ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​OECD របស់​​អូស្ត្រាលី​ទទួល​ពាក្យ​បណ្តឹង​ទំនាស់​ដី​ចម្ការ​ស្ករ​អំពៅ


លោក Mike Smith នាយកប្រតិបត្តិ​ក្រុមហ៊ុន​ធនាគារ​អូស្ត្រាលី ANZ (Australia and New Zealand Banking Group Ltd) និង​លោក គិត ម៉េង នាយប្រតិបត្តិ​ក្រុមហ៊ុន Royal Group ចូល​រួម​ពិធី​កាត់​ខ្សែ​បូ​នៅ​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១១។
លោក Mike Smith នាយកប្រតិបត្តិ​ក្រុមហ៊ុន​ធនាគារ​អូស្ត្រាលី ANZ (Australia and New Zealand Banking Group Ltd) និង​លោក គិត ម៉េង នាយប្រតិបត្តិ​ក្រុមហ៊ុន Royal Group ចូល​រួម​ពិធី​កាត់​ខ្សែ​បូ​នៅ​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១១។

ក្រុម​ពលរដ្ឋ​និង​តំណាង​អង្គការ​បានដាក់​ពាក្យប្តឹង​ទៅ​អង្គការ​អភិវឌ្ឍន៍​និង​កិច្ចសហ​ប្រតិបត្តិការ​ ផ្នែក​សេដ្ឋកិច្ច​ (OECD) ​ដែល​មាន​សមាជិក​មក​ពី​ប្រទេស​ចម្រុះជាតិ​សាសន៍​ដើម្បី​ធ្វើ​អន្តរា គមន៍​ឲ្យ​ធនាគារ​អេអេនហ្ស៉ិត​(ANZ) ​បង់ប្រាក់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ធនាគារ​នេះ​ បាន​ផ្តល់​លុយ​កម្ចី​ដល់​ក្រុម​ហ៊ុន​ភ្នំពេញ​ ស៊ូហ្គ័រ​របស់​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​ពីគណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​យកដីធ្លី​ប្រជាពល​រដ្ឋដើម្បី​ដាំ​អំពៅ​ផលិត​ស្ករ។​

ធនាគារ​អេអេនហ្ស៉ិត​បដិសេធ​ជា​ហូរហែរ ​មិន​ព្រម​ផ្តល់​សំណង​នឹង​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ទេ​ ដោយសារ​ខ្លួន​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ដែល​ខ្ចី​ទៅ​វិនិយោគ​ស្ករ​អំពៅ​នោះ​អស់ហើយ ​ហើយក៏គ្មាន​ការទាក់​ទង​នឹង​ក្រុមហ៊ុន​ដែរ​ពេល​នេះ។​ ការ​បដិសេធ​ដូច្នេះ​បាន​ធ្វើ​ឲ្យមាន​បណ្តឹង​អន្តរជាតិ​ រួម​ទាំង​បណ្តឹង​ទៅ​កាន់​អង្គការ​ដើម្បី​ការ​អភិវឌ្ឍ​និង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ (OECD) ​ក្នុង​ប្រទេស​អូស្ត្រាលី​ផង​ដែរ។​

លោក ​David Pred ​នាយក​អង្គការ​ Inclusive​ Development ​International ​(IDI) ​បាន​ថ្លែង​ថា​ ធនាគារ​នៅ​តែ​ត្រូវ​សង​ប្រាក់​ចំណេញ​ដែល​បាន​ពី​ការ​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គ័រ​ខ្ចី​នោះ​ដដែល​ ដោយសារ​ប្រាក់​ចំណេញ​ទាំង​នោះ​រក​បាន​ពីការ​លួច​រិប​អូស​ដី​សហគមន៍​និង​ធនធាន​ធម្មជាតិ។​

«ការិយាល័យ​ទំនាក់​ទំនង​ជាតិ​នៃ​អង្គការ ​OECD​ ក្នុង​ប្រទេស​អូស្ត្រាលី​កំពុង​ពិចារណា​លើ​ពាក្យ​បណ្តឹង ​ហើយ​យើង​កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​បឋម​របស់​អង្គការ​នេះ»។​

