ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​អន្តរជាតិ​​អះអាង​ថា​មាន​ភស្តុតាង​សម្រាប់​ប្តឹង​លោក​​ហ៊ុន សែន​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តវ៉ា​​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ នឹង​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តវ៉ា​​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ នឹង​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
មេធាវី​អន្តរជាតិ​ដែល​តំណាង​ឱ្យ​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះលើ​បាតុកម្ម​អហិង្សា​របស់​កម្មករ ​បាន​បញ្ចប់​ការ​ប្រមូល​ភស្តុតាង​នៅ​កម្ពុជា​ហើយ​ ហើយលោក​បាន​អះអាង​ថា​ លោក​រក​ឃើញ​ភស្តុតាង​រឹង​មាំ​សម្រាប់​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​(ICC)​ ប្តឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ត្រួត​ត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​នោះពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ។​

លោក​ Richard Rogers ​មេធាវី​អន្តរជាតិ​នៃ​ក្រុម Global Diligence ​ដែល​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​សម្រប​សម្រួល​ឱ្យ​តំណាង​ជន​រងគ្រោះ​ បាន​ចាប់​ផ្តើម​សិក្សា​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែកុម្ភៈ។​ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន។​

មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាមសារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ ​លោក​ Richard Rogers​ បាន​បញ្ជាក់​ថា ​លោក​បាន​ជួប​សម្ភាស​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅ​ក្នុង​រឿង​ប្រមូល​ភស្តុតាង​នេះ​តែ​លោក​មិន​បាន​ផ្តល់​អត្តសញ្ញាណ​អ្នក​ដែល​ពាក់​ព័ន្ធ​ទេ ​ដោយ​ខ្លាច​ក្រែង​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។​

លោក​បាន​បញ្ជាក់ថា​ «យើង​មាន​ទស្សនៈ​ថា ​មាន​ការ​កើន​ឡើងនូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចាប់តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ។​ លោក​បាន​បញ្ជាក់​ថា ​មាន​ភស្តុតាង​ជាក់​ស្តែង​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ​ភស្តុតាង​ដែល​សំខាន់​បំផុត​គឺ​ការ​រំលោភ​យក​ដីធ្លី​ដោយ​បង្ខំ​ ដែល​បាន​នាំ​ឲ្យមនុស្ស​ជាង​កន្លះ​លាន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ។​

លោក​បាន​បញ្ជាក់​ថា​ លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ខែ​ក្រោយ​នេះ។​

លោក​ Richard Rogers ​បាន​បញ្ជាក់​ខ្លឹម​សារ​ដើម​ថា៖​ «ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ។​ ​ភស្តុតាង​បានបង្ហាញថា​ ការ​ជម្លៀស​ដោយ​បង្ខំ​នេះ​បាន​រីករាលដាល ​ក្លាយ​ជាប្រព័ន្ធ​ និង​ទៅ​ជា​ប្រព័ន្ធ។​ ​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ មាន​ដូច​ជា​ ការសម្លាប់ ​ការ​ធ្វើ​ទារុណកម្ម​ ការ​ដាក់​ពន្ធនាគារ​មិន​ត្រឹមត្រូវ ​និង​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្សេងៗ​ ក៏បាន​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​ដាក់ពាក្យ​បណ្តឹង​របស់​យើង​ដែរ»។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទឹក​ចិត្ត​ឲ្យលោក​មេធាវី​រក​យុត្តិធម៌​ឲ្យជន​រង​គ្រោះ​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​គោល​បំណងដើម្បី​បញ្ចប់​អំពើ​និទណ្ឌ​ភាព​ក្នុង​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា៖​ «យើង​មិន​មែន​សំដៅ​តែ​លើ​បុគ្គល​ទេ​គឺ​យើង​សំដៅ​តែ​អំពី​បញ្ហា​ប្រទេស​ជាតិ​ទាំង​មូល​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រទេស​ជាតិ​ទាំង​អស់​ ឬ​ក៏​ជូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដើម្បី​បញ្ចប់​នូវ​អំពើ​ឃោរឃៅ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា»។​

ចាប់​តាំង​ពី​មាន​រលក​ហិង្សា​ឡើង​វិញ​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​ ​មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោចណាស់​៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​និង​រង​របួស​រាប់​សិប​នាក់​ ព្រម​ទាំង​បង្កការ​ខូចខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​និង​ឯកជន​ជាច្រើន​ ក្នុង​ការ​ប៉ះទង្គិច​រវាង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​និង​ក្រុម​បាតុករ​ដែល​និយម​គណបក្ស​ប្រឆាំង​និង​ក្រុម​កម្មករ​ដែល​ចង់​បាន​ប្រាក់​បៀវត្សរ៍។​ ​

រដ្ឋាភិបាល​បាន​បើក​ការ​ស៊ើបអង្កេត​ពេល​អំពើ​ហិង្សា​បាន​បញ្ចប់​ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ទាំង​នោះ​ទទួល​រង​ការ​រិះគន់​ថា ​ធ្វើ​ឡើង​គឺ​ដើម្បី​រក​វិធី​ដាក់​កំហុស​លើ​ជន​រងគ្រោះ​ ជាជាង​ទៅ​រក​ឃាតករ​ដែល​បាន​បាញ់​ទៅលើ​ប្រជាពលរដ្ឋ។​

លោកផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ពន្យល់​ថា​ តាម​និតិវីធី​របស់​កម្ពុជា​ រាល់​អំពើ​ទាំង​ឡាយ​ដែល​កើត​ក្នុង​ប្រទេស​កម្ពុជា ​មេធាវី​ដែល​មក​ធ្វើ​កិច្ចការ​របស់​ខ្លួន​ ​ត្រូវ​តែ​ស្បថ​ដើម្បី​ឲ្យក្លាយ​ខ្លួន​ជា​សមាជិក​គណៈ​មេធាវី​ជា​មុន​សិន។​

លោក​បាន​ហៅ​មេធាវី​អន្តរជាតិ​ Richard Rogers​ថា ​ជា​មេធាវី​ជជុះ​ដែល​មក​ធ្វើ​កិច្ចការ​នេះ​ដើម្បី​នយោបាយ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ ​«គ្រាន់​តែ​ជាការ​ធ្វើ​ឡើង​ឲ្យមាន​ចលនា​នយោបាយ​ប្រើ​ប្រាស់​នៅ​ក្នុង​វិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ ​អា​នេះ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ការ​ដឹង​ ការ​យល់​របស់​កម្ពុជា»។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន ​ដូច​ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ និង​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​ពាក់​ព័ន្ធរឿង​វិវាទ​ដី​ធ្លី​ជាដើម។

លោក​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដោយ​សារ​រឿង​ទំនាស់​ដីធ្លី៕
XS
SM
MD
LG