ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​ចិន​យល់ស្រប​គ្នា​មិន​ប្រព្រឹត្ត​ឬ​គាំទ្រ​ការ​លបលួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិត


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា លោក​ប្រធានាធិបតី​ចិន Xi Jinping ស្រ្តី​ទី​១ លោក​ស្រី Michelle Obama និង​ស្រ្តី​ទី១​របស់​ចិន​ លោក​ស្រី Peng Liyuan ស្ថិត​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា លោក​ប្រធានាធិបតី​ចិន Xi Jinping ស្រ្តី​ទី​១ លោក​ស្រី Michelle Obama និង​ស្រ្តី​ទី១​របស់​ចិន​ លោក​ស្រី Peng Liyuan ស្ថិត​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា លោក ​និង​លោក Xi Jinping​ សមភាគី​ចិន​របស់​លោក​បាន​យល់ស្រប​គ្នា​ថា​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​នឹង​មិន​ប្រព្រឹត្ត​ ឬ​មិន​គាំទ្រ​ «ដោយ​ចេតនា» អំពី​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ ឬ​ការសម្ងាត់​ខាង​ពាណិជ្ជកម្ម​តាម​បណ្តាញ​អ៊ិនធឺណិត​ដែល​ជាប្រភព​មួយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ទេ។​

នៅ​ក្នុង​សន្និសីទ កាសែត​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯសេតវិមាន​ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ ភាគី​ទាំង​ពីរ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងបញ្ហា​មួយ​ចំនួន​ដោយ​ទទួល​ស្គាល់​ថា​ ប្រទេស​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា។​

គេ​បាន​រំពឹង​ថា​កិច្ចចរចា​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​នឹង​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រមូល​ការសម្ងាត់​តាម​បណ្តាញ​អ៊ិនធឺណិត ការ​ប្រតិបត្តិ​ខាង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​នេះ​អំពី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

នៅ​ក្នុង​ពិធី​ស្វាគមន៍​មួយ​កាល​ពី​ពេល​មុន​នេះ​នៅឯសេតវិមាន​ លោក​ប្រធានាធិបតី​ Xi បាន​មាន​ប្រសាសន៍​ថា​ ការ​ទា​ក់ទង​គ្នា​រវាង​ប្រទេស​ចិន ​និង​ស.រ.អា.​កំពុង «ឋិត​នៅ​ចំណុច​ចាប់ផ្តើម​ថ្មីមួយ»។

លោក​ប្រធានាធិបតី​អាមេរិកាំង​បាន​មាន​ប្រសាសន៍​ថា «ប្រសិន​បើយើង​ធ្វើការ​ជាមួយ​គ្នា ប្រទេស​មហា​អំណាច​ទាំងពីរ​របស់​យើង​មាន​សមត្ថភាព​គ្មាននរណា​អាច​ប្រដូច​បាន​ទេ​ក្នុង​ការ​តម្រែតម្រង់​ទិសដៅ​ពិភពលោក​ក្នុង​សតវត្សរ៍​ខាង​មុខ»។

លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​កត់សម្គាល់​ដែរ​អំពី​កង្វល់​ខាង​សិទ្ធិ​មនុស្ស​ដែល​ជា​ប្រភព​នៃ​ការ​អន់ចិត្ត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ លោក​ប្រធានធិបតី​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា «ប្រទេស​ជាតិ​ទាំង​ឡាយ​នឹង​មាន​ជោគជ័យ​ច្រើន​ជាង​មុន ហើយ​ពិភពលោក​នឹង​មាន​ការ​រីកចម្រើន​ថែម​ទៀត នៅ​ពេល​មាន​ការ​គោរព​សិទ្ធិមនុស្ស​ជា​សាកល​របស់​មនុស្ស​គ្រប់ៗ​គ្នា»៕

XS
SM
MD
LG