ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិកាំង​អះអាង​ជាថ្មី​ពី​ទំនាក់ទំនង​អាមេរិក​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក


រូបឯកសារ៖ កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

សមាជិក​សភា​អាមេរិកាំង​ថ្លែង​ពី​ឱកាស​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិកក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​កុម្មុយនិស្ត​ចិន​ដែល​កាន់តែ​កើន​ឡើង។

លោក​ Donald Norcross សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យរដ្ឋ ​New Jersey ​យល់​ថា​ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​មាន​ការផ្លាស់ប្តូរ​«យ៉ាង​ធំសម្បើម​លើ​ទស្សនៈ​និង​យោបល់​»ចំពោះ​សក្តានុពល​សេដ្ឋកិច្ច​និង​គោលនយោបាយ​វាតទី​និយម​របស់​ប្រទេស​ចិន។​ ការណ៍​នេះ​ខុស​ពី​រយៈពេល​កន្លង​មក​ដែលសហរដ្ឋ​អាមេរិក​ក៏​ដូចជា​ប្រទេស​មួយ​ចំនួន​មើល​ទៅ​ចិន​តែ​ត្រឹម​ជា​កន្លែង​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ថោក​ប៉ុណ្ណោះ។

លោក Donald Norcross ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តាម​អនឡាញ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​Wilson ​កាលពី​ដើម​ខែ​តុលាបន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​ថា៖​

«អ្វី​ដែល​យើង​មើល​ឃើញ​គឺ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​យល់​ដឹង​ច្បាស់​នៅ​គ្រប់​កម្រិត​ជាង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​មាន​ក្រុម​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដែល​យល់​យ៉ាង​ច្បាស់​ថា​ការគំរាម​កំហែង​[ពី​ចិន]​ពិតជា​មាន​មែន»។

លោក ​Rob Wittman សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Virginia ​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ​ថា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ដូច​ជា​អូស្ត្រាលី​មើល​ទៅ​ប្រទេស​ចិន​ដោយ​ក្រសែភ្នែក​ផ្សេង​នៅ​មុន​ពេល​មាន​វិបត្តិ​សុខភាព​សាកល​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩។​ ជាពិសេសវិធី​ដោះស្រាយ​ដែល​ចិន​ពាក់​ព័ន្ធ​នឹង​វីរុស​ដ៏​ប្រល័យ​នេះ​ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០១៩។ រដ្ឋាភិបាល​ចិន​ត្រូវ​បាន​គេស្តី​បន្ទោស​ថា​មិនមាន​តម្លាភាព​ក្នុង​ការចែករំលែក​ព័ត៌មាន​ពី​វីរុស​កូរ៉ូណា​និង​ប្រភព​របស់​វា។ ចិន​ថែម​ទាំង​បាន​ដាក់​របាំង​ពាណិជ្ជកម្ម​លើ​ទំនិញ​អូស្ត្រាលី​មួយ​ចំនួន​បន្ទាប់​ពី​អូស្ត្រាលី​គាំទ្រ​ឲ្យ​ស៊ើបអង្កេត​ស្វែងរក​ប្រភព​វីរុស​នោះ។ ​

លោក Wittman ​បានថ្លែងថា៖

«ពួកគេ​មិន​មើល​មក​ប្រទេស​ចិន​ថា​ជាមិត្ត​ភក្តិទេ។ ពួកគេ​មើល​មក​ចិន​ថា​ជា​សត្រូវ​យុទ្ធសាស្ត្រ»។​

លោក ​Wittman ​បន្ថែម​ថា​ឥរិយាបទ​ស្រដៀងគ្នា​នេះ​មាន​នៅ​វៀតណាម​និង​ហ្វីលីពីន​តាម​រយៈ​មន្ត្រី​ដែល​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ក្នុង​ពេល​កន្លងមក។

លោកបាន​បន្ថែម​ថា៖

«ដូច្នេះ​ខ្ញុំ​ឃើញ​ថា​មាន​ឱកាស​ជា​យុទ្ធសាស្ត្រ​ថែម​ទៀត​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ដោយសារ​តែ​សកម្មភាព​គឃើ្លន​របស់​ចិន​ដែល​ខ្ញុំ​គិត​ថា​វា​នឹង​បន្ត​កើន​ឡើង​»។

