ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅសេតវិមានកាលពីថ្ងៃអង្គារ អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងតួនាទីរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
មេដឹកនាំទាំងពីររូបនេះបានអង្គុយពិភាក្សាគ្នានៅក្នុងការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក ហើយក្រោយមកបានថ្លែងសុន្ទរកថានៅក្នុងអ្វីដែលគេហៅថាជាសេចក្ដីថ្លែងការណ៍ព័ត៌មានរួមគ្នាមួយ។
លោក Biden បានថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈដែលលោកចាប់ផ្ដើមកិច្ចពិភាក្សានោះថា សហរដ្ឋអាមេរិកគាំទ្រការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក បើទោះជាបច្ចុប្បន្ននេះផ្ដោតទៅលើស្ថានការណ៍អឺរ៉ុបក្នុងអំឡុងពេលដែលមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ។
លោក Biden បានមានប្រសាសន៍ថា៖ «បើទោះជាយើងកំពុងដោះស្រាយវិបត្តិនៅអឺរ៉ុបក៏ដោយ ក៏រដ្ឋបាលរបស់ខ្ញុំមានការគាំទ្រយ៉ាងមុតមាំក្នុងការឆ្ពោះយ៉ាងលឿនទៅអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែរ»។
នៅមុនកិច្ចពិភាក្សានេះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលរបស់លោក Biden បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមានសេចក្ដីសោមនស្សរីករាយចំពោះការសម្រេចរបស់សិង្ហបុរីក្នុងការដាក់ទណ្ឌកម្មនិងរឹតត្បិតការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនតាំងពីខែមុនមក។
រុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនថាជា«ប្រតិបត្តិការពិសេសមួយ» ដែលមិនមែនធ្វើឡើងដើម្បីដណ្ដើមកាន់កាប់ទឹកដីនោះទេ ប៉ុន្តែគឺដើម្បីកម្ទេចសមត្ថភាពយោធារបស់ប្រទេសនៅជិតខាងដែលស្ថិតនៅប៉ែកខាងត្បូង និងចាប់ខ្លួននូវជនណាដែលរុស្ស៊ីចាត់ទុកថាជាជនស្នេហាជាតិដ៏គ្រោះថ្នាក់៕