ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ណាល័យ​ប្រភេទ​ថ្មី៖ អានរឿង​​តាម​រយៈ​មនុស្ស​ជំនួស​ឲ្យ​សៀវភៅ


រូបភាព​បង្ហាញ​ពី​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​មួយ។ បណ្ណាល័យ​ប្រភេទ​ថ្មី៖ អានរឿង​​តាម​រយៈ​មនុស្ស​ជំនួស​ឲ្យ​សៀវភៅ។
រូបភាព​បង្ហាញ​ពី​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​មួយ។ បណ្ណាល័យ​ប្រភេទ​ថ្មី៖ អានរឿង​​តាម​រយៈ​មនុស្ស​ជំនួស​ឲ្យ​សៀវភៅ។

សព្វថ្ងៃ​នេះ​ មាន​មធ្យោបាយ​ច្រើន​ណាស់​ដើម្បី​ទទួល​បាន​មាតិកា​សម្រាប់​អាន ​ដូច​ជា​តាមរយៈ​សៀវភៅ​អេឡិចត្រូនិច​ តាម​រយៈ​សំឡេង​ និង​នៅ​លើ​ក្រដាស​បោះពុម្ព។ ក៏ប៉ុន្តែ​ មាន​ជម្រើស​មួយ​បន្ថែម​ទៀត​ដែល​គេប្រើប្រាស់​នៅ​ឯ​បណ្ណាល័យ​សាធារណៈ​ Gum ​នៅ​ក្នុង​ក្រុង​ Loudoun​ ក្នុង​រដ្ឋ ​Virginia។ នៅ​ទីនោះ​ អ្នក​គាំទ្រ​ជម្រើស​នេះ​ អាច​អាន​រឿង​ជាមួយ​«មនុស្ស​សៀវភៅ»​ ឬ​ human books។

មនុស្សម្នា​បាន​មក​កាន់​បណ្ណាល័យ​ Gum Spring​ ដើម្បី​ខ្ចី​សៀវភៅ ​ដូច​គ្នា​ទៅ​នឹង​បណ្ណាល័យ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ។ ក៏ប៉ុន្តែ​នៅ​ទីនេះ​ ពួក​គេ​ក៏អាចស្វែង​យល់​ពី​រឿងរ៉ាវ​តាមរយៈមនុស្ស​បាន​ផង​ដែរ។

ជំនួស​ឲ្យ​ការ​បើក​ទំព័រ​សៀវភៅ​ជា​ច្រើន​ទំព័រ​ពី​មួយ​ទៅ​មួយ​ អ្នក​អាន​មាន​ពេល​២០នាទី​សម្រាប់​និយាយ សាកសួរ និង​អាន​រឿង​ជាមួយ​នឹង​«មនុស្ស​សៀវភៅ»។

«យើង​មិន​ដឹង​ពី​ចំនុច​ខ្លាំង​ពិត​ប្រាកដ​របស់​យើង​ទេ​ រហូត​ទាល់តែ​យើង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ ដែល​យើង​មិន​បាន​រំពឹង​ទុក​មុន​ថា​នឹង​ប្រឈម​មុខ​ជាមួយ»។

អ្នក​ស្រី​ Maimah Karmo ​កវីនិពន្ធ​ហើយ​ក៏​ជា​មនុស្ស​សៀវភៅ​ផង​ដែរ​នោះ​ គឺជា​អ្នក​រស់​រានមាន​ជីវិត​ពី​ជំងឺ​មហារីក​សុដន់​ និង​ជា​ស្ថាបនិក​មូលនិធិ​ Tiger Lily Foundation ​ដែល​គាំទ្រ​ដល់​ស្ត្រី​ក្មេងៗ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​មហារីក​សុដន់។

អ្នកអាន៖ «កាល​ពី​នៅ​ក្មេង​ អ្នក​គឺ​ជា​ជន​ភៀស​ខ្លួន​ តើ​មាន​អ្វី​ដែល​បាន​ជួយ​អ្នក​ច្រើន​ជាង​គេ​ នៅ​ពេល​អ្នក​ទទួល​បាន​ការ​ធ្វើរោគ​វិនិច្ឆ័យ​ថា​អ្នក​មាន​ជំងឺមហារីក?»

មនុស្ស​សៀវភៅ៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​អញ្ជឹង​ ខ្ញុំ​បាន​រត់​គេច​ខ្លួន​ពី​សង្គ្រាម​ចំនួន​បី។ ខ្ញុំ​ត្រូវ​បាន​រន្ទះ​បាញ់។ ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ចុះឡើងៗ​គ្រប់​ទីកន្លែង​ ពីព្រោះ​ប្រទេស​របស់​ខ្ញុំ​បាន​ជួប​នឹង​ភាព​ចលាចល។ ដូច្នេះ​ វាបាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​សម្រប​ខ្លួន»។

អ្នកស្រី ​Karmo ​បាន​ចាក​ចេញ​ពី​ប្រទេស​មាតុភូមិលីបេរីយ៉ា​ (Liberia)​ របស់​អ្នកស្រី​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ នៅ​ពេល​អ្នកស្រី​មាន​អាយុ​១៥ឆ្នាំ គឺនៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល​នៅប្រទេស​កំណើត​របស់​អ្នក​ស្រី។ អ្នក​ស្រី​បាន​ចែករំលែក​រឿង​រ៉ាវ​របស់​អ្នក​ស្រី​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​ដែល​អ្នកស្រី​បាន​សរសេរ និង​និយាយ​ប្រាប់​ដោយ​ផ្ទាល់​មាត់​ដោយសារ​អ្នកស្រី​ផ្ទាល់​គឺជា​«មនុស្ស​សៀវភៅ»​ផងដែរ។

«ខ្ញុំ​គិត​ថា​ មនុស្ស​សៀវភៅ​នេះ​ មាន​ភាព​ស៊ីជម្រៅ​ជាង​សៀវភៅ​ធម្មតា។ អ្នក​អាច​មើល​ឃើញ​មនុស្ស​នោះ​បាន​ពិត​ប្រាកដ​ ជា​ជាង​គ្រាន់​តែ​ឃើញ​នៅ​លើ​ក្រប​សៀវភៅ។ នៅ​ពេល​មាន​អ្នក​ណាម្នាក់​មក​និយាយ​ជាមួយ​អ្នក​ អ្នក​អាច​បើក​ទំព័រ​សៀវភៅ​នៃ​ជីវិត​របស់​ពួក​គេ ​និង​អ្នក​អាច​ចូល​រួម​រំលែក​អារម្មណ៍​របស់​អ្នក​ទាំង​នោះ។ វា​គឺ​ដូច​ជា​វេទមន្ត​អញ្ចឹង​សម្រាប់​ខ្ញុំ»។

លោក​ Dennis Fargo ដែល​ជា​អ្នកអាន​សៀវភៅ​នៅ​បណ្ណាល័យ​មនុស្ស​នេះ​ បាន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​នេះ។

«វា​ជា​វិធីសាស្រ្ត​ថ្មី​មួយ​ក្នុង​ការរៀន​អំពី​រឿង​អ្វី​មួយ។ ខ្ញុំ​គិត​ថា​ ការពិត​ទាំង​ឡាយ​អាច​ឲ្យ​យើង​ដឹង​បាន​យ៉ាង​លឿន​តាម​រយៈ​វិធី​នេះ​ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ទឹកមុខ​ និងតាម​រយៈ​កាយវិកា​ចេញ​ពី​រឿង​រ៉ាវ​ក្នុង​សៀវភៅ​ ដែល​នេះ​បានផ្តល់​បទ​ពិសោធន៍​យ៉ាង​ទូលំទូលាយ​ជាង​ការ​បើក​ទំព័រ​សៀវភៅ​មួយ​ទំព័រ​ម្តងៗ»។

លោក​ Fargo​ បាន​និយាយ​ជាមួយ​មនុស្ស​សៀវភៅ​មួយ​គឺអ្នក​ស្រី ​Bobbi Carducci ​ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​បែប​កំណត់​ហេតុ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា​ «ការ​សារភាព​ពី​អាណាព្យាបាល​ដែល​មិន​ល្អ​ឥតខ្ចោះ»។ ក្នុង​នាម​ជា​មនុស្ស​សៀវភៅ​ អ្នក​ស្រី​បាន​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​មើល​ថែ​ឪពុក​ក្មេក​របស់​អ្នក​ស្រី​ដែល​មាន​ជំងឺ​វង្វេង​វង្វាន់​អស់​រយៈ​ពេល​៧ឆ្នាំ​នៃ​ជីវិត​ចុង​ក្រោយ​របស់​លោក។

«ក្នុង​អំឡុង​ពេល​នោះ​ ខ្ញុំមាន​ជំងឺ​ប្រកាំង (ឈឺ​មួយ​ចំហៀង​ក្បាល)។ ខ្ញុំមាន​អារម្មណ៍​រំជួល​ចិត្ត​ភ្លាមៗ​ជាច្រើន​ដង។ សក់​របស់​ខ្ញុំ​បាន​ជ្រុះ។ ថ្ងៃខ្លះ​ ខ្ញុំ​ពុំ​បាន​គេង​ទេ​ ហើយ​គាត់​ក៏​ពុំ​បាន​គេងដូច​គ្នា​ដែរ។

អ្នកស្រី​ Carducci ​និយាយ​ថា​ អ្នកស្រី​ចូលចិត្ត​ចែក​រំលែក​បទពិសោធន៍​របស់​អ្នកស្រី​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត។

«មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការមើល​ថែ​អ្នក​ដទៃ​ ឬ​បាន​ស្គាល់​អ្នក​ដែល​មាន​បទពិសោធន៍​មើល​ថែទាំ​អ្នក​ដទៃ។ វាពិតជាពិបាក​ណាស់​សម្រាប់​អ្នក​មើល​ថែទាំង​គេ​ ហើយ​វា​មាន​ឥទ្ធិពល​ដល់​គ្រួសារ​ពួកគេ​ទាំង​មូល​ទៀត។ នេះ​ប្រហែល​ជារឿង​ដ៏​ពិបាក​បំផុត​មួយ​ដែល​អ្នក​ត្រូវ​ទទួល​ក្នុង​ជីវិត​របស់​អ្នក​ ពីព្រោះ​វា​គឺ​ជារឿង​ដែល​មិនអាច​ដឹង​មុន​បាន​ទេ។ ក៏ប៉ុន្តែ វា​ក៏​ជា​កាដូ​មួយ​ផងដែរ។ ពេល​វេលា​ដែល​អ្នក​ចំណាយ​ជាមួយ​សមាជិក​គ្រួសារ​របស់​អ្នក​ និង​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចូលចិត្ត​ នៅ​ចំ​ពេលដែល​ពួក​គេ​ឆ្លង​កាត់​ពេល​វេលា​ដ៏លំបាក​និង​ជួប​ប្រទះ​ស្ថានភាព​មួយ​ដែល​បង្ហាញ​លទ្ធផល​យ៉ាង​ច្បាស់នោះ​ ទាំង​អស់​នេះ​វាពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។

រឿងរ៉ាវ​របស់​អ្នកស្រី​ Carducci ធ្វើ​ឲ្យ​លោក​ Fargo គិត​ថា​ វា​សម​ហេតុ​ផល។

«ខ្ញុំ​មាន​កំហុស​ដែល​គាត់​បាន​រង​ការ​ឈឺ​ចាប់​ ដោយសារ​ខ្ញុំ​គួរ​តែ​ជា​អ្នក​មើល​ថែ​គាត់​ តែ​ជាក់ស្តែង​ ខ្ញុំ​មិន​បាន​មើល​ថែ​ទេ។ នៅ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​បាន​ដល់​ចំណុច​ចុងក្រោយ​នៃជីវិត​របស់​គាត់​ ខ្ញុំ​ស្ថិត​នៅ​ឆ្ងាយ​ពី​គាត់​៣០០​ម៉ៃល៍។ ដូច្នេះ​ វា​ជា​បន្ទុក​របស់​បងស្រី​ខ្ញុំ​ដែល​ត្រូវ​មើល​ថែរក្សា​គ្រួសារ​របស់​យើង​ ហើយ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បង​ស្រី​ខ្ញុំបាន​ គឺ​បាន​ត្រឹម​តែ​ទទួល​ទូរស័ព្ទ​ និង​ទូរស័ព្ទ​ត្រលប់ទៅវិញ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៏​ថា​ ខ្លួនឯង​បាន​ធ្វើ​អី្វ​ដែល​អាច​ធ្វើ​បាន​សោះ»។

