ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​អូស្រ្តាលី ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អំពី​ជនភៀសខ្លួន​ដ៏​ចម្រូង​ចម្រាស


កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​យក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី
សូម​រង់ចាំ

No media source currently available

0:00 0:04:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​យក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី

នៅ​ថ្ងៃសុក្រ​ទី២៦ ខែកញ្ញា​នេះ កម្ពុជា​និង​អូស្រ្តាលី បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​មួយ ដែល​កម្ពុជា​យល់ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​មិនមាន​ចំនួន​ច្បាស់លាស់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ជំរំ​ឃុំឃាំង​ជន​ភៀស​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អូស្រ្តាលី។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ប្រទេស​ទាំងពីរ និង​ប្រទេស​ដទៃ​ទៀត​ថ្កោលទោស​យ៉ាងខ្លាំង។

នៅ​ថ្ងៃសុក្រ​ម្សិល​មិញ​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា ស ខេង បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី នៅ​ក្នុង​ពិធី​ដ៏​ខ្លី​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។

ពិធី​ចុះ​ហត្ថលេខា​ដែល​មាន​ភាពល្អក់​កករ​ដោយសារតែ​កែវ​ស្រាសំប៉ាញ​មួយ​ថាស​បាន​ធ្លាក់​បែក​នោះ មាន​រយៈ​ពេល​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ក្រោយពី​មាន​ការទះដៃ​អបអរ​សារទរ ពី​អ្នកចូលរួម​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ លោក​រដ្ឋ​មន្រ្តី​ទាំងពីរ​រូប មិន​បាន​អើពើ​ឆ្លើយ​សំណួរ​របស់​អ្នកយកព័ត៌មាន​ទេ ហើយ​ក៏​ចាក​ចេញ​ពី​បន្ទប់​ពិធី។

បន្ទាប់ពី​នោះ សេចក្តី​ថ្លែងការ​មួយ​ដែល​ធ្វើ​ឡើង​រួមគ្នា ត្រូវ​បាន​ហុច​ទៅ​ឲ្យ​អ្នក​យក​ព័ត៌មាន ដែល​មាន​សេចក្តី​ថា ប្រទេស​កម្ពុជា នឹង​សម្រេច​អំពី​ពេល​វេលា និង​ចំនួន​ជនភៀស​ខ្លួន ប៉ុន្មាន​ដែល​ខ្លួន​នឹង​ទទួល​យក។ បន្ថែម​លើស​ពីនោះ​ទៀត ប្រទេស​ទាំង២ បាន​យល់ព្រម​នឹង​គ្នា​លើ «ការរៀបចំ​ដំបូង​សាកល្បង​មួយ ដោយ​មាន​ជន​ភៀស​ខ្លួន​មួយ​ក្រុម​តូច ដែល​ក្រោយមក​នឹង​មាន​ការទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត អាស្រ័យ​ទៅ​តាម​សមត្ថភាព​របស់​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃសុក្រ​ម្សិលមិញ​នេះ​ផងដែរ មុន​ពេល​ចុះ​ហត្ថលេខា​លោក Morrison បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​របស់​អូស្រ្តាលី ABC ថា រដ្ឋាភិបាល​ទីក្រុង​កង់ប៊ែររ៉ា នឹង​ផ្តល់​ប្រាក់​ជំនួយ​ដល់​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណជា ៣៥លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​៤ឆ្នាំ​ខាង​មុខនេះ។

កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស។ នៅ​ល្ងាចថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ឧត្តម​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតតឺរ៉េស៍ (Antonio Guterres) និយាយ​ថា លោក​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ហើយ​សង្ឃឹម​ថា ប្រទេស​អូស្រ្តាលី នឹង​ពិចារណា​អំពី​រឿង​នេះ​ឡើង​វិញ។ នៅ​ក្នុង​សេចក្តី​ថ្លែងការ​មួយ លោក Guterres ថ្លែង​ថា «កិច្ចព្រមព្រៀង​នេះ ឃ្លាត​ចាកឆ្ងាយ​ពី​បទដ្ឋាន​អន្តរជាតិ» លើស​នេះ​ទៀត ប្រទេស​នានា មិន​គួរ​ផ្ទេរ​ការទទួល​ខុសត្រូវ​របស់​ខ្លួន​អំពី​រឿង​ជនភៀសខ្លួន​ទៅ​ឲ្យ​ប្រទេស​ដទៃ​នោះ​ទេ។

តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​លោក ស៊ុន ឆ័យ ក៏​មាន​ការព្រួយ​បារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ ដែល​លោក បាន​និយាយ​ទៅ​កាន់​អ្នកយក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃសុក្រ​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​នៅ​ក្បែរ​ស្ថានទូត​អូស្រ្តា​លី​ក្នុងរាជធានី​ភ្នំពេញ។ លោក ស៊ុន ឆ័យ ក៏​បាន​រិះគន់​ចំពោះ​កម្រិត​នៃ​ការរក្សា​ការសម្ងាត់​ជុំ​វិញ​ការចរចា​គ្នា​អំពី​កិច្ចព្រមព្រៀង​នេះ និង​ការប្រឈម​នឹង​អំពើ​ពុក​រលួយ លើ​ទឹក​ប្រាក់​ប្រមាណជា​៣៥លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​នឹង​ទទួល​បាន​នោះ​ផងដែរ។ លោក​ថ្លែង​ថា វា​ជា​អំពើ​ខុស​ឆ្គង​មួយ​ដែល​គេ​ប្រើ​ប្រទេស​កម្ពុជា ជា​ទឹកដី​ដែល​គេ​ទម្លាក់​ចោល​ជនភៀស​ខ្លួន​ដែលគេ​មិន​ចង់​បាន​នោះ​ទេ។

«ដោយសារតែ​យើង​ជឿ​ថា កិច្ចព្រមព្រៀង​នេះ មិន​ត្រឹមតែ​បំពាន​អនុ​សញ្ញា​ស្តីពី​ជនភៀស​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​ចំនួន​ដែល​មាន​ប្រាក់ បង់​ថ្លៃ​ការមិន​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ចំពោះ​ជនភៀស​ខ្លួន ហើយ​ក៏​អាច​បង្កើត​ឲ្យមាន​ទម្លាប់​អាក្រក់​មួយ ដល់​ប្រទេស​ជាច្រើន​ទៀត​ធ្វើ​តាម​ផងដែរ»។

ទីភ្នាក់ងារ​របស់​អ.ស.ប.​ទទួល​បន្ទុក​ខាង​ជនភៀស​ខ្លួន ​(UNHCR) បាន​ឲ្យ​ដឹង​ថា មាន​ជនភៀសខ្លួន​ប្រមាណ​ជា ១.២០០ នាក់​នៅ​លើ​ប្រទេស​Nauru ដែល​ជា​កោះ​មួយ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយនឹង​មាន​ប្រមាណ​ជា ១.១០០ នាក់​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​ នៅ​លើ​កោះ Manus Island នៃ​ប្រទេស Papua New Guinea ដែល​បាន​ធ្វើ​ឡើង​ក្រោម​ការរៀបចំ​ជាមួយ​ប្រទេស​អូស្រ្តាលី។ គេ​ជឿ​ថា ជន​ភៀស​ខ្លួន​ទាំងនោះ ភាគ​ច្រើន​ មក​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​មជ្ឈិមបូព៌ា​ប្រទេស។

នៅ​ថ្ងៃសុក្រ​ម្សិលមិញ​នេះ​ផងដែរ មុន​ពេល​ចុះ​ហត្ថលេខា​លោក Morrison បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​របស់​អូស្រ្តាលី ABC ថា មាន​មនុស្ស​នៅ​លើ​កោះ​Nauru ប្រមាណ​ជា​២០០​នាក់ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ជា​ជនភៀសខ្លួន ហើយ​នឹង​មាន​សិទ្ធិ​ត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ហើយ​លោក​ថ្លែង​ថា នឹង​មិនមាន​ចំនួន​លើស​ពី​កំណត់​នៃ​ចំនួន​ជនភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត​នៅ​ក្រោម​កម្មវិធី​នេះ​ទេ។ លោក​បាន​ថ្លែង​សរសើរ​ដល់​កិច្ចព្រមព្រៀង​នេះ​ថា ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តល់​ដំណោះស្រាយ​ក្នុង​តំបន់​សម្រាប់​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​តំបន់។

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ខ្លួន​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំងឡាយ​ណា​ដែល​មក​ដោយ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ។ សំណើរ​កិច្ចព្រមព្រៀង​ទទួល​យក​ជនភៀសខ្លួន​នេះ ជា​ប្រធានបទ​នៃ​ការចរចា​ជា​សម្ងាត់​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ហើយ​បាន​ទទួល​នូវ​ការរិះគន់​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ ក្រុម​ព្រះវិហារ​សាសនា និង​អ្នកនយោបាយ​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ទាំងពីរ។