រូបឯកសារ៖ លោក​ Donald Norcross សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​ New Jersey ថ្លែង​អំពីហេតុការណ៍​វាយប្រហារ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​ Donald Norcross សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​ New Jersey ថ្លែង​អំពីហេតុការណ៍​វាយប្រហារ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ លោក ​Rob Wittman សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Virginia ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មយយ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ លោក ​Rob Wittman សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Virginia ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មយយ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចិន​បាន​ផ្តល់​ជំនួយ​សេដ្ឋកិច្ច ​យោធានិង​ការគាំទ្រ​នយោបាយ​ ជាច្រើន​ដល់​ប្រទេស​កម្ពុជា​និង​ឡាវ។​ ក្រុង​ប៉េកាំង​ក៏​មាន​ទំនាស់​ដណ្តើម​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ផងដែរ។ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ជំរុញ​ឲ្យ​មាន​សេរីភាព​នាវាចរណ៍​នៅ​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ចរាចរណ៍​ពាណិជ្ជកម្ម​ដ៏​មមាញឹក​នេះ​ដោយ​បាន​បើក​នាវា​ចម្បាំង​ឆ្លងកាត់​ជា​ប្រចាំ។​

ការសិក្សា​របស់​វិទ្យាស្ថាន ISEAS-Yusof Ishak របស់​សិង្ហបុរី​ពី​ស្ថានភាព​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០២០(The State of Southeast Asia: 2020 Survey Report) បាន​រកឃើញ​ថា​ការប្រកួត​ប្រជែង​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​គឺ​ជា​ក្តី​បារម្ភ​ចម្បង​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ បញ្ហា​ប្រឈម​ចំនួន​៣​ដែល​ពួកគេ​មើល​ឃើញ​គឺ​ការតានតឹង​ផ្នែក​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ច្រកសមុទ្រ​តៃវ៉ាន់​ និង​ឧបទ្វីប​កូរ៉េ។

វិទ្យាស្ថាន​នេះ​រកឃើញ​ថា​៥២,២%​នៃ​អ្នកឆ្លើយតប​នឹង​ការស្ទង់មតិ​ដែល​មាន អ្នកនយោបាយ​ សកម្មជន​សង្គម​ស៊ីវិល​ អ្នកសារព័ត៌មាន​និង​អ្នក​ជំនួញ​នៅ​ក្នុង​តំបន់​អាស៊ានយល់​ថា​ចិន​មាន​អំណាច​យុទ្ធសាស្ត្រ​និង​ឥទ្ធិពល​បំផុត​នៅ​ក្នុង​តំបន់។ ​ទន្ទឹម​នឹង​នោះ​ដែរ​ពួកគេ​ចំនួន​៨៥,៤%​សម្តែង​ការព្រួយ​បារម្ភ​ពី​ការកើន​ឡើង​នៃ​ឥទ្ធិពល​យុទ្ធសាស្ត្រ​និង​នយោបាយ​របស់​ចិន។​

លោក​ Whittman ​យល់​ថា​អាមេរិក​កំពុង​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ជាមួយ​នឹង​តំបន់​អាស៊ាន​ក៏​ដូច​ជា​ពង្រឹង​ផលិតកម្ម​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ដោយ​លែង​ទុក​ឲ្យ​ចិន​ជា​អ្នក​ផលិត​ជំនួស។ ទន្ទឹម​នឹង​នោះ​អាមេរិក​ក៏​ជួយប្រទេស​ដទៃ​កុំ​ឲ្យ​ពឹងពាក់​ខ្លាំង​ពេក​លើ​ប្រទេស​ចិន។​

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ឆ្វេង) ដើរជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ឆ្វេង) ដើរជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

លោក Donald Norcross ​ក៏​បាន​បញ្ជាក់​ដែរ​ថា​អាមេរិក​យក​ចិត្ត​ទុកដាក់​ដល់​ការបណ្តុះ​បណ្តាល​មេដឹកនាំ​ជំនាន់​ក្រោយ​និង​ការឆ្លើយតប​នឹង​បម្រែបម្រួល​អាកាស​ធាតុជា​ពិសេស​លើ​បញ្ហា​សុខភាព​កូវីដ​១៩៖

«អ្វី​ដែល​យើង​ឃើញវិធី​ដែល​ប្រទេស​យើង​ធ្វើការងារ​ខុស​ពី​ប្រទេស​ចិន​គឺ​យើង​ជួយ​ប្រទេស​ដទៃ​ដែល​មិន​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ ឲ្យ​បាន​ប្រើ​វ៉ាក់សាំង​ដើម្បី​ថែទាំ​សុខភាព​។ នេះ​គឺ​ជា​ការខុសគ្នា​ហើយ​ជា​អ្វី​ដែល​ប្រទេស​ទាំងនោះ​មើល​មក​យើង»។

សមាជិក​រដ្ឋសភា​ទាំងពីរ​ឲ្យ​ដឹង​ថា​អាមេរិក​ក៏​កំពុង​ពង្រឹង​កងកម្លាំង​យោធា​នៅ​ក្នុង​តំបន់​ដែល​អាច​ទប់ស្កាត់​ចិន​នៅ​ពេល​ណា​ដែល​ចាំបាច់​និង​បាន​ព្រមាន​មិន​ឲ្យ​ប៉ះពាល់​ដល់​ដែនដី​របស់​អាមេរិក​ដូចជា​កោះ Guam ​ដែល​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

