ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ មេធាវី​អង់គ្លេស​ស្វែង​រក​ការ​គាំទ្រ​អន្តរជាតិ​សម្រាប់​បណ្តឹង​ទៅ ​ICC


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​​កំពុង​តែ​ពិនិត្យ​មើល​សំណុំរឿង​​របស់​កម្ពុជា

កំណត់​និពន្ធ៖ ​សំណុំរឿង​ដែល​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC) ​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមេធាវី​នៃ​អង្គការ​ Global Diligence ​បាន​ដាក់​ប្តឹង​ត្រូវ​បាន​តុលាការ​ទទួល​យក​ហើយ ហើយ​កំពុង​តែ​ពិនិត្យ​មើល​ថា​នឹង​ត្រូវ​ធ្វើ​ការអង្កេត​ជា​បឋម​ឬ​យ៉ាង​ណា។

នៅ​ក្នុង​អំឡុង​ពេល​នេះ​លោក ​Richard Rogers ​មេធាវី​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ឱ្យ​តុលាការ​ចាត់​ការ​សំណុំរឿង​នេះ។

លោក​ ម៉ែន គឹមសេង ​នៃ​VOA​បាន​ជួប​សម្ភាស​លោក​ Richard Rogers ​ក្នុង​ពេល​ដែល​លោក​អញ្ជើញ មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ពាក់​កណ្តាល​ខែ​មករា។

VOA​៖ សូម​ជម្រាប​សួរ​លោក​រីឆាដ!

រីឆាដ រ៉ូជឺ ៖ សូម​ជម្រាប​សួរ!​

VOA៖ សូម​អរគុណ​ណាស់​ដែល​បាន​អញ្ជើញ​មក​ការិយាល័យ​ VOA ​ដើម្បី​ពិភាក្សា​ពី​សំណុំរឿង​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

រីឆាដ រ៉ូជឺ ៖ ជាការ​រីករាយណាស់។

VOA៖ លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាល​ពី​ចុង​ឆ្នាំ​មុន។ តើ​មក​ដល់​ពេល​នេះ​សំណុំ​រឿង​នេះ​យ៉ាង​ម៉េច​ហើយ?

រីឆាដ រ៉ូជឺ ៖ ​សំណុំ​រឿង​នោះ​បាន​ដាក់​កាលពី​ថ្ងៃទី​៧​ខែ​តុលាការ​ទៅ​ការិយាល័យ​រដ្ឋ​អាជ្ញា។ ពួក​គេ​បាន​បញ្ជាក់ថា​បាន​ទទួល​រួច​ហើយ​និង​កំពុង​តែ​ពិនិត្យ​មើល​បញ្ហា​នេះ។ ប្រហែល​ជា​ពួកគេ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ដើម្បី​ពិនិត្យ​មើល​ភស្តុតាង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​បឋម​ថា​តើ​ពួកគេ​នឹង​បើកការអង្កេត​បឋម​ឬទេ។

VOA៖ តើ​ពេល​ណា​ទើប​យើង​ដឹង​ថា​គេ​បើក​ការ​អង្កេត​ឬអត់?

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​មិន​ដឹង​ទេ។ មិន​មាន​ចម្លើយ​ជាក់​លាក់​លើ​បញ្ហា​នេះ​ទេ​ព្រោះ ​មិន​អាច​ដាក់កាលកំណត់​ឱ្យ​ប្រត្យក្សលើ​ពួកគេ​ទេ។ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ពួកគេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បឋម​នៅ​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ។ ហើយ​វា​មាន​ពីរ​ដំណាក់​កាល គឺ​ទីមួយ​ថា​តើ​ពួកគេ​នឹង​បើក​ការ​អង្កេតបឋម​ឬទេ ​ហើយ​ដំណាក់​កាលទីពីរ​គឺ​ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​ពេញ​លេញ​ ​ហើយ​ដំណើរការ​នោះ ប្រហែល​ជា​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៀត។

VOA៖ តើ​ក្នុង​សំណុំរឿង​នេះ​លោក​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ប៉ុន្មាន​នាក់​ដែរ?

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​ដាក់​ពាក្យ​ប្តឹង​តំណាងឱ្យ​ជនរងគ្រោះ​ចំនួន​១០​នាក់​ដែល​ផ្តល់​សិទ្ធិ​តំណាង​ជាមេធាវី​ដល់​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​ក៏​ដាក់​ពាក្យ​ប្តឹង​ជួស​មុខ​ឱ្យ​ជន​រងគ្រោះ​ទាំងអស់​នៃ​ឧក្រិដ្ឋ​កម្ម​ដែល​មាន​នៅ​ក្នុង​បណ្តឹង​របស់​ខ្ញុំ។

VOA៖ តើ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្មអ្វី​ខ្លះ?

