កំណត់និពន្ធ៖ គណៈកម្មការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកបានធ្វើសវនាការកាលពីថ្ងៃទី២១ខែសីហា ពិនិត្យមើលលើ«សិទ្ធិអចលនទ្រព្យនិងការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍»ដោយសារការអភិវឌ្ឍនៅប្រទេសមួយចំនួនក្នុងតំបន់នោះបានប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។ លោករីឆាដ រ៉ូជឺ មេធាវីតំណាងឱ្យពលរដ្ឋរងគ្រោះដោយសារការអភិវឌ្ឍក្នុងប្រទេសកម្ពុជាបានចូលរួមផ្តល់សក្ខីកម្មពីសំណុំរឿងដែលលោកបានដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិតំណាងឱ្យពលរដ្ឋទាំងនោះ។ ខាងក្រោមនេះជាបទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោករីឆាដ រ៉ូជឺ៖
VOA៖ សូមជម្រាបសួរលោករីឆាដ រ៉ូជឺ ពីរដ្ឋធានី វ៉ាស៊ីនតោន!
លោករីឆាដ រ៉ូជឺ៖ បាទសូមជម្រាបសួរ!
VOA៖ សូមអរគុណដែលអនុញ្ញាតឱ្យខ្ញុំបានសម្ភាសលោកទាក់ទងនឹងសំណុំរឿងទៅសាលាក្តី ព្រហ្មទណ្ឌអន្តរជាតិ។ តើលោកអាចបញ្ជាក់បានទេថាមកដល់ពេលនេះសំណុំរឿងនោះ មានការវិវត្តន៍យ៉ាងណាហើយ?
រីឆាដ រ៉ូជឺ៖ យើងបានដាក់សេចក្តីជូនដំណឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅខែតុលា ឆ្នាំ២០១៤។ យើងក៏បានដាក់សេចក្តីជូនដំណឹងទីពីរដែលផ្តល់ព័ត៌មានលម្អិតអំពីការឈឺចាប់របស់ជនរងគ្រោះដែលជាព័ត៌មានថ្មីពីការរឹបអូសយកដីធ្លីដែលកំពុងកើតមានឡើង។ យើងបានដាក់បន្ថែមនៅខែកក្កដាឆ្នាំនេះ។ ដូច្នេះក្រុមរដ្ឋអាជ្ញាឥឡូវនេះមានព័ត៌មានសង្ខេបចំនួនពីរ។ យើងដឹងថាតុលាការបានចំណាយកម្លាំងដើម្បីពិនិត្យមើលសំណុំរឿងនេះហើយ។ កាលពីឆ្នាំ មុនតុលាការរវល់លើសំណុំរឿងដទៃទៀតប៉ុន្តែឥឡូវនេះតុលាការបានចាត់តាំងមនុស្សជាច្រើនឱ្យពិនិត្យមើលសំណុំរឿងនេះហើយ។ យើងសង្ឃឹមថាពួកគេនឹងឱ្យយើងដឹងក្នុងរយៈពេលប្រហែលជា៦ខែទៀតថាតើតុលាការនឹងសម្រេចរុញសំណុំរឿងនេះទៅដំណាក់កាលបន្ទាប់ទៀតឬយ៉ាងណា។
VOA៖ តើហេតុអ្វីបានជាលោកត្រូវដាក់បន្ថែមឯកសារដោយសារតែលើកមុនមិនមានភស្តុតាងគ្រប់គ្រាន់មែនទេ?
រីឆាដ រ៉ូជឺ៖ បាទ យើងមានភស្តុតាងគ្រប់គ្រាន់រួចហើយប៉ុន្តែអ្វី ដែលយើងមើលឃើញគឺថាឧក្រិដ្ឋកម្មនេះនៅបន្តកើតមានជារៀងរាល់ថ្ងៃ។ ដូច្នេះវាជាការសំខាន់ណាស់ដែលយើងត្រូវផ្តល់ជូនក្រុមរដ្ឋអាជ្ញានូវព័ត៌មានចុងក្រោយបំផុតអំពីការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ទម្រង់ផ្សេងទៀតនៃការធ្វើទុក្ខបុក្ខម្នេញអ្នកបញ្ចេញមតិជំទាស់ដែលនៅតែកើតមានចាប់តាំងពីយើងបានដាក់ព័ត៌មានលើកទីមួយ។ យើងគិតថាវាជាការសំខាន់ដែលលោកស្រីរដ្ឋអាជ្ញាមានព័ត៌មានគ្រប់គ្រាន់នៅចំពោះមុខហើយក៏ដើម្បីឱ្យលោកស្រីយល់ថាដរាបណាមិនចាត់ការអ្វីទេចំនួនជនរងគ្រោះនឹងបន្តកើនឡើង។
VOA៖ កាលពីសប្តាហ៍មុនមានសវនាការសភាសហរដ្ឋអាមេរិកមួយដែលផ្តោតលើការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍។ លោកក៏ជាអ្នកផ្តល់សក្ខីកម្មម្នាក់នៅទីនោះដែរ។ តើលោកមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះសវនាការនេះ?
