ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា ការ​លើកឡើង​របស់​លោក Biden អំពី​តៃវ៉ាន់​គឺ​ជា «ការ​រំលោភ​ធ្ងន់ធ្ងរ» លើ​គោល​នយោបាយ​អាមេរិក​ចំពោះ​តៃវ៉ាន់


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក Xi Jinping ពី​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (REUTERS/Jonathan Ernst/File Photo)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក Xi Jinping ពី​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (REUTERS/Jonathan Ernst/File Photo)

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​លើកឡើង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ដែល​ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ចិន​នោះ​គឺ​ជា «ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ» លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ «ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ...គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​តាំងចិត្ត​ដ៏​មាន​សារ:សំខាន់​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ខ្លួន​នឹង​មិន​គាំទ្រ​ចំពោះ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ ហើយ​ការ​លើកឡើង​ដូច​នេះ​បាន​បញ្ជូន​សញ្ញា​ដ៏​ខុស​ឆ្គង​ធ្ងន់ធ្ងរ​មួយ​ទៅ​ដល់​កង​កម្លាំង​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់»។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CBS ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ លោកBiden ត្រូវ​បាន​គេ​សួរ​ថា​តើ​កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ ហើយ​លោក​បាន​ឆ្លើយ​ថា «ប្រាកដ​ណាស់» ប្រសិន​បើ​មាន «ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

ប៉ុន្តែ នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ លោក Biden បាន​បញ្ជាក់​ឡើង​វិញ​ថា សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ចំពោះ​គោល​នយោបាយ «ចិន​តែ​មួយ» ដែល​នៅ​ក្នុង​គោល​នយោបាយ​នោះ សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​ផ្លូវការ មិន​មែន​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ទេ និង​បាន​និយាយ​ថា៖ «យើង​មិន​មែន​លើក​ទឹកចិត្ត​ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យភាព​នោះ​ឡើយ ...នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​តៃវ៉ាន់​ផ្ទាល់»។

រដ្ឋាភិបាល​អាមេរិក​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​កាលពី​ឆ្នាំ ១៩៧៩ ដោយ​ងាក​ទៅ​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​តំណាង​តែ​មួយ​គត់​នៃ​ប្រទេស​ចិន។ ប៉ុន្តែ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ សហរដ្ឋ​អាមេរិក​នៅតែ​រក្សា​តួនាទី​មិន​រួញរា​នៅ​ក្នុង​ការ​គាំទ្រ​តៃវ៉ាន់។

អ្នកស្រី Mao Ning បាន​បញ្ជាក់​ថា៖ «យើង​មាន​ឆន្ទ:​នៅ​ក្នុង​ការ​ប្រឹងប្រែង​ដោយ​ស្មោះត្រង់​ឱ្យ​បាន​ខ្លាំង​ជាទី​បំផុត​ដើម្បី​បង្រួបបង្រួម [ប្រទេស​ចិន​ទាំង​មូល] ឡើង​វិញ​ដោយ​សន្តិវិធី»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ យើង​នឹង​មិន​អនុគ្រោះ​ដល់​សកម្មភាព​ណា​មួយ​ដែល​មាន​គោល​បំណង​បំបែក​បំបាក់​ប្រទេស​ចិន​នោះ​ឡើយ ហើយ​យើង​រក្សា​នូវ​ជម្រើស​នៅ​ក្នុង​ការ​ចាត់​វិធានការ​ចំាបាច់​ទាំងអស់»។

ភាព​តានតឹង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​ខ្លាំង​ជាង​ធម្មតា នៅ​ក្រោយ​ដំណើរ ទស្សនកិច្ច​ដ៏​កម្រ​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា។

កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​គោល​នយោបាយ​តៃវ៉ាន់ (Taiwan Policy Act) ឆ្នាំ ២០២២ ដែល​មាន​គោល​បំណង​ផ្តល់​ជំនួយ​យោធា​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កោះ​តៃវ៉ាន់​កាន់តែ​មាន​លក្ខណៈ​ផ្លូវការ​ជាង​មុន។ ការ​អនុម័ត​នេះ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ជំទាស់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ៕

XS
SM
MD
LG