លោក​ David Pred ​ បាន​បន្ថែម​ទៀត​ថា​ ការ​ដែល​ក្រុមហ៊ុន​ស៊ូហ្គ័រ ​បាន​សង​លុយ​ធនាគារ​ អេអេនហ្ស៉ិត​ មិនមែន​ជា​ការ​បញ្ចប់​រឿង​ ដែល​ធនាគារ ​អេអេនហ្ស៉ិត ​បាន​ចម្រាញ់​យក​ផល​ ប្រយោជន៍​យ៉ាង​អយុត្តិធម៌​ដោយ​ផ្ទាល់​ក្នុង​អំឡុង​ពេល​៣​ឆ្នាំ​កន្លះ​ ដែល​ខ្លួន​បាន​ធ្វើ​ជំនួញ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​ជាប់ទាក់​ទង​នឹង​ការ​រំលោភ​ដីធ្លី​និង​កាប់​ឈើ​ខុសច្បាប់​ដ៏ទូលំ​ទូលាយ​ នោះ​ទេ។ ​លោកបាន​ពន្យល់​អំពី​ការ​ដាក់​ពាក្យ​ប្តឹង​របស់​លោក​នឹង​ពលរដ្ឋ​បន្ថែម​ទៀត​ថា៖​

«យើង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​អង្គការ ​OECD​ នេះ ​ដោយសារ​ធនាគារ ​អេអេនស្ស៉ិត ​បាន​អះអាង​ជា​សាធារណៈ​ឲ្យ​ដឹង​ថា ​ខ្លួន​គោរព​តាម​គោលការណ៍​របស់​អង្គការ ​OECD ​ស្តី​អំពី​ដំណើរការ​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​ ក៏​ប៉ុន្តែ​ធនាគារ​បាន​រំលោភ​ដោយ​ចេតនា​ទៅ​លើ​គោល​នយោបាយ​ទាំង​នោះ​ទាក់ទង​នឹង​ការ​រក​ស៊ី​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​ភ្នំពេញ​ស៊ូហ្គ័រ។​ គោល​ការណ៍ ​OECD ​បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​រក​ស៊ី​ដូច​ជា​អេអេនហ្ស៉ិត​ធ្វើ​ការ​សម្រប​សម្រួល​ ផ្នែក​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ដែល​គេ​បាន​បង្ក​ ឬ​បាន​ធ្វើ​ឲ្យ​កើតឡើង។​ ហើយ​ពាក្យ​ បណ្តឹង​នេះ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ ពី​មូលហេតុ​ដែលធនាគារ​អេអេនហ្ស៉ិត​មាន​ការ​ទទួល​ខុស​ត្រូវក្រោម​គោលការណ៍​ទាំង​នោះ​ ដើម្បី​ផ្តល់​ការ​សម្រប​សម្រួល​ឡើង​វិញ ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ធនាគា​របាន​ជួយ​ដល់ក្រុម​ហ៊ុន​ភ្នំពេញស៊ូហ្គ័រ​ប្រព្រឹត្ត​នោះ»។​

ពលរដ្ឋ​កម្ពុជា​ក្នុង​ខេត្ត​កំពង់ស្ពឺ​ក្នុង​ស្រុក​ថ្ពង​ និង​ស្រុក​ឱរ៉ាល់​ជាច្រើន​ពាន់គ្រួសារ​ បាន​ត្អូញ​ត្អែរ​ពី​ទុក្ខ​លំបាក​ក្រោយ​ពី​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ទៅ​ដល់​ក្រុមហ៊ុន​ភ្នំពេញ ​ស៊ូហ្គ័រ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដាំ​អំពៅ​ធ្វើ​ស្ករ ​នាំ​ទៅ​លក់​នៅ​បរទេស តែ​ប៉ះពាល់​ដល់​ដី​របស់​ពលរដ្ឋ​ជា​ច្រើន​ភូមិ។​ ការ​តវ៉ាក្នុង​ប្រទេស​ជា​ច្រើន​ឆ្នាំ​គ្មាន​ដំណោះ​ស្រាយ​ទេ។​ ក្រុមហ៊ុន​ដែល​ផ្តល់​លុយ​កម្ចី​គឺ​ធនាគារ​ អេអេនហ្ស៊ិត​ក៏​មិន​បាន​ដោះស្រាយ​ដល់​ការ​ប៉ះទង្គិច​ជីវភាព​ បរិស្ថានរបស់​ពលរដ្ឋ​ដែរ​ នៅ​ពេល​ក្រុមហ៊ុន​នេះ​ត្រូវ​គេ​ដឹង​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដីធ្លី ​និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ទៅ​ហើយ​នោះ។​

លោក ​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ដែរ​នោះ​ បាន​ថ្លែង​ថា ​ការ​ដាក់​ពាក្យ​បណ្តឹង​នោះ​គឺដើម្បី​ធ្វើ​ឲ្យ​ភាគី​ទាំង​អស់​ ទាំង​ជន​រងគ្រោះ ​ទាំង​ភាគី​ ក្រុមហ៊ុន ​និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន​ចូល​រួម​ដោះស្រាយ។​

«អញ្ចឹង​នៅ​ពេល​បណ្តឹង​នេះ​ដាក់​ទៅ​ខាង ​OECD​ ជា​យន្ត​ការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ ប្រទេស​អូស្ត្រាលី​ គេ​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត។​ បន្ទាប់​មក​គេ​នឹង​ហៅ​ភាគី​ដែល​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ពិភាក្សា​នឹង​ស្វែងរក​ដំណោះស្រាយ។​ ហើយ​យើង​សង្ឃឹម​ថា​ តាម​យន្តការ​នេះ ​ភាគី​នឹង​ធ្វើ​ការ​ដោយ​ស្មោះត្រង់​ជា​មួយ​គ្នា ​ហើយ​ដោយ​ផ្អែក​ទៅ​លើ​គោល​ នយោបាយ​និង​ច្បាប់​ដែល​មាន​កំណត់​មក»។​

លោក​ថ្លែង​ថា ​គេមិន​ដឹង​ថា​ លទ្ធផល​នឹង​ទៅ​ជាយ៉ាង​ណាទេ​ តែយ៉ាង​ហោច​ណាស់ ​ក៏ឲ្យ​ភាគី​ទាំង​អស់​យក​បញ្ហា​មក​ដាក់​លើ​តុ​ចរចា​គ្នា។​

«ដោយសារ​ថា​ យន្តការ​នេះជា​យន្តការ​ឯករាជ្យ ​ហើយ​គេ​បាន​ជូន​ដំណឹងហើយ​ថា​ គេ​បាន​ ទទួល​យក​ទៅ​ចាត់​ការ​ហើយ​ ហើយ​ការ​ស៊ើប​អង្កេត​ជា​យន្តការ​ឯករាជ្យ ​យើង​មិន​ដឹង​ថា ​គេ​ធ្វើ​យ៉ាង​ម៉េច​ទេ តែសំខាន់​យន្តការ​នេះ​ចាប់​ដំណើរការ​ហើយ។​ នៅ​ពេល​ដែល​គេ​បញ្ចប់​ការ​ស៊ើប​អង្កេត​ គេ​នឹង​កោះហៅ​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការ​ចរចា​ ធ្វើ​ការ​ដោះ​ស្រាយ»។​

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើនជាច្រើន​ រួមទាំង​ស.រ.អា. អូស្ត្រាលី​ អង់គ្លេស​ បាន​បង្កើត​ ការិយាល័យ​ទំនាក់​ទំនង​ប្រចាំ​ប្រទេស​គេ ​(NCP)​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ពេល​ដែល​ធនាគារ​ឬ​ក្រុមហ៊ុន​របស់​ប្រទេស​សាម៉ី​មាន​បញ្ហាធ្វើ​ឲ្យមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហ្នឹង​គឺ​ប្រជា​ពលរដ្ឋ​ដើម​បណ្តឹង ​ឬ​ក៏​តំណាង​ហ្នឹង​គឺ​អាច​ដាក់​ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ទំនាក់​ទំនង ​ហើយ​ ប្រទេស​អូស្ត្រាលី​គឺជា​សមាជិក​មួយ​របស់​ OECD ​ដែល​ជា​អង្គការ​មាន​ឥទ្ធិពល​មួយ​លើ​ ក្រុម​ហ៊ុន​ សហគ្រាស​ដែល​រក​ស៊ីខុស​ពី​គោល​ការណ៍​របស់​អង្គការ​នេះ។​

«គឺ​មាន​ឥទ្ធិពល​ដោយសារ​ក្រុម​ហ៊ុន​ធំទាំង​ឡាយ​បាន​ចុះហត្ថ​លេខា ​ហើយ​ទទួល​ស្គាល់​ថា​ ខ្លួន​មាន​ការ​គោរព​ទៅដល់​សិទ្ធិ​មនុស្ស​ និង​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី​ខ្លួន​ឯង។​ អញ្ចឹង​ក្នុង​ ករណី​ដែល​ថា​ ខាង​ការិយាល័យ​ទំនាក់​ទំនង​ប្រចាំ​ប្រទេស​រក​ឃើញ​ថា ​ក្រុមហ៊ុន​ហ្នឹង​មាន​ការ​ រំលោភ​សិទ្ធិ​មនុស្ស​ អញ្ចឹង​គេអាច​នឹង​មាន​វិធាន​ការ។​ ជំហាន​ទី១​គឺយើង​ធ្វើ​ការ​សម្រប​ សម្រួល។​ ក្នុង​ករណី​ដែលមិន​មាន​ការ​ដោះស្រាយ​ អញ្ចឹង​ដើម​បណ្តឹង​គឺ​អាច​ដាក់​ពាក្យ​ទៅ​ តុលាការ។​ ហើយ​ក្នុងពេល​ដាក់​ពាក្យ​ទៅ​តុលាការ​យើង​ដឹង​ហើយ​ថា ​តុលាការ​គឺ​ធ្វើ​ការ​សម្រេច​ទៅ​តាម​ច្បាប់​ ហើយ​នឹង​ចាប់​បង្ខំ។​ អញ្ចឹង​យើង​សង្ឃឹម​ថា​ ឥឡូវ​នេះ​យើង​មាន​ជា​យន្តការ​សម្រប​សម្រួល​ ហើយ​យើង​សង្ឃឹម​ថា​ ភាគី​នានា​នឹង​ធ្វើការ​ដោះស្រាយ​ជា​មួយ​គ្នា​ដោយ​សន្តិវិធី​ ជៀសវាង​ការ​ប្រើប្រាស់​បណ្តឹង​ទៅ​តុលាការ»។​

លោក​ចាន់ សុខឿន ​តំណាង​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​កំពង់​ស្ពឺ​ បាន​អំពាវនាវ​ឲ្យ​មាន​គណៈ​កម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ ត្រូវ​មាន​ដាក់​បញ្ចូល​តំណាង​សហគមន៍​ផង​ដែរ​ ដើម្បី​បំភ្លឺ​ការណ៍​ពិត​ ​បើ​ពុំដូច្នោះ​ទេ​ មិន​អាច​រក​ការណ៍​ពិត​ឃើញ​ទេ។​

«អញ្ចឹង​បើ​សហការ​ជាមួយ​សហគមន៍​នឹង​ឃើញ​លទ្ធផល​ថា ​អ្នកណា​អ្នក​រងគ្រោះ ​អ្នកណា​ ដែល​បាត់​បង់ដី​ធ្លីពិត​ប្រាកដ។​ បើសិនជា​សហការ​តែ​អាជ្ញាធរ​គឺ​គាត់​ដាក់​តែ​គ្នា​គាត់​ហ្នឹង»។​

លោក​ថា ​គេ​អាច​ដាក់​ឈ្មោះ​អ្នក​ដែល​ជាបងប្អូន​របស់គេ​ រួច​បំភ្លេច​ពលរដ្ឋ ​ដែល​រងគ្រោះ​ពិត​ ប្រាកដ​ចេញពី​បញ្ជី ​ដូចជា​នៅខាង​ឱរ៉ាល់​ជា​ដើម។ ​កន្លង​មកចេះ​តែធ្វើ​ថា​ គ្មាន​ប៉ះពាល់​ទេ​ ដោះស្រាយ​រួច​ហើយ​ តែ​ពលរដ្ឋ​នៅតែ​រងគ្រោះ​គ្មាន​យុត្តិធម៌​ដដែល។​

«កន្លងមក​គាត់​មក​មិន​ធ្វើ​ដូច្នេះ​ទេ។​ គាត់​ធ្វើ​តែ​គ្នា​គាត់ ​ហើយ​គាត់​វាយ​តម្លៃ​ទៅ​ថា ​រួចរាល់​ហើយ ​អត់មាន​ប៉ះពាល់ទេ​ ដោះស្រាយ​រួច​ហើយ។ ​នេះតាម​អាជ្ញាធរ​ខេត្ត​គាត់​ចុះ​មក​ធ្វើ ​វេទិកា​គឺ​គាត់​និយាយ​របៀប​ហ្នឹង។ ​អញ្ចឹង​បើចង់​ឲ្យ​ឯករាជ្យ​ ទាល់តែ​សហការ​ជាមួយ​នឹង​សហគមន៍ ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ហើយ​នឹង​អាជ្ញាធរ​ ក្រុមហ៊ុន។ ទាំងអស់គ្នា​ បើក​បង្ហាញ​ទៅ ​អា​ហ្នឹងឃើញ​លទ្ធផល​ហើយ»។​

លោក​ថា ​ប្រជា​ពលរដ្ឋ​អាច​ទទួល​យក​បាន​ក្នុង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ផ្តល់ឲ្យ​សម​ហេតុផល។​

«ឲ្យតែ​ក្រុមហ៊ុន​ហ្នឹង​ខ្វៀល​ដី​ក្នុង​ចម្ការអំពៅ​ហ្នឹង​ ចំណុច​ណា​ដែល​អាច​ធ្វើស្រែ​ចម្ការបាន​ ធ្វើ​ស្រែ​ប្រកប​មុខរបរ​បាន​ មិន​បាច់​ថា​ ដី​ចាស់​ឬ​ដី​អី​ទេ។​ ឲ្យតែ​កាត់​ដី​ក្នុង​ចម្ការអំពៅ ​ហើយ​ជិត​ផ្ទះ​ គាត់​បំផុត​ នោះ​ប្រជា​ពលរដ្ឋ​ទទួល​យក​បាន​ទី១។ ទី​២​ឲ្យ​គាត់​សង​លុយ​ការ​ខូចខាត​ប៉ះប៉ូវ។ ​ រយៈ​ពេល​បួន​ឆ្នាំ​ជាង ​គាត់​ធ្វើស្រែ​បាន​ប៉ុន្មាន? ​១ហិចតា​បាន​ប៉ុន្មាន?​ គិត​តាម​ហ្នឹង។​ អាហ្នឹង​គាត់​យក​បាន​ហើយ។​ ទី២​ទៀត​ឲ្យ​មាន​ការ​សងការ​ខូចខាត​ជំងឺ​ចិត្ត​គាត់​វិញ​ បាត់​មុខ​របរ​រយៈ​ពេល​កន្លង​មក​ហ្នឹង ​នោះ​គាត់​ទទួល​យក​បាន​ហើយ»។​

តែ​លោក​ថា​ ក្រុមហ៊ុន​ឲ្យ​តម្លៃ​តែ​២.០០០​ដុល្លារ ​ហើយ​សម្លុត​ថា​ បើមិន​យក​ ឲ្យ​យក​ខ្យល់។ ​ហើយ​ឲ្យ​អាជ្ញាធរ​សម្លុត​ គំរាម​កំហែង​ពលរដ្ឋ ​បង្ខំ​ពលរដ្ឋ។​

តំណាង​ពលរដ្ឋ​ក្នុង​ស្រុក​ឱរ៉ាល់​បាន​និយាយ​ថា​ ធនាគារ​អេអេនហ្ស៉ិត​ត្រូវទទួល​ខុសត្រូវ​ មិន​មែន​មាន​តែ​ក្រុមហ៊ុន​ដែល​ជា​អ្នក​រំលោភ​បំពាន​ដីធ្លី​ដោយ​ផ្ទាល់ទេ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​នោះ។​

«សូម្បី​តែ​ដីស្រែ​ចម្ការរបស់​ប្រជាពលរដ្ឋ​ ក្រុមហ៊ុន​មក​រំលោភ​យក ​ដាំអំពៅ​លើ​ដី​ស្រែ​ ដី​ចម្ការ​ របស់​ប្រជា​ពលរដ្ឋ។​ នេះ​ហើយ​ដែលជា​ប្រាក់ញើស​ ​ប្រាក់​ឈាម​របស់​ប្រជា​ពលរដ្ឋ ​ហើយ​គាត់​ គួរតែ​ទទួល​ខុស​ត្រូវ ​ព្រោះអី​គាត់​ផ្តល់​លុយ​ទៅ​ឲ្យ​អតិថិជន​របស់​គាត់​ ហើយ​គាត់​អត់​បាន​ ពិចារណា​ច្បាស់លាស់។ ​ហើយ​ក្នុង​នោះ ​យើង​បាន​ដឹង​ព័ត៌មាន​អញ្ចេះមួយ​ទៀត​ដែរ​ថា ​កាលពី ឆ្នាំ​២០១០​ គាត់ធ្លាប់​បាន​ទៅធ្វើ​សវនកម្ម​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ម្តង​ហើយ ​ហើយគាត់​ក៏​បាន​ទទួល​ស្គាល់​ទៀត។ ​ខ្ញុំ​ឃើញ​ឯកសារ​របស់​គាត់។ ​គាត់​បាន​ទទួល​ស្គាល់​ថា​ ធនាគារ​នេះ​ពិត​ជា​រំលោភ​សិទ្ធិ​មនុស្ស​មែន​ទែន។​ គាត់​នៅ​តែ​បន្ត​ផ្តល់​លុយ។ ​រឿង​ហ្នឹង​ហើយ​ដែល​ប្រជា​ពលរដ្ឋ​អត់​សុខ​ចិត្ត»។​

ក្រុម​មន្ត្រី​នៃ​ការិយាល័យ​ទំនាក់​ទំនង​ក្នុង​ប្រទេស​អូស្ត្រាលី​នៃ​អង្គការ ​OECD ​បាន​អះអាង​ ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិត​ថា​ ខ្លួន​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ចំពោះ​ករណី​ជាក់​លាក់​នេះ ​ដោយសារ​រឿង​នេះ​ជារឿង​សម្ងាត់របស់​ភាគី​ប្តឹងផ្តល់។ ​តែបាន​បញ្ជាក់​ថា​ ការិយាល័យ​ទំនាក់​ទំនង​ជាតិ​ប្រទេស​អូស្ត្រាលី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពិចារណា​អំពី​ពាក្យ​បណ្តឹង​ដែលបាន​ប្តឹងតាម​គោល​ការណ៍​ប្រឆាំង​នឹង​ក្រុមហ៊ុន​អូស្ត្រាលី​ឬ​ក្រុមហ៊ុន​ដែល​រក​ស៊ី​ក្នុង​ប្រទេស​អូស្ត្រាលី។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោកស្រី​ម៉ារី លូ ឌុយពុង ​(Mari-Lou Dupont) ​អ្នក​ជំនាញ​ការ​ច្បាប់​ និង​ជា​នាយិកា​ផ្នែក​កិច្ចការ​ក្រុមហ៊ុន​និង​ថវិកា​នៃ​អង្គការ​ OECD​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ថា៖​

«គោល​ការណ៍​ណែនាំ​របស់​អង្គការ ​OECD​ សម្រាប់​ក្រុមហ៊ុន​ចម្រុះជាតិ​សាសន៍​គឺ​ផ្តល់​វេទិកា​ ដល់​អន្តរ​រដ្ឋាភិបាល​ដើម្បីធានា​ថា​ ការ​ទទួលខុស​ត្រូវគឺ​ជា​អាទិភាព​សំខាន់​នៃ​ប្រតិបត្តិការ​ ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​សារជីវ​កម្ម​ចម្រុះជាតិ​សាសន៍​ដែល​ប្រតិបត្តិការ​ក្នុង​ប្រទេស​ដែល​ មាន​ជាប់​ទាក់ទង​ទាំង​៤៦​ប្រទេស។​ ប្រទេស​ទាំង​នោះ​បង្កើត​របៀប​ជាក់លាក់​បំផុត​សម្រាប់​ទទួល​យក​អនុសាសន៍​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អំពី​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ធ្វើ​មុខ​ជំនួញ។​ ប្រទេស​នីមួយៗ​បាន​បង្កើត​ការិយាល័យ​ទំនាក់ទំនង​ជាតិ​មួយ​ដើម្បី​បន្ត​ធ្វើ​ទៅ​តាម​គោល​ការណ៍​ដ៏​មាន​ប្រសិទ្ធភាព​នានា»។​

លោកស្រី​បាន​បន្ថែម​អំពី​កាតព្វកិច្ច​របស់​អង្គការ ​NCP ​ដែល​ជា​ការិយាល័យ​តំណាង​ឲ្យ​អង្គការ​ OECD​ ទៀត​ថា៖​

«ការិយាល័យ ​NCPs ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​និង​ផ្តល់ការ​សម្រប​សម្រួល​និង​វេទិកា​ផ្សះផ្សាសម្រាប់​ដោះស្រាយ​បញ្ហា​ជាក់​លាក់​ដែល​អាច​កើត​ចេញ​ពី​ការ​ចោទ​ប្រកាន់​ថា ​ក្រុមហ៊ុន​នីមួយៗ​មិន​ធ្វើតាម​គោលការណ៍​នេះ»។​

លោក ​Richard Rogers​ មេធាវី​អន្តរជាតិ​ម្នាក់​ បាន​និយាយ​ថា​ លោក​គិត​ថា​ ការ​នាំ​ពាក្យ​បណ្តឹង​នេះ​ជា​រឿង​រីក​ចម្រើន​មួយ។​ ជាក់ស្តែង​ណាស់​ក្រុម​ជន​រងគ្រោះ​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ក្នុង​តុលាការ​កម្ពុជា​ទេ ​ព្រោះ​តុលាការ​លម្អៀង​ទៅ​រក​អ្នក​មាន​អំណាច។​

«ដូច្នេះ​ក្រុមជន​រងគ្រោះ​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​គេ​អាច​រក​ឃើញ​យុត្តិធម៌​បាន។ ការ​នាំ​យក​សំណុំរឿង​ប្រឆាំង​នឹង​ក្រុមហ៊ុន​អន្តរជាតិ​គឺ​ជា​រឿង​មួយ។ ​ខ្ញុំ​គិត​ថា ​វា​ជា​រឿង​ស្មុគស្មាញ ​តែ​ជា​រឿង​ចាំបាច់​ត្រូវ​សាកល្បង។ ​តែការ​នាំយក​សំណុំ​រឿង​មួយ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ​គឺជា​វិធី​មួយ​ផ្សេង​ទៀត។​ ដូច្នេះ​ក្រុម​ជន​រងគ្រោះ​ពិតជា​ចាំបាច់​ត្រូវ​ការ​ផ្នែក​ខុសៗ​គ្នា​ជា​ច្រើន»។​

​លោក​ថា ​គោលការណ៍​ដែល​ហៅថា ​គោល​ការណ៍​ Ruggie guidelines​ ត្រូវ​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០១១។ ​ក្រុមហ៊ុន​នានា​មាន​ការ​ទទួលខុស​ត្រូវក្នុង​ការ​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ឲ្យ​ប្រាកដ​ ប្រជា​ថា ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​មិន​ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន។​

«គោល​ការណ៍​ទាំងនោះ​មិន​មាន​កម្លាំង​តាម​ផ្លូវច្បាប់ទេ​ តែ​គោល​ការណ៍​ទាំង​នោះ​ត្រូវ​គេ​ ប្រើ​ប្រាស់​ច្រើន​ឡើងៗ​ក្នុងតុលាការ​នៅ​លើ​ពិភព​លោក​ ដើម្បី​កំណត់​ ថា​តើ​ក្រុម​ហ៊ុន​មួយ​មាន​ការ​ធ្វើ​ធ្វេស​ប្រហែស​ឬ​មិន​មាន​នោះ»។​

ពលរដ្ឋ​ខ្មែរ​ជាង​៧៧​ម៉ឺន​នាក់​ដែលត្រូវ​គេ​ដឹង​ថា ​កំពុង​រង​គ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី​ពី​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដោយសារ​តែ​បញ្ហា​នេះ​មិនត្រូវ​បាន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​អស់ចិត្តតាំងពី​ដើមមក​នោះ​ បាន​នាំ​ឲ្យ​ក្រុម​អ្នក​វិភាគខ្លះ​បារម្ភ​ខ្លាច​កើត​មាន​បដិវត្តន៍​ដីធ្លីមួយ​ ដូច​ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បញ្ជាក់​ស្រាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG