ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឯកទេស៖ សិស្ស​ស្រី​សិក្សា​មិន​បាន​ច្រើន​ដោយ​សារ​កត្តា​អភិបាល​កិច្ច​និង​​សេដ្ឋកិច្ច


សិស្ស​ស្រី​ចូល​រួម​កម្មវិធី​ពលកម្ម​នៅ​វិទ្យាល័យ​អង្គរ​ ដែល​មាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​សៀមរាប​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ (ផន បុប្ផា/VOA)
សិស្ស​ស្រី​ចូល​រួម​កម្មវិធី​ពលកម្ម​នៅ​វិទ្យាល័យ​អង្គរ​ ដែល​មាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​សៀមរាប​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ (ផន បុប្ផា/VOA)

អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​មើល​ឃើញ​ថា អភិបាល​កិច្ច​មិន​ល្អ​ក្នុង​វិស័យ​អប់​រំ​និង​ការបែងចែក​ផលចម្រើន​ពី​សេដ្ឋកិច្ចមិនស្មើគ្នា​ដល់​ពលរដ្ឋ​នៅ​ជន​បទ​គឺជា មូលហេតុ​ខ្លះដែរក្នុង​ការ​ធ្វើឱ្យ​សិស្ស​ស្រី​មួយ​ចំនួន​បាត់​បង់​ឱកាស​សិក្សា​។

លោក​ឱក សេរីសុភ័ក្រ​ អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​បន្ថែម​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ​ថា ​ទន្ទឹម​គ្នា​នេះ​ដែរ​ហេដ្ឋារចនាសម្ព័ន្ធ​មិនអំណោយផល​ក៏បាន​រារាំង​មាតា​បិតា​សិស្ស​ស្រី​ខ្លះមិន​ឱ្យសម្រេចបញ្ជូន​កូនស្រីឱ្យទទួលបាន​ការសិក្សា​រៀនសូត្រ​ខ្ពង់​ខ្ពស់​ទេ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បន្ថែម​ថា៖ «បញ្ហា​ចោទ​ឡើង​នៅ​ក្នុង​តំបន់​គឺ​មិន​នៅ​ក្នុង​ទីប្រជុំ​ជន​ទេ​គឺ​នៅតំបន់​ជន​បទ។ កន្លែង​ឆ្ងាយ​ដែល​សិស្ស​ស្រី​មាន​ការ​លំបាក​ទាំង​ជីវភាព​និង​កត្តា​សុវត្ថិភាព​ដើម្បី​នឹង​ទៅ​រៀន‍»។​

ក្រៅ​ពីកត្តា​សេដ្ឋកិច្ច​ដែល​តម្រូវ​ឱ្យ​ឱពុកម្តាយ​បញ្ឈប់​មិន​ឱ្យ​កូនស្រីនៅ​សិក្សា​ក៏​មាន​កត្តា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​សិក្សា​កូនសិស្ស​ស្រី​ផងដែរ​ក្នុង​នោះ​មានការ​បង្រៀនគួរ​នៅ​ក្នុង​ម៉ោងរដ្ឋ​ ការ​លក់​ឯកសារ​មេរៀន​ដែល​នេះ​កើត​មានដោយ​សារ​តែ​បញ្ហា​ជីវភាព​ខ្វះខាត​របស់​គ្រូ​បង្រៀន។

«ដូច្នេះ​ឱពុកម្តាយ​ដែល​អត់​មាន​មធ្យោបាយ​ហើយ​ជាពិសេស​ក្មេងស្រីៗ​ហ្នឹង​ជាពិសេស​ក្មេងនៅ​តាម​ជន​បទ​គឺ​ឈប់​រៀន​ស្ទើរតែ​ពាក់​កណ្តាល​ថ្នាក់​‍»។​

រីឯការ​ទម្លាប់​នៃ​ការ​អាន​នៅ បណ្ណាល័យ​សាធារណៈ​នៅ មិន​ទាន់​ពេញ​និយម​នៅឡើយ​ដោយ​សារ​តែ​មិន​មាន​ការ​លើក​ទឹក​ចិត្ត​និង​ជួយ​ជំរុញ​ពី​ថ្នាក់​ដឹកនាំ សាលា។

«នាយកសាលាច្រើន​ណាស់​ដែល​ខ្ញុំ​បាន​ទៅ​ឃើញ​នៅ​តាម​ខេត្ត​នៅ តាម​ទីជនបទ​គឺ​គាត់​មិនសូវ​ជា​សំណូមពរ​ឬក៏​មិន​សូវ​ជាបើកទូលាយ​។ មាននាយកសាលាខ្លះ​គាត់​បើក​ទូលាយ​ដែរ​ប៉ុន្តែភាគច្រើន​នៅ មិន​ទាន់​បើក​ទូលាយ​នៅឡើយ​ទេ។ គាត់​គិត​ថា​នេះ​អាច​ខូច​ដល់​ប្រយោជន៍​របស់​គាត់‍»។​

អត្រាបោះបង់​ការ​សិក្សា​មាន​ច្រើន​នៅ​ប្រទេស​កម្ពុជា​។ ក្នុង​ចំណោម​សិស្ស​១០០​នាក់​ដែល​បាន​ចុះ ឈ្មោះ ចូលរៀន​នៅ​កម្រិត​បឋមសិក្សាគឺ​មាន​សិស្ស​៥៣នាក់​ប៉ុណ្ណោះ​ដែល​បន្ត​ចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​ហើយ​មាន​សិស្ស​មិន​ដល់​ពាក់​កណ្តាល(ឬ៤០ភាគរយ) ​នៃ​ចំនួន​នេះ​បាន​សិក្សា​បញ្ចប់​ថ្នាក់​ទី​៩។ ពោលគឺ​ក្នុង​សិស្ស​១០០​នាក់​ដែល​បានចុះឈ្មោះចូល​សិក្សាថ្នាក់​ទី​១​គឺ​ពេលសិក្សា​ដល់​ចប់​ថ្នាក់​ទី​៩នៅសល់​តែ​២០​នាក់​ទេ។ ​

លោកស្រី​មីស្ហែល អូបាម៉ា ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​នៅ​ខេត្ត​សៀមរាប​កាលពី​សប្តាហ៍​មុន​ដើម្បី​ជួយ​ជំរុញ​ឱ្យ​សិស្ស​ស្រី​បាន​សិក្សា​ខ្ពង់​ខ្ពស់។ ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ។

លោកឱក សេរីសុភ័ក្រយល់​ថា​ការផ្តល់​អាហារូបករណ៍ អាហារបំប៉ន កង់ជិះ​ទៅ​សិក្សា​ដោយ​សារ​តែ​សាលារៀន​នៅ​ឆ្ងាយក៏​ជាកត្តា​ជួយ​ទាក់​ទាញ​សិស្សជាពិសេស​សិស្ស​ស្រី ឱ្យ​បាន​នៅ​សិក្សា​ដែរ។

ដំណោះស្រាយ​មួយ​ទៀត​គឺ​ការ​បែងចែក​ផលដែល​បាន​មក​ពី​សេដ្ឋកិច្ចត្រូវឱ្យ​បាន​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​ដោយ​មិន​ត្រូវ​ទុក​ឱ្យ​មនុស្ស​មួយ​ចំនួន​តូច​ស្រូបយក​ផល​នៃ​ការ​រីកចម្រើន​ទាំង​នោះ​ស្ទើរតែ​ទាំងអស់​ទេ។

លោក​សុភ័ក្រ​យល់​ថា​ទិន្នន័​យ​ដែល​បញ្ជាក់​ពីចំនួន​សិស្ស​ក្រីក្រ​នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់​លាស់​នៅ ឡើយ​ទេ។ លោក​ស្នើ​ថា​ក្រសួង​អប់​រំ និង​ក្រសួងមហាផ្ទៃ​ដែលគ្រប់​គ្រង​លើ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើកា​ស្រាវជ្រាវ​កំណត់​ឱ្យ​ច្បាស់​ពី​តំបន់​ណាដែល​សិស្ស​នៅ​ក្រីក្រ​ហើយ​ត្រូវ​ការ​ជំនួយក្នុងការ​សិក្សា៕

XS
SM
MD
LG