រដ្ឋមន្ត្រីសន្តិសុខជាតិស្ដាំនិយមជ្រុលរបស់អ៊ីស្រាអែលលោក Itamar Ben Gvir បានព្រមានកាលពីថ្ងៃចន្ទថា ការសម្រេចបាននូវបទឈប់បាញ់សម្រាប់សង្គ្រាមនៅលីបង់ ដែលនៅពេលបច្ចុប្បន្ននេះកំពុងចរចានោះ គឺជា «កំហុសដ៏ធំមួយ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សហរដ្ឋអាមេរិកកំពុងដឹកនាំកិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសលីបង់ ដែលកាលពីចុងខែកញ្ញា អ៊ីស្រាអែលបានពង្រីកយុទ្ធនាការវាយប្រហាររបស់ខ្លួនតាមផ្លូវអាកាសនិងបានចាប់ផ្ដើមការវាយលុកតាមផ្លូវគោកចូលទៅភាគខាងត្បូងនៃប្រទេសនោះ បន្ទាប់ពីបានបាញ់បោះឆ្លងព្រំដែនទៅវិញទៅមកជាមួយនឹងក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់អស់រយៈពេលជិតមួយឆ្នាំមក។
លោក Ben Gvir បានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «កិច្ចព្រមព្រៀង [ណាមួយ] ជាមួយនឹងលីបង់គឺជាកំហុសដ៏ធំមួយ»។ លោកបានបន្ថែមថា ការបញ្ចប់សង្គ្រាមនៅពេលឥឡូវនេះគឺជា «ការបាត់បង់ឱកាសជាប្រវត្តិសាស្ត្រនៅក្នុងការកម្ចាត់ក្រុមហេសបូឡា»។
លោក Ben Gvir បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បន្តប្រយុទ្ធរហូតទាល់តែទទួលបាន «ជ័យជម្នះទាំងស្រុង»។
ថ្នាក់ដឹកនាំនយោបាយស្ដាំនិយមជ្រុលផ្សេងទៀតរបស់អ៊ីស្រាអែលក៏មានទស្សនៈដូចនេះដែរទាក់ទិននឹងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ដែលសង្គ្រាមនេះបានបង្កឡើងដោយសារក្រុមហាម៉ាស់បានវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣៕
វេទិកាបញ្ចេញមតិ