ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​​ខិត​កាន់​តែ​ជិត​ទៅ​រក​ការ​អនុម័ត​សេចក្តីព្រាង​ច្បាប់​ដ៏​សំខាន់​មួយ​​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​


រូប​ឯកសារ៖ ពន្លឺ​ព្រះអាទិត្យ​ចាំង​លើ​អគារ​វិមាន​សភា​អាមេរិក (U.S. Capitol) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​​ពី​ថ្ងៃ​៣០ ខែ​កញ្ញា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ពន្លឺ​ព្រះអាទិត្យ​ចាំង​លើ​អគារ​វិមាន​សភា​អាមេរិក (U.S. Capitol) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​​ពី​ថ្ងៃ​៣០ ខែ​កញ្ញា ឆ្នាំ​២០២១។

សភា​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​ បាន​ខិតកាន់​តែ​ជិតទៅ​ដល់​ការ​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ដ៏​សំខាន់​មួយ​ ស្តី​ពី​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន។ សេចក្តី​ព្រាងច្បាប់​ការ​ប្រកួត​ប្រជែង​របស់​អាមេរិក ឬ The America Competes Act​ ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​ កាល​ពី​ថ្ងៃចន្ទ​ក្នុង​សំឡេង៦៨ ទល់​នឹង​២៨​ ហើយ​សភា​តំណាងរាស្រ្តអាមេរិក​ នឹង​ត្រួត​ពិនិត្យនិង​សម្រួលខ្លឹមសារ​បញ្ជូល​គ្នា​ជាមួយនឹង​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាងច្បាប់របស់​ខ្លួន​ ដើម្បី​បោះឆ្នោត​អនុម័ត​ជា​ចុងក្រោយ។

សេតវិមាន​ស្វាគមន៍​ចំពោះ​ការ​ចម្រើន​ទៅ​មុខ​នៃ​សេចក្តីព្រាងច្បាប់​នេះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​យប់​ថ្ងៃចន្ទ​ថា៖​ «មាន​ការ​គាំទ្រ​យ៉ាង​ច្បាស់លាស់​ពី​គណបក្ស​ទាំង​ពីរ​ សម្រាប់​ការ​វិនិយោគ​ ដែល​លោក​ប្រធានាធិបតីបាន​គាំទ្រ​យ៉ាងខ្លាំង​អស់ពេល​ជា​យូរ​មក​ហើយ ដូចជាការ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ទំនិញ​ក្នុងប្រទេស ការ​គាំទ្រ​ដល់​អ្នក​ច្នៃប្រឌិត​របស់​យើង​ និង​ការ​ជួយ​គាំទ្រ​ពួកគេ​ ក្នុង​ការ​នាំ​យក​គំនិត​របស់ពួកគេ ទៅ​អនុវត្តជាក់ស្តែង​នៅ​ក្នុង​រោងចក្រ​ ក៏​ដូច​ជា​ការដោះស្រាយ​នូវ​សង្វាក់​ផ្គត់ផ្គង់​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ ដូច​ជាបន្ទះ​អេឡិចត្រូនិក​ semiconductors​ ​ជា​ដើម​ ដែលបាន​ធ្វើ​ឲ្យទំនិញ​ឡើង សម្រាប់​ពលរដ្ឋ​ដែលមាន​ប្រាក់ចំណូលមធ្យម»។ ​

ច្បាប់​នេះ​ ក៏​នឹង​ដោះស្រាយ​ផង​ដែរ​ នូវ​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ ដោយផ្តល់​ថវិកា​សម្រាប់​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​សហរដ្ឋ​អាមេរិក និង​តៃវ៉ាន់​ ​ដោយ​ទទួលស្គាល់​កោះ​តៃវ៉ាន់​ថាជាផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមេរិក​ និង​ការ​បញ្ចប់​នូវការ​ហាមប្រាមទៅ​លើការ​ដាក់តាំង​បង្ហាញ​ទង់​ជាតិ​កោះតៃវ៉ាន់​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​មក​កាន់​សហរដ្ឋ​អាមេរិក​ជា​ដើម។​ ​

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍សម្ងាត់​របស់​ព្រឹទ្ធសភា​អាមេរិក​លោក​ Mark Warner បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​Twitter នៅ​ថ្ងៃអង្គារ​ថា៖​ «ការ​អនុម័ត​ច្បាប់ America COMPETES Act នឹង​មាន​ន័យ​ថា​ ​ជា​ការ​ធ្វើ​សកម្មភាព​ជាក់ស្តែង​ ដើម្បីដោះស្រាយ​នូវអតិផរណា​រយៈពេល​វែង​ ​និង​កំណត់​គោលដៅ​លើ​ការ​ធ្វើ​វិនិយោគនៅ​ក្នុង​ការ​ផលិត​នៅ​ក្នុងសហរដ្ឋ​អាមេរិក។​ ខ្ញុំ​បាន​ពាក់ព័ន្ធ​ក្នុងសេចក្តី​ព្រាងច្បាប់​នេះ​តាំង​ពី​ដំបូង​មក​ ​ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​បញ្ចប់​វា»។ ​

ប្រធាន​ព្រឹទ្ធសភា​អាមេរិក​លោក​ Chuck Schumer និយាយ​ថា ដំណើរ​នៃ​ការ​ដាក់​បញ្ជូល​គ្នា​ នៃ​ខ្លឹមសារ​របស់​សេចក្តី​ព្រាងច្បាប់​ទាំង​ពីររបស់​ព្រឹទ្ធសភា​និង​រដ្ឋសភា​អាមេរិក​ នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងសប្តាហ៍​នេះ៕​

XS
SM
MD
LG