ក្រុមប្រឹក្សាអាជីវកម្មសហរដ្ឋអាមេរិក-តៃវ៉ាន់ (U.S.-Taiwan Business Council) បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយនឹងកោះតៃវ៉ាន់ ដែលនេះជាគម្រោងផ្ដួចផ្ដើមមួយដែលមានបំណងបង្កើនល្បឿននៃការបញ្ជូនសព្វាវុធដល់តៃវ៉ាន់ដើម្បីពង្រឹងការទប់ទល់របស់តៃវ៉ាន់ប្រឆាំងនឹងប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
តាំងពីឆ្នាំ ២០១៧ មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធក្នុងទឹកប្រាក់ជាង ២០ ពាន់លានដុល្លារដល់កោះតៃវ៉ាន់ ស្របពេលដែលប្រទេសចិនបានបង្កើនការដាក់សម្ពាធផ្នែកយោធាលើតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង និងដែលចិនអះអាងថាជាដែនដីរបស់ខ្លួន។
ប៉ុន្តែ តៃវ៉ាន់និងសភាសហរដ្ឋអាមេរិកបានបញ្ជាក់ថាអាចមានការពន្យារពេលចំពោះការដឹកជញ្ជូនសព្វាវុធទាំងនេះ ដោយសារតែមានបញ្ហាលំបាកផ្នែកសង្វាក់ផ្គត់ផ្គង់និងឧបសគ្គដែលបណ្ដាលមកពីតម្រូវការកើនឡើងលើប្រព័ន្ធអាវុធមួយចំនួនដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានក្រុមប្រឹក្សាអាជីវកម្មសហរដ្ឋអាមេរិក-តៃវ៉ាន់លោក Rupert Hammond-Chambers បាននិយាយអំពីផែនការផលិតអាវុធរួមគ្នានេះថា៖ «ដំណើរបង្អាក់នេះគឺកើតឡើងនៅដើមដំបូងនៃដំណើរការនេះម្ល៉េះ»។
លោក Hammond-Chambers បានបញ្ជាក់ថា គេនៅមិនទាន់កំណត់នៅឡើយទេថាតើអាវុធប្រភេទណាដែលនឹងត្រូវពិចារណានៅក្នុងផែនការនេះ បើទោះបីជាគេទំនងជាផ្ដោតលើការផ្ដល់ដល់តៃវ៉ាន់នូវគ្រាប់រំសេវបន្ថែមទៀតនិងបច្ចេកវិទ្យាមីស៊ីលដែលបានបង្កើតឡើងជាយូរមកហើយក៏ដោយ។
ប៉ុន្តែលោកបានរំឭកដោយប្រយ័ត្នប្រយែងថា វិធានការដូចនេះនឹងតម្រូវឱ្យក្រុមហ៊ុនផលិតអាវុធទទួលបានអាជ្ញាបណ្ណសហផលិតកម្មពីក្រសួងការបរទេសនិងក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ក្រសួងការបរទេសតៃវ៉ាន់បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយលើរឿងនេះ ប៉ុន្តែបានបញ្ជាក់សារជាថ្មីថា ទំនាក់ទំនងរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកគឺមានលក្ខណៈ «ជិតស្និទ្ធនិងរាក់ទាក់»។
ព័ត៌មានអំពីផែនការផលិតអាវុធរួមគ្នានេះបានលេចឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងវេទិកាមួយនៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃចន្ទថា «ប្រទេសចិនបានតាំងចិត្តបន្តសម្រេចឱ្យបាននូវការបង្រួបបង្រួមឡើងវិញ [ជាមួយនឹងតៃវ៉ាន់] ក្នុងពេលដ៏ឆាប់បំផុតជាងមុន»៕
វ៉ាស៊ីនតោន —