រីឆាដ រ៉ូជឺ ៖ ចំណុច​សំខាន់​នៃ​បណ្តឹង​នេះ​គឺ​ទាក់​ទង​នឹង​ការរឹបអូស​យក​ដីធ្លី។ នេះ​រួម​មាន​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ ការធ្វើ​ឃាត ​ការ​ចាប់​ឃុំឃាំងមនុស្សដោយ​ខុសច្បាប់ ​ការធ្វើ​ទុក្ខ​បុកម្នេញ​ និង​សកម្មភាព​ព្រៃផ្សៃ​ដទៃ​ទៀត​ដែល​គេ​បាន​ប្រព្រឹត្ត។ នេះ​ជា​ចំណុចសំខាន់​ក្នុង​ការ​ផ្តល់​អំណះ​អំណាង។ ​ប៉ុន្តែ​ក៏​មាន​ផ្នែក​មួយ​ទៀត​ដែរ​ក្នុង​នោះគឺ​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ដើម្បី​ជាផល​ប្រយោជន៍ ​ដល់​ក្រុម​អ្នក​មាន​អំណាច​ក្នុង​គោល​បំណង​រក្សា​អំណាច​តាម​គ្រប់​រូបភាព​ទាំងអស់។​ ហើយ​ទាំងអស់​នេះ​មាន​ជាប់​ទាក់​ទង​នឹង​បទល្មើសរឹបអូស​យក​ដីធ្លី។ ប៉ុន្តែ​ទាំងនេះ​ក៏ រួម​មាន​បទល្មើសដែល​ធ្វើ​ឃាត​លើ​មេដឹកនាំ​សហជីព​ ការបាញ់​មក​លើ​បាតុករ​អហិង្សា ​ការចាប់​ឃុំ​ខ្លួន​សកម្មជន​ដោយ​ខុសច្បាប់ ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​តតាំង​នឹង​អំណាច​របស់​ក្រុម​ដឹកនាំ​ប្រទេស។

VOA៖ ​ដូច្នេះ​ដំណើរ​រឿង​ទាំងនេះ​ចាប់​ផ្តើម​ពី​ឆ្នាំ​២០០២​រហូត​ដល់​ពេល​ឥឡូវនេះឬ​យ៉ាង​ណា?

រីឆាដ រ៉ូជឺ ៖ បាទ ​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចាប់​ផ្តើម​ពី​ខែ​កក្កដា​ឆ្នាំ​២០០២ ​ដូច្នេះ​យើង​មិន​អាច​បញ្ចូល​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ឡើង​នៅ​មុន​ពេល​នោះទេ​ក្រៅ​តែពី​ការ​លើក​ជូន​ជា​បរិបទមួយប៉ុណ្ណោះ។​

VOA៖ អ្នក​ច្បាប់​បាន​ផ្តល់​អំណៈអំណាង​ថា​ល្គឹកណា​ដែល​យន្ត​ការ​ក្នុង​ប្រទេស​ឬ​ថ្នាក់​ជាតិ​បាន​ប្រើប្រាស់​អស់​ហើយ​ទើប​អាច​ឈាន​ទៅ​ដល់​យន្ត​ការ​ក្រៅ​ស្រុក។ តើ​លោក​គិត​ថា​យន្ត​ការ​ទាំងអស់​នោះ​ត្រូវ​បាន​ប្រើប្រាស់​អស់​ហើយ​ឬនៅ?

រីឆាដ រ៉ូជឺ ៖ អ្វី​ដែល​យើង​ត្រូវ​បង្ហាញ​នោះ ​គឺ​តុលាការ​ជាតិ​មិន​មាន​ចេតនា​ឬ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​សំណុំ​រឿង​ដូចនេះ​ដោយ​ខ្លួន​គេ​បាន​ទេ។ ហើយ​ករណី​នេះ​ច្បាស់​ណាស់​ថា​នៅ ​ក្នុង​ប្រទេស​កម្ពុជា​តុលាការ​ ស្ថិត​នៅ​ក្រោមអ្នក​មាន​អំណាច​ប្រើ​ប្រាស់។ ហើយ​គឺ​ពួក​អ្នក​ដឹកនាំ​ដែល​ជាអ្នកប្រព្រឹត្តបទល្មើស​ទាំង​នេះ​ដូច្នេះ​វា​គ្មាន​វិធីណា​ដើម្បី​រក​យុត្តិធម៌ ​ជូន​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

VOA៖ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ខ្លះដែរ​ពី ​សំណុំរឿង​នេះ​ប៉ុន្តែ​លោក​អាច​ប្រាប់​យើង​ខ្ញុំ​បន្ថែម​ទេ​ថា​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ចាប់​តាំងពី​ខែតុលា​ឆ្នាំ​មុន​បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ប្តឹង​ហើយ?

រីឆាដ រ៉ូជឺ ៖ អ្វី​ដែល​សំខាន់​គឺ​បង្ហាញ​ក្រុម​រដ្ឋ​អាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ឱ្យ​ដឹង​ថា​សហគមន៍​អន្តរជាតិ​និង​ជនរងគ្រោះ​កម្ពុជាមិន​ព្រម​ឈរ​មើល​ពលរដ្ឋ​កម្ពុជាលះបង់ចុះ​ញ៉ម​នឹង​មហិច្ចតា​អំណាច​និង​ការលោភលន់​របស់​អ្នក​មាន​អំណាច​ទេ។ ដូច្នេះ​អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​យើង​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​សកម្ម​ជន​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ដើម្បី​សុំ​ឱ្យ​ពួកគេ​គាំទ្រ​ការប្តឹង​នេះ។ ហើយ​រហូត​មក​ដល់​ពេល​នេះ​ យើង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ណាស់​ពី​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស ​អង្គការ​ Global Witness ​ពី​ក្រុម​អ្នក​នយោបាយសេរីនិយម​អន្តរជាតិ ​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០​ដែល​ធ្វើ​ការ​ខាងផ្នែក​ដីធ្លី​នៅ ​ជុំ​វិញ​ពិភពលោក​បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋ​អាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទទូច​សុំ​ឱ្យ​លោក​ស្រី​ចាត់​ការ​លើ​បណ្តឹ​ង​នេះ។

VOA៖ ​តើ​លោក​អាច​ប្រាប់​បាន​ទេ​ថា​ក្នុង​ពេល​អតីត​កាល​លិខិត​និង​ការ​គាំទ្រ​ដែល​លោក​ទើបតែ​លើក​អម្បាញ់​មិញ ​នេះ​បាន​បន្ថែម​លើ​ភាព​បន្ទាន់​និង​ចាំ​បាច់​ដើម្បី​ឱ្យ​តុលាការ​នេះ​ចាត់​ការ​ទេ?

រីឆាដ រ៉ូជឺ ៖ អ្វី​ដែល​យើង​ត្រូវ​ដឹង​គឺ​ថា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មាន​ធនធាន​កំណត់ ​ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាច្រើន​នៅ ​ក្នុង​ពិភពលោក​ ដូច្នេះ​អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ​បញ្ចុះ​បញ្ចូល​លោក​ស្រី រដ្ឋ​អាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថា​លោកស្រី ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​សំណុំ​រឿង​មួយ​នេះ ហើយ​តុលាកា​រឧក្រិដ្ឋកម្ម​អន្តរជាតិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ទស្សនៈ​របស់​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍ ​អន្តរជាតិ​ផងដែរ។ ដូច្នេះ​វាជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ប្រមូលផ្តុំ​ការ​គាំទ្រ​ពី​អ្នក​ទាំង​នោះ​ដើម្បី​បង្ហាញ ​រដ្ឋ​អាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថានេះ​គឺ​ជា​សំណុំ​រឿង​ដែល​គេ​យក​ចិត្ត​ទុកដាក់។

VOA៖ តើ​លោក​ចង់​ប្តឹង​អ្នក​ណា​គេ​ក្នុង​សំណុំ​រឿងនេះ? តើ​លោក​ចង់​សំដៅ​លើ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ឬទេ?

រីឆាដ រ៉ូជឺ ៖ អត់​ទេ។ យើង​អត់​ដាក់​ឈ្មោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនថា​ជា​គោល​ដៅ​ប្តឹង​ទេ។ យើង​បាន​គូស​បង្ហាញ​នូវ​ប្រព័ន្ធ​មួយ​ដែលត្រួត​ត្រា​ដោយ​ក្រុម​កាន់​អំណាច​ហើយ​គឺ​ប្រព័ន្ធ​នោះជាអ្នក​អនុវត្ត​គោល​នយោបាយ​ហើយ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំងអស់​នេះ។ ក្រុម​កាន់​អំណាច​គឺ​មាន​ច្រើន​ជាង​លោក​ហ៊ុន សែន។ វារួម​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ មេបញ្ជាការ​ជាន់​ខ្ពស់​យោធា ​ប៉ូលិស​ កងរាជអាវុធហត្ថ​ និង​អ្នក​ជំនួញ​ធំៗ​ដែល​មានទំនាក់​ទំនង​នឹង​រដ្ឋាភិបាល។ ដូច្នេះ​គឺ​យើង​បាន​លាតត្រដាង​នូវ​ប្រព័ន្ធ​មួយ​ ហើយ​វា​ជា​កិច្ច​ការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​តាម​រក​ភស្តុតាង​និង​តាម​រក​ជនណា​មួយ​ដែល​តុលាការ​ចង់​នាំ​យក​មក​កាត់​ទោស។

VOA៖ ប៉ុន្តែ​នោះគឺ​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​ហើយ​គឺ​គោល​នយោបាយ​ទាំងអស់​នោះ​ដែល​ចេញ​មក​ពី​រដ្ឋបាល​របស់​លោក?

រីឆាដ៖ ​តាម​មើល​ទៅ​វា​ហាក់​ដូច​ជា​គោល​នយោបាយ​ដែល​ជំរុញ​ដោយ​រដ្ឋាភិបាល​ តុលាការ​ICC ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ស្វែងរក​ភស្តុតាងយក​មក​ពិនិត្យ​មើល​ ហើយ​ពិចារណា​ថា​តើ​គោលនយោបាយ​នេះចេញ​ពី​ត្រឹម​កម្រិត​ណា​មក។ ពួកគេ​ប្រហែល​ជា​អាច​រក​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់​ថាចេញ​ពី​កំពូល​មក ឬ​ក៏ ​តុលាការ​អាច​រក​ឃើញ​ថា​ផែនការ​នេះ​រៀបចំ​ឡើង​និង​អនុវត្ត​ដោយ​អ្នក​នៅ ​ខាងក្រោម​ដែល​មាន​ឋានៈ​ត្រឹម​តែ​មេប៉េអឹម។ យើង​បាន​ឮ​សេចក្តី​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា​លោក​សៅ សុខា មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​បាន​ទទួល​សារភាព​ថា លោកទទួល​បានការជំរុញទឹក​ចិត្ត​ដោយ​ហ៊ីត្លែរ។ ដូច្នេះ​នេះ​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​ដាក់​មនុស្ស​ធុន​នេះ​ឱ្យ​កាន់​អំណាច។

VOA៖ និយាយ​ដល់​ចំណុច​នេះ​គឺ​លោក​បាន​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ប្រមូល​ភស្តុតាង​។ តើ​អាជ្ញា​ធរ​បាន​សហការ​និង​ផ្តល់ការ​គាំទ្រ​កម្រិត​ណា​ដែរ?

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ ​មនុស្ស​ជាច្រើន​នៅ ​ក្នុង​រដ្ឋាភិបាល​ហើយ​ខ្ញុំ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ។ ខ្ញុំ​ក៏​អត់​មាន​អ្វី​ភ្ញាក់​ផ្អើល​ដែរ​។ ប៉ុន្តែ​ជាចំហរ​ពួកគេ​ឆ្លើយ​ថា​ពួកគេ​នឹង​មិន​សហការ​ទេ។ នេះ​ក៏ គ្មាន​អ្នក​ណា​ភ្ញាក់ផ្អើល​ដែរ។ យ៉ាង​ណា​ក៏ដោយ​ខ្ញុំ​មាន​របាយការណ៍​រាប់​រយ​ដែលចេញផ្សាយ​ដោយអង្គការ​សិទ្ធិ​មនុស្ស​ទាំងនៅ​ក្នុង​ប្រទេសកម្ពុជា​និង​អន្តរជាតិ​ ក៏​ដូច​ជា​មក​ពី​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។ ដូច្នេះ​ខ្ញុំ​មាន​ភស្តុតាង​ច្រើន​ដែល​ត្រូវ​ស្រង់​យក។​

VOA៖ តើ​លោក​មាន​ធ្វើការ​បញ្ជាក់​បន្ថែម​ទេ​ថា​ពួកគេ​គឺ​ជា​ជន​រងគ្រោះ​ពិតប្រាកដ ​មិន​មែន​ជា​អ្នក​ដែល​មក​ទន្រ្ទាន​ចូលដី​រដ្ឋ?

រីឆាដ រ៉ូជឺ ៖​ នេះ​គឺ​ជា​សំណួរ​ផ្នែក​ច្បាប់​ដ៏ ​ស្មុគស្មាញ​ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ដើម្បី​តាំង​ទីលំនៅ​ប្រសិន​បើ​គេ​បណ្តេញ​អ្នក​ទាំងនោះ​ចេញ​គឺត្រូវ​តែ​មាន​នីតិ​វិធី​តុលាការ​ត្រឹម​ត្រូវ​មួយ​ដែល​មាន​ការ​ផ្តល់​សំណង​ ការបើក​សវនាការ ​និង​ជំនួយ​ផ្នែកផ្លូវ​ច្បាប់​ដើម្បី​ឱ្យ​ពួកគេ​អាច​ការពារ​ខ្លួននៅ​ពីមុខ​តុលាការ។ ហើយ​ប្រសិន​បើ​អត់​មាន​អញ្ចឹ​ងទេ​នោះ​គឺ​ជា​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ដោយ​ខុសច្បាប់​ទោះបី​ជាអ្នក​ទាំងនោះ​មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី ឬ​គ្មាន។

VOA៖ សំណុំរឿង​ដូច​នេះ​ដែល​ធ្លាប់​មាន​ឈាន​ទៅ​ដល់​ការ​នាំ​យក​អ្នក​ដែល​ពាក់​ព័ន្ធ យក​មក​កាត់​ទោស​ឬទេ?

រីឆាដ រ៉ូជឺ ៖ ICC ​គឺ​ជា​តុលាការ​ថ្មី​ដែល​ទើប​បង្កើត​បាន​១២​ឆ្នាំ។ ហើយ​ទើប​តែ​បើក​ការ​ស៊ើបអង្កេត​ពេញ​លេញ បាន​ចំនួន​៩ករណីហើយ​កាត់​ទោស​មនុស្ស​ពីរ​នាក់។ ដូច្នេះ​មិន​មាន​សំណុំរឿង​ច្រើន​ដែល​អាច​យក​មក​ប្រៀបធៀប​បាន។ ប៉ុន្តែ​ក្នុង​ករណី​ប្រទេស​កេនយ៉ា ​មានការ​ចោទ​ប្រកាន់ទាក់​ទង​នឹង​ការ​ផ្ទេរ​ពលរដ្ឋ​ដោយ​បង្ខំ។ ដូច្នេះ​ពួកគេ​បាន​សម្រេច​រួ​ចហើយ​ថា​នេះ​គឺ​ជា​ការ​ចោទប្រកាន់​មួយ​ដែល​ពួកគេ​នឹង​ត្រូវ​តែ​ពិនិត្យមើល​ហើយ​ការ​ផ្ទេរ​មនុស្ស​ដោយ​បង្ខំ គឺ​ជា​បទល្មើស​ដែល​មាន​ចែង​យ៉ាង​ច្បាស់​នៅក្នុង​លក្ខន្តិកៈ​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ។

VOA៖ ដូច្នេះ​តើ​កូនក្តី ​របស់​លោក​មាន​ក្តី​សង្ឃឹម​ប៉ុណ្ណាដែរ​ពី​សំណុំរឿង​នេះ?

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែ​មាន​ភាព​ប្រាកដ​ប្រជា​ព្រោះ តុលាការ​ ICC ​មាន​សំណុំ​រឿង​ច្រើន​ណាស់​ដែល​ពួកគេ​ត្រូវ​ពិនិត្យ​មើល​ មាន​សង្គ្រាម​បង្ហូរ​ឈាម​នៅ​ទូទាំង​ពិភពលោក​ ដូច្នេះពួកគេ​ត្រូវ​តែ​ជ្រើស​រើស​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន។ មិន​មាន​អ្វី ដែល​ធានា​ថា​គេ​ត្រូវ​តែ​សម្រេច​យក​សំណុំ​រឿង​នេះ​ទេ​ដោយ​សារ​តែ​ពួកគេ​មិន​មាន​ធន​ធាន​គ្រប់​គ្រាន់។ ប៉ុន្តែ​យើង​មាន​សង្ឃឹម​ណាស់​ថា​នឹង​ឈាន​ដល់​ដំណាក់​កាល​ទីមួយ។ គិត​ត្រឹម​ឆ្នាំ​ក្រោយ​ពួកគេ​នឹង​បើក​ការ​អង្កេតបឋម​លើ​សំណុំ​រឿង​នេះ​ហើយ​បន្ទាប់​មក​យើង​នឹង​ដឹង​ថា​ពួកគេ​ចង់​ចាត់ការ​បន្ត​ទៀត​ឬ​ទេ។

VOA៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទើប​តែ​ប្រារព្ធ​ឆ្នាំ​ទី​៣០​នៃ​ការចូលកាន់​អំណាច​របស់​គាត់បាន​ន័យ​ថា​លោក​បាន​កាន់​អំណាច​តាំង​ពី​រដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ទទួលស្គាល់​តិចតួច​រហូត​ដល់​បាន​ការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក។ តើ​តុលាការ​នេះ​មាន​យុត្តាធិការ​យ៉ាង​ណា​ក្នុង​ការ​នាំ​យកអ្នក​ដែល​នៅ​កាន់​អំណា​ច​មក​កាត់​ទោស?

រីឆាដ រ៉ូជឺ ៖ ​គ្មាន​អ្នក​ណា​ម្នាក់​រួចផុត​ពីការ​នាំ​យក​មក​កាត់​ទោស​ដោយ​ តុលាការ​ ICC ​ទេ​ល្គឹកណា​តុលាការ​នេះ​មាន​យុត្តាធិការ​លើ​ប្រទេស​នោះ។ តុលាការ​នេះ​ពិត​ជា​មាន​យុត្តាធិការ​លើ​ប្រទេស​កម្ពុជា​ព្រោះ​កម្ពុជា​បាន​ចុះ ហត្ថលេខា​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម ដូច្នេះ​វា​មិន​ជា​បញ្ហា​អ្វី​ទេ​ថា​អ្នកនោះ​មាន​តំណែង​ប៉ុណ្ណា។ មាន​ប្រមុខ​រដ្ឋ​ជាច្រើន​ធ្លាប់​ត្រូវ​តុលាការ​ ICC ​នាំ​យក​មក​កាត់​ទោស។ យើង​មាន​ករណី​លោក​អាល់​បាស្ហៀ នៃ​ប្រទេស​ស៊ូដង់ មាន​កាដាហ្វីនៃប្រទេស​លីប៊ី ​ដូច្នេះ​មាន​ឧទាហរណ៍​ច្រើន​ណាស់​ដែល​តុលាការ​ ICC ​តាម​រក​ភស្តុតាង​ជាក់​ស្តែង​ដែល​មាន។ ពួកគេ​នឹង​នាំ​មនុស្ស​នោះ មក​កាត់​ទោស។

VOA៖ មាន​សំណួរ​មួយ​នេះ​ដែល​គេ​បាន​សួរ​គ្នា​ហើយ​បាន​លើក​ឡើង​ជាច្រើន​នៅ​ក្នុងប្រទេស​កម្ពុជា​នោះគឺ​គេ​ថា​លោក​ដូច​ជា​ធ្វើ​ការ​ឱ្យ​គណបក្ស​ប្រឆាំង។ តើ​កូនក្តី​របស់​លោក​គឺ​ជា​សមាជិក​គណបក្ស​ប្រឆាំង​ឬទេ? ឬក៏​នេះ​ជា​ករណី ពីរ​ខុសគ្នា?

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​មិន​ធ្វើការ​ឱ្យ​គណបក្ស​ប្រឆាំង​ទេ។ សំណុំរឿង​នេះ​ដាក់​ប្តឹង​តំណា​ង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ចំនួន​១០​នាក់​ដែល​សុំ​ឱ្យ​ខ្ញុំ​តំណាង​ឱ្យ​ពួកគេ​នៅ​ចំពោះ​មុខ​តុលាការ។ គ្មាន​ជន​រងគ្រោះ ណាម្នាក់​ធ្វើការ​ឱ្យ​គណបក្ស​ប្រឆាំង​ទេ​ហើយ​មូលនិធិ​គាំទ្រ​ដល់​ការ​ស៊ើបអង្កេត​គឺ​បាន​មក​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​គឺ​មិន​មែន​ចេញ​មក​ពី​ថវិកា​របស់​គណបក្ស​នយោបាយ​ទេ។ វាជាការ​បំបែក​ការ​ចាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​ទេ​ដែល​ថា​នេះ​គឺ​ជា​ដំណើរការ​មួយ​ដែល​មាន​លក្ខណៈ​នយោបាយ។ ការពិត​នេះ​គឺ​រឿង​របស់​ជន​រងគ្រោះ​ហើយ​អ្វី​ដែល​រដ្ឋាភិបាល​គួរ​តែ​ខ្វល់​ខ្វាយគឺ​ថា​ហេតុអ្វី​បាន​ជាមាន​មនុស្ស​រហូតដល់​៧៧០.០០០​នាក់​ដែល​រងផលប៉ះពាល់​ពី​ការ​រឹបអូស​យក​ដីធ្លី​យ៉ាង​អាក្រក់?

VOA៖ ដូច្នេះ​មាន​ន័យ​ថា​លោក​នឹង​មិន​ដក​ថយ​វិញ​ទេ​បើ​ទោះ​បី​ជា​មាន​ដំណោះស្រាយ​នយោបាយ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

រីឆាដ រ៉ូជឺ ៖ វាមិនមែន​ជា​បញ្ហា​ដក​ថយ​ឬ​យ៉ាងណា​ទេ​ពីព្រោះ ​ឥឡូវនេះ​តុលាការ​ ICC ​មាន​ព័ត៌មាន​ហើយ។ ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​អាច​ដក​សំណុំរឿង​នេះ​បាន​វិញ​ទេនៅ​ក្រោម​នីតិ​វិធី ​របស់​តុលាការ​ ICC។

VOA៖ ឥឡូវ​នេះ​លោក​កំពុង​តែ​ស្ថិត​នៅ សហរដ្ឋ​អាមេរិក​ហើយ​ធ្វើ​ដំណើរ​តាម​រដ្ឋ​នានា​។ អាចប្រាប់​ខ្ញុំបាន​ទេ​ថា​លោក​មាន​គោល​បំណង​អ្វី​ខ្លះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ?

រីឆាដ រ៉ូជឺ ៖ បាទ មាន​បំណង​ពីរ។ ទីមួយគឺ​ដើម្បី​ជួប​ជុំ​ជាមួយ​នឹង​សហគមន៍​ខ្មែរ​នៅ ​សហរដ្ឋ​អាមេរិក​និង​ជម្រាប​ជូន​ពួកគេ​អំពី​អ្វី ដែល​កំពុងកើត​មានឡើង​ ដើម្បី ផ្តល់​ព័ត៌មាន​លម្អិត​ដល់​ពួកគេ​ព្រោះ​មាន​ក្តី សង្ឃឹម​ច្រើន​នៅ ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា។ គោល​បំណងទីពីរ​គឺ​ដើម្បី ជួប​ជាមួយ​នឹងសមាជិក​សភា​និង​អង្គការ​ក្រៅ រដ្ឋាភិបាល​នៅ រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ជម្រាប​ពួកគេ​ពី​ដំណើរការ​សំណុំ​រឿង​នេះ​និង​ដើម្បី ស្វែងរក​ការ​គាំទ្រ​ដើម្បី នាំ​យក​យុត្តិធម៌​ជូនដល់​ជន​រងគ្រោះ។

VOA៖ តើ​លោក​ទទួលបាន​ការ​គាំទ្រ​ខ្លះទេ?

រីឆាដ រ៉ូជឺ ៖ ពិតប្រាកដ​ណាស់ ។ មាន​សមាជិក​សភា​ខ្លះ​គាំទ្រ​ជាខ្លាំង​ដល់​ដំណើការ​ក្តីនេះ។ យើង​សង្ឃឹម​ថា​នឹង​មាន​សវនាការ​សភាមួយ​ដែល​ខ្ញុំ​នឹង​និយាយ​បញ្ហា​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​ក្នុង​ពាក្យបណ្តឹង​នេះ។

VOA៖ លោក​បាន​បញ្ជាក់​ពី ខាង​ដើម​ពី ឧត្តម​សេនីយ៍​ម្នាក់​ដែល​និយាយ​ថា​លោក​បាន​រៀនសូត្រ​ពី ហ៊ីត្លែរ តើ​អត្ថាធិប្បាយ​ដូច្នេះ​និង​មនុស្ស​ដូចនេះ​ដែល​រដ្ឋាភិបាល​ដាក់​ឱ្យ​ទទួល​ខុសត្រូវ​ខាងផ្នែក​សន្តិសុខ អាច​ជួយ​ដល់​សំណុំ​រឿងរបស់​លោក​យ៉ាង​ម៉េច​ខ្លះ?​

រីឆាដ រ៉ូជឺ ៖ វាកាន់​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​មនុស្ស​ប្រភេទ​ណា​ដែល​ទទួល​ខុសត្រូវ​ខាងផ្នែក​កងរាជអាវុធ​ហត្ថ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ​លើ​ពិភពលោក​នេះ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ដែល​ទទួល​បន្ទុក​ខាងផ្នែក​សន្តិសុខ​ហើយ​និយាយ​ថា​គាត់​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ដោយ​ហ៊ីត្លែរ​ ជន​នោះ​គឺ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​រដ្ឋាភិបាល​ភ្លាម។ ប៉ុន្តែ​យើង​ដឹង​ច្បាស់​ណាស់​ថា​មនុស្ស​ប្រភេទ​នេះ​នឹង​មិន​ត្រូវ​គេ​បណ្តេញចេញពី​តំណែង​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជាការ​បង្ហាញ​ថា​កងរាជអាវុធហត្ថ​ឃោរឃៅ​កម្រិត​ណា។ ហើយ​គឺ​កងរាជអាវុធ​ហត្ថ​ហ្នឹង​ហើយ​ដែល​បាន​បាញ់​បាតុករ​កាលពីថ្ងៃ​ទី​៣​ខែ​មករា។

VOA៖ តើ​ហេតុអ្វី​បាន​ជាគេ​ត្រូវ​តែ​លើក​យក​សំណុំរឿង​របស់​កម្ពុជា​មក​ពិនិត្យ​មើលក្នុង​ខណៈ​ពេល​ដែល​គេ​មាន​សំណុំរឿង​ច្រើន​ហើយ​មាន​បញ្ហា​ក្តៅ​គគុក​នៅ​តំបន់អាហ្វ្រិក​នាពេល​បច្ចុប្បន្ន​នេះ?​

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​ជឿ​ជាក់​ថា​ពួកគេ​ត្រូវ​តែ​ដោះស្រាយ​សំណុំរឿង​នេះ​ពីព្រោះ​ជន​រងគ្រោះ ​មាន​ច្រើន​ណាស់។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ាន់ស្មាន​ថា​មាន​ជន​រងគ្រោះ​រហូតដល់​៧៧០.០០០​នាក់​រងផលប៉ះពាល់​ដោយ​សារ​ការ​រឹបអូស​ដីធ្លី​។ ចំនួន​នេះ​គឺ​មាន​៦ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​ទាំងអស់។ គ្រាន់​តែ​នៅ​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ចំនួន​១៤៥​.០០០​នាក់​រងការបណ្តេញ​ចេញ។ ដូច្នេះ​ចំនួន​ជន​រងគ្រោះ មាន​ច្រើន​ណាស់។ ហើយ​កាន់​តែ​មាន​ចំនួន​ជន​រងគ្រោះ​ច្រើន​ជាង​សំណុំរឿង​ដទៃ​ទៀត​ដែល​តុលាការ​ ICC មាន។ ខ្ញុំ​សូម​ជូន​ឧទាហរណ៍​មួយ​នៅ​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ការ​បាញ់​ប្រហារ​មក​លើ​បាតុករ​អហិង្សា​ដែរ​គឺ​មាន​មនុស្ស​ស្លាប់​១១៨​នាក់​ហើយ​តុលាការ​ ICC បាន​បើក​ការ​អង្កេតបឋម។ យើង​មាន​ចំនួន​ជន​រងគ្រោះ ជាច្រើន​ ហើយ​អ្នក​ទាំងនោះ​មិន​អាច​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ហើយ​វា​មាន​គ្រោះថ្នាក់​ថា​ប្រសិន​បើ​មិន​ដោះស្រាយ​ទេ​ជន​រងគ្រោះ នឹង​កាន់តែ​មាន​ច្រើ​នទៀត។

VOA៖ ចាប់​តាំងពី​ពេល​ដែល​សំណុំរឿង​ចាប់​ផ្តើម​ដំណើរ​ការ​បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដំបូង​រហូត​ដល់​ឥឡូវ​នេះ​ តើ​មាន​ពន្លឺ​កាន់តែ​ច្រើន​ទៀត​ទេ?​

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ការសង្ឃឹម​កាន់​តែ​ច្រើន​ជាងមុន​បើ​ប្រៀបធៀប​នឹង​ពេល​ដែល​ខ្ញុំ​ដាក់​ពាក្យ​ប្តឹង​ដោយសារ​តែ​ចំនួន​នៃ​ការ​គាំទ្រ​ដែល​យើង​ទទួល​បាន​ពី​សហគមន៍​អន្តរជាតិ​ដូ​ចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អ្នក​នយោបាយ។ ដូច្នេះ​ខ្ញុំ​គិត​ថា​កត្តា​ទាំង​អស់​នេះ​នឹង​ផ្តល់​ឱ្យ​ក្រុម​រដ្ឋ​អាជ្ញា​នូវ​ឱកាស​ជំរុញសំណុំរឿង​នេះ​ទៅមុខ​ទៀតហើយ​ផ្តល់​អាទិភាព​ជាង​សំណុំរឿង​ដទៃ​ទៀត។ ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ខ្ញុំ​មិន​ហ៊ាន​ធានា​ថា​នឹង​មាន​ជន​ណា​មួយ​នឹង​ត្រូវ​ទទួលការ​ចោទ​ប្រកាន់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ទេព្រោះ​តុលាការ​ ICC ​មាន​ធនធាន​កំណត់​ ដែល​យើង​ត្រូវ​តែ​យល់​ឱ្យ​ប្រាកដ​ប្រជា​ប៉ុន្តែក៏មាន​ក្តី​សង្ឃឹម។

VOA៖ លោក​កំពុង​ប្រយុទ្ធ​នឹង​មនុស្ស​ដែល​មាន​អំណាចជាពិសេស​មនុស្ស​ដែល​ដំណើរការ​សន្តិសុខ​របៀប​ហ៊ីត្លែរ។ តើ​លោក​ព្រួ​យ​បារម្ភពី​បញ្ហា​សន្តិសុខ​ទេ​ហើយ​តើ​ដែល​មាន​ទទួល​ការ​គំរាម​កំហែង​ទេ?

រីឆាដ រ៉ូជឺ ៖ អត់ទេ​។ ខ្ញុំ​មិន​ដែល​ទទួលការ​គំរាម​កំហែង​ទេ​ហើយ​ក៏​មិនបារម្ភ​ពី​សន្តិសុខ​ដែរ​។ ខ្ញុំ​គិត​ថា​វា​នឹង​ជាការ​ប្រត្រក្ស​ណាស់ប្រសិន​បើ​មាន​អ្វី កើត​ឡើង​ចំពោះ​ខ្ញុំ​គឺ​អ្នក​ណា​គេ​ជា​អ្នក​ទទួលខុស​ត្រូវ ហើយ​ខ្ញុំ​មិន​គិត​ថា​រដ្ឋាភិបាល​ចង់​បាន​ការ​ចាប់​អារម្មណ៍​ដូច្នេះ​ទេ។ ហើយនឹង​ការ​ស៊ើបអង្កេត​ដែល​នឹង​កើត​មាន​ឡើង​ទេ។

VOA៖ តើ​លោក​នៅ​តែ​ចង់​ទៅ​ប្រទេស​កម្ពុជា​ទៀត​មែនទេ?

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​នៅ​តែ​ចង់​ទៅ​ប្រទេស​កម្ពុជា។ វា​ជាប្រទេស​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ខ្លាំង​ណាស់ក្នុង​រយៈ​ពេល​ប្រាំឆ្នាំ​ដែល​រស់​នៅទីនោះ​ហើយ​ចង់​តែ​ទៅវិញ​ទេ។

VOA៖ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​តើ​លោក​នឹង​ទៅ​ស្វែងរក​ការ​គាំទ្រ​នៅ​ទីណា​ទៀត?

រីឆាដ រ៉ូជឺ ៖ គេ​ប្រាប់​យើង​ថា​សភា​អឺរ៉ុប​នឹង​លើក​យក​បញ្ហា​នេះមក​ពិភាក្សានៅ​ថ្ងៃ​ទី​២២​ខែ​មករា។ នេះ​ជា​ចំណាត់ការ​ដ៏​វិជ្ជមាន។ យើង​នឹង​ធ្វើការ​ជាមួយ​នឹង​អ្នក​នយោបាយ​ជាតិ​ក្នុង​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ជាច្រើន​ដើម្បីចង់​ដឹង​ថា​តើ​ពួកគេ​អាច​លើក​យក​បញ្ហា​នេះ​មក​និយាយ​បាន​យ៉ាង​ណា។ ជា​ការ​ពិត​យើង​សង្ឃឹម​ថា​នឹង​មា​ន​ការ​ធ្វើ​សវនាការ​មួយ​ដោយ​អនុគណៈកម្មការ​អាស៊ី​ប៉ាស៊ីហ្វិករបស់សភាជាតិដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ដូច្នេះ​យើង​មាន​កិច្ច​ការ​ច្រើន​ក្នុង​ពេល​ខាងមុខ។

VOA៖ លោក​បាន​រៀបរាប់​ច្រើន​ពី​ការគាំទ្រ​អន្តរជាតិ។ ចុះ​ពលរដ្ឋ​កម្ពុជា​វិញ​តើ​អាច​ចូលរួម​យ៉ាង​ម៉េច​ខ្លះ?​

រីឆាដ រ៉ូជឺ ៖ ខ្ញុំ​គិត​ថា​វាជាការ​សំខាន់​ណាស់​ដែល​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ICC ​មើល​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា​គាំទ្រ​សំណុំរឿង​នេះ។ យើង​ដឹង​ថា​រដ្ឋាភិបាល​នឹង​ប្រឆាំង​ប៉ុន្តែ​ចង់​បង្ហាញ​ថា​ប្រជាពលរដ្ឋ​គាំទ្រ​ដូច្នេះ​យើង​ត្រៀម​ធ្វើ​ញត្តិ​មួយ​ដែល​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ខ្មែរ​នៅ​ក្រៅ ប្រទេស​អាច​ចុះ​ហត្ថលេខា​បាន។ ដូច្នេះ​ប្រសិន​បើ​ពលរដ្ឋ​កម្ពុជា​ចង់​ជំរុញ​សំណុំរឿង​នេះ​ទៅមុខ​ពួកគេ​អាច​ចុះ​ហត្ថលេខា​លើ​ញត្តិ​នេះ​បាន។

VOA៖ តើ​ញត្តិ​នេះ​នឹង​ចេញ​នៅ​ពេល​ណា?

រីឆាដ រ៉ូជឺ ​៖ ប្រហែល​ជា​ពីរ​បី​សប្តាហ៍​ទៀត។

VOA៖ សូម​អរគុណ​លោក​រីឆាដ​ដែល​បាន​ផ្តល់​បទសម្ភាស​ដល់ ​VOA។

រីឆាដ រ៉ូជឺ ៖ សូម​អរគុណ៕

XS
SM
MD
LG