រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ស្របពេលដែលប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងមុនពេលលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Iwaya បានជួបជាមួយនឹងលោក Cho នៅក្នុងរដ្ឋធានីសេអ៊ូល។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉ខាងត្បូង។ ជំនួបដូចនេះគឺជាជំនួបលើកដំបូងបង្អស់របស់រដ្ឋមន្ត្រីការបរទេសជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងពេលជាង ៦ ឆ្នាំចុងក្រោយនេះ។
លោក Cho បាននិយាយថា លោកនិងលោក Iwaya «បានបង្ហាញក្ដីបារម្ភខ្លាំងក្លាចំពោះការអភិវឌ្ឍនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង» ជាពិសេសទំនាក់ទំនងយោធាកើនឡើងរបស់កូរ៉េខាងជើងជាមួយនឹងរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការបញ្ជូនទាហានកូរ៉េខាងជើងទៅជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ការពិភាក្សានេះក៏ផ្ដោតផងដែរលើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយនឹងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរួមរបស់ប្រទេសទាំងពីរ មុនពេលលោក Trump ដែលធ្លាប់ចោទជាសំណួរចំពោះសម្ព័ន្ធភាពសន្តិសុខអាស៊ីរបស់អាមេរិក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករាខាងមុខ។
ប្រទេសទាំង ៣ បានពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្នុងនោះរួមមានទាំងការចែករំលែកព័ត៌មានអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងផងដែរ។
លោក Cho បាននិយាយថា លោកនិងលោក Iwaya បានឯកភាពគ្នាលើ «ភាពចាំបាច់នៃការបន្តកិច្ចសម្របសម្រួលជិតស្និទ្ធក្នុងចំណោមប្រទេសកូរ៉េ [ខាងត្បូង] ជប៉ុន និងសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង»៕
វេទិកាបញ្ចេញមតិ