រីឆាដ រ៉ូជឺ៖ ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់។ វាជាសវនាការដែលចុះទៅធ្វើនៅដល់កន្លែងព្រោះ ធ្វើនៅក្រុងឡូសអាន់ជឺឡេស។ មានអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកចំនួន៥នាក់ដែលមកពីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យបានចូលរួម។ ពួកគេចាប់អារម្មណ៍ចង់ដឹងពីសភាពការណ៍កម្ពុជាពាក់ព័ន្ធនឹងអចលនទ្រព្យ ការរឹបអូសយកដីធ្លី និងការជម្លៀសមនុស្សដោយបង្ខំ។ ហើយគេសួរខ្ញុំចំៗលើបញ្ហាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ខ្ញុំបានធ្វើបទបង្ហាញដែលផ្តល់ពីទិដ្ឋភាពរួមនៃសភាពការណ៍នោះហើយគេសួរសំណួរខ្ញុំខ្លះអំពីតុលាការព្រហ្មទណ្ឌអន្តរជាតិនិងការវិវត្តន៍ ទាក់ទងនឹងសំណុំរឿងនៅទីនោះ។
VOA៖ ដូច្នេះដោយមានព័ត៌មានថ្មីៗបន្ថែមនិងការធ្វើសវនាការតើសំណុំរឿងនេះមានទម្ងន់ខ្លាំងប៉ុណ្ណាក្នុងការបោះជំហានទៅមុខ?
រីឆាដ រ៉ូជឺ៖ វាពិតជាសំណុំរឿងដ៏ខ្លាំងមួយ។ នេះ បើផ្អែកលើហេតុផលជាច្រើន។ ដំបូងគឺចំនួនជនរងគ្រោះ មានច្រើន យើងមិនមានចំនួនជាក់លាក់ថាមានពលរដ្ឋចំនួនប៉ុន្មានដែលត្រូវគេបណ្តេញចេញដោយបង្ខំប៉ុន្តែយើងគិតថាវាមានចំនួនរាប់ម៉ឺននាក់។ ដូច្នេះចំណុចត្រង់ពលរដ្ឋនេះគឺចំចំណុចការជម្លៀសមនុស្សដោយបង្ខំ ហើយនេះគឺជាឧក្រិដ្ឋកម្មមួយដែលមានចែងនៅ ក្នុងលក្ខខន្តិកៈ របស់តុលាការព្រហ្មទណ្ឌអន្តរជាតិថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ដូច្នេះយើងគិតថាវាជាសំណុំរឿងខ្លាំងមួយដោយសារតែចំនួនជនរងគ្រោះដ៏ច្រើន។ យើងគិតថាវាជាសំណុំរឿងខ្លាំងដោយសារតែភស្តុតាងមានល្អ។ មានសេចក្តីរាយការណ៍ជាច្រើន មានរូបថតជាច្រើន វីដេអូជាច្រើនអំពីហិង្សានៃការបណ្តេញចេញដោយបង្ខំ ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ហើយហេតុផលដែលយើងគិតថាសំណុំរឿងនេះខ្លាំងដោយសារវាទទួលបានការគាំទ្រជាច្រើនពីសហគមន៍អន្តរជាតិ។ យើងមានអង្គការក្រៅរដ្ឋាភិបាលដែលសំខាន់ៗជាច្រើននៅជុំវិញពិភពលោកដែលបានសរសេរលិខិតទៅកាន់លោកស្រីរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិទទូចសុំឱ្យលោកស្រី ចាត់ការ។ យើងមានក្រុមសហជីពអន្តរជាតិ អង្គការ Global Witness ហើយឥឡូវយើងមានសមាជិកសភាសហរដ្ឋអាមេរិកដែលមានចំណាប់អារម្មណ៍ចង់ដឹងបន្ថែមពីសំណុំរឿងនេះ។ ពួកគេចង់ដឹងបន្ថែមទៀតថាតើនឹងអាចធ្វើអ្វីបានដើម្បីទប់ស្កាត់ការរឹបអូសយកដីធ្លី នៅ ក្នុងប្រទេសកម្ពុជា។
VOA៖ នៅ ឯសវនាការនោះ ក៏មានប្រទេសដទៃដែរតើពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេសកម្ពុជាខុសពីគេយ៉ាងម៉េចដែរ?
រីឆាដ រ៉ូជឺ៖ អង្គពិភាក្សាសំឡឹងមើលប្រទេសពីរគឺកម្ពុជានិងហ្វីលីពីនហើយប្រទេសទាំងពីរមានបញ្ហារំលោភយកដីធ្លីដ៏អាក្រក់និងបណ្តេញពលរដ្ឋចេញដោយបង្ខំដូចគ្នា។ ប៉ុន្តែសភាពការណ៍អាក្រក់ខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាគឺអាក្រក់ជាងហ្វីលីពីនឆ្ងាយណាស់។ នៅ ហ្វីលីពីនមានសំណុំរឿងក្រុមឧត្តមសេនីយ៍ អ្នកជំនួញ និងអ្នកនយោបាយលួចប្លន់ដីកសិដ្ឋានមួយកន្លែងៗពីម្ចាស់ដើម។ វាជាការខុសច្បាប់ហើយប៉ុន្តែវាមិនដល់កម្រិតដូចនៅប្រទេសកម្ពុជាទេដែលមានដីរាប់ពាន់ហិកតាត្រូវបានប្រគល់តាមរយៈដំណើរការទុច្ចរិតទៅឱ្យអ្នកជំនួញដែលមានទំនាក់ទំនងជាមួយនឹងក្រុមអ្នកកាន់អំណាចហើយប្រើកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋដើម្បីដេញពលរដ្ឋរាប់ពាន់គ្រួសារចេញដោយបង្ខំ។ ដូច្នេះនៅប្រទេសទាំងពីរពិតជាអាក្រក់ប៉ុន្តែនៅកម្ពុជាអាក្រក់ក្រៃលែង។
VOA៖ លោកមានប្រសាសន៍ពីការគាំទ្រពីអន្តរជាតិ។ ចុះការគាំទ្រពីពលរដ្ឋកម្ពុជានៅក្នុងនិងក្រៅ ប្រទេសកម្ពុជាវិញយ៉ាងណាដែរ?
រីឆាដ រ៉ូជឺ៖ នៅពេលដែលខ្ញុំដាក់សំណុំរឿងបន្ថែមលើកទីពីរទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិយើងមានញត្តិដែលចុះហត្ថលេខាដោយបងប្អូនខ្មែរនៅក្រៅប្រទេសរាប់ពាន់នាក់ស្នើសុំឱ្យរដ្ឋអាជ្ញានៃតុលាការនេះ ចាត់ការលើសំណុំរឿងនេះ។ នេះបង្ហាញថានៅ តែ មានការគាំទ្រជាច្រើនហើយខ្ញុំនៅ តែទទួលបានញត្តិជារៀងរាល់ថ្ងៃពីប្រជាពលរដ្ឋកម្ពុជាដែលចង់ឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិចាត់ការលើសំណុំរឿងនេះ។ ដូច្នេះក្នុងរយៈពេលពីរបីខែទៀតពេលដែលប្រមូលបានញត្តិជាច្រើនទៀតខ្ញុំនឹងដាក់បន្ថែមព័ត៌មានទៅឱ្យតុលាការដើម្បីឱ្យដឹងថាសំណុំរឿងនេះសំខាន់យ៉ាងណាចំពោះពលរដ្ឋកម្ពុជា។
VOA៖ សំណួរចុងក្រោយមួយថាតើយើងនឹងទទួលបានលទ្ធផលពីតុលាការនេះនៅពេលណា?
រីឆាដ រ៉ូជឺ៖ ពិបាកនិយាយបន្តិចដោយសារតែ វាមិនមានពេលវេលាកំណត់ទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិមានធនធានមានកម្រិត ហើយពួកគេត្រូវដោះស្រាយសំណុំរឿងដ៏ច្រើនគគោក។ ដូច្នេះ យើងអត់ដឹងចម្លើយទេប៉ុន្តែយើងគ្រាន់តែសង្ឃឹមថានឹងទទួលបានចម្លើយខ្លះនៅ ក្នុងរយៈពេលប្រហែលជា៦ខែ។ វាជាការសំខាន់ដែលត្រូវចងចាំផងដែរថានេះមិនមែនជាសំណុំរឿងដូចតុលាការក្នុងស្រុកទេ វាជាកិច្ចការធំដុំណាស់សម្រាប់បើកការស៊ើបអង្កេតបឋមឬបើកការស៊ើបអង្កេតពេញលេញលើហេតុការណ៍ណាមួយឬប្រទេសណាមួយ។ ពួកគេត្រូវចាត់ការដោយយឺតៗហើយយ៉ាងប្រុងប្រយ័ត្នពីព្រោះផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេមានទំហំ ធំ ខ្លាំងណាស់។
VOA៖ អរគុណខ្លាំងណាស់លោករីឆាដ រ៉ូជឺដែលផ្តល់បទសម្ភាសដល់ VOA។
រីឆាដ រ៉ូជឺ៖ បាទ ជាការរីករាយណាស់។