កាលពី​ថ្ងៃព្រហស្បតិ៍ លោក Alastair Nicholson អតីត​ប្រធាន​តុលាការ​គ្រួសារ​នៃ​ប្រទេស​អូស្រ្តាលី បាន​និយាយ​ថា កិច្ចព្រមព្រៀង​នោះ​«មិនមាន​ភាពសមរម្យ​ អសីលធម៌ និង​ទំនង​ជា​ខុស​ច្បាប់​ទៀត​ផង» ហើយ​លោក​ព្រមាន​ថា វា​នឹង​ធ្វើ​ឲ្យ​ជនភៀស​ខ្លួន និង​កូនៗ​របស់​ពួកគេ ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់។ លោក Nicholson បាន​ថ្លែង​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​នៃ​អង្គការ​មិន​យក​ប្រាក់​ចំណេញ ដោយរួមទាំង អង្គការសិទ្ធិមនុស្ស Amnesty International អង្គការ​សង្គ្រោះ​កុមារ និង​អង្គការ​ក្រុម​ប្រឹក្សា​ជនភៀស​ខ្លួន​អូស្រ្តាលី។

ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្លះ ក៏​បាន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​ដែរ មួយ​ផ្នែក​ដោយសារ​ថា កម្ពុជា​ត្រូវតែ​ដោះស្រាយ​បញ្ហា​ដែល​ចាក់ឫស​របស់​ខ្លួន​សិន មុន​នឹង​ទទួល​យក​ជនភៀស​ខ្លួន។ ក្នុង​ចំណោម អ្នកតវ៉ា​នៅ​ជិត​ស្ថានទូត​អូស្រ្តាលី​ ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃសុក្រ​នោះ​ក៏​មាន​លោក ស៊ុន ឈុំឈួន ដែល​ជា​មេធាវី​ម្នាក់​ផងដែរ។

«យើង​គិត​ថា រដ្ឋាភិបាល​អូស្រ្តាលី មិន​គួរ​បញ្ជូន​ជន​ភៀសខ្លួន​មក​ប្រទេស​កម្ពុជា​ទេ ពីព្រោះ ក្នុង​ពេល​ឥឡូវ​នេះ កម្ពុជា​មិន​មាន​សមត្ថភាព​ទទួល​យក​ជនភៀស​ខ្លួន​ ពីព្រោះ បើ​យើង​គិត​អំពី​ប្រព័ន្ធ​សិទ្ធិ​មនុស្ស ឬ ប្រព័ន្ធ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​នៅ​ទាប​នៅ​ឡើយ។ នោះ​ហើយ​ជា​មូលហេតុ ដែល​អ្នកតវ៉ា​ខ្លះ ចង់​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​អូស្រ្តាលី​នៅ​ថ្ងៃ​នេះ»។

កម្ពុជា ដែល​ជា​ប្រទេស​ងើប​ចេញ​ពី​សង្គ្រាម​ដោយ​មាន​សេវាកម្ម​សង្គម​ខ្សោយ​នោះ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​អន់ ហើយ​អ្នក​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ប្រទេស​អ្នកមាន​ជាង​គេ​មួយ​ក្នុង​ពិភពលោក ព្យាយាម​បញ្ជូន​ជនភៀស​ខ្លួន​ទៅ​ប្រទេស​ដែល​ក្រ​ជាង​គេ​នៅ​ក្នុង​ពិភពលោក និង​ពុករលួយ​បំផុត​មួយ​ដូច​នេះ​ទៅ​វិញ។ សេវា​សង្គម​ចាំបាច់​មួយ​ចំនួន​ដូចជា សុខាភិបាល និង​ការអប់រំ​ជាដើម មិន​ទាន់​មាន​លក្ខណៈ​ប្រសើរ​ទេ ហើយ​មាន​ការងារ​ធ្វើ​តិចតួច។ កង្វះ​អាហារ​រូបត្ថម្ភ​និង​ភាពក្រីក្រ​មាន​នៅ​ទូទាំង​ប្រទេស។

ចំណែក​ឯ​ភាគី​អូស្រ្តាលី​វិញ​ដែល​មាន​រដ្ឋាភិបាល​អភិរក្ស​និយម ហើយ​ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​ប្រទេស​កម្ពុជា​នោះ បាន​ចូល​កាន់​អំណាច​មួយ​ឆ្នាំ​មុន បាន​សន្យា​ថា នឹង​មាន​ភាពតឹងតែង​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​អូស្រ្តាលី។ មន្រ្តី​អូស្រ្តាលី​អះអាង​ថា អ្នក​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​ភាគ​ច្រើន គឺ​ជា​ជន​ចំណាក​ស្រុក​ដែល​ស្វះស្វែង​រក​ឱកាស​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG