ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​របស់​ស.រ.អ​ជួយ​បណ្តុះ​បណ្តាល​អ្នក​ដឹកនាំវ័យ​ក្មេង​នៅអាស៊ីអាគ្នេយ៍


អ្នក​ចូល​រួម​ក្នុង​គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់យុវជន​នៅ​អាស៊ីអាគ្នេយ៍ (SEAYLP) ​សម្រាប់​ឆ្នាំ២០១៥​ នៅ​មុខ​សេតវិមាន នៅ​រដ្ឋធានីវ៉ាស៊ីតោន (ផ្តល់​ឲ្យ​ដោយ៖ មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ីអាគ្នេយ៍នៃ​សកល​វិទ្យាល័យ Northern Illinois University)​
អ្នក​ចូល​រួម​ក្នុង​គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់យុវជន​នៅ​អាស៊ីអាគ្នេយ៍ (SEAYLP) ​សម្រាប់​ឆ្នាំ២០១៥​ នៅ​មុខ​សេតវិមាន នៅ​រដ្ឋធានីវ៉ាស៊ីតោន (ផ្តល់​ឲ្យ​ដោយ៖ មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ីអាគ្នេយ៍នៃ​សកល​វិទ្យាល័យ Northern Illinois University)​

ជា​រៀង​រាល់​ឆ្នាំ សិស្ស​វិទ្យាល័យ រួម​ទាំង​អ្នក​ណែ​នាំ​ប្រមាណ​៥០នាក់​មក​ពី​ប្រទេស​ទាំង​១០​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក និង​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ជុំវិញ​បញ្ហា​ចិរភាព​ខាង​បរិស្ថាន ការ​អប់រំ និង​ភាព​ជា​អ្នក​ដឹក​នាំ ដែល​ជា​ផ្នែក​នៃ​គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ហៅ​ថា (SEAYLP)។

ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ហៅ​ថា Southeast Asian Youth Leadership Program (SEAYLP) ត្រូវ​បាន​រៀប​ចំ និង​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​តំបន់​អាស៊ីអាគ្នេយ៍​របស់​សកល​វិទ្យាល័យ Northern Illinois University (NIU) ក្រោម​មូល​និធិ​ឧបត្ថម្ភ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។

គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ជំនាញ​ផ្សេងៗ​ដូច​ជា ភាព​ជា​អ្នក​ដឹក​នាំ ការ​ចូល​រួម​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍ និង​ដើម្បី​ជំរុញ​ឲ្យ​មាន​វប្បធម៌​អត់​អោន​គ្នា គោរព​គ្នា និង​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​សមាគម​អាស៊ាន។

សម្រាប់​ឆ្នាំ​នេះ មជ្ឈមណ្ឌល​សិក្សា​ស្តី​អំពី​តំបន់​អាស៊ីអាគ្នេយ៍​របស់​សកល​វិទ្យាល័យ Northern Illinois ដែល​មាន​លោក​ស្រី​សាស្ត្រាចារ្យ Judy Ledgerwood អ្នក​ស្រាវជ្រាវ​ដ៏​ឆ្នើម​ម្នាក់​អំពី​វប្បធម៌ ស្ត្រី និង​អំពី​នរវិទ្យា​នៅ​កម្ពុជា​តាំង​ពី​ទសវត្សរ៍​ឆ្នាំ៨០​ជា​ប្រធាន បាន​ស្វាគមន៍​យុវជន​វ័យ​ក្មេង និង​អ្នក​ណែ​នាំ​ចំនួន​៦០នាក់ មក​ពី​ប្រទេស​ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន សិង្ហបុរី ថៃ និង​វៀតណាម មក​កាន់​សកល​វិទ្យាល័យ Northern Illinois។

ក្នុង​អំឡុង​គម្រោង​រយៈពេល​បី​សប្តាហ៍​នេះ យុវជន​ទាំង​អស់​បាន​ចូល​រួម​សិក្ខាសាលា និង​រៀន​សូត្រ​អំពី​បញ្ហា​ចិរភាព​ខាង​បរិស្ថាន ការ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ឲ្យ​សហគមន៍​ក្រីក្រ ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ក៏​បាន​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​ចូលរួម​ក្នុង​គម្រោង SEAYLP ណែនាំ​វប្បធម៌​ឥណ្ឌូនេស៊ី​ដល់​សិស្ស​នៅ​សាលា​បឋម​សិក្សា Founders Elementary School (ផ្តល់​ឲ្យ​ដោយ៖ មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ីអាគ្នេយ៍​នៃ​សកលវិទ្យាល័យ Northern Illinois)
អ្នក​ចូលរួម​ក្នុង​គម្រោង SEAYLP ណែនាំ​វប្បធម៌​ឥណ្ឌូនេស៊ី​ដល់​សិស្ស​នៅ​សាលា​បឋម​សិក្សា Founders Elementary School (ផ្តល់​ឲ្យ​ដោយ៖ មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ីអាគ្នេយ៍​នៃ​សកលវិទ្យាល័យ Northern Illinois)

វ៉ាន់ ជឿន សិស្ស​វិទ្យាល័យ​ម្នាក់​ក្នុង​ចំណោម​សិស្ស​បី​នាក់​មក​ពី​ខេត្ត​រតនគីរី នៃ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​ថា ក្រុម​របស់​គេ​បាន​រៀន​សូត្រ​ច្រើន​ពី​គម្រោង​នេះ ក៏​ដូច​ជា​ពី​យុវជន​ផ្សេងៗ​មក​ពី​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

«‍ពួក​យើង​ខ្ញុំ​បាន​រៀន​ច្រើន។ ទី​មួយ​គឺ​ការ​ធ្វើ​ការ​ក្រុម។ ទីពីរ យើង​បាន​ស្វែង​យល់​ដឹង​ពី​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​យើង​ក៏​បាន​រៀន​សូត្រ​ពី​វប្បធម៌​របស់​អាមេរិក តាម​រយៈ​ការ​រស់​នៅ​ជាមួយ​នឹង​គ្រួសារ​អាមេរិក។ ជាពិសេស យើង​បាន​រៀន​ពី​អ្នក​ចូល​រួម​ទាំង​អស់​ផង​ដែរ»។

ជា​មួយ​គ្នា​នេះ យុវជន​វ័យ​ក្មេង​របស់​សមាគម​អាស៊ាន ដែល​មាន​អាយុ​ចន្លោះ​១៥ ទៅ​១៨​ឆ្នាំ ក៏​បាន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​សិស្ស​វិទ្យាល័យ​អាមេរិក​ចំនួន​១៥នាក់ ក្នុង​កម្មវិធី​បោះ​ជំរុំ​យុវជន​ជា​អ្នក​ដឹក​នាំ​សកល​លោក ឬ​ហៅ​ថា Global Youth Leaders Camp ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍ និង​ផ្លាស់​ប្តូរ​ចំណេះ​ដឹង និង​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រុម​តំណាង​ឲ្យ​ប្រទេស​ថៃ​រាំ​របាំ និង​បង្ហាញ​ក្បាច់​គុណ​បុរាណ​ថៃ​នៅ​ក្នុង​កម្មវិធី​រាត្រី​វប្បធម៌​ SEAYLP កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា (ផ្តល់​ឲ្យ​ដោយ៖ មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ីអាគ្នេយ៍​នៃ​សកលវិទ្យាល័យ Northern Illinois)
ក្រុម​តំណាង​ឲ្យ​ប្រទេស​ថៃ​រាំ​របាំ និង​បង្ហាញ​ក្បាច់​គុណ​បុរាណ​ថៃ​នៅ​ក្នុង​កម្មវិធី​រាត្រី​វប្បធម៌​ SEAYLP កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា (ផ្តល់​ឲ្យ​ដោយ៖ មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ីអាគ្នេយ៍​នៃ​សកលវិទ្យាល័យ Northern Illinois)

គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ SEAYLP នេះ​ក៏​រួម​មាន​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​បី​ថ្ងៃ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ជា​ទី​ស្នាក់​ការ​កណ្តាល​របស់​រដ្ឋាភិបាល​អាមេរិក។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ យុវជន​វ័យ​ក្មេង​របស់​សមាគម​អាស៊ាន​បាន​ជួប​សន្ទនា​ជាមួយ​នឹង​លោក​ប្រធាន​សភា​អាមេរិក​នៅ​រដ្ឋសភា​អាមេរិក។

កេន ខួច ជា​សិស្ស​វិទ្យាល័យ​សម្តេច​ឪ​សម្តេច​ម៉ែ​នៅ​ខេត្ត​រតនគីរី ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បាន​រៀន​សូត្រ​អំពី​ប្រព័ន្ធ​រដ្ឋាភិបាល​អាមេរិក និង​អំពី​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​សហរដ្ឋ​អាមេរិក។

«‍យើង​បាន​ជួប​ប្រធាន​សភា​អាមេរិក ហើយ​គាត់​បាន​ផ្តល់​ការ​ណែនាំ​ដល់​យើង​ទាំង​អស់​គ្នា ដែល​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍។ យើង​ក៏​បាន​សួរ​ទៅ​គាត់​អំពី​បញ្ហា​ផ្សេងៗ ហើយ​ក៏​បាន​ស្វែង​យល់​អំពី​បទ​ពិសោធន៍ និង​ការងារ​របស់​គាត់​រហូត​ដល់​គាត់​ទទួល​បាន​តំណែង​របស់​គាត់​នា​ពេល​សព្វ​ថ្ងៃ​នេះ»។

នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន យុវជន​វ័យ​ក្មេង​ទាំង​អស់​ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​មក​កាន់​ទី​ស្នាក់​ការ​កណ្តាល​របស់​សមេ្លង​សហរដ្ឋអាមេរិក ឬ VOA ដើម្បី​ស្វែង​យល់​អំពី​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ VOA ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

​ណុបណែម ណារុង ដែល​ជា​សិស្ស​វិទ្យាល័យ​សម្តេច​ឪ​សម្តេច​ម៉ែ​នៅ​ខេត្ត​រតនគីរី​ម្នាក់​ដែរ ដែល​បាន​ចូល​រួម​នៅ​ក្នុង​គម្រោង​ក្នុង​ឆ្នាំ​នេះ បាន​រៀប​រាប់​អំពី​ដំណើរ​ទស្សនកិច្ច​មក​កាន់ VOA។

«‍យើង​មក​ទី​នេះ ដើម្បី​រៀន​សូត្រ និង​យល់​ដឹង​បន្ថែម​អំពី VOA សម្លេង​សហរដ្ឋអាមេរិក»។

ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ចប់​ទៅ អ្នក​ចូលរួម​ក្នុង​គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ ដោយ​មាន​គម្រោង​សកម្មភាព​រៀងៗ​ខ្លួន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​សហគមន៍​របស់​គេ ដូច​ជា​បញ្ហា​បរិស្ថាន ការ​អប់រំ និង​បញ្ហា​សង្គម​ផ្សេងៗ។

សម្រាប់​សិស្ស​វិទ្យាល័យ​ទាំង​បី​របស់​កម្ពុជា ដែល​មក​ពី​ខេត្ត​រតនគីរី ពួក​គេ​មាន​គម្រោង​ជា​សកម្មភាព​មួយ​ចំនួន​ដូច​ជា ការ​បង្កើត​ជា​បណ្ណាល័យ និង​រៀប​ចំ​ជា​វេទិកា​សាធារណៈ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង ដែល​ពួក​គេ​បាន​រៀន​សូត្រ​ពី​គម្រោង​នេះ។

វ៉ាន់ ជឿន បាន​រៀប​រាប់​អំពី​ចំណាប់​អារម្មណ៍​របស់​គេ​មក​កាន់​សហរដ្ឋ​អាមេរិក និង​ទី​ស្នាក់​ការ​របស់ VOA និង​អំពី​គម្រោង​របស់​ក្រុម​គេ នៅ​ពេល​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។

សិស្ស​វិទ្យាល័យ​មក​ពី​ខេត្ត​រតនគីរី នៅ​កម្ពុជា ដែល​ចូល​រួម​ក្នុង​គម្រោង​ SEAYLP នៅ​មុខ​ទី​ស្នាក់​ការ VOA
សិស្ស​វិទ្យាល័យ​មក​ពី​ខេត្ត​រតនគីរី នៅ​កម្ពុជា ដែល​ចូល​រួម​ក្នុង​គម្រោង​ SEAYLP នៅ​មុខ​ទី​ស្នាក់​ការ VOA

«‍ខ្ញុំ​ធ្លាប់​តែ​ឮ​អាមេរិក ហើយ​ខ្ញុំ​ធ្លាប់​តែ​ឃើញ​ក្នុង​ទស្សនាវដ្តី និង​កាសែត​ផ្សេងៗ។ ហើយ​ដូច​ជា VOA ​នេះ ខ្ញុំ​ធ្លាប់​តែ​ស្តាប់ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ទី​នេះ​មែន ខ្ញុំ​រំភើប​មែន​ទែន។ ពួក​ខ្ញុំ​នឹង​ចែក​រំឡែក និង​រៀប​ចំ​ជា​គម្រោង​សកម្មភាព​មួយ ដើម្បី​បង្កើត​បណ្ណាល័យ។ យើង​បាន​រៀន​ពី​ការ​បង្កើត Action Plan និង​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​បើ​ពួក​ខ្ញុំ​មិន​ធ្វើ​ទេ តើ​អ្នក​ណា​អ្នក​ធ្វើ»។

គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (SEAYLP) នេះ​ក៏​មាន​ផ្តល់​ជា​កម្មវិធី​អាហារូបករណ៍​ដល់​យុវជន​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ ឲ្យ​ទទួល​បាន​ឱកាស​មក​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​រយៈពេល​៤ឆ្នាំ នៅ​សកល​វិទ្យាល័យ Northern Illinois ផង​ដែរ៕

XS
SM
MD
LG