រយៈពេលមិនដល់២៤ម៉ោងផល ក្រោយពីរដ្ឋាភិបាលយោធារបស់ប្រទេសថៃបានយកបទបញ្ជាសន្តិសុខពិសេសមួយមកជំនួសច្បាប់អាជ្ញាសឹកនោះ ប្រធានអង្គការសិទ្ធិមនុស្សរបស់អ.ស.ប.បានចេញសេចក្តីថ្លែងការណ៍ដ៏ជូរចត់មួយ។
លោក Zeid Ra’ad Al Hussein ឧត្តមស្នងការការពារសិទ្ធិមនុស្សនៃអ.ស.ប. បានស្តីបន្ទោសរដ្ឋាភិបាលថៃចំពោះវិធានការមួយដែលលោកបានហៅថា «កាន់តែឃោរឃៅ»ខ្លាំងជាងច្បាប់អាជ្ញាសឹកទៅទៀត។
នៅទីក្រុងហ្សឺណែវ លោក Rupert Colville អ្នកនាំពាក្យរបស់អង្គការការពារសិទ្ធិមនុស្សនៃអ.ស.ប.ប្រាប់វីអូអេថា ធម្មតាការលុបបំបាត់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសមួយគួរតែបានអបអរសាទរ។
«បញ្ហាគឺថា ពួកគេបានជំនួសច្បាប់អាជ្ញាសឹកដោយច្បាប់មួយទៀតដែលអាក្រក់ជាងមុន ហើយដែលសំខាន់បំផុតនោះគឺវាឃោរឃៅជាងមុន ពីព្រោះវាមិនច្បាស់លាស់ និងមានច្រើនទៀត គឺដូចជាដាក់បញ្ចូលការរឹតបន្តឹងទាំងអស់។ ដូច្នេះវាពិតជាគួរឲ្យបារម្ភណាស់ ពីព្រោះវាអាចនាំឲ្យមានការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំង ជាមួយដំណើរគ្មានទោសពៃរ៍ ហើយវាផ្តល់អំណាចប្លែកពីធម្មតាច្រើនថែមទៀតឲ្យក្រុមមន្ត្រីយោធាថ្មីថ្មោងនៅក្នុងការចាត់វិធានការជាមួយនិងពលរដ្ឋស៊ីវិល»។
សេចក្តីថ្លែងការណ៍របស់លោកឧត្តមស្នងការនិយាយថា ការអនុវត្តមាត្រាទី៤៤នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្នរបស់ប្រទេសថៃគឺផ្តល់អំណាចទាំងស្រុងដល់មេដឹកនាំរដ្ឋាភិបាលយោធាថៃ គឺលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha អាចចេញ«បទបញ្ជា ទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ»។
លោក Panitan Wattanayagorn ទីប្រឹក្សារដ្ឋាភិបាលថៃខាងកិច្ចការសន្តិសុខ ឲ្យហេតុផលថា មន្ត្រីអ.ស.ប.មិនយល់អំពីអ្វី ដែលបានកើតឡើងពិតប្រាកដ ជាមួយនឹងបទបញ្ជាចំនួន១៧ក្នុងច្បាប់អាជ្ញាសឹក ដែលត្រូវដកចេញនោះទេ។
«កាលពីយប់មិញ មានបទបញ្ជាចំនួន១៤ខកំពុងបានបញ្ចេញដើម្បីទប់ស្កាត់អំណាចនៃច្បាប់អាជ្ញាសឹក។ ខ្ញុំគិតដូច្នេះថា នេះគឺជាចំណុចដែលឧត្តមស្នងការនៃអ.ស.ប.មើលមិនឃើញ»។
សេចក្តីថ្លែងការណ៍របស់លោក Zeid ឧត្តមស្នងការអ.ស.ប. បាននិយាយបញ្ជាក់ថា រដ្ឋាភិបាលយោធាបានលុបបំបាត់ «តុល្យភាពអំណាចរវាងអង្គនីតិបញ្ញត្តិ និងរដ្ឋាភិបាល»។
លោក Colville អ្នកនាំពាក្យរបស់អង្គការការពារសិទ្ធិមនុស្សនៃអ.ស.ប.និយាយថា នៅពេលនេះ ការិយាល័យសិទ្ធិមនុស្សក៏ត្រូវ ក្រុមមន្ត្រីអាជ្ញាធរយោធាព្រមានផងដែរ ដោយត្រូវ«ហាមមិនឲ្យធ្វើសេចក្តីរាយការណ៍ព័ត៌មាន»។
«លោកឧត្តមស្នងការអធិប្បាយយ៉ាងជាក់ច្បាស់ថា នេះជាការបំផ្លាញសេរីភាពនៃការបញ្ចេញមតិ។ ពួកក៏ដាក់កំហិតផងដែរលើការលក់និងការចែកចាយសៀវភៅ ការបោះពុម្ពផ្សាយ និងបានហាម ដោយមិនមានការបកស្រាយច្បាស់លាស់ ដោយគ្រាន់តែលើកឡើងថា សៀវភៅ ឬសារព័ត៌មាន ឬអ្វីៗទាំងអស់នេះអាចបង្កើតការភ័យខ្លាចដល់សាធារណជន ឬមានបំណងបំភ្លៃដំណឹងនិងព័ត៌មាន។ មិនគួរឲ្យជឿទេ នេះជាការបំពានដ៏ងាយស្រួល»។
សេរីភាពនៃការប្រជុំក៏នៅតែមានការទប់ស្កាត់យ៉ាងខ្លាំងដែរ ជាមួយនឹងការដាក់ទណ្ឌកម្មធ្ងន់ៗដល់ក្រុមបាតុករដែលជួបជុំគ្នាជាក្រុមលើសពី៥នាក់។
សេចក្តីថ្លែងការណ៍របស់លោកឧត្តមស្នងការបានបញ្ចប់ ដោយជំរុញឲ្យប្រទេសថៃ«អនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយយកច្បាប់ធម្មតាគឺច្បាប់ពលរដ្ឋស៊ីវិលមកប្រើប្រាស់ឡើងវិញជាបន្ទាន់ ដូចដែលរបបយោធាននេះបានសន្យា នៅក្រោយពេលរដ្ឋប្រហារក្នុងខែឧសភាឆ្នាំមុន»។
លោក Prayuth Chan-ocha មេបញ្ជាការយោធាកាលណោះ បានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី២០ខែឧសភា ហើយពីរថ្ងៃក្រោយមក បានបណ្តេញរដ្ឋាភិបាលស៊ីវិលចេញពីតំណែង នៅក្នុងរដ្ឋប្រហារគ្មានការបង្ហូរឈាមមួយគឺជាព្រឹត្តិការណ៍ថ្មីចុងក្រោយបំផុតនៃអន្តរាគមន៍ជាច្រើន និងជាបន្តបន្ទាប់របស់កងទ័ព៕
ប្រែសម្រួលដោយ អ្នកស្រីនុច សារីតា