ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តឹង​ទីពីរ​ប្រឆាំង​លោក​ហ៊ុន សែន​ទៅ​ ICC ​កំពុង​ដំណើរការ


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា (ស្តាំ) អង្គុយ​ក្នុង​អំឡុង​កិច្ចប្រជុំ​​​រវាង​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​មហាអនុតំបន់​ទន្លេ​មេគង្គ ​(កម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម) នៅ​វិមាន​សន្តិភាព​ក្រុង​​ភ្នំពេញ។
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា (ស្តាំ) អង្គុយ​ក្នុង​អំឡុង​កិច្ចប្រជុំ​​​រវាង​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​មហាអនុតំបន់​ទន្លេ​មេគង្គ ​(កម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម) នៅ​វិមាន​សន្តិភាព​ក្រុង​​ភ្នំពេញ។
មេធាវី​អន្តរជាតិតំណាង​ឱ្យ​ជន​រងគ្រោះ​ដោយ​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ ​លើ​បាតុកម្ម​អហិង្សា​របស់​កម្មករ​កំពុងប្រមូល​ភស្តុតាង​នានា​ដើម្បី​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ រីឆាដ រ៉ូជឺ (Richard Rogers) មេធាវី​នៃ​ ក្រុមហ៊ុន​ Global Diligence ​ដែល​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​សម្រប​សម្រួល​ឱ្យ​តំណាង​ជន​រងគ្រោះ​បាន​បើក​ឆាក​ដោយ​ការ​ផ្ញើ​សំបុត្រ​ពីរច្បាប់​ក្នុង​ពេល​ដំណាល​គ្នា​ទៅ​លោក​សៅ សុខា ​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​រ័ត្ន​ ស្រៀង ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។

លិខិត​ទាំង​ពីរ​ដែល​បាន​ចែក​ចាយ​ដល់​បណ្តាញ​ឃោសនា​ដែរ​បាន​ស្នើ​សុំ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ជា​ ដែល​ឧត្តម​សេនីយ៍​ទាំង​ពីរ​រូប​បាន​ចេញ​ទាក់ទង​នឹង​ការ​បាញ់គ្រាប់​ពិត​លើ​ក្រុម​បាតុករ ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​នៅ​ តំបន់​សួន​កាណាឌីយ៉ា​កាលពី​ថ្ងៃ​ទី ៣​ខែ​មករា ​និង​ការដាក់​ពិន័យ​លើ​មន្ត្រី​របស់​ពួកគេ​ទាក់​ទង​នឹង​ការ​បង្រ្កាប​ដែល​ឈាន​រហូត​ដល់​មាន​មនុស្ស​របួស​និង​ស្លាប់។

ថ្លែងប្រាប់​វីអូអេ​ពី​ការិយាល័យ​របស់​លោក​នៅ​ទីក្រុង​ប៉ារីស​លោក​រ៉ូជឺ​បញ្ជាក់​ថា ​នេះ​គឺ​ជាការ​ផ្តល់​ឱកាស​ឱ្យ​កងរាជអាវុធ​ហត្ថ​បាន​បំភ្លឺ​ពី​តួរនាទី ​របស់​ពួកគេ​និង​ការ​ពារ​ខ្លួន​ជាមុន​ដោយ​សារ​តែ​អ្វី ​ដែលបាន​កើត​មាន​ឡើង​ត្រូវ​ការ​ឱ្យ​មាន​ការ​ពន្យល់​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​បន្ថែម​ថា៖​

«អ្វី​ដែល​យើ​ង​ឃើញ​គឺ​ថា​ការវាយ​ប្រហារ​នាពេល​ថ្មីៗ​នេះ​លើ​ក្រុម​អ្នក​តវ៉ា​ជា​ជន​ស៊ីវិល​និង​ការសម្លាប់​នានា ​និង​ការ​បាត់​ខ្លួន​គឺ​គ្រាន់​តែ​ជា​បញ្ហា​តូច​ដែល​លាក់​បាំង​បញ្ហាធំតែ​ប៉ុណ្ណោះ។ ការពិត​ទៅ​វា​គឺ​ជា​វគ្គចុងក្រោយ​របស់​ប្រវត្តិ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​វែង​តែ​ប៉ុណ្ណោះ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា»។

បាតុករ​យ៉ាង​តិច​ណាស់​បួន​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ និង​កម្មករ​ជិត​៤០​នាក់​ផ្សេង​ទៀត​បាន​ទទួល​រងរបួស​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​មួយ​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ចកាលពីថ្ងៃ​ទី​៣​ខែ​មករា ​លើ​ការតវ៉ា​របស់​កម្មករ​ដែល​ទាមទារ​ចង់បាន​ប្រាក់​ខែ​ចំនួន​១៦០​ដុល្លារ។ មាន​យុវជន​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​មិន​ដឹង​ថា​នៅ​ទីណា​ហើយ​ម្តាយ​ឱពុក​របស់គេ​បាន​សន្និដ្ឋាន​ថា​អាច​នឹង​ស្លាប់​បាត់​ដែរ​ហើយ​ត្រូវ​គេ​យក​សាកសព​ទៅបោះចោល​ដើម្បី​បំបិទ​ភស្តុតាង។ ​

មេធាវី​បញ្ជាក់​ថា​លោក​នឹង​ពិនិត្យ​មើល​ផង​ដែរ​ដល់​ការរំលោភ​សិទ្ធិ​មនុស្ស​នានា​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក ​ដែល​ក្នុង​នោះ ​មាន​ការចាប់​រំលោភ​យក​ដី​ធ្លី ​ការធ្វើ​ឃាត​នយោបាយ ​ការ​ធ្វើ​ទុក​បុកម្នេញ​ដោយ​សារ​ហេតុ​ផល​នយោបាយ ​និង​ការធ្វើ​ឃាត​ក្រោយ​ពី​ការ​បោះឆ្នោត​និង​ការ​បាត់​ខ្លួន​ពលរដ្ឋ​ជាដើម។

លោក​រីឆាដ រ៉ូជឺ​បាន​ពន្យល់​ពីរបៀប​ដែល​ថ្លឹងថ្លែង​លើ​មូលដ្ឋាន​ពាក្យ​បណ្តឹង​របស់​លោក​ដោយ​បញ្ជាក់​ថា​វិធី​ដែល​គេពិចារណា​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​ គឺ ​ប្រៀប​ដូច​ជា​ការពិចារណា​នៅ​លើ​ជញ្ជីង​មួយ​ដែល​ត្រូវ​ថ្លឹង​ថ្លែង​រវាង​ការរំលោភ​សិទ្ធិ​មនុស្ស​ដែល​ហួស​ពី​និយាម​អន្តរជាតិ​និង​ការរំលោភ​ដែល​មាន​ទំហំ​ជា​បទឧក្រិដ្ឋ​អន្តរជាតិ​ហើយ​បទល្មើស​កន្លងមក​អាច​ដាក់​កម្ពុជា​ស្ថិត​នៅ​ចន្លោះ​ណា។

លោក​បាន​បន្ថែម​ថា៖

«ហើយ​អ្វី​ដែល​យើង​រកឃើញ​គឺ​ផលប៉ះពាល់​ដែលមាន​កាន់​តែ​ច្រើន​ឡើងៗ​នៃ​ឧក្រិដ្ឋ​កម្ម​ទាំងអស់​នោះ ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុងក្រោយ​នេះ​មើល​ទៅ ​ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

ចាប់​តាំង​ពី​មាន​រលក​ហិង្សា​ឡើងវិញ​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាលពីថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោចណាស់​៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​និង​រងរបួស​រាប់​សិប​នាក់​ព្រម​ទាំង​បង្កការខូចខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​និង​ឯកជន​ជាច្រើន​នៅ​ក្នុង​ការ​ប៉ះទង្គិចរវាង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​និង​ក្រុម​បាតុករ​ដែល​និយម​គណបក្ស​ប្រឆាំង​និង​ក្រុម​កម្មករ​ដែល​ចង់​បាន​ប្រាក់​បៀវត្សរ៍​សម​រម្យ។ ​រដ្ឋាភិបាល​បាន​បើក​ការ​ស៊ើបអង្កេត​រាល់​ពេល​អំពើ​ហិង្សា​បាន​បញ្ចប់​ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ទាំង​នោះ​ទទួល​រងការ​រិះគន់​ថា​ធ្វើ​ឡើង​គឺ​ដើម្បី​រក​វិធី​ដាក់​កំហុស​លើ​ជន​រងគ្រោះ​ ជាជាង​រក​អ្នក​បាញ់​ពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ ​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​បន្តិច​ពី​ការងារ​របស់​មេធាវី​នោះ។ ​

កញ្ញា​កឹម មនោវិទ្យា ​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​គណបក្ស​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប្តឹង​ផ្តល់​នេះ​ទេ ​គឺ​គ្រាន់​តែ​ជា​អ្នក​ជួយ​រក​មេធាវី​ឱ្យ​ជន​រងគ្រោះ​នោះ​តែ​ប៉ុណ្ណោះ។

នាង​បាន​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​គណបក្ស​នេះ​សម្រេច​ឈាន​មក​ពឹង​ពាក់​មេធាវី​ក្រៅ​ប្រទេស​ដើម្បី​តំណាង​ឱ្យ​ជន​រងគ្រោះ​ដោយ​មិន​ប្រើ​ប្រាស់​យន្តការ​ក្នុង​ស្រុក។

«មិនមែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​សូម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​ នៅ​ក្នុង​របប​សព្វថ្ងៃ​នេះ​គឺ​យើង​ទាំងអស់​គ្នា​គ្មាន​ជំនឿ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ទេ។ យើង​ឃើញ​ជាក់​ស្តែង​នាពេល​ថ្មីៗ​នេះ​មាន​ការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​របស់​ជន​រងគ្រោះ​តាម​រយៈ​អាជ្ញាធរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​នេះ​មក​បង្រ្កាប​មក​សំឡុត​មក​បំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ។ ឧទាហរណ៍​ដូច​ជា​ការ​ចាប់​ដាក់​គុក​ដោយ​ខុសច្បាប់​ដោយ​បំពាន​ទៅលើ​ជន​រងគ្រោះ​ក្នុង​រយៈ​ពេល​មួយខែ​ពីរ​ខែ​កន្លង​មក​នេះ​ឬ​ក៏​ដូច​ជា​ការ​កោះហៅ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម​សម រង្ស៊ី​ ឯកឧត្តម​កឹម សុខា​ឡើង​តុលាការ​ពីខែ​មុន​នោះ ​ទាំង​នេះ​ហើយ​បាន​ស​របញ្ជាក់​ថា​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​អាច​ជឿទុក​ចិត្ត​បាន​ទេ​ក្នុង​ការ​រក​យុត្តិធម៌​ពិត​ប្រាកដ។​ វាគ្រាន់​តែ​ជា​ឧបករណ៍​ប្រើ​ប្រាស់​របស់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​តែ​ប៉ុណ្ណោះ»។

មាន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន​បានទាមទារ​រក​យុត្តិធម៌​សម្រាប់កូន​ ម្តាយ​និង​ប្តី ​របស់​ពួកគេ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ប៉ុន្តែ​ហាក់​មានការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្នុង​ស្រុក។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ ​ដែរ​សហគមន៍​ខ្មែរ​ក្នុង​និងក្រៅ​ប្រទេស​បាន​តវ៉ា​ទាម​ទារ​ជាច្រើន​រហូត​ដល់​មាន​បង្កើត​ជា​យុទ្ធនាការឱ្យ​នាំ​យក​លោ​កនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ទៅ ​តុលាការឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ជាដើម។

រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ជាច្រើន​ដង​ថា​ពួកគេ​មិន​ខ្វល់​នឹង​ការប្តឹង​ផ្តល់នោះ​ទេ​ហើយ​ថា​ឧក្រិដ្ឋ​កម្ម​កន្លង​មក​ស្ថិត​នៅ​ក្រៅ​យុត្ថាធិការ​របស់​តុលាការអន្តរជាតិ។​

យ៉ាង​ណា​ក៏​ដោយ ​មេធាវី​ជើង​ចាស់​ដូច​លោក​សុខ សំអឿន​ ដែល​ជា​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​មើល​ឃើញ ​ពី​ផលប៉ះពាល់​វិជ្ជមាន​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​និង​ស្ថានភាព​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា៖​

«ទោះបី​ជា​បាន​ផល​ឬ​មិន​បាន​ផល​ក្តី​ ក៏ ​អាចធ្វើ​ឱ្យ​អាជ្ញាធរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​ចាប់​ផ្តើ​ម​យល់​ដឹង​ថា​អ្វី​ដែល​ធ្វើ​នោះ​មិន​មែន​ចេះ​តែ​ធ្វើ​សេ្រច​ចិត្ត​ដោយ​ តាម​ទំនើង​ចិត្ត​បាន​ទេ​ ទោះ​បី​ជា​វា​មិន​ស្ថិត​ក្នុង​ច្បាប់​ក្នុង​ស្រុក​ក៏ ​វា​អាច​ពាក់​ព័ន្ធ​នឹង​ច្បាប់​អន្តរជាតិ​ដែរ។ ដូច្នេះ​អ្វី​ដែល​លោក​មេធាវី​គាត់​ធ្វើ​នេះ​ក៏ ​អាច​ជាការ​ពញ្ញាក់​ដល់​ការ​អនុវត្តច្បាប់​ក្នុង​ស្រុក​យើង​ដែរ»។​

កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​បាន​ទទួល​ស្គាល់​ថា​លិខិត​នោះ​បាន​ទៅដល់​ដៃ​របស់​កងរាជ​អាវុធហត្ថ​ហើយ​ប៉ុន្តែ​មិន​ចាត់​ការ​ទេព្រោះ វា​ជា​កិច្ចការ​របស់​ ក្រសួង​ការ​ពារ​ជាតិ​ឬ​ក៏ រាជរដ្ឋាភិបាល។

លោក​ខេង ទីតូ​ អ្នក​នាំ​ពាក្យ​កងរាជអាវុធ​ហត្ថ​ជាតិ​បាន​បញ្ជាក់ការពារ​ចំណាត់​ការ​កន្លង​មក​ថា៖​

«តួរនាទី​របស់​កងរាជអាវុធហត្ថ​ក្រៅ​ពី​អនុវត្ត​តាម​ច្បាប់​ អនុវត្ត​តាម​បទ​បញ្ជា​គឺ​យើង​ធ្វើ​តែ​តាម​តួរ​នាទី​ភារៈកិច្ច​ដែល​កងរាជអាវុធហត្ថ​មាន​ដូច្នេះ​ការ​ដែល​បង្រ្កាប​ហើយ​នឹង​ការ​ប៉ះទង្គិច​នោះ គឺ​ជា​តួរ​នាទី​របស់​កងរាជអាវុធហត្ថ​ដែល​ត្រូវ​តែ​ធ្វើ​ហើយ​។ អនុវត្ត​តាម​តួរនាទី​របស់​យើង​ប៉ុន្តែ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ពួក​អាណាធិបតេយ្យ​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ហ្នឹង»។

កងរាជអាវុធ​ហត្ថ​ក្រោម​ការ​ដឹកនាំ​របស់​លោក​រ័ត្ន​ ស្រៀង មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​រាជធានី ភ្នំពេញ​បាន​ដឹកនាំ​ការបង្រ្កាប​នៅ​ពេល​នោះ។

លោក​ មេធាវី រីឆាដ​ រ៉ូជឺ ​បាន​បញ្ជាក់​ថា​លោក​មាន​គម្រោង​ផ្ញើ​លិខិត​ស្រដៀង​គ្នា​នេះ​ទៅ​មេបញ្ជាការ​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ផងដែរ​ដោយ​សារ​តែ​ការ​សង្ស័យ​ថា​ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​ពេល​កន្លង​មក។

ក្រុម​មេធាវី​រំពឹង​ថា​ការប្រមូល​ភស្តុតាង​នឹង​ចប់​សព្វគ្រប់​ដែលផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាច​ដាក់​ពាក្យ​បណ្តឹង​នៅ​ខែ​មេសា​ខាង​មុខ៕
XS
SM
MD
LG