ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ថា ចិន​គឺ «ផ្ទុយ​ស្រឡះ​ពី​មុន» នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Xi Jinping


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ឆ្លើយ​សំណួរ​ក្នុង អំឡុងពេល​សន្និសីទ​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ Stanford ក្នុង​ទីក្រុង Stanford រដ្ឋ California នៅ​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ឆ្លើយ​សំណួរ​ក្នុង អំឡុងពេល​សន្និសីទ​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ Stanford ក្នុង​ទីក្រុង Stanford រដ្ឋ California នៅ​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ប្រទេស​ចិន​គឺ​ជា​បញ្ហា​ប្រឈម​ចំពោះ​ផល​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ប៉ុន្តែ​បើ​ទោះបីជា​មាន «ការ​លេច​ឡើង​នូវ​ទិដ្ឋភាព​ជា​សត្រូវ​យ៉ាង​ច្បាស់» ដូច្នេះ​ក៏ដោយ ក៏​មាន «ទិដ្ឋភាព​បែប​សហប្រតិបត្តិការ» ផង​ដែរ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដូចជា​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​ការ​លើក​កម្ពស់​សុខភាព​នៅ​លើ​ពិភពលោក​ជាដើម។

លោក Blinken ក៏​បាន​បញ្ជាក់​ឡើង​វិញ​ផង​ដែរ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ចំ​ពេល​ដែល​មាន​ការ​ប្រែប្រួល​នៃ​វិធានការ​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់។

លោក Blinken បាន​បន្ថែម​ថា ប្រទេស​ចិន​បាន​ចាត់ទុក​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ថា «មិន​អាច​ទទួល​យក​បាន​ទៀត​ទេ» និង​កំពុង​ធ្វើ​យ៉ាង​ណា​ឱ្យ​កោះ​តៃវ៉ាន់​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន «ក្នុង​ពេល​ដ៏​ឆាប់​បំផុត​ជាង​មុន» និង​អាច​តាម​រយៈ​ការ​ប្រើ​កម្លាំង។

ការ​លើកឡើង​របស់​លោក Blinken នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ធ្វើ​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ២០ ដែល​នៅ​ក្នុង​សមាជ​នេះ​គេ​រំពឹង​ថា​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៅ​អាណត្តិ​ទី ៣ រយៈពេល ៥ ឆ្នាំ​ជា​បន្ត​ទៀត។

លោក Blinken បាន​និយាយ​នៅ​ក្នុង​អំឡុង​ការ​ពិភាក្សា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​នឹង​អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Condoleezza Rice នៅ​ក្នុង​តំបន់ Stanford រដ្ឋ California ថា៖ «ទិដ្ឋភាព​បែប​ប្រកួត​ប្រជែង [នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន] គឺ​ជា​ទិដ្ឋភាព​ចម្បង»។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​ប្រទេស​ចិន​បែប​ផ្សេង​ផ្ទុយ​ស្រឡះ​ពី​មុន​លេច​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Xi Jinping។ វា​មាន​លក្ខណៈ​គាប​សង្កត់​ជាង​មុន​នៅ​ក្នុង​ប្រទេស និង​មាន​លក្ខណៈ​គឃ្លើន​ជាង​មុន​នៅ​បរទេស។ នៅ​ក្នុង​ករណី​ជា​ច្រើន ចំណុច​នេះ​គឺ​ជា​បញ្ហា​ប្រឈម​ចំពោះ​ផល​ប្រយោជន៍​និង​គុណតម្លៃ​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក»។

ប៉ុន្តែ លោក Blinken បាន​បន្ថែម​ថា «បញ្ហា​ធំៗ» មួយ​ចំនួន​ដូចជា​បញ្ហា​អាកាសធាតុ​និង​បញ្ហា​សុខភាព​ពិភពលោក​ជាដើម​គឺ «មាន​ការ​លំបាក​ខ្លាំង​ជាង​មុន​ច្រើន​នៅ​ក្នុង​ការ​ដោះស្រាយ» ប្រសិនបើ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន «មិន​ចូលរួម» នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា៕

XS
SM
MD
LG