ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី «60 Minutes» របស់ទូរទស្សន៍ CBS ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលមានការឈ្លានពានពីប្រទេសចិន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។
នៅពេលសួរនៅក្នុងកិច្ចសម្ភាសន៍នោះថាតើកងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរឬទេ លោក Biden បានឆ្លើយថា៖ «ប្រាកដណាស់ ប្រសិនបើមានការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។
នៅពេលសួរបញ្ជាក់ថា តើលោកចង់មានន័យថា ផ្ទុយពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន កងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីដែលមានការឈ្លានពានពីប្រទេសចិនមែនទេ លោក Biden បានឆ្លើយថា៖ «បាទ! មែនហើយ»។
ការលើកឡើងរបស់លោក Biden លើកនេះមានលក្ខណៈច្បាស់ជាងការលើកឡើងកាលពីលើកមុនៗអំពីការតាំងចិត្តរបស់កងទ័ពសហរដ្ឋអាមេរិកដើម្បីការពារកោះតៃវ៉ាន់។
អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិកបាននៅប្រកាន់ខ្ជាប់តាមគោលនយោបាយនៃ «ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ» ចំពោះកោះតៃវ៉ាន់ និងមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើខ្លួននឹងឆ្លើយតបបែបយោធាឬក៏យ៉ាងណានោះចំពោះការវាយប្រហារណាមួយលើកោះតៃវ៉ាន់។
នៅពេលសួរអំពីរឿងនេះ អ្នកនាំពាក្យសេតវិមានបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការប្រែប្រួលទេ។
អ្នកនាំពាក្យរូបនោះបាននិយាយថា៖ «លោកប្រធានាធិបតីបាននិយាយអំពីបញ្ហានេះកាលពីពេលមុនរួចមកហើយ ដែលក្នុងនោះរួមមានទាំងការលើកឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះផងដែរ។ នៅពេលនោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរទេ។ ករណីនេះគឺនៅតែជាការពិត»។
នៅក្នុងកិច្ចសម្ភាសន៍របស់ទូរទស្សន៍ CBS នេះ លោក Biden បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះគោលនយោបាយ «ចិនតែមួយ» ដែលនៅក្នុងគោលនយោបាយនោះ សហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជាផ្លូវការ មិនមែនរដ្ឋាភិបាលក្រុងតៃប៉ិទេ និងបាននិយាយថា៖ «យើងមិនមែនលើកទឹកចិត្តឱ្យតៃវ៉ាន់មានឯករាជ្យភាពនោះឡើយ ...នោះគឺជាការសម្រេចចិត្តរបស់តៃវ៉ាន់ផ្ទាល់»។
ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងអំណរគុណចំពោះលោក Biden សម្រាប់ការបញ្ជាក់អះអាងជាថ្មីរបស់លោកអំពី «ការតាំងចិត្តផ្នែកសន្តិសុខដ៏រឹងមាំដូចថ្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះតៃវ៉ាន់»។
ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា តៃវ៉ាន់នឹងនៅតែបន្តពង្រឹងសមត្ថភាពការពារខ្លួននិងធ្វើឱ្យភាពជាដៃគូផ្នែកសន្តិសុខរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅបន្ថែមទៀត៕
វ៉ាស៊ីនតោន —