កិច្ចព្រមព្រៀងនេះក៏មានរួមបញ្ចូលផងដែរនូវការលក់អាវុធអាមេរិកទៅឱ្យប្រទេសប៉ូឡូញ។
នៅពីលើសេតវិមាន មានការហោះនៃកងយន្តហោះប្រតិកម្មប្រយុទ្ធធុន F-35 ដែលជាយន្តហោះទំនើបបំផុតនៅក្នុងកងយោធាអាមេរិក។
លោកប្រធានាធិបតី ត្រាំ និងប្រធានាធិបតីនៃប្រទេសប៉ូឡូញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះបែបនេះឱ្យប្រទេសប៉ូឡូញ កាលពីថ្ងៃពុធទី១២ ខែមិថុនា។
លោក ត្រាំ បាននិយាយថា៖ «កាលពីខែមុន ខ្ញុំមានការពេញចិត្តដែលប្រទេសប៉ូឡូញ បានប្រកាសថា ខ្លួនចង់ទិញយន្តហោះប្រយុទ្ធផលិតក្នុងសហរដ្ឋអាមេរិកធុន F-35 ៣២គ្រឿង គឺដូចយន្តហោះដែលលោកអ្នកទើបបានឃើញទាំងនេះ»។
បន្ថែមលើការលក់កងយន្តហោះចម្បាំងធុន F-35 លោក ត្រាំ បាននិយាយថា លោកបញ្ចូនទាហាន ១ពាន់នាក់ទៅកាន់មូលដ្ឋានអាមេរិកក្នុងប្រទេសប៉ូឡូញ។ចំនួននេះមានបន្ថែមលើបុគ្គលិកយោធាអាមេរិកាំង ប្រមាណ៤ពាន់នាក់ដែលបានតាំងទីរួចស្រេច ហើយនៅក្នុងប្រទេសនេះ។
កាលពីឆ្នាំទៅមិញ ប្រទេសប៉ូឡូញ ក៏បានទិញប្រព័ន្ធរ៉ុក្កែតចល័តអាមេរិកាំងមួយចំនួនផងដែរ។
លោក Duda ដែលបានឈ្នះឆ្នោតតាមរយៈយុទ្ធនាការឃោសនាបោះឆ្នោតនិយមនយោបាយខាងស្តាំ ជាតិនិយម និងប្រឆាំងនឹងអន្តោប្រវេសន៍ បានជំរុញឱ្យមានមូលដ្ឋានយោធាអាមេរិកមួយនៅក្នុងប្រទេសលោកដោយបានសន្យាថា នឹងដាក់ឈ្មោះមូលដ្ឋានសឹកនេះថា «Fort ត្រាំ» ផងដែរ។
លោក Duda ចង់បង្កើនវត្តមានយោធាអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ដើម្បីរារាំងដល់អំពើឈ្លានពានរបស់រុស្ស៊ី។ លោកប្រធានាធិបតីប៉ូឡូញ Duda បាននិយាយថា៖ «ជាការពិត ការណ៍នេះតែងតែអាស្រ័យលើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក»។
លោក ត្រាំ បាននិយាយថា៖ «លោក Duda ចង់ឱ្យមានទាហានយើង ២សែន៥ម៉ឺននាក់ នៅក្នុងប្រទេសលោក។ ខ្ញុំបញ្ជូនទាហានយើងតិចជាងនេះ»។
សមាជិកសភាប្រជាធិបតេយ្ យដែលជាក្រុមប្រឆាំងបានសុំឱ្យលោក ត្រាំ ដាក់គំនាបសង្កត់លើលោក Duda អំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ អង្គការការពារសិទ្ធិមនុស្សនិយាយថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសប៉ូឡូញ ចុះថមថយ ក៏ប៉ុន្តែលោក ត្រាំ បានថ្លែងថា លោកមិនខ្វល់ខ្វាយអំពីប្រទេសប៉ូឡូញ មានដំណើរថយក្រោយខាងសិទ្ធិមនុស្សទេ៕