បណ្ណាល័យ​មនុស្ស​ Gum បាន​ទទួល​ការ​ជំរុញ​ទឹក​ចិត្ត​ដោយ​កម្មវិធី​ស្រដៀង​គ្នា​មួយ​ដែល​អ្នកស្រី​ Linda Holtslander​ បាន​ឃើញ​នៅ​ទីក្រុង​ហែលស៊ិនគី (Helsinki) ជា​ទី​ដែល​អ្នកស្រី​បាន​ចំណាយ​ពេល​៦​ខែ​ ក្នុងឆ្នាំ​២០០៩។

«ខ្ញុំ​បាន​គិតថា​ វា​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ ពេល​ពួក​គេអាច​ជួប​ និង​សន្ទនា​គ្នា​ដោយ​ផ្ទាល់»។

អ្នក​គ្រប់គ្រង​ប្រព័ន្ធ​បណ្ណាល័យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា​ ការចែក​រំលែក​ភាព​រំជួល​ចិត្ត​ និង​គំនិត​ផ្សេងៗ​ នាំ​ឲ្យ​សមាជិក​សហគមន៍​កាន់តែ​មាន​ភាពស្និទ្ធស្នាល​ជាមួយ​គ្នា។

«ពួកគេ​ម្នាក់ៗ​មាន​រឿង​រ៉ាវ​ជាច្រើន​ដែល​គេ​អាច​រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​បាន»។

តាម​ការអះអាង​របស់​បណ្ណារក្ស​ Carolyn Reagle កម្មវិធី​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការពេញ​និយម​យ៉ាង​ខ្លាំង។ «យើង​ទទួល​បាន​ការ​ផ្តល់​មតិ​ត្រឡប់​ល្អៗ​ជាច្រើន។ មនុស្ស​ជា​ច្រើន​បាន​ប្រាប់​យើង​ថា​ នេះ​គឺ​ជា​កម្មវិធី​បណ្ណាល័យ​ដ៏​ល្អ​បំផុត​មួយ​បើ​ប្រៀប​ធៀប​នឹង​បណ្ណាល័យ​ដែល​ពួកគេ​ធ្លាប់​បាន​ទៅ។​ យើង​បាន​ទទួល​ការផ្ដល់​យោបល់​លើ​សៀវភៅ​ផ្សេង​ទៀត​ដើម្បី​សាកល្បង​នៅឆ្នាំ​ក្រោយ។ មនុស្ស​ដែល​មក​ទីនេះ​បាន​ណែនាំ​មិត្តភក្តិ​ ឬ​មនុស្សដែល​ពួកគេ​ស្គាល់​ឲ្យ​មក​ទីនេះ។ មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ នេះ​ជា​កម្មវិធី​ដែលគួរ​ឲ្យ​រំជួលចិត្ត​មួយ​ ហើយ​វាពិត​ជា​ខុសប្លែក​ពី​កម្មវិធី​ដទៃ​ទៀត»។ អ្នក​ស្រី​សង្ឃឹម​ថា​ កម្មវិធី​មួយនេះ​ដែល​ប្រកប​ដោយ​ការច្នៃ​ប្រឌិត​ និង​អន្តរកម្ម​ នឹង​រីកសាយ​ដល់​កម្រិត​ថ្នាក់​ជាតិ​ គឺ​ទៅ​ដល់បណ្ណាល័យ​ឯ​ទៀតៗ​នៅ​ទូទាំងប្រទេស៕

ប្រែ​សម្រួល​ដោយ​ ប៉ាវ ហេងឡាលីន

XS
SM
MD
LG