ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​និង​នូវែលសេឡង់ បារម្ភ​អំពី​ចំណង​ទាក់ទង​រវាង​ចិន​និង​ដែនកោះ Solomon


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែន​កោះ Solomons លោក Manasseh Sogavare (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang ចូលរួម​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​មហាសាល​ប្រជាជាតិ​ចិន (Great Hall of the People) ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​និង​នូវែលសេឡង់ បាន​សម្តែង​នូវ​ក្តីបារម្ភ​កាល​ពី​ថ្ងៃ​ចន្ទ​ជុំវិញវត្តមាន​កងទ័ព​ចិននៅ​ដែន​កោះ​សូឡូម៉ុង (Solomon)។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ឯកសារ​បែក​ធ្លាយ​មួយ​កាលពី​សប្តាហ៍​មុន​បង្ហាញ​ថា ប្រទេស​ចិន អាច​បង្កើន​វត្តមានកងទ័ព​របស់​ខ្លួន​នៅ​លើ​ប្រទេស​ដែន​កោះមួយ​នេះ​ ដែល​ស្ថិតក្នុង​តំបន់មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ដែល​ក្នុង​នោះ​ក៏​រួមមាន​ការទៅ​ធ្វើ​ទស្សនកិច្ច​របស់នាវា​ចម្បាំង​ចិន​ទៅ​កាន់​ទីនោះ​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​លោក​ស្រី Jacinda Ardern កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​អំពី​ស្ថានភាព​វិវត្ត​ទៅ​មុខនៅ​លើ​ប្រទេស​កោះ​មួយ​នេះ ​ហើយ​មាន​គម្រោងនិយាយ​ជាមួយ​សមភាគី​របស់​លោក​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ប៉ាពូ​អាស៊ី​នូវេល​ហ្គីណេ ​និង​ប្រទេស​ហ្វ៊ីជី​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ធ្វើ​ទស្សនកិច្ច​នៅ​អាកាសយានដ្ឋាន​ថ្មី​ក្នុង​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ២០២២។
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ធ្វើ​ទស្សនកិច្ច​នៅ​អាកាសយានដ្ឋាន​ថ្មី​ក្នុង​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ២០២២។

លោក Morrison បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «របាយការណ៍​ដែល​យើង​បាន​ឃើញ​ គឺ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ហើយ​ជា​ការរំឭក​ពី​ការដាក់​សម្ពាធ និង​ការគំរាម​កំហែង​ជា​ប្រចាំដែល​មាននៅ​ក្នុង​តំបន់ និង​សន្តិសុខ​ជាតិ​របស់​យើង»។

លោក​បន្ថែម​ទៀត​ថា «នេះ​ ជាបញ្ហា​នៃ​ក្តីកង្វល់មួយរបស់​តំបន់ ប៉ុន្តែវា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះឡើយ។ យើងបានដឹង​ពី​ការដាក់​សម្ពាធ​ទាំង​នោះ​ អស់​ពេល​ជា​យូរ​មក​ហើយ»។

ចំណែក​នាយក​រដ្ឋមន្ត្រីនូវែលសេឡង់​លោក​ស្រី Ardern បាន​ពណ៌នាលទ្ធភាព​នៃវត្តមាន​កង​កម្លាំងចិនឈរ​ជើង​ក្នុង​ប្រទេស​ដែន​កោះ​សូឡូម៉ុង​នោះ​ថា ជា«ការព្រួយ​កង្វល់​យ៉ាង​ខ្លាំង»។

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​លោកស្រី Jacinda Ardern នៅក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​នៅ​សភា ក្នុង​ទីក្រុង​វែលីងតោន ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​លោកស្រី Jacinda Ardern នៅក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​នៅ​សភា ក្នុង​ទីក្រុង​វែលីងតោន ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោក​ស្រី​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​វិទ្យុ Nz ថា «យើង​ចាត់ទុកសកម្មភាព​បែប​នេះថា ជា​គោលបំ ណង​សម្រាប់​ខាង​យោធា។ យើង​មើល​ឃើញ​ហេតុផល​តិចតួច​ប៉ុណ្ណោះ​ ស្តីពីភាពចាំបាច់​សម្រាប់ឲ្យ​មាន​សន្តិសុខ​ និង​វត្តមាន​យោធា​បែប​នេះ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក»។

លោក​ស្រី ក៏​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​កោះ​សូឡូម៉ុង «មិន​ត្រូវ​មើល​ឆ្ងាយ​ហួស​ពី​គ្រួសាររបស់​តំបន់​បាស៊ី ហ្វិក»នោះ​ឡើយ នៅ​ពេល​ដែលខ្លួន​ពិចារណា​បង្កើត​ទំនាក់​ទំនង​សន្តិសុខ​នោះ។

ចំណែកសហរដ្ឋអាមេរិក​វិញ ​ក៏​បាន​សម្តែង​នូវ​ក្តីបារម្ភ​របស់​ខ្លួន​ផង​ដែរ​ដោយ​និយាយ​ថា អាមេរិក​ជឿ​ថា កង​កម្លាំង​សន្តិសុខ​និង​វិធី​សាស្ត្រ​របស់​ចិន មិន​ចាំបាច់​ត្រូវ​បញ្ជូន​ទៅ​កាន់ទី​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិកលើក​ឡើង​ថា «នេះ​គ្រាន់​តែ​ជា​ការបន្ថែមនូវ​ក្តី​បារម្ភដល់​អន្តរជាតិ​និង​ដល់​តំបន់ ជុំវិញការពង្រីក​ជា​ឯកតោភាគីនូវ​ឥទ្ធិពលសន្តិសុខ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​កាន់​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

ដោយឡែក​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ច្រានចោល​នូវ​ក្តី​បារម្ភរបស់​ប្រទេស​ទាំង​នោះ ដោយ​និយាយ​ថា «កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​ដែនកោះ​សូឡូម៉ុង ត្រូវ​បានស្វាគមន៍​យ៉ាងកក់ក្តៅ​ពី​សំណាក់​រដ្ឋាភិបាល​ដែន​កោះ​សូឡូម៉ុង​ និង​ប្រជាពលរដ្ឋ​របស់​ប្រទេស​នេះ»។

កោះ​សូឡូម៉ុង កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​បាន​បង្ហាញ​ថា ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​ការពារ​ប្រទេស​ជាមួយ​ចិន ក៏ប៉ុន្តែ ការព្រួយបារម្ភ​កាន់ខ្លាំង​ឡើងរបស់​ប្រទេស​ក្បែរខាង​កោះ​សូឡូម៉ុង កើត​មាន​ឡើង​នៅពេល​ដែល​មានការបែក​ធ្លាយ​ឯកសារ​ព្រាងមួយតាម​ប្រព័ន្ធ​អនឡាញ​ស្តីពី​កិច្ចព្រមព្រៀង​សន្តិសុខ​ដ៏​ទូលំ​ទូលាយ​រវាង​ប្រទេស​ដែន​កោះ​មួយ​នេះ​ជា​មួយប្រទេស​ចិន៕

XS
SM
MD
LG