ក្រុមសិទ្ធិមនុស្សនិយាយថា អ្នកស្វែងរកទីលំនៅដែលនៅមន្ទីរឃុំឃាំងរបស់អូស្រ្តាលី លើកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកណូរូកំពុងតែបន្តធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយជនភៀសខ្លួននេះ។ សកម្មជននិយាយថាអ្នកជាប់ឃុំខ្លះបានដេរមាត់របស់ខ្លួនជាប់គ្នាហើយបានផឹកទឹកសាប៊ូខណៈដែលបុរសម្នាក់ទៀតបានកាត់បំពង់ករបស់ខ្លួនក្នុងការប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាលនៃរដ្ឋធានី Canberra ដើម្បីប្រឆាំងនឹងទិដ្ឋាការផ្លាស់ទីលំនៅរបស់ជនជាប់ឃុំនៅក្នុងប្រទេសអូស្រ្តាលី។
ក្រុមយុទ្ធនាការជនភៀសខ្លួននិយាយថាមានការខឹងសម្បានិងការស្រងាកចិត្តក្នុងចំណោមអ្នកស្វែងរកទីលំនៅដែលត្រូវបានជាប់ឃុំនៅលើកោះណូរូបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីបានអះអាងថាជនជាប់ឃុំទាំងអស់នេះនឹងមិនត្រូវបានផ្តល់សិទ្ធិឲ្យដាក់សំណុំឯកសារសុំទិដ្ឋាការការពារជាបណ្តោះអាសន្ន។
លិខិតអនុញ្ញាតនឹងអនុវត្តចំពោះអ្នកស្វែងរកទីលំនៅដែលបច្ចុប្បន្នកំពុងតែជាប់ឃុំនៅជំរំអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្ត្រាលី ឬអ្នកដែលត្រូវបានដោះលែងដោយផ្អែកលើទិដ្ឋាការបណ្តោះអាសន្នឲ្យចូលទៅរស់នៅក្នុងសហគមន៍តែប៉ុណ្ណោះ។ អ្នកជាប់ឃុំនៅមន្ទីរឃុំឃាំងកំពុងដំណើរការលើកោះ ណូរូ ឬកោះប៉ាពួរ ញ៉ូហ្គីណេនឹងមិនត្រូវជាប់លក្ខខណ្ឌនេះឡើយ។
សកម្មជនអះអាងថាសេចក្តីសម្រេចនេះបានបង្ករឲ្យមានបាតុកម្មនៅលើកោះណូរូដោយមានជាករណីផ្សេងៗដូចជាការបង្ករគ្រោះថ្នាក់លើខ្លួនឯងដូចដែលបានរាយ ការណ៍ ក្នុងនោះរួមមាន ក្មេងស្រីម្នាក់ត្រូវបានរាយការណ៍ថាបានផឹកទឹកសាប៊ូ ហើយបុរសម្នាក់បានកាត់បំពងករបស់ខ្លួនជាដើម។ ចំណែកឯមនុស្សដទៃទៀតបានដេរម៉ាត់របស់ខ្លួនជាប់គ្នា។
លោក Ian Rintoul ពីក្រុមសកម្មភាពចម្រុះរបស់ជនភៀសខ្លួននៅប្រទេសអូស្ត្រាលី និយាយថាមានការតានតឹងខ្ពស់នៅកោះណូរូនេះ។
«មនុស្សមានអារម្មណ៍មិនស្រួលទេ។ ខ្ញុំគិតថាលោកអ្នកអាចពណ៌នាបានថាមនុស្សមានសេចក្តីអស់សង្ឃឹមយ៉ាងខ្លាំង។ មានបាតុកម្មនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងចំនួន៥ថ្ងៃ មកហើយ ក្នុងចំណោមមនុស្សដែលត្រូវបានដោះលែងក្នុងឋានៈជាជនភៀស ខ្លួន»៕
លោក Scott Morrison រដ្ឋមន្ត្រីអន្តោប្រវេសន៍ប្រទេសអូស្ត្រាលី នៅមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះករណីបង្ករគ្រោះថ្នាក់លើខ្លួនឯងដែលកើតមានឡើងនៅលើកោះណូរូនៅឡើយទេ។ នេះគឺជាគោលនយោបាយជាធម្មតារបស់រដ្ឋាភិបាលក្នុងការបដិសេធផ្តល់ព័ត៌មានចំពោះករណីបែបនេះ។
រដ្ឋាភិបាលនៃរដ្ឋធានីកង់បែរ៉ាកំពុងតែស្វះស្វែងធ្វើការណែនាំសារជាថ្មីមកលើទិដ្ឋា ការបណ្តោះអាសន្ន ហើយកំពុងតែស្វះស្វែងរកការគាំទ្រគម្រោងរបស់ខ្លួននៅរដ្ឋសភាអូស្ត្រាលី។
អ្នករិះគន់ និយាយថា ទិដ្ឋាការការពារបណ្តោះអាសន្ន TPV នឹងថ្កោលទោសអ្នកស្វែងរកទីលំនៅដែលមកពីប្រទេសនៅតំបន់អាស៊ីខាងត្បូង និងតំបន់មជ្ឈិមបូព៌ា ឲ្យធ្លាក់ចូលក្នុងស្ថានភាពជីវិតមិនប្រាកដប្រជា។
ប៉ុន្តែ លោក Morrison និយាយថា ប្រព័ន្ធនេះនឹងផ្តល់សន្តិសុខដល់ប្រជាជនរាប់ពាន់នាក់។
«ទិដ្ឋាការបណ្តោះអាសន្ន TPV នឹងត្រូវផ្តល់ឲ្យក្នុងរយៈពេលច្រើនបំផុត ៣ឆ្នាំ ដោយមានជំនួយខាងការថែទាំសុខភាព ប្រាក់ចូលនិវត្តន៍ និងសិទ្ធិធ្វើការនៅក្រោមរដ្ឋាភិបាលលោក Howard ។ ទិដ្ឋាការ TPV នឹងផ្តល់ស្ថិរភាពនិងឱកាសឲ្យជនភៀសខ្លួនអាចកសាងជីវិតឡើងវិញបាន ហើយនៅពេលដំណាលគ្នានោះ នឹងជួយធានាមិនឲ្យអ្នករត់ពន្ធមនុស្សមានការការពារជាអចិន្ត្រយ៍ខាងការទទួលបានទិដ្ឋាការដើម្បីលក់ទៅឲ្យមនុស្សដែលធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដោយខុសច្បាប់»។
៣ឆ្នាំកន្លងមកនេះ ជនភៀសខ្លួនត្រូវតែដាក់សំណុំឯកសារសុំទិដ្ឋាការបណ្តោះអាសន្នសារជាថ្មី ដែលនៅពេលនោះ មន្ត្រីអន្តោប្រវេសន៍នឹងពិនិត្យមើលសារជាថ្មីលើស្ថានភាពរស់នៅតាមលំនៅដ្ឋានក្នុងប្រទេសរបស់គេ មុននឹងកំណត់ថាតើជនភៀសខ្លួននោះមានលក្ខណៈសមស្របទៅតាមកម្មវិធីទិដ្ឋាការនោះ។
កាលពីសប្តាហ៍មុនរដ្ឋាភិបាលនៃរដ្ឋធានី Canberra បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាទឹកប្រាក់រាប់លានដុល្លារជាមួយនឹងប្រទេសកម្ពុជាដើម្បីផ្លាស់ប្តូរទីលំនៅរបស់ជនភៀសខ្លួនទៅកាន់ប្រទេសក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ កិច្ចព្រមព្រៀងផ្សេងៗទៀតនឹងត្រូវបញ្ជូនអ្នកស្វែងរកទីលំនៅដែលបានមកដល់ប្រទេសអូស្ត្រាលីតាមទូកហើយត្រូវបានបញ្ជូនទៅកាន់ជំរំដែលកំពុងដំណើរការនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ក្រុមរដ្ឋមន្ត្រីនិយាយថាគោលនយោបាយនេះកំពុងតែធ្វើឲ្យអ្នកស្វែងរកទីលំនៅញញើត ខណៈដែលកម្លាំងយោធាក៏ត្រូវបានឲ្យចូលរួមដើម្បីបញ្ជូនជនភៀសខ្លួនតាមទូកទាំងអស់នេះឲ្យចាកចេញពីតំបន់ផ្ទៃទឹករបស់អូស្ត្រាលី។
ជារៀងរាល់ឆ្នាំ ប្រទេសអូស្ត្រាលីបានផ្តល់ទិដ្ឋាការឲ្យជនភៀសខ្លួនចំនួនប្រមាណ ១ម៉ឺន ៣ពាន់នាក់ យោងតាមកំណត់ត្រាអន្តរជាតិផ្សេងៗ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត