ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​អូស្រា្តលី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​អន្តោប្រវេសន៍


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ​ទី២៦​ខែកញ្ញា​នេះ លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់គ្នា​ទាក់ទង​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ​ទី២៦​ខែកញ្ញា​នេះ លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់គ្នា​ទាក់ទង​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​និង​លោក​ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី​បានចុះ​ហត្ថលេខាជា​ផ្លូវ​ការ​នៅរសៀល​ថ្ងៃ​សុក្រ​នេះ​លើអនុ​ស្សរណៈ​យោគ​យល់គ្នា​ទាក់​ទង​ទៅ​នឹងការ​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តា​លី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។

កិច្ច​ព្រម​ព្រៀង​នៃ​ប្រទេស​ទាំង​ពីរបង្ក​ឲ្យ​មានការ​រិះ​គន់​ជា​ច្រើន ដំណាល​គ្នា​នឹង​សកម្ម​ជននិង​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុងទី​ក្រុង​ភ្នំពេញ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយទាំង​លោក ស ខេង ទាំង​លោក ស្កុត ម៉ូរីសុន ​មិន​ផ្តល់​សេចក្តី​អ​ធិប្បាយ​ណា​មួយ​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​ព្យាយាម​ស្រែក​សួរ​នោះ​ទេ។

ប្រទេស​អូស្រ្តា​លី​ត្រូវ​គេ​ដឹង​ថា នឹងផ្តល់​ថវិកា​ជំនួយ​ដល់​កម្ពុជា​ចំនួន​៤០​លាន​ដុល្លារ​អូស្ត្រាលី​ឬស្មើ​នឹង​ប្រមាណ​៣៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​បួន​ឆ្នាំ​ក្នុង​ការ​តាំង​លំនៅ​ថ្មី​នៃ​ជនភៀស​ខ្លួន​ទាំងនេះ។​ នេះ​គឺ​ជា​ជំនួយ​បន្ថែម​ពី​លើ​ប្រាក់​ជំនួយ​ប្រមាណ​៨០​លាន​ដុល្លារ​ដែល​រដ្ឋា​ភិបាល​ក្រុង​កង់ប៊ែរ៉ា ផ្តល់​ដល់​កម្ពុជានៅ​ក្នុង​ពេល​នេះ។

កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​យក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី
សូម​រង់ចាំ

No media source currently available

0:00 0:04:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បើ​តាម​សេចក្តី​ប្រកាសរួមក្រោយ​ពី​ពិធី​ចុះ​ហត្ថលេខានៅ​រសៀល​នេះ​ក្នុង​ក្រសួង​មហាផ្ទៃ​ភាគី​ទាំង​ពីរ​ឲ្យ​ដឹងថា អូស្ត្រាលី​នឹង​ជួយ​ដល់​កម្ពុជា​ក្នុ​ងការ​ផ្តល់​លំនៅ​ដល់​ជន​ភៀស​ដោយ​អូស្ត្រាលី​រ៉ាប់រង​ការ​ចំណាយ​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​និង​ការ​កសាង​សមត្ថភាព​របស់​ពួក​គេ​សម្រាប់​ការ​រស់​នៅក្នុង​ប្រទេស​កម្ពុជា។ កម្ពុជា ​គឺជា​អ្នក​កំណត់​ចំនួន​និង​ពេល​វេលា​ដែល​ត្រូវ​ទទួល​យក​ជនភៀស​ខ្លួន​ទាំងនេះ។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី​ ស្កុត ម៉ូរីសុន ត្រូវ​បណ្តាញ​ផ្សព្វផ្សាយ​បរទេស​ស្រង់សម្តី​ថា ក្រុម​ដំបូង​នៃ​ជន​ភៀស​ខ្លួន​ទាំង​នេះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ចុ​ង​ឆ្នាំ​២០១៤។

សេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​យកជនភៀស​ខ្លួន​នេះ​ជា​ក្រុម​តូច​ជា​ការសាក​ល្បង​ជំហាន​ដំបូង ហើយ​ការតាំង​លំនៅថ្មី​នៅ​កម្ពុជា​របស់​ក្រុម​ជន​អន្តោប្រវេសន៍​ទាំង​នេះ​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​ស្មគ្រ័​ចិត្ត។

លោក ស ខេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា កម្ពុជា​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ចំនួន​តិចតួច​បំផុត​ត្រឹមតែ​បួន​ទៅ​ប្រាំនាក់​សម្រាប់​ជំហាន​ដំបូង។ លោកស ខេង និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​រួមនៅ​ថ្ងៃ​នេះ​ថា កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​ដល់​ជន​ភៀស​ខ្លួន​ទាំង​នេះ​ហើយ​ទង្វើ​នេះ​គឺជា​សកម្មភាព​«មនុស្សធម៌»។

ដោយ​ឡែក​លោក ស្កុត ម៉ូរីសុន ក៏​បាន​សរសើរ​កម្ពុជា​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ដែរ​ថា «កម្ពុជា​កំពុង​បង្ហាញ​លទ្ធភាព​និង​ឆន្ទៈ​របស់​ខ្លួន​ដើម្បី​រួម​ចំណែក​ជាវិជ្ជមាន​ដល់​បញ្ហា​មនុស្សធម៌»។

លោក សួន ប៊ុនសក្តិ​ ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាម​ដាន​កិច្ច​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈយោគ​យល់​គ្នា​នៅ​ថ្ងៃ​នេះ​បាន​ស្តី​បន្ទោស​ដល់​ការ​បិទ​ខ្ទប់​ព័ត៌មាន​ពី​សំណាក់​រដ្ឋា​ភិបាល​ប្រទេស​ទាំងពីរ។

«បញ្ហា​គឺ​យើង​មិន​ដឹង​ថា ជនភៀស​ខ្លួន​សញ្ជាតិ​ណា​ខ្លះ មាន​ចំនួន​ប៉ុន្មាន​នាក់ ហើយ​បញ្ហា​មួយ​ទៀត កាល​ណា​យើង​មិន​ដឹង​ពី​ស្ថាន​ភាព​ជនភៀស​ខ្លួន​នេះ​គឺ​អាច​បង្ក​អសន្តិ​សុខ​ដល់​កម្ពុជា​ដែរ។ ហើយ​ការ​ចុះ​ហត្ថលេខា​នេះ ភាគី​ទាំងពីរ​មិន​បាន​បង្ហាញគោល​បំណង​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា​ហ៊ាន​ទទួល​យកជន​ភៀស​ខ្លួន។ ហេតុអ្វី​បាន​ជា​អូស្ត្រាលី​ត្រូវ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា»។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ធំៗ​ដូចជា Amnesty International ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍ និង​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​រិះ​គន់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​ទាំង​ពីរ​ក្នុង​ការ​បញ្ជូន​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី​មក​កាន់​កម្ពុជា។

លោកស្រី អេឡែន ភាសុន(Elaine Pearson) នាយិកា​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ប្រចាំ​ប្រទេស​អូស្ត្រាលីអធិប្បាយនៅ​ថ្ងៃ​នេះ​ដែរ​ថា កម្ពុជា​ដែល «មាន​ប្រវត្តិ​គួរ​ឲ្យ​រន្ធត់​ក្នុង​កិច្ច​ការពារ​ជន​ភៀស​ខ្លួន​និងកម្ពុជា​ដែល​កំពុង​ផុង​ជ្រៅ​ក្នុ​ង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។ កម្ពុជា​មិន​បាន​បង្ហាញ​ឆន្ទៈ​ឬ​លទ្ធភាព​សម្រាប់​ការពារជន​ភៀស​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ។»

ទោះ​ជា​បែប​នេះ​ក្តី​មន្ត្រី​នាំពាក្យ​រដ្ឋា​ភិបាល​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ។

ជាមួយ​គ្នា​នេះ​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុ​ងក្រុង​ភ្នំពេញ​លោក Jay Raman «លើក​ទឹក​ចិត្ត»​ដល់​កម្ពុជា​និង​អូស្ត្រាលី​ឲ្យ​«រក​ដំណោះស្រាយ​ដែល​មាន​ប្រយោជន៍​និងប្រកប​ដោយ​ចីរភាព» សម្រាប់​ជនភៀសខ្លួន​និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោណ​ដោយ​អនុលោម​តាម​និយាម​អន្តរជាតិ»។

មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​មាន​ជនជាតិ​ផ្សេងៗ «ប្រមាណ​១.០០០​នាក់កំពុង​ស្ថិត​ក្នុង​ជំនុំ​បណ្តោះ​អាសន្ននៃ​សាធារណរដ្ឋ​ណោរុ (Nauru) ដែល​ជា​ដីកោះ​ដ៏​តូច​មួយក្នុង​ដែន​សមុទ្រ​ប៉ាស៊ីភិក​និង​ជា​ប្រទេស​ដែល​ចាយ​លុយ​ដុល្លារ​អូស្រ្តាលី។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះមុន​នឹង​លោក ស ខេង ​និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) បាន​ចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគ​យល់គ្នា​ទាក់​ទង​ទៅ​នឹង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តា​លី​ឲ្យ​ស្នាក់​នៅ​កម្ពុជា សកម្មជន​និង​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុងទី​ក្រុង​ភ្នំពេញក្នុងនោះ​មាន​ព្រះសង្ឃ​ផង​ដែរ សរុប​ប្រមាណ​ជា​២០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ពី​មុខ​ស្ថាន​ទូត​ប្រទេស​អូស្រ្តាលី​ក្នុង​ទី​ក្រុង​ភ្នំពេញ។

បាតុកម្ម​ដែល​មាន​ការ​ពង្រាយ​ដោយ​កង​នគរបាល​ប្រឆាំង​បាតុកម្ម​និង​កង​រាជ​អាវុធ​ហត្ថ​ជាច្រើន បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​ផ្អាក​ការ​ចុះ​ហត្ថលេខា​ខាង​លើ​ដោយ​សំអាង​ថា កម្ពុជា​ខ្លួន​ឯង​ត្រូវ​ដោះស្រាយ​បញ្ហា​ភាព​ក្រី​ក្រ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាមុន​សិន៕

XS
SM
MD
LG