ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​រៀបចំ​ប្រមូល​ភស្តុតាង​ប្តឹង​លោក​ហ៊ុន សែន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

  • ហេង រស្មី

លោក សម រង្ស៊ី និង លោក កឹម សុខា ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​នៅ​​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គការ​ទី​៧​ មករា ២០១៤។
ភ្នំពេញ៖ ក្រោយពី​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​បង្ក្រាប​ផ្ទួនៗគ្នា​នៅ​លើ​ការតវ៉ា​ដោយ​សន្តិវិធី​របស់​ក្រុម​បាតុករ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​និង​បាញ់​ឱ្យរង​របួសទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ​ដែល​មាន​ឈ្មោះ​ថា​International Criminal Court​(ICC) ​វិញ​ម្តង។​

ប្រកាស​ក្នុង​អង្គសន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​មេដឹកនាំ​គណបក្ស​ទាំងពីរ​គឺ​លោក​ កឹម សុខា​និង​លោក​ សម រង្ស៊ី​ ​បាន​មាន​ប្រសាសន៍​ថា​គណបក្ស​កំពុង​រៀបចំ​ក្រុម​មេធាវី​អន្តរជាតិ​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ រីឆាត រ៉ជ័រ (Richard J Rogers)​ ដើម្បី​ប្រមូល​ភស្តុតាង​ឧក្រិដ្ឋ​កម្ម​ជាច្រើន​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ប្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ថា​និង​ប្រើ​រយៈពេល​ប៉ុន្មាន​ដើម្បី​ប្រមូល​ភស្តុតាង​ចង​ក្រង​សម្រាប់​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នោះ​ទេ។​

លោក​ កឹម សុខា​បាន​បញ្ជាក់​ថា៖​

«ថ្ងៃនេះ​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ប្រកាស​ជូន​ដល់​សាធារណជន​ជ្រាប​ថា​យើង​នឹង​រៀបចំ​ក្រុម​មេធាវី​អន្តរជាតិ​មួយ​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ជុំវិញ​បទឧក្រិដ្ឋ​ទាំង​ឡាយ។​ដែល​បាន​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​និង​ពេល​ថ្មីៗ​នេះ»។​

បទឧក្រិដ្ឋ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​រួម​មាន​៖​ការ​បាញ់​សម្លាប់​ក្រៅ​ច្បាប់​ទៅ​លើ​ទាហាន​គាំទ្រ​គណបក្ស​ហ៊្វុន ស៊ិន​ប៉ិច​កាល​ពី​រដ្ឋ​ប្រហារ​ថ្ងៃទី​៥​និង​ទី​៦​ខែកក្កដា​ឆ្នាំ​១៩៩៧។​

ការ​បោក​គ្រាប់បែក​ទៅ​លើហ្វូង​បាតុករ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ជាតិ​ខ្មែរ​របស់​លោក​សម រង្ស៊ី​កាល​ពី​ថ្ងៃទី​៣០​ខែមិនា​ឆ្នាំ​១៩៩៧​ដែល​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​និង​រង​របួស​ជាង​១០០នាក់។​ចំណែក​ការ​បាញ់​សម្លាប់​ក្រៅ​ច្បាប់​ដែល​គណបក្ស​សង្គ្រោះជាតិ​ដាក់​សម្រាប់​ភស្តុតាង​បន្ថែម​គឺ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​ទៅ​លើ​ក្រុម​បាតុករ​នៅ​ស្ពាន​ក្បាល​ថ្នល់​ បាញ់​សម្លាប់​ស្ត្រី​អ្នក​លក់​បាយ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​និង​បាន​បាញ់​សម្លាប់​កម្មករ​ចំនួន​៤​នាក់​និង​ជាង​៤០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ការ​បង្រា្កប​ដោយ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​កន្លង​ទៅ​នេះ។​

