ក្រសួងការពារជាតិប្រទេសតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះបានទទួលមីស៊ីល S-400 របស់រុស្ស៊ីជាលើកដំបូងកាលពីថ្ងៃសុក្រ។
ប្រព័ន្ធមីស៊ីលការពារដែនអាកាសវង់ប្រតិបត្តិការមធ្យមត្រូវបានបញ្ជូនទៅដល់មូលដ្ឋានទ័ពអាកាស Murted នៅខាងក្រៅរដ្ឋធានីអង់ការ៉ា។ កិច្ចព្រមព្រៀងទិញអាវុធរុស្ស៊ីជាលើកដំបូងដោយសមាជិកអង្គការអូតង់នេះ បាននាំឲ្យមានការព្រួយបារម្ភថា ប្រទេសតួកគីកំពុងខិតកាន់តែជិតទៅរកឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងមូស្គូ។
សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសតួកគីដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញអាវុធតម្លៃជាង២ពាន់លានដុល្លារនេះ ដោយព្រមានដាក់ទណ្ឌកម្មរដ្ឋាភិបាលក្រុងអង់ការ៉ា និងបណ្តេញចេញពីកិច្ចព្រមព្រៀងធ្វើយន្តហោះចម្បាំង F-35 ដែលអាចធ្វើឲ្យប្រទេសតួកគីខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងការបាត់បង់កិច្ចសន្យានេះ។
ប្រទេសតួកគីគ្រោងនឹងទិញយន្តហោះ F-35 ក្រោមកម្មវិធីដែលរួមមានការបណ្តុះបណ្តាលអាកាសយានិកតួកគីនៅសហរដ្ឋអាមេរិកផង។ ឥឡូវកម្មវិធីនេះទំនងជាត្រូវផ្អាក។
សហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតថា ប្រព័ន្ធអាវុធរុស្ស៊ីគឺមិនស្របនឹងប្រព័ន្ធរបស់អង្គការអូតង់ទេ ហើយវាជាការគំរាមកំហែងដល់យន្តហោះ F-35។
ប្រទេសតួកគីបានបដិសេធមិនធ្វើតាមការទាមទាររបស់អាមេរិក ដោយទទូចថាការសម្រេចជ្រើសរើសទិញឧបករណ៍ការពារជាតិគឺជាបញ្ហាអធិបតេយ្យភាពជាតិ៕