សហរដ្ឋអាមេរិកកំពុងត្រៀមផែនការបម្រុងទុកជាមុនសម្រាប់ការដាក់ពង្រាយកងទ័ពនៅជប៉ុននិងហ្វីលីពីន ក្នុងករណីដែលមានបញ្ហាអាសន្នណាមួយកើតឡើងពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទដែលផ្អែកតាមសេចក្តីរាយការណ៍របស់កាសែត Kyodo របស់ជប៉ុន។
កាសែត Kyodo បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយស្រង់ប្រភពដែលដឹងរឿងទំនាក់ទំនងរវាងជប៉ុននិងអាមេរិកថា ផែនការបម្រុងទុកនេះនឹងត្រូវបញ្ចូលក្នុងផែនការប្រតិបត្តិការរួមគ្នាលើកដំបូងដែលនឹងបង្កើតឡើងនៅខែធ្នូខាងមុខ។
កងវរសេនាធំម៉ារីនអាមេរិកដែលមានប្រព័ន្ធរ៉ុក្កែតបាញ់គ្រាប់ច្រើន HIMARS (High Mobility Artillery Rocket System) នឹងត្រូវដាក់ពង្រាយតាមប្រជុំកោះ Nansei របស់ជប៉ុនដែលលាតសន្ធឹងពីកោះ Kyushu ដល់កោះ Yonaguni ក្បែរកោះតៃវ៉ាន់។ នេះបើយោងតាមកាសែត Kyodo។
សេចក្តីរាយការណ៍របស់កាសែត Kyodo បានបន្ថែមទៀតថា ចាប់ពីដំណាក់កាលដំបូង បើស្ថានការណ៍បន្ទាន់ណាមួយអាចនឹងកើតឡើងភ្លាមៗលើកោះតៃវ៉ាន់ នោះមូលដ្ឋានបណ្តោះអាសន្ននឹងត្រូវបង្កើតឡើងលើបណ្ដាកោះទាំងនោះរបស់ជប៉ុន អាស្រ័យលើគោលការណ៍ណែនាំរបស់យោធាអាមេរិកសម្រាប់បញ្ជូនកងម៉ារីនតូចៗទៅកាន់ទីតាំងជាច្រើន។
យោធាជប៉ុនត្រូវបានគេរំពឹងថានឹងចូលប្រឡូកជាចម្បងក្នុងការគាំទ្រផ្នែកភស្តុភារសម្រាប់អង្គភាពម៉ារីន រួមទាំងការផ្គត់ផ្គង់ឥន្ធនៈនិងគ្រាប់រំសេវផងដែរ។ នេះបើតាមកាសែត Kyodo។
ទីភ្នាក់ងារសារព័ត៌មានជប៉ុនដដែលនេះបានបន្ថែមថា កងទ័ពអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធបាញ់គ្រាប់រយៈចម្ងាយឆ្ងាយរបស់កងកម្លាំង Multi-Domain Task Force នៅក្នុងប្រទេសហ្វីលីពីន។
ក្រសួងការពារជាតិជប៉ុននិងក្រសួងការពារជាតិហ្វីលីពីនមិនបានឆ្លើយតបភា្លមៗចំពោះការសុំអត្ថាធិប្បាយទេ។ ស្ថានទូតអាមេរិកប្រចាំហ្វីលីពីនក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។
នៅពេលសួរអំពីសេចក្តីរាយការណ៍របស់កាសែតជប៉ុននោះកាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិនបានបញ្ជាក់ថាតៃវ៉ាន់គឺជា «ផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិនបានទេ»៕
វេទិកាបញ្ចេញមតិ