ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​អង្កេត​ការណ៍៖​ ទំនាក់​ទំនង​​​​អាមេរិក-ចិន​មាន​ឥទ្ធិពល​ច្រើន​​លើ​កម្ពុជា


រូបភាពឯកសារ៖ ស្ត្រីជនជាតិចិនម្នាក់​កំពុង​រៀបទង់ជាតិចិន និង​ទង់ជាតិ​អាមេរិក​នៅ​ក្បែរ​គ្នា។

អ្នក​អង្កេត​ការណ៍​អំពី​ទិសដៅ​​នយោបាយ​​ប្រទេស​កម្ពុជា​សង្ឃឹម​ថា ​​បើ​អាមេរិក​ និង​ប្រទេស​ចិន​មាន​ទំនាក់​ទំនង​​ដ៏​ប្រសើរ​ នោះវា​នឹង​​​ផ្តល់​​ផល​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​ ដែល​កំពុង​ថ្លឹងថ្លែង​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច​ទាំង​ពីរ​នេះ។

អ្នក​អង្កេត​ការណ៍​អំពី​ទិសដៅនយោបាយប្រទេស​កម្ពុជា​សង្ឃឹម​ថា បើ​អាមេរិក​ និង​ប្រទេស​ចិន​មាន​ទំនាក់​ទំនងដ៏​ប្រសើរ​ នោះវា​នឹង​ផ្តល់ផល​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​ ដែល​កំពុង​ថ្លឹងថ្លែង​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច​ទាំង​ពីរ​នេះ។​

មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​លោក​ ស៊ី ជីនពីង​ (Xi Jinping) ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​នា​ខែ​ក្រោយ​នេះ​ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​សមភាគី​របស់​លោក​គឺលោក ​បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ ប្រធានាធិបតី​ស.រ.អា.​ដែល​ក្រុម​អ្នក​អង្កេត​ការណ៍​កម្ពុជា​យល់​ថា​ ប្រទេស​កម្ពុជានឹង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ។​

ទាំង​សហ​រដ្ឋ​អាមេរិក ​និង​ចិន​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លំាង​លើ​ផ្នែក​ខុសៗ​គ្នា​ទៅ​លើ​ប្រទេស​កម្ពុជា​ ជា​ពិសេស​ផ្នែក​អប់រំ​ ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ចុង​ក្រោយ​នេះ​ផ្នែក​សេដ្ឋ​កិច្ច។​ ​ខណៈ​ដែល​អាមេរិក​ផ្តោត​ការ​គាំទ្រ​លើ​ផ្នែក​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​របស់​កម្ពុជា​ផង​ដែរ។​

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ខ្មែរ អ្នក​វិភាគ​ និង​បញ្ញវន្ត​ខ្មែរ​បាន​លើក​ទ្បើង​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក៏​ដូច​ជា​បញ្ហា​ភូមិសាស្រ្ត​នយោបាយ​ ជា​តួយ៉ាង​គឺ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​កម្ពុជា​ក៏​ជា​សមា​ជិក​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)។​

លោក​បណ្ឌិត​ ឈាង​ វណ្ណារិទ្ធ​ ជា​សហ​ស្ថាបនិក​ និង​ជា​ប្រធាន​វិទ្យាស្ថាន​សម្រាប់ការ​សិក្សា​យុទ្ធ​សាស្រ្ត​កម្ពុជា​ ហើយ​ក៏​ជា​សាស្រ្តា​ចារ្យ​នៃ​សកល​វិទ្យាល័យ ​Leeds​ នៃ​ចក្រ​ភព​អង់​គ្លេស​បាន​ប្រាប់​ VOA ​ថា ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ចិន​នេះ​គឺ​ជា​ទំនាក់​ទំនង​ដ៏​សំខាន់​សម្រាប់ពិភព​លោក​ និង​ពិសេស​សម្រាប់តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ។​

ទំនាក់​ទំនង​អាមេរិក-ចិន​មាន​ភាព​ប្រសើរ​ទ្បើង​នឹង​ជួយ​ឲ្យមាន​ស្ថិរភាព​នយោបាយ​សន្តិសុខ​ និង​ការ​អភិវឌ្ឍក្នុងពិភព​លោក។​ ​លោក​បាន​បន្ថែម​ទៀត​ថា ​ទំនាក់​ទំនង​ល្អ​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​ពិតជា​មាន​សារៈ​សំខាន់​ណាស់។

លោក​ថា៖​«និន្នាការ​របស់​កម្ពុជា​មាន​ទំនោរ​ងាក​ទៅ​រក​ប្រទេស​ចិន​ក្នុង​នយោបាយ​ការ​បរទេស​ក៏​ដូច​ជា​ទំនាក់​ទំនង​យុទ្ធ​សាស្រ្ត​ និង​សេដ្ឋ​កិច្ច​ ច្រើន​ជាង​សហ​រដ្ឋ​អាមេរិក»។​

លោក​បន្ត​ថា៖​ «ដូច្នេះ​ប្រសិន​បើ​ជំនួប​នៅ​ខែ​ក្រោយ​មាន​ផល​ល្អ​ វា​នឹង​បង្កើត​ឲ្យមាន​ផល​វិជ្ជ​មាន​ល្អ​ដល់​តំបន់​ និង​ប្រទេស​កម្ពុជា»។​

ទស្សន​កិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក ​ស៊ី ជីនពីង ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នេះ​ ធ្វើ​ឡើង​អំទ្បុង​ពេល​កំពុង​មាន​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ។​ មន្ត្រី​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​រដ្ឋាភិបាល​ចិន​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ (Cyber Attack)​ លើ​ទី​ភ្នាក់​ងារ​អាមេរិក។​ សហ​រដ្ឋ​អាមេរិក​ក៏​បាន​សម្តែងការ​ព្រួយ​បារម្ភ​អំពី​ការ​បង្រ្កាបលើ​អ្នក​ប្រឆាំង​ចិន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដែលពឹងពាក់​គ្នា​លើ​សេ​ដ្ឋកិច្ច​ដ៏​រឹង​មាំនោះ​គឺ​ជា​ទំនាក់​ទំនង​ដ៏​មាន​សារៈ​សំខាន់​តាម​បែប​យុទ្ធ​សាស្រ្ត។ នេះ​បើតាមការ​លើក​ទ្បើង​របស់​លោក​ នាក់​ ចិន្តារិទិ្ធ​ ដែល​ជា​ប្រធាន​ដេប៉ាតឺម៉ង់​សិក្សា​អន្តរ​ជាតិ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស។

«ខ្ញុំ​គិត​ថា ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​ផ្នែក​សេដ្ឋ​កិច្ច​មាន​ភាព​ល្អ​ប្រសើរ​រួច​មក​ហើយ ​ព្រោះ​អាមេរិក​ជំពាក់​បំណុល​ចិន​១០%»។ ​ លោកបន្ថែម​ទៀត​ថា​ «ចិន​ក៏​ជា​ដៃ​គូ​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​សម្រាប់អាស៊ាន​ដែរ»។​

លោក​ លី វេងហុង​ ជា​បេក្ខ​ជន​ថ្នាក់​អនុ​បណ្ឌិត​នៃ​សាកលវិទ្យា ​Central​ European​ នៃ​ប្រទេស​ហុងហ្ការី​បាន​ឲ្យដឹង​ដែរ​ថា ​បញ្ហា​សុវត្ថិ​ភាព​អ៊ីនធឺណិត ​(Cyber​ Security) ​បញ្ហា​សេដ្ឋកិច្ច​ និង​ការផ្លាស់ប្តូរ​អាកាស​ធាតុ​ បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ក៏អាច​នឹង​ត្រូវលើក​យក​ទៅ​ពិភាក្សាផង​ដែរ។​

«ខ្ញុំ​គិត​ថា​ ក្នុង​ចំណោម​បញ្ហា​ទាំង​បួន​នេះ ​បញ្ហា​សេដ្ឋ​កិច្ច ​និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ទាក់​ទង​នឹង​កម្ពុជា»។

លោក​និយាយថា៖​ «ប្រសិន​បើ​កិច្ច​ប្រជុំ​នេះ​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​ នោះ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពីរ​ពី​កិច្ច​ប្រជុំ​នេះ»។

ក្រៅ​ពី​នេះ​ ​លោក​បាន​ពន្យល់​បន្ថែម​ថា​ ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​ចិន​មាន​ភាព​វិជ្ជមាន ​នោះ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​សេដ្ឋ​កិច្ច​កាន់​តែ​ច្រើន។​

ហឿង រ័ត្នរចនា ​វ័យ​១៩​ឆ្នាំ​ ​ជា​និស្សិតឆ្នាំ​ទី​៣​លើ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ឲ្យដឹង​ថា​ ប្រសិន​បើ​កិច្ច​ពិភាក្សា​នេះ​មាន​ភាព​រលូន​ ​នោះ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​ជំនួយ​ និង​ ពាណិជ្ជ​កម្ម។​

ដោយ​មាន​ក្តី​សង្ឃឹម​ថា ​កិច្ច​ប្រជុំ​នេះនឹង​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​នោះ​ នាង​ ហឿង រ័ត្នរចនា​ បាន​បន្ថែម​ទៀត​ថា៖​

«កិច្ច​ប្រជុំ​នេះ​គឺ​ជា​ជំហាន​ដំបូង​មួយ​សម្រាប់ទំនាក់​ទំនង​រវាង​អាមេរិក-ចិន​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​អនាគត»៕​

XS
SM
MD
LG