ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តី​ព្រាងច្បាប់​ដើម្បី​ទប់ទល់​នឹង​ការគំរាម​កំហែង​បច្ចេកវិទ្យា​ចិន


រូបឯកសារ៖ កំពូល​វិមាន​សភា​កាពីតូល មើលពី​ចំហៀង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពីថ្ងៃអង្គារ​កន្លង​ទៅ បានបោះ​ឆ្នោត​ដោយសំឡេង​គាំទ្រ​៦៨ ​ទល់​នឹង​៣២សំឡេង ​ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក​ ក្នុង​ការ​ប្រកួត​ប្រជែងជា​មួយ​បច្ចេក​វិទ្យា​ចិន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បោះ​ឆ្នោត​នោះ​ដោយ​ការខឹង​សម្បារ ​និង​បាន​និយាយ​ថា ខ្លួន​ប្រឆាំង​ទៅ​នឹងការ​បោះ​ឆ្នោត​យក​ប្រទេស​ចិន​ធ្វើ​ជាសត្រូវក្នុង​ក្តី​ស្រម៉ៃ​របស់​អាមេរិក​នោះ។

សេចក្តី​ព្រាង​ច្បាប់​នេះ អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ១៩០ពាន់​លាន​ដុល្លារ​ ដើម្បី​ពង្រឹងនិង​សិក្សា​ស្រាវ​ជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក ហើយ​សភា​អាមេរិក​ក៏​នឹង​ផ្តល់​ការ​យល់​ព្រម​ដាច់​ដោយ​ឡែក​មួយ​ទៀតទៅ​លើ​ការ​ចំណាយ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ៥៤ពាន់​ លាន​ដុល្លារ​ ដើម្បី​បង្កើនផលិតផល​អាមេរិក​ និង​ការ​ស្រាវ​ជ្រាវ​បន្ទះ​អេឡិកត្រូនិក ​ឬ (Semiconductors) និង​ឧបករណ៍​ទូរគមនាគមន៍ ​ដែល​ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន២ពាន់​ លាន​ដុល្លារ​ នឹង​ត្រូវ​ប្រើក្នុង​ការ​បង្កើត​បន្ទះឈីប​សម្រាប់ក្រុមហ៊ុនផលិត​រថយន្ត​អាមេរិក​ ដែល​កំពុង​មាន​ការ​ខ្វះ​ខាតយ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ការ​ផលិត​មាន​ការ​ធ្លាក់​ចុះ​នោះ។

អ្នក​នាំពាក្យក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុងទី​ក្រុង​ប៉េកាំង​ថា «យើង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋ​អាមេរិក​ដែលតែង​តែមើល​ឃើញ​ប្រទេសចិនថា ​ជា​សត្រូវក្នុង​ក្តី​ស្រម៉ៃ​របស់​ខ្លួន​នោះ»។

សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវឆ្លង​កាត់​ការ​អនុម័ត​យល់​ព្រមជា​មុន​សិន​ដោយ​រដ្ឋ​សភាសហរដ្ឋ​អាមេរិក​ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សេតវិមាន​ដើម្បីឲ្យលោក​ប្រធានាធិបតី Joe Biden ចុះ​ហត្ថលេខា​ក្លាយ​ជា​ច្បាប់។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​មាន​ការ​កែប្រែ​ប៉ុណ្ណា​នៅ​ក្នុង​រដ្ឋសភា​ ហើយ​នៅ​ពេល​ណា​ទើប​រដ្ឋសភា​ចាប់ផ្តើម​ពិនិត្យ​មើលសេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ផ្តល់​សញ្ញា​គាំទ្រទៅ​លើ​ច្បាប់នោះ​ ដោយ​លើក​ឡើង​ថា «យើង​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បីជ័យ​ជម្នះ​ក្នុង​សតវត្សរ៍​ទី២១​នេះ ហើយ​ការ​ប្រកួត​ប្រជែង​បាន​ចាប់​ផ្តើម​ហើយ។ យើង​មិនអាច​ប្រថុយ​ឲ្យ​មាន​ការ​ចុះ​ចាញ់​នោះ​ឡើយ៕

XS
SM
MD
LG