ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិកដកតួកគី​ចេញ​ពី​កម្មវិធី​យន្តហោះ​ចម្បាំង​ទំនើប F-35


រូបឯកសារ៖ យន្តហោះចម្បាំងប្រភេទ F-35 របស់ក្រុមហ៊ុន Lockheed Martin ចូលរួមក្នុងពិព័រណ៍អាកាស​នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

លោក Mark Esper រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក ប្រាប់​សមាជិក​សភា​អាមេរិក​ថា លោក​បាន​បញ្ជាក់​ប្រាប់​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​តួកគី​នៅ​ក្នុងការ​​និយាយតាម​ទូរស័ព្ទ​ថា លោកអាច​មាន​ប្រព័ន្ធ​ការពារ​កាំជ្រួច F-400 ឬ​យន្តហោះ​ចំបាំង​អាមេរិក F-35។ លោកមិន​អាច​មានទាំង​២​បាន​ទេ។

សហរដ្ឋ​អាមេរិកនឹង​ដកប្រទេស​តួកគី​ចេញ​ជាផ្លូវ​ការពី​កម្មវិធីយន្តហោះ​ចម្បាំង​ធុន ​F-35 ​របស់​ខ្លួន ​បន្ទាប់​ពី​រដ្ឋាភិបាល​តួកគីបាន​ទទួល​យក​ប្រព័ន្ធការ​ពារ​កាំជ្រួច​មីស៊ីល​ប្រភេទ S-400 របស់​រុស្ស៊ី។

​សេតវិមាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា «ជាអកុ​សល ការ​សម្រេច​របស់​តួកគី​ដើម្បី​ទិញ​ប្រព័ន្ធ​ការ​ពារ​កាំជ្រួច​ប្រភេទ S-400 ធ្វើ​ឲ្យ​ការ​បន្ត​ទាក់​ទិន​នឹង​យន្តហោះ​ចម្បាំងធុន F-35 ​មិន​អាច​ទៅ​រួច។​ យន្តហោះ​ចម្បាំង​ធុន​ F-35 ​របស់​សហរដ្ឋ​អាមេរិក ​មិន​អាចស្ថិត​នៅ​ជាមួយគម្រោង​ប្រមូល​ការស៊ើបការ​សម្ងាត់​របស់​រុស្ស៊ី​ដែល​នឹង​ត្រូវ​គេ​ប្រើដើម្បី​សិក្សា​អំពីបច្ចេក​វិទ្យា​ជឿនលឿន​របស់​សហរដ្ឋ​អាមេរិក​នោះ។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិកជឿ​ថា ការ​សម្រេច​របស់​តួកគី​ដែលជាសម្ព័ន្ធ​មិត្ត​របស់​អង្គ​ការ​អូតង់​ដើម្បី​ប្រើ​បច្ចេកវិទ្យាប្រព័ន្ធ​រ៉ាដា​ជឿនលឿន​រុស្ស៊ី អាច​ធ្វើ​ឲ្យ​ខូច​ប្រ​ព័ន្ធ​យោធា​របស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​នោះ។​ ប្រព័ន្ធ​ការពារកាំជ្រួច S-400 ​អាច​ត្រូវ​គេ​ប្រើ​ដើម្បី​ដៅ​លើ​យន្តហោះ​ចម្បាំងរបស់​អង្គការ​អូតង់​នៅ​តួកគី ​រួមមាន​យន្តហោះ​ធុន F-35 ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ដែល​យន្តហោះ​ចម្បាំងទំនើប​បំផុត​របស់​អង្គការ​អូតង់។

លោក Mark Esper រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក ប្រាប់​សមាជិក​សភា​អាមេរិក​ថា លោក​បាន​បញ្ជាក់​ប្រាប់​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​តួកគី​នៅ​ក្នុងការនិយាយតាម​ទូរស័ព្ទ​ថា លោកអាច​មាន​ប្រព័ន្ធ​ការពារ​កាំជ្រួច F-400 ឬ​យន្តហោះ​ចម្បាំងអាមេរិក F-35។ លោកមិន​អាច​មានទាំង​២​បាន​ទេ។

ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាត់​ផ្តាច់តួកគី​ចេញ​ពី​បញ្ហា​នៃ​យន្តហោះ​ចម្បាំង​ធុន F-35 ​មាន​ន័យថា ​ការ​ផ្តត់​ផ្គង់​យន្តហោះ​នោះ ​បាន​បញ្ឈប់ ​ហើយ​ក្រុមហ៊ុន​តួកគីនឹង​បាត់​បង់​កិច្ច​សន្យា​ដើម្បីស្ថាបនា​ផ្នែក​សំខាន់​ៗ​របស់​យន្តហោះ​ដ៏​ថ្លៃ​និង​ជឿន​លឿន​បំផុត​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG