ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ថា ចិន​មើល​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​«សង្គ្រាម​កូន​កាត់»​ប្រឆាំង​នឹង​តៃវ៉ាន់


រូបឯកសារ៖ ផែនទី​នៃ​ច្រកសមុទ្រ​តៃវ៉ាន់
រូបឯកសារ៖ ផែនទី​នៃ​ច្រកសមុទ្រ​តៃវ៉ាន់

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ម្នាក់​របស់​កោះ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ចិន​កំពុង​សម្លឹង​មើល​លើ​បទ​ពិសោធន៍​នៃ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ «សង្គ្រាម​កូន​កាត់» ប្រឆាំង​នឹង​តៃវ៉ាន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រើ​ដ្រូន​និង​ការ​ដាក់​សម្ពាធ​ចិត្តសាស្ត្រ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អគ្គនាយក​ការិយាល័យ​សន្តិសុខ​ជាតិ​តៃវ៉ាន់​លោក Chen Ming-tong បាន​ថ្លែង​នៅ​ក្នុង​សភា​តៃវ៉ាន់​ថា ប្រទេស​ចិន​ក៏​កំពុង​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផងដែរ។

លោក​បាន​ប្រាប់​សមាជិក​សភា​តៃវ៉ាន់​ថា៖ «នៅ​ឆ្នាំ​នេះ យោធា​កុម្មុយនីស្ត [របស់​ចិន] បាន​ដក​យក​បទ​ពិសោធន៍​ពី​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ដើម្បី​បង្កើត [យុទ្ធសាស្ត្រ] «សង្គ្រាម​កូន​កាត់» ប្រឆាំង​នឹង​តៃវ៉ាន់ និង​ដើម្បី​ពង្រឹង​ការ​ហ្វឹកហាត់​ប្រយុទ្ធ​និង​ការ​ត្រៀម​លក្ខណៈ​របស់​ខ្លួន​ប្រឆាំង​នឹង​សត្រូវ​ខ្លាំងក្លា​នានា»។

លោក Chen បាន​បន្ថែម​ថា បន្ទាប់ពី​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា​មក ប្រទេស​ចិន​បាន​ពង្រីក​សកម្មភាព​បង្កហេតុ​បែប​កូន​កាត់​របស់​ខ្លួន​ប្រឆាំង​នឹង​តៃវ៉ាន់ ជាពិសេស​បាន​បង្ហោះ​ដ្រូន​ទៅ​ជិត​កោះ​នានា​ដែល​កាន់កាប់​ដោយ​តៃវ៉ាន់​និង​បង្ហោះ​ចូល​ទៅ​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។

ការិយាល័យ​របស់​ប្រទេស​ចិន​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់​មិន​ទាន់​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​បញ្ចេញ​មតិ​លើ​រឿង​នេះ​ទេ។

លោក Chen បាន​បញ្ជាក់​ថា ការ​គំរាមកំហែង​បែប​យោធា​របស់​ចិន​បាន​ធ្វើ​ឱ្យ​តៃវ៉ាន់​ទទួល​បាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​និង​ពី​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ធានា​ថា​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អ៊ុយក្រែន​នឹង​មិន​កើតឡើង​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ​ឡើយ។

លោក​បាន​បន្ថែម​ថា ករណី​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​តៃវ៉ាន់​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ចិន និង​រារាំង «ផែនការ​សម្ងាត់​របស់​ចិន​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​តៃវ៉ាន់»៕

XS
SM
MD
LG