សហរដ្ឋអាមេរិកមិនប្រកាន់គោលជំហរណាមួយលើអធិបតេយ្យភាពរបស់កោះតៃវ៉ាន់នៅក្រោមគោលនយោបាយ «ចិនតែមួយ» របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទ។
ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntony Blinken បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនោះ លោក Blinken បានប្រាប់លោក Wang ថា គោលនយោបាយ «ចិនតែមួយ» របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនមានការផ្លាស់ប្ដូរទេ។
បើទោះបីជាសហរដ្ឋអាមេរិកមិនព្រមប្រកាន់គោលជំហរណាមួយទាក់ទិននឹងរឿងអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ក៏ដោយ ក៏ការលើកឡើងរបស់ក្រសួងការបរទេសអាមេរិកនេះគឺជាការលើកឡើងជាសាធារណៈដ៏កម្រមួយ។
នៅពេលដែលអ្នកយកព័ត៌មានសួរថាតើកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិននៅក្រោមគោលនយោបាយ «ចិនតែមួយ» របស់រដ្ឋាភិបាលសហដ្ឋអាមេរិកមែនទេ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា៖ «សហរដ្ឋអាមេរិកមិនប្រកាន់គោលជំហរណាមួយលើរឿងអធិបតេយ្យភាពនេះទេ ប៉ុន្តែគោលនយោបាយដែលជាចំណុចសំខាន់បំផុតនៃវិធានការរបស់យើងចំពោះតៃវ៉ាន់តាំងពីឆ្នាំ ១៩៧៩ មក គឺនៅតែដដែលនៅពេលបច្ចុប្បន្ននេះ»។
លោក Price បានបញ្ជាក់ថា៖ «អ្វីដែលសហរដ្ឋអាមេរិកចង់ឃើញឱ្យនៅរក្សាទុកគឺស្ថានភាពបច្ចុប្បន្ន ដោយហេតុថាស្ថានភាពបច្ចុប្បន្ននេះតាំងពីឆ្នាំ ១៩៧៩ មក គឺជាង ៤០ ឆ្នាំមកហើយ បានធានាឱ្យមានសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ យើងចង់ឃើញស្ថានភាពនេះនៅបន្តរហូត។ ជាអកុសល ខ្ញុំមិនគិតថាប្រទេសចិនគិតដូចគ្នានេះទេ ដោយសារតែប្រទេសនេះមានលក្ខណៈកាន់តែបង្ខិតបង្ខំនិងគំរាមកំហែងនៅក្នុងសកម្មភាពនិងការធ្វើសមយុទ្ធរបស់ខ្លួននៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
កាលពីថ្ងៃទី ២៣ ខែកញ្ញាកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសរសេរនៅលើ Twitter ថា៖ «ភាគីទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាភាគីតែមួយនិងជាចិនតែមួយ។ តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិនមិនដែលត្រូវបានពុះច្រៀកនោះទេ។ នេះគឺជាស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ ហើយចិនតែមួយគឺជាស្នូលនៃស្ថានភាពបច្ចុប្បន្ននេះ»។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តរបស់ខ្លួននៅក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិននៅក្នុងឆ្នាំ ១៩៧៩ គឺផ្អែកលើក្ដីរំពឹងដែលថា «អនាគតរបស់កោះតៃវ៉ាន់នឹងត្រូវកំណត់ដោយមធ្យោបាយសន្តិវិធី» ដូចដែលបានចែងនៅក្នុងច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) របស់សហរដ្ឋអាមេរិកដូច្នេះដែរ។
កន្លងមក រដ្ឋាភិបាលចិនបានច្រានចោលច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់នេះ ដោយហៅច្បាប់ដែលគ្រប់គ្រងលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងតៃវ៉ាន់នេះថា «ខុសច្បាប់និងមិនមានសុពលភាព»៕