ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​និង​កាណាដា​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់


រូបឯកសារ៖ នាវាពិឃាត USS Higgins (DDG-76) របស់​សហរដ្ឋ​អាមេរិក។

នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​និង​របស់​ប្រទេស​កាណាដា​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ នៅ​ក្នុង​ប្រតិបត្តិការ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​បែប​យោធា​លើក​ដំបូង​បង្អស់ តាំងពី​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ពី​ប្រទេស​ចិន​មក។

នាវា​ពិឃាត USS Higgins របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​នាវា​ចម្បាំង HMCS Vancouver របស់​កងទ័ព​ជើង​ទឹក​ភូមិន្ទ​កាណាដា បាន​ធ្វើ​ការ «ឆ្លងកាត់​ជា​ប្រចាំ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា​កាត់តាម​ដែន​ទឹក ដែល​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ការ​ហោះហើរ​នៅ​ដែន​សមុទ្រ​អន្តរជាតិ​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​ច្បាប់​អន្តរជាតិ»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ឧត្តមសេនីយ៍ត្រី Pat Ryder កាលពី​ថ្ងៃ​អង្គារ។

កន្លង​មក ប្រទេស​ចិន​ធ្លាប់​អះអាង​ថា​ច្រក​សមុទ្រ​តៃវ៉ាន់​មិន​មែន​ជា​ដែន​ទឹក​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​ជា «ដែន​ទឹក​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន» និង​ជា «ដែន​សមុទ្រ» របស់​ប្រទេស​ចិន។ ប៉ុន្តែ នៅ​ក្រោម​ច្បាប់​អន្តរជាតិ ច្រក​សមុទ្រ​តៃវ៉ាន់​មាន​ច្រក​ដែន​ទឹក​និង​ដែន​អាកាស​អន្តរជាតិ​ដែល​ផុត​ពី​ដែន​សមុទ្រ​នៃ​ប្រទេស​ណាៗ​ទាំង​អស់ ដែល​នាវា​ទូទៅ​អាច​ធ្វើ​នាវាចរណ៍​បាន​ដោយ​សេរី។

កង​នាវា​ទី ៧ របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​គ្រប់គ្រង​លើ​ប្រតិបត្តិការ​នាវាចរណ៍​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​កើត​និង​នៅ​មហា​សមុទ្រ​ឥណ្ឌា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ធ្វើ​នាវាចរណ៍​របស់​នាវា​ពិឃាត USS Higgins និង​នាវា​ចម្បាំង HMCS Vancouver ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​និង​របស់​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។

ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Biden បាន​និយាយ​នៅ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «60 Minutes» របស់​ទូរទស្សន៍ CBS ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ក្នុង​ករណី​ដែល​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ពី​ប្រទេស​ចិន៕

XS
SM
MD
LG