ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងចាប់ផ្តើមយុទ្ធនាការទូទាំងសាកលលោកដើម្បីបញ្ចប់ភាពគ្មានរដ្ឋនៅក្នុងរយៈពេល១០ឆ្នាំ។ យុទ្ធនាការដែលហៅថា “I Belong” មានគោលបំណងធ្វើឲ្យមនុស្សរាប់លាននាក់ចេញផុតពីភាពមិនប្រាកដប្រជាខាងផ្លូវច្បាប់ក្នុងការរស់នៅរបស់ពួកគេ ពីព្រោះតែពួកគេគ្មានសញ្ជាតិហើយនឹងបាត់បង់សិទ្ធិពលរដ្ឋទាំងអស់។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) រាយការណ៍ថា មនុស្សយ៉ាងតិចណាស់ក៏១០លាននាក់ គ្មានរដ្ឋ ហើយរៀងរាល់១០នាទីមានទារកម្នាក់ កើតមកគ្មានរដ្ឋ។
មនុស្សគ្មានរដ្ឋភាគច្រើនគ្មានសិទ្ធិតាមផ្លូវច្បាប់នៅក្នុងប្រទេសដែលពួកគេរស់នៅទេ។
UNHCR ប្រាប់ឲ្យដឹងថា តាមផ្លូវច្បាប់ មនុស្សដែលគ្មានរដ្ឋគឺមិនមានទេ។ ពួកគេគ្មានអត្តសញ្ញាណ គ្មានសំបុត្រកំណើត ហើយគ្មានឯកសារ។ ដូច្នេះពួកគេមិនបានទទួលការថែទាំសុខភាព ការសិក្សាអប់រំ ឬ ទទួលបានការងារស្របច្បាប់។ ក្នុងប្រទេសខ្លះ មនុស្សគ្មានរដ្ឋដែលស្លាប់មិនទាំងទទួលបានលិខិតមរណៈភាពផង។
លោក Antonio Guterres នៃទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) និយាយថា មានកត្តាមួយចំនួនដែលធ្វើឲ្យមានមនុស្សគ្មានរដ្ឋនេះ។ លោកមានប្រសាសន៍ទៀតថា ស្ថានភាពភាគច្រើនចេញមកពីការរើសអើងដែលផ្អែកលើជាតិសាសន៍ សាសនា ឬភេទ។
«បញ្ហាដែលល្បីល្បាញជាងគេហើយបានធ្វើការពិភាក្សាក្នុងពិភពលោកគឺជនជាតិភាគតិច Rohingya នៅក្នុងប្រទេសភូមាដែលមានមនុស្សជាង១លាននាក់ ដែលការណ៍ពិតគេពុំបានផ្តល់សញ្ជាតិដល់ពួកគេឬពួកគេភាគច្រើនមិនត្រូវបានផ្តល់សញ្ជាតិឲ្យ។ នៅក្នុងប្រទេសភូមា ពួកគេត្រូវបានគេចាត់ទុកថា ជាជនចំណាកស្រុកខុសច្បាប់មកពីប្រទេសបង់ក្លាដែស។ ក៏ប៉ុន្តែ ប្រសិនបើ ពួកគេទៅប្រទេសបង់ក្លាដែស ពួកគេនឹងត្រូវគេចាត់ទុកថា ជនជនចំណាកស្រុកខុសច្បាប់មកពីភូមា ដែលមានន័យថា ជនជាតិភាគតិច Rohingya ដ៏ច្រើនលើសលុប គ្មានសិទ្ធិ គ្មានសញ្ញាតិ»។
ប្រទេសផ្សេងៗទៀត ដែលមានប្រជាពលរដ្ឋគ្មានរដ្ឋគឺប្រទេសកូដ ឌីវ័រ ថៃ ឡេតូនី និងសាធារណរដ្ឋដូមីនីក។ ការគ្មានរដ្ឋក៏កើតមានឡើងនៅពេលដែលប្រទេសមួយបែកចេញពីប្រទេសមួយទៀត ដូចដែលបានកើតមានឡើងជាមួយអតីតសហភាពសូវៀត និងអតីតយូហ្គោស្លាវី។
ច្បាប់ដ៏តឹងរ៉ឹងដែលបដិសេធមិនផ្តល់សិទ្ធិឲ្យស្រ្តីផ្ទេរសញ្ជាតិរបស់ខ្លួនទៅឲ្យកូនចៅរបស់គេដោយផ្អែកលើមូលដ្ឋានស្មើភាពគ្នាជាមួយបុរសនោះ ជាបុព្វហេតុដ៏សំខាន់មួយទៀតនៃការគ្មានរដ្ឋនេះ។ នៅពេលបច្ចុប្បន្ននេះ ប្រទេសចំនួន២៧មានច្បាប់បែបនេះ។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ប្រាប់ឲ្យដឹងទៀតថា ភាពគ្រោះថ្នាក់ថ្មីនៃភាពគ្មានរដ្ឋកំពុងកើតចេញពីជម្លោះដែលកំពុងកើនឡើង។ ឧទាហរណ៍ អង្គការនោះបានកត់សម្គាល់ថា សង្គ្រាមក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងប្រទេសស៊ីរីបានបង្ខំឲ្យមនុស្សរាប់លាននាក់រត់គេចខ្លួន ហើយបានក្លាយជាជនភៀសខ្លួន។ កូនចៅរបស់ជនភៀសខ្លួនរាប់ម៉ឺននាក់ទៀតដែលបានកើតនៅពេលនិរទេសខ្លួន មិនបានចុះក្នុងបញ្ជីកំណើត។
លោក Guterres នៃអគ្គស្នងការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និយាយទៀតថា នេះ ជាបញ្ហាដ៏ធំបំផុតសម្រាប់កូនក្មេងជនភៀសខ្លួនស៊ីរីដែលកើតក្នុងប្រទេសលីបង់ និងប្រទេសហ្សកដានី។ លោកមានប្រសាសន៍ទៀតថា ស៊ីរីមិនអនុញ្ញាតិឲ្យស្រ្តីផ្តល់សញ្ជាតិរបស់ខ្លួនទៅឲ្យកូនរបស់ខ្លួនទេ។ លោកនិយាយទៀតថា ការណ៍នេះអាចបណ្តាលឲ្យទារកជាច្រើនមិនអាចចុះបញ្ជីកំណើត ពីព្រោះតែឪពុករបស់ខ្លួនអាចត្រូវបានគេសម្លាប់ ឬបានបាត់ខ្លួន។
«យើងបានធ្វើការងារជាមួយរដ្ឋាភិបាលដើម្បីសម្រុះសម្រួលទម្រង់ការដើម្បីអនុញ្ញាតិឲ្យកូនចៅជនជាតិស៊ីរីចុះបញ្ជី ហើយជាការណ៍ពិតមានការជឿនលឿនយ៉ាងខ្លាំងលើបញ្ហានេះ។ ហើយយើងសង្ឃឹមថា ការជឿនលឿននេះនឹងអនុញ្ញាតឲ្យយើងធ្វើឲ្យប្រាកដថា នៅថ្ងៃអានាគត កូនក្មេងជនភៀសខ្លួនស៊ីរីទាំងអស់ដែលកើតនៅពេលនិរទេសខ្លួននឹងត្រូវគេចុះបញ្ជីជាជនជាតិស៊ីរី។ នៅពេលបច្ចុប្បន្ននេះ ជនភៀសខ្លួនស៊ីរី ដែលកើតចំនួន៧០ភាគរយនៅក្នុងប្រទេសជិតខាង មិនទាន់ចុះបញ្ចីនៅឡើយទេ»។
លោក Gutrres និយាយថា ភាពគ្មានរដ្ឋ ជារឿងខុសធម្មតានៅក្នុងសតវត្សរ៍ទី២១ ហើយត្រូវតែលុបបំបាត់។ លោកនិយាយទៀតថា មានការផ្លាស់ប្តូរដ៏សំខាន់ក្នុងឥរិយាបទរបស់អន្តរជាតិចំពោះបាតុភូតដ៏សំខាន់នេះដែលធ្វើឲ្យលោកសង្ឃឹមថា យុទ្ធនាការសាកលលោកនេះនឹងទទួលបានជោគជ័យ។
លោកមានប្រសាសន៍ទៀតថា ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ជឿជាក់ថា ភាពគ្មានរដ្ឋអាចដោះស្រាយបាននៅពេលណាមានឆន្ទៈនយោបាយគ្រប់គ្រាន់៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន