មួយថ្ងៃក្រោយពីមន្ត្រីអន្តោប្រវេសន៍កម្ពុជាបានចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីនិងកោះណូរូ អនុប្រធានទី១រដ្ឋសភាលោកកឹម សុខា បានព្រមាននៅថ្ងៃអង្គារនេះថានឹងបង្ហាញកង្វល់របស់ក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីជូនរដ្ឋាភិបាលប្រទេសអូស្ត្រាលីខណៈដែលប្រទេសនេះបានព្រមព្រៀងជារដ្ឋាភិបាលក្រុងភ្នំពេញថានឹងបញ្ជូនជនភៀសខ្លួនចំរុះជាតិសាសន៍មកឲ្យតាំងលំនៅថ្មីនៅកម្ពុជានោះ។ហើយដំណាលគ្នានោះ លោកកឹម សុខា បានប្រកាសថាលោកអាចនឹងស្នើឲ្យរដ្ឋសភាដេញដោលរដ្ឋាភិបាលអំពីបញ្ហាជនភៀសខ្លួននេះ។
លោកបានបន្ថែមថា៖
«ទី១គឺទាក់ទងទៅខាងស្ថានទូតអូស្ត្រាលីនិងរដ្ឋាភិបាលអូស្ត្រាលីដើម្បីយកកង្វល់ដែលក្រុមប្រជាពលរដ្ឋលើកឡើងនេះទៅប្រាប់ប្រទេសអូស្ត្រាលី។ទី២រឿងការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសទាំងពីរជាសិទ្ធិនៅក្នុងការសម្រេចចិត្តប៉ុន្តែប្រជាពលរដ្ឋត្រូវតែមានសិទ្ធិគាំទ្រឬមិនគាំទ្រដែរ។បើសិនជារដ្ឋាភិបាលនៅតែធ្វើបែបនេះមែន យើងអាចស្នើឲ្យរដ្ឋសភាពិចារណា(អំពីបញ្ហានេះ)ដែរ»។
ជំហររបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះធ្វើឡើងក្រោយពីជំនួបជាមួយតំណាងប្រជាពលរដ្ឋ យុវជន តំណាងព្រះសង្ឃ និងសហគមន៍ដីធ្លី កាលពីព្រឹកមិញក្នុងមន្ទីររដ្ឋសភាជាតិ។ក្រុមប្រជាពលរដ្ឋទាំងនេះធ្លាប់បានដឹកនាំប្រឆាំងនឹងកិច្ចព្រមព្រៀងលើជនភៀសខ្លួនរវាងកម្ពុជានិងអូស្ត្រាលីជាបន្តបន្ទាប់មកនេះ។
កាលពីល្ងាចថ្ងៃច័ន្ទក្រុមមន្ត្រីផ្លូវការកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសអូស្ត្រាលីនិងទៅកាន់កោះណូរូ ដែលនៅទីនោះជនភៀសខ្លួនចំរុះជាតិសាសន៍យ៉ាងតិច១.០០០នាក់នឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាដោយគោលការណ៍ស្ម័គ្រចិត្ត។
លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថាគណៈប្រតិភូប៉ូលិសជាន់ខ្ពស់កម្ពុជានោះដើម្បីពង្រឹងគោលការណ៍សហការផ្នែកអន្តោប្រវេសន៍ជាមួយប្រទេសអូស្ត្រាលីគឺមិនមែនស្ថិតក្នុងគោលដៅចម្បងសម្រាប់ការដោះស្រាយចំណោទជនភៀសខ្លួននោះទេ។
«នាយឧត្តមសេនីយ៍សុខ ផល បានទៅប្រទេសអូស្ត្រាលី។គាត់ទៅបំពេញបេសកកម្មគាត់ផ្សេងទៀតស្តីអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយដ្ឋានរបស់គាត់ជាមួយសមភាគីរបស់គាត់ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍។មិនមែនរឿងជនភៀសខ្លួនជាធំទេ»។
នៅក្នុងជំនួបជាមួយលោកកឹម សុខា ក្រុមប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារជម្លោះដីធ្លី និងតំណាងអង្គការសង្គមស៊ីវិលបានស្នើឲ្យប្រទេសកម្ពុជាដោះស្រាយបញ្ហាដីធ្លីរបស់ពួកខ្លួននិងដោះស្រាយបញ្ហាឥតការងារធ្វើនៅក្នុងប្រទេសជាមុន មុននឹងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកនិងអង្គការអន្តរជាតិធ្លាប់បានរិះគន់កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនពីកោះណូរូមកកាន់កម្ពុជានេះ។ប៉ុន្តែប្រទេសកម្ពុជាបានពន្យល់ជាផ្លូវការថានេះគឺជាសកម្មភាពមនុស្សធម៌។ផ្ទុយទៅវិញលោកកឹម សុខា បានចាត់ទុកថានេះជាអំណះអំណាងមិនសមស្រប។
ប្រទេសអូស្ត្រាលីគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាចំនួន៣៥លានដុល្លារអាមេរិកក្រោយពីទទួលបានកិច្ចព្រមព្រៀងជាមួយកម្ពុជាក្នុងការទទួលយកជនភៀសខ្លួនឲ្យតាំងលំនៅថ្មីនៅកម្ពុជានោះ។
ជនភៀសខ្លួនក្រុមដំបូងត្រូវរំពឹងថាអាចនឹងមកដល់ប្រទេសកម្ពុជាក្នុងរង្វង់ចុងឆ្នាំ២០១៤នេះឬដើមឆ្នាំ២០១៥៕