីតាំង សាកលវិទ្យាល័យចំនួន៤នៅក្នុងប្រទេសកម្ពុជា។
មានមនុស្សជាច្រើននាក់ណាស់តែងគិតថា ស្ថានទូតអាមេរិកគ្រាន់តែជាកន្លែងដែលទៅសុំធ្វើទិដ្ឋាការ (Visa) ឬទៅសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងការចេញទៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែវាមិនមែនគ្រាន់តែជាកន្លែងដែលផ្ដល់ព័ត៌មានទាក់ទងនឹងបញ្ហាទិដ្ឋាការប៉ុណ្ណោះទេ តែវាក៏មានមជ្ឈមណ្ឌលធនធានព័ត៌មានដែលហៅកាត់ថា IRC បើកជាសាធារណៈដល់មហាជននិងសិស្សានុសិស្សផងដែរ។
មជ្ឈមណ្ឌលធនធានព័ត៌មាននេះបានបើកឲ្យដំណើរការតាំងពីឆ្នាំ២០០៥មកម្ល៉េះ ដែលវាបានផ្ដល់ជូនឲ្យមហាជនគ្រប់ស្រទាប់នូវឯកសារទាក់ទងការសិក្សាស្រាវជ្រាវដោយឥតគិតថ្លៃផងដែរ។
កន្លងមក មជ្ឈមណ្ឌលធនធានព័ត៌មាននេះមានការពេញនិយមខ្លាំងលើការប្រើប្រាស់កុំព្យូទ័រនិងការប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃទៅកាន់អ្នកប្រើប្រាស់ ដែលនេះគឺជាការលើកឡើងរបស់លោក ឃើតនី វូដស៍ (Courtney Woods) អ្នកនាំពាក្យស្ថានទូតអាមេរិក។
ទោះបីជាគេឃើញថា ថ្មីៗនេះមានមនុស្សជាច្រើននាក់ធ្វើការតភ្ជាប់និងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបានដោយខ្លួនឯងតាមទូរស័ព្ទដៃរបស់ពួកគេក៏ដោយ ក៏មជ្ឈមណ្ឌលធនធានព័ត៌មាននៅតែបន្តបើកឲ្យសាធារណជនមកប្រើប្រាស់សេវានៅទីនេះ។
លោក វូដស៍ និយាយថា៖ «គោលបំណងសំខាន់ដែលយើងមាន IRC នេះគឺព្រោះថា មានមនុស្សជាច្រើននាក់គិតថា ស្ថានទូតគឺជាកន្លែងដ៏គួរឲ្យខ្លាច ហើយគេទៅគឺដើម្បីតែធ្វើ Visa (ទិដ្ឋាការ) ប៉ុណ្ណោះ ពួកគេមិនយល់ថា វាមិនមែនជាកន្លែងគួរឲ្យខ្លាចនោះទេ»។
លោកបន្តថា៖ «ពួកគេអាចមកទីនេះថ្ងៃណាមួយក៏បានដែរក្នុងមួយសប្ពាហ៍ វាគឺជាកន្លែងសាធារណៈ»។
លោក វូដស៍ បានឲ្យដឹងបន្ថែមទៀតថា មជ្ឈមណ្ឌលធនធានព័ត៌មានអាចជួយឲ្យមនុស្សរៀនភាសាអង់គ្លេស ហើយអាចជួយឲ្យមនុស្សទៅសិក្សានៅឯសហរដ្ឋអាមេរិក ឬក៏អាចស្វែងរកការងារធ្វើល្អនៅក្នុងប្រទេសកម្ពុជាផងដែរ។
ភួង ចាន់ឌី ក្នុងវ័យ២២ឆ្នាំ ដែលជានិស្សិតឆ្នាំទីបួននៃវិទ្យាស្ថាន CamEd បានប្រាប់ VOA ថា នាងមកប្រើប្រាស់មជ្ឈមណ្ឌលធនធានព័ត៌មាននេះបានរយៈពេលប្រហែលជិតមួយឆ្នាំហើយ ក្រោយពីមានការណែនាំពីមិត្តភក្តិរបស់នាង។ នាងមកមជ្ឈមណ្ឌលធនធានព័ត៌មាននេះដើម្បីសិក្សាអំពីប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិក និងធ្វើការស្រាវជ្រាវអំពីដំណឹងអាហារូបករណ៍ផងដែរ។
លោក វូដស៍ បានបន្ថែមថា មជ្ឈមណ្ឌលធនធានព័ត៌មាន គឺមិនមែនមានសិស្សចូលពេញជាប្រចាំនោះទេ ប៉ុន្តែ «បើទោះបីជាយើងមានមនុស្សតែម្នាក់ក៏ដោយ អ្នកនោះគឺអាចទទួលបានឯកសារស្រាវជ្រាវគ្រប់យ៉ាងដែលគាត់ចង់បាន»។
សេវាកម្មទាំងអស់នោះរួមមាន គណនីបណ្ណាល័យរបស់អាមេរិក (US Library Account) ដែលបង្កើតឡើងតាមប្រព័ន្ធអនឡាញ (អ៊ីនធឺណិត) ហើយអនុញ្ញាតឲ្យអាចខ្ចីសៀវភៅបាន។ មជ្ឈមណ្ឌលធនធានព័ត៌មានក៏អនុញ្ញាតឲ្យធ្វើការខ្ចីសៀវភៅ ស៊ីឌី ឌីវីដី និងរបស់ផ្សេងៗទៀតទៅក្រៅបានដែរ។
ហេង សុផាណែត អាយុ២២ឆ្នាំមកពីវិទ្យាស្ថានភាសាបរទេសបានថ្លែងប្រាប់ VOA ថានាង បានចូលមកសិក្សានៅ IRC នេះមានរយៈពេលប្រហែលមួយឆ្នាំហើយ។ នាងបាននិយាយថា៖ «នៅទីនេះខ្ញុំអាចខ្ចីសៀវភៅទៅអាននៅផ្ទះបាន ហើយខ្ញុំអាចខ្ចី Kindle និងសៀវភៅដែលមានលក្ខណៈជាសំឡេងទៅក្រៅផងដែរ ដែលនេះមិនដែលមានការផ្តល់ជូនដោយបណ្ណាល័យផ្សេងទៀតទេ»។
មជ្ឈមណ្ឌលធនធានព័ត៌មាន នេះមានទីតាំងស្ថិតនៅក្នុងស្ថានទូតអាមេរិក ប៉ុន្តែវាក៏មានសាខាបួនផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជាដែលហៅថា American Corner។ American Corner មានទីតាំងស្ថិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តាក្នុងរាជធានីភ្នំពេញ សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចនៅខេត្តកំពង់ចាម សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចនៅខេត្តបាត់ដំបង និង សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (អាស៊ីអាគ្នេយ៍) ខេត្តសៀមរាម។
សាខា American Corner ទាំងបួនសាខានេះមានលក្ខណៈដូចគ្នាទៅនឹងមជ្ឈមណ្ឌលធនធានព័ត៌មាន ICR ប៉ុន្តែវាផ្តល់ជូនសេវានៅក្នុងទីតាំងដ៏ធំទូលាយដល់សិស្សានុសិស្ស ហើយថែមទាំងស្ថិតនៅក្នុងទីតាំងសាកលវិទ្យាល័យផងដែរ៕