រូបឯកសារ៖ ប្រធាន​មជ្ឈមណ្ឌល East-West Center អ្នកស្រី Suzanne Puanani Vares-Lum (ឆ្វេង) ថ្លែង​សុន្ទរកថា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក​-ប្រទេស​នៅ​តំបន់ប៉ាស៊ីហ្វិក ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធាន​មជ្ឈមណ្ឌល East-West Center អ្នកស្រី Suzanne Puanani Vares-Lum (ឆ្វេង) ថ្លែង​សុន្ទរកថា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក​-ប្រទេស​នៅ​តំបន់ប៉ាស៊ីហ្វិក ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។

អ្នកតាក់តែង​ច្បាប់​ទាំងពីរ​ក៏​បាន​ថ្លែង​ពី​ការកសាង​ទំនុកចិត្ត​របស់​បណ្តា​ប្រទេស​នៅ​អាស៊ី​ឡើងវិញ​ក្រោយ​ពី​រដ្ឋបាល​លោក ​ដូណាល់ ត្រាំ ​បាន​បោះបង់​ចោល​កិច្ចព្រមព្រៀង​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​រដ្ឋបាល​លោក​បារ៉ាក់ អូបាម៉ា​បាន​ចរចា​អស់​ជាច្រើន​ឆ្នាំដែល​នាំ​ឲ្យ​មាន​ការបារម្ភ​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ​នៅ​ពេល​ប្តូរ​មេដឹកនាំ​សេតវិមាន។ ទន្ទឹម​នេះ​ដែរ សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ដែល​បង្កឡើង​ដោយ​រុស្ស៊ីបាន​ទាក់ទាញ​ធនធាន​និង​ចំណាប់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ផ្តោត​លើតំបន់​អឺរ៉ុប។

ប៉ុន្តែ​លោក Rob Wittman ​បាន​បន្ថែម​ថា​ការចូលរួម​របស់​អាមេរិក​នៅ​លើកនេះ​គឺ​មាន​រយៈពេល​យូរ៖

«កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​បាន​ចាប់ផ្តើម​ហើយ​ជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងនោះ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​នាម​ជា​ដៃគូ​ជាមួយ​នឹង​ពួកគេ។ ដូច​ដឹង​ហើយ​ថា​យើង​បង្វែរ​ធនធាន​ទៅ​ទីនោះ​ចំនួន​៨០០​លាន​ដុល្លារ​ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ​ដើម្បី​យើង​អាច​ឲ្យ​ប្រទេស​ទាំង​នោះ​ដឹង​ថា​យើង​មិនមែន​បាន​តែ​និយាយ​ទេ​ប៉ុន្តែ​ថែមទាំង​មាន​សកម្មភាព​និង​វត្តមាន​ផងដែរ»។

ក្នុង​ចំណោម​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ​គឺ​តាម​រយៈ​ការប្រើប្រាស់​ចំណង​ទាក់​ទង​ដែល​មាន​ស្រាប់​ជាមួយ​នឹង​ជប៉ុន​និង​អូស្ត្រាលី​។ កាលពី​ខែ​ឧសភា​ឆ្នាំ​នេះ​ សេតវិមាន​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដោយ​រៀបចំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​ ក្នុង​ពេល​នោះ​រដ្ឋបាល​លោកJoe Biden ​បាន​ប្តេជ្ញា​ធ្វើការ​ជាមួយ​នឹង​តំបន់​កាន់តែ​ច្រើន​ជាងមុន​លើ​បញ្ហា​ជាច្រើន​ក្នុង​នោះ​សេដ្ឋកិច្ច​ សន្តិសុខ​ ការប្រែប្រួល​អាកាស​ធាតុ​និង​សុខភាព​សាធារណៈ។

បណ្តា​ប្រទេស​ដែន​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ចិន​ទាក់ទាញ​ផងដែរ។ ប្រទេស​ដែន​កោះ​សូឡូម៉ុង​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​នឹង​ប្រទេស​ចិន​កាលពី​ខែ​មេសា​ដែល​បាន​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ដល់​ប្រទេស​អូស្ត្រាលី​ដែល​នៅ​ជិតខាង។​ ប៉ុន្តែ​កាលពី​ដើម​ខែ​តុលា​នេះ​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ជួប​គ្នា​ដោយមានការ​ធានា​ដល់​អូស្ត្រាលី​ថា​នឹង​មិន​មាន​វត្តមាន​យោធា​ចិន​នៅ​ដែនកោះ​សូឡូម៉ុង​ទេ៕

XS
SM
MD
LG