លោក សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​និង​នាំ​យក​កម្មករ​រង​របួស​ចំនួន​២១​នាក់​ទៅ​ក្រៅ​ប្រទេស​ក្នុង​នាម​ជា​សាក្សី​ និង​ជាដើម​បណ្តឹង​ព្រម​ទាំង​ជា​ជន​រងគ្រោះ​សម្រាប់​រៀបរាប់​ប្រាប់​អន្តរជាតិ​និង​មេធាវី​អំពី​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា​គណបក្ស​និង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​និង​បញ្ចប់​និទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា។​

ការ​រៀបចំ​មេធាវី​អន្តរជាតិ​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​បាន​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​តវ៉ា​ដោយ​សន្តិវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​សៅរ៍។​

លោកផៃ ស៊ីផាន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​លើក​ឡើង​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ពីព្រោះ​ទិសដៅ​របស់​គណបក្ស​ប្រឆាំង​មិន​មែន​មាន​ទិសដៅ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ទេ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឈ្លោះ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តែប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​

«តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ហ្នឹង​គឺ​មិន​មាន​យុត្ថាធិការ​នៅ​ក្នុង​សាច់​រឿង​ហ្នឹង​ទេ​ហើយ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​យុត្ថាធិការ​អង្គហេតុ​ហើយ​នឹង​អង្គច្បាប់​មិន​អាច​មាន​អ្វី​មក​ប៉ះ​ពាល់​សម្តេច​តេជោ​បាន»។​

លោក​ ចាន់ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ខ្វះ​នីតិវិធី​ច្រើន​ណាស់​ក្នុង​ការអនុវត្ត​ដើម្បី​ធ្វើ​ពាក្យ​បណ្តឹង​មួយ​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​

លោក​បាន​បញ្ជាក់​ថា​ស្ថានទម្ងន់​នៃ​បទឧក្រិដ្ឋ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​បី​ដូច​ជាមិន​ទាន់​មាន​កម្រិត​មួយ​ឈាន​ដល់​បទដ្ឋាន​មួយ​ដែល​អាច​ធ្វើ​ពាក្យ​បណ្តឹង​បានទេ។​

លោក​និយាយ​ថា៖

​«​ស្តង់ដា​នៃ​ការប្តឹង​ទៅ​អន្តរជាតិ​វាចាំ​បាច់​ត្រូវ​តែ​មាន​ការឯកភាព​ព្រម​ព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​ផង​ដែរ។​ បើសិន​ជា​ឥឡូវ​ បើសិន​ជារដ្ឋាភិបាលយើង​នៅ​មាន​ចំនុច​មួយ​ដែល​គាត់​បាន​ប្រព្រឹត្ត​ហើយ​គាត់​កំពុង​ព្យាយាម​ គេហៅ​ថា​ដោះ​ស្រាយ​របៀប​ក្រៅ​ប្រព័ន្ធ​តុលាការ​អញ្ចឹង​ក៏​យើង​មិន​អាច​ប្តឹង​ផ្តល់​បាន​ទៀត​ដែរ»។​

គួរ​បញ្ជាក់​ថា​ដើម្បី​ឱ្យតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​លុះត្រា​តែ​ម្ចាស់​ដើម​បណ្ដឹង​ ឬ​ដើម​ចោទ ​អាច​បង្ហាញ ​និង​បញ្ជាក់​ឱ្យរដ្ឋអាជ្ញា​នៃ​តុលាការ​នេះ​ជឿ​ជាក់​ថា ​ទី​១ បទ​ល្មើស​ដែល​ប្ដឹង​ទៅ​នោះ ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី​២ ពាក្យ​បណ្ដឹង​ត្រូវ​មាន​មាន​ភស្តុតាង​បញ្ជាក់​ថា ​បទល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំ​ទូលាយ​មាន​លក្ខណៈ​ជាប្រព័ន្ធ ​និង​ទី​៣ ​តុលាការ​នៅ​ក្នុង​ប្រទេស​នោះ​មិន​មាន​ឆន្ទៈ ​ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​បាន៕
XS
SM
MD
LG