លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានសម្ដែងការកោតសរសើរចំពោះកំណែទម្រង់ប្រព័ន្ធអប់រំនៅឆ្នាំទី២ ដោយផ្តើមចេញពីការរិតបន្តឹងលើវិន័យប្រឡងក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលទើបនឹងបញ្ចប់កាលពីម្សិលមិញនេះ។
ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា កំណែទម្រង់នេះជាបម្លាស់ប្តូរឥរិយាបទជាវិជ្ជមានមួយដែលឆ្លើយតបទៅនឹងតម្រូវការសង្គមកម្ពុជា។
«ប៉ុន្តែកំណែទម្រង់មួយនេះពិតជាបានឆ្លើយតប ទៅនឹងការចង់បានរបស់សង្គម ដែលបានជះឥទ្ធិពលធំធេងដល់កំណែទម្រង់ផ្សេងទៀត»។
ក្រុមសង្កេតការណ៍ឯករាជ្យមួយចំនួន ដែលតាមដានការប្រឡងឆ្នាំនេះ រួមមានអង្គការ KIND សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គមបានចេញសេចក្តីថ្លែងការណ៍រួម ដោយទាញការសន្និដ្ឋានថា ការប្រឡងនេះមិនមានការបែកធ្លាយវិញ្ញាសា ការយកសំណៅឯកសារ ឬឧបករណ៍អេឡិកត្រូនិកផ្សេងៗដោយបេក្ខជនចូលក្នុងមណ្ឌលប្រឡងឡើយ។ ចំណែកឯសណ្ដាប់ធ្នាប់របៀបរៀបរយនៅខាងក្រៅមណ្ឌលប្រឡងវិញក៏ឃើញថា មានសភាពស្ងប់ស្ងាត់ធម្មតាដែរ។
យ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញពីចំណុចខ្វះខាតមួយចំនួនដែលក្រសួងអប់រំបានមើលរំលង ក្រៅអំពីការដែលសង្កត់ធ្ងន់ទៅលើការប្រឡងតែមួយមុខប៉ុណ្ណោះ។
អ្នកស្រី អ៊ុក ឆាយ៉ារី ជាប្រធានស្តីទីនៃសមាគមគ្រូបង្រៀនឯករាជ្យ ដែលមានសមាជិកចំនួនជាងមួយម៉ឺននាក់ទូទាំងប្រទេស។ អ្នកស្រី បង្ហាញការពេញចិត្តចំពោះទិដ្ឋភាពទូទៅនៃ ការប្រឡងក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ។ ក៏ប៉ុន្តែ អ្នកស្រី គូសបញ្ជាក់ថា គុណភាពអប់រំ ពិតប្រាកដមិនគ្រាន់តែពឹងផ្អែកទាំងស្រុងទៅលើការរិតបន្តឹងការប្រឡងតែមួយនោះទេ តែវាផ្សាភ្ជាប់ទៅនឹងប្រាក់ខែគ្រូបង្រៀនផងដែរ។
«ការលើកកម្ពស់វិស័យអប់រំមិនគ្រប់គ្រាន់តែការរិតបន្តឹងការប្រឡងទុតិយភូមិនោះទេ គឺលុះត្រាតែរដ្ឋាភិបាលក្រសួងអប់រំ យកចិត្តទុកដាក់តាមការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សរ៍ឱ្យលោកគ្រូអ្នកគ្រូបានហូបចុកគ្រប់គ្រាន់»។
លោក កៅ ពឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថា KIND ដែលបានចូលរួមអង្កេតការណ៍ការប្រឡងនេះ។ លោកបានឲ្យដឹងថាការប្រឡងឆ្នាំនេះមានលក្ខណៈប្រសើរជាងឆ្នាំមុន ដោយហេតុថាសិស្សភាគច្រើនដែលមកប្រឡងមានការត្រៀមខ្លួនរួចជាស្រេចហើយមានសិស្ស តិចតួចបំផុតដែលយកសំណៅឯកសារមកតាម។
លោក កៅ ពឿនយល់ថា នៅមានចំណុចខ្វះខាតមួយចំនួនផ្សេងទៀតដែលទាមទារឱ្យមានការកែទម្រង់ ស្របពេលដែលក្រសួងអប់រំធ្វើកំណែទម្រង់ការប្រឡង។ ក្នុងនោះមានការពង្រឹងគុណភាពអប់រំចាប់តាំងពីថ្នាក់មូលដ្ឋាន ព្រមទាំងការផ្តល់នូវសាលារៀនដែលមានបរិយាកាសល្អប្រសើរ ទាំងហេដ្ឋារចនាសម្ព័ន្ធល្អ បណ្ណាល័យនិងសម្ភារៈសិក្សាគ្រប់គ្រាន់ផងដែរ។
«គាត់មិនត្រឹមតែរៀបចំខ្លួន១ឆ្នាំ ២ឆ្នាំទេ គួរតែធ្វើម៉េចឱ្យគាត់រៀបចំខ្លួនតាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ប្រកបដោយសមត្ថភាពតែម្តង»។
លោក កៅ ពឿន បានបន្ថែមទៀតថា ក្រសួងអប់រំ ហាក់ដូចជាយកចិត្តទុកដាក់ជាពិសេសចំពោះតែការប្រឡងមួយមុខតែប៉ុណ្ណោះ តែមើលរំលងជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រូបង្រៀនដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឲ្យបានគុណភាពអប់រំនៅកម្ពុជា។
«ចឹងអារឿងរៀនផ្សេងៗទៀត ដែលជារួមជាប្រាក់ខែគឺ ត្រូវតែគិតគូរដូចអ្វីដែលគាត់គូឱ្យប្រាក់កម្រៃក្នុងការប្រឡង ក្នុងការកែ ឬការធ្វើមេប្រយោគ ។ វាគួរតែដើរទន្ទឹមគ្នា មិនមែនមានតែ២ថ្ងៃ មិនមែនចាយតែ៥ ឬ៦ថ្ងៃណា គាត់ត្រូវចាយរហូត។ វាដូចជាមិនមានតុល្យភាពចំពោះជីវភាពគាត់ ចឹងត្រូវគិតគូទាំង៣៦៥ថ្ងៃ»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះធ្វើឡើងក្នុងមណ្ឌល ប្រឡងចំនួន១៥០មណ្ឌល ដែលស្មើនឹង៣.៥៧៦បន្ទប់ ដោយមានបេក្ខជនមានឈ្មោះប្រឡងចំនួនជាង៨ម៉ឺននាក់។
កាលពីឆ្នាំកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសទៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរិតបន្តឹងការស៊ីសំណូកសូកប៉ាន់ក្នុងបន្ទប់ប្រឡងរវាង អនុរក្ស និងបេក្ខជន ក៏ដូចជាការលួចប្រើគ្រឿងអេឡិកត្រូនិក និងការយកសំណៅឯកសារចូលបន្ទប់ប្រឡងជាដើម។ ការណ៍នេះ បានធ្វើឱ្យអត្រាជាប់របស់បេក្ខជនមានត្រឹមតែ៤០,៦៧ភាគរយ បន្ទាប់ពីមានការប្រឡងចំនួនពីរលើក។
ទោះជាការប្រឡងត្រូវបានបញ្ចប់ក៏ដោយ ក៏អ្នកជំនាញយល់ថាក្រសួងអប់រំត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើកំណែប្រឡងនេះប្រកបដោយតម្លាភាព និងសុក្រិតភាពផងដែរ៕