ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ថា​សេចក្តី​ព្រាង​ចុងក្រោយ​នៃ​បទឈប់បាញ់​នៅ​ហ្កាហ្សា​ត្រូវបាន​ផ្តល់​ដល់​ភាគី​ជម្លោះ


ផ្ទាំង​លើអគារ​មួយ​សរសេរ​ពាក្យ​អំពាវនវ​ឲ្យ​សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​បញ្ចប់។
ផ្ទាំង​លើអគារ​មួយ​សរសេរ​ពាក្យ​អំពាវនវ​ឲ្យ​សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​បញ្ចប់។

ប្រទេស​កាតា​ដែល​ជា​អ្នក​សម្រុះសម្រួល​បាន​ផ្តល់​សេចក្តី​ព្រាង​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ឈប់បាញ់គ្នា​ដល់​ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា ក្រោយពី​មាន «ការ​ព្រមព្រៀងគ្នា» ក្នុង​ការ​ចរចា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​មន្ត្រី​ម្នាក់​ដែល​ដឹង​អំពី​ការ​ចរចា​នេះ។

មន្ត្រី​រូប​នោះ​ថា​អត្ថបទ​នៃ​បទឈប់បាញ់​គ្នា​និង​ការ​ដោះលែង​អ្នកទោស​ត្រូវ​បាន​បង្ហើយ​ក្នុង​ការ​ចរចា​នៅ​រាជធានី​ដូហា​នៃ​ប្រទេស​កាតា ដោយ​មាន​វត្តមាន​ចូលរួម​ពី​ប្រធាន​ចារកម្ម​និង​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល​និង​នាយករដ្ឋមន្ត្រី​កាតា ក៏​ដូចជា​លោក Steve Witkoff ដែល​នឹង​ក្លាយជា​ប្រេសិត​សហរដ្ឋ​អាមេរិក​នៅពេល​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump ឡើង​កាន់​តំណែង​នៅ​សប្តាហ៍​ក្រោយ​ផងដែរ។ មន្រ្តី​នៃ​រដ្ឋបាល​ជិត​ចប់​អាណត្តិ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក៏​ត្រូវ​គេ​ជឿ​ថា​បាន​ចូលរួម​ក្នុង​ការ​ចរចា​នោះ​ដែរ។

វិទ្យុ Kan របស់​អ៊ីស្រាអែល​ដែល​ដកស្រង់​សម្តី​មន្ត្រី​អ៊ីស្រាអែល​ម្នាក់​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា គណៈប្រតិភូ​អ៊ីស្រាអែល​និង​គណៈប្រតិភូ​ហាម៉ាស់​នៅ​កាតា​សុទ្ធតែ​បាន​ទទួល​សេចក្តី​ព្រាង​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​នោះ។ មន្ត្រី​នៃ​ភាគី​ទាំង​សងខាង​បាន​ព័ណ៌នា​អំពី​ការ​វិវឌ្ឍ​ទៅមុខ​នៅ​ក្នុង​ការ​ចរចា​គ្នា​នោះ តែ​មិន​បាន​បញ្ជាក់​ថា​បាន​ឈាន​ដល់​សេចក្តី​ព្រាង​ចុងក្រោយ​ទេ។

មន្ត្រី​ជាន់ខ្ពស់​អ៊ីស្រាអែល​ម្នាក់​ថា​កិច្ច​ព្រមព្រៀង​អាច​សម្រេច​បាន​ក្នុង​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ បើ​ក្រុម​ហាម៉ាស់​ឆ្លើយតប​ចំពោះ​សំណើ។ មន្ត្រី​ប៉ាឡេស្ទីន​ដែល​ដឹង​អំពី​ការ​ចរចា​នោះ​ថា ព័ត៌មាន​ពី​ទីក្រុង​ដូហា​គឺ​ជា​ព័ត៌មាន «ពោរពេញ​ដោយ​ក្ដី​សង្ឃឹម»។ មន្ត្រី​នោះ​បាន​បន្ថែម​ថា៖ «ជិត​ត្រូវ​គ្នា​ហើយ ហើយ​មាន​ការ​ជំរុញ​ដ៏​ខ្លាំង​ឆ្ពោះ​ទៅដល់​ការ​ព្រមព្រៀង​គ្នា បើ​អ្វីៗ​ដំណើរការ​ល្អ​ដល់​ទីបញ្ចប់»។

សហរដ្ឋ​អាមេរិក កាតា និង​អេហ្ស៊ីប​បាន​ធ្វើការ​ជាង​មួយ​ឆ្នាំ​មកហើយ